កងទ័ពរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំលើប្រទេសអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ ដោយមានការផ្ទុះជាច្រើនករណីនៅមុនថ្ងៃរះក្នុងរដ្ឋធានីកៀវ និងនៅតាមទីក្រុងផ្សេងៗទៀត។
នៅពេលការវាយប្រហារនេះបានចាប់ផ្តើម ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានថ្លែងតាមទូរទស្សន៍ ដោយព្រមានប្រទេសដទៃថា ការប៉ុនប៉ងណាមួយនៅក្នុងការធ្វើអន្តរាគមន៍ក្នុងរឿងនេះអាចនឹង «បណ្តាលឲ្យមានផលវិបាកដែលអ្នកមិនធ្លាប់ឃើញពីមុនមកក្នុងប្រវត្តិសាស្ត្រ»។
ពលរដ្ឋអ៊ុយក្រែនបានចាប់ផ្តើមភៀសខ្លួនចេញពីទីក្រុងមួយចំនួន។ យោធារុស្ស៊ីបានអះអាងថា ខ្លួនបានបំផ្លាញប្រតិបត្តិការកងទ័ពផ្លូវអាកាស និងមូលដ្ឋានទ័ពអាកាសរបស់អ៊ុយក្រែនទាំងអស់ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
មេដឹកនាំជុំវិញពិភពលោកបានប្រឆាំងនឹងការចាប់ផ្តើមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននេះ ដែលការឈ្លានពាននេះអាចបណ្ដាលឲ្យមានការស្លាប់និងរងរបួសទ្រង់ទ្រាយធំ អាចផ្តួលរំលំរដ្ឋាភិបាលអ៊ុយក្រែនដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងអាចគំរាមកំហែងដល់តុល្យភាពក្រោយសម័យសង្គ្រាមត្រជាក់នៅទ្វីបអឺរ៉ុប។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសថា ពិភពលោកនឹង«ធ្វើឲ្យរុស្ស៊ីទទួលខុសត្រូវ»។ អគ្គលេខាធិការអង្គការអូតង់ (NATO) លោក Jens Stoltenberg បានថ្កោលទោសសកម្មភាពវាយប្រហាររបស់រុស្ស៊ីនេះ ថាជាការរំលោភលើច្បាប់អន្តរជាតិ និងជាការគំរាមកំហែងដល់សន្តិសុខនៅទ្វីបអឺរ៉ុប៕