អ៊ុយក្រែនបានប៉ុនប៉ងធ្វើការវាយប្រហារដោយដ្រូនលើក្រុងមូស្គូកាលពីព្រឹកថ្ងៃសុក្រ តែកងកម្លាំងរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកនេះ។
នៅក្រោយរុស្ស៊ីបាញ់ទម្លាក់ដ្រូននេះ កម្ទេចកម្ទីពីការវាយប្រហារនេះបានធ្លាក់លើមជ្ឈមណ្ឌលពិព័រណ៍នៃក្រុងមូស្គូ ដែលជាកន្លែងតាំងពិព័រណ៍ធំមួយស្ថិតនៅប្រហែល ៧ គីឡូម៉ែត្រពីវិមានក្រឹមឡាំង។
អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយតាម telegram ថា កម្ទេចកម្ទីដ្រូននេះបានធ្លាក់នៅជិតមជ្ឈមណ្ឌលតាំងពិព័រណ៍ តែ«មិនបណ្តាលឱ្យមានការខូចខាតធំដុំទេ»។
អ៊ុយក្រែនបានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយបករបស់ខ្លួនបានវាយយកបានមកវិញនូវផ្នែកនានានៃដែនដីត្រួតត្រាដោយរុស្ស៊ី នៅក្នុងផ្នែកអាគ្នេយ៍ប្រទេសនៅក្នុងការជំរុលទៅមុខហួសពីភូមិ Urozhaine ដែលត្រូវបានរំដោះថ្មីៗនេះ។
ការជំរុលទៅមុខនេះជាការប៉ុនប៉ងមួយដើម្បីទៅកាន់សមុទ្រ Azov ដែលជាការប្រឹងប្រែងមួយដើម្បីបំបែកកងកម្លាំងរុស្ស៊ីជាពីរ។
អ្នកនាំពាក្យយោធាលោក Andriy Kovaliov បាននិយាយតាមទូរទស្សន៍ជាតិថា៖ «នៅប៉ែកខាងត្បូងភូមិ Urozhaine ក្រុមទាហានអ៊ុយក្រែនមានជោគជ័យ»។ លោកមិនបានផ្តល់សេចក្តីលម្អិតទេ។
ភូមិ Urozhaine ស្ថិតនៅក្នុងតំបន់ Donetsk នាប៉ែកខាងកើតប្រទេស ជាភូមិទី ១ ដែលរដ្ឋាភិបាលក្រុងកៀវបាននិយាយថា ខ្លួនបានវាយយកបានមកវិញតាំងពីថ្ងៃទី ២៧ ខែកក្កដាមក នៅក្នុងអ្វីដែលជាការប្រយុទ្ធដ៏ពិបាកមួយនៅក្នុងដែនដីមានកប់មីនច្រើនដែលកាន់កាប់ដោយរុស្ស៊ី។
ភូមិ Urozhaine ស្ថិតនៅជាង ៩០ គ.ម.ខាងជើងសមុទ្រ Azov និងប្រមាណ ១០០ គ.ម. ខាងលិចក្រុង Donetsk ដែលកាន់កាប់ដោយរុស្ស៊ី។
លោក Vladimir Rogov ដែលជាមន្ត្រីបន្តុបដោយរុស្ស៊ីនៅក្នុងផ្នែកមួយនៃតំបន់ Zaporizhzhia គ្រប់គ្រងដោយរដ្ឋាភិបាលមូស្គូ បាននិយាយថា ភូមិ Urozhaine និង Staromaiorske មិនស្ថិតនៅក្រោមការត្រួតត្រារបស់អ៊ុយក្រែនទេ។
ទោះជាយ៉ាងណាក៏ដោយ ក៏រូបថតតាមដ្រូនបង្ហាញឱ្យឃើញការប្រយុទ្ធគ្នាខ្លាំងនៅ ភូមិ Urozhaine ហើយគេឃើញក្រុមទាហានរុស្ស៊ីរត់ទៅកាន់ប៉ែកខាងត្បូងភូមិនេះ៕
ព័ត៌មានមួយចំនួនសម្រាប់សេចក្តីរាយការណ៍នេះបានមកពីទីភ្នាក់ងារសារព័ត៌មាន AP, Agence France-Presse និង Reuters