រថក្រោះរបស់រុស្ស៊ី បានសម្រុកចូលក្នុងតំបន់ខាងកើតប្រទេសអ៊ុយក្រែនទាំងយប់ថ្ងៃអង្គារនៅក្នុងអ្វីដែលរុស្ស៊ីហៅថា បេសកកម្មថែរក្សាសន្តិភាព និងដើម្បីការពារសាធារណរដ្ឋបំបែកខ្លួនចំនួនពីរដែលរដ្ឋាភិបាលក្រុងមូស្គូបានជួយសម្អិតសម្អាងកាលពី៨ឆ្នាំមុន ហើយឥឡូវនេះ ត្រូវបានទទួលស្គាល់ជារដ្ឋឯករាជ្យ។
ក៏ប៉ុន្តែ បន្ទាប់ពីសុន្ទរកថាប្រើពាក្យធ្ងន់ៗរយៈពេល៥៦នាទីដែលក្នុងនោះមេដឹកនាំរុស្ស៊ីបានបដិសេធថា មិនមានប្រទេសដែលហៅថា អ៊ុយក្រែននោះមក មនុស្សតិចណាស់នៅទីក្រុងកៀវសង្ស័យថា ក្បួនរថពាសដែកនោះ មិនយូរមិនឆាប់នឹងរុលចូលហួសតំបន់ Donbas របស់ប្រទេសអ៊ុយក្រែន ដោយសារការសម្រេចចិត្តរបស់លោក Putin ទទួលស្គាល់ឯករាជ្យភាពរបស់សាធារណរដ្ឋផ្តាច់ខ្លួនចំនួនពីរគឺ សាធារណរដ្ឋ Donetsk និង សាធារណរដ្ឋ Luhansk ដែលត្រូវបានគេមើលឃើញថា ហាក់ដូចជាត្រៀមសម្រាប់ការចាប់ផ្តើមសកម្មភាពយោធាកាន់តែខ្លាំងឡើង។
ក្នុងសន្ធិសញ្ញាមិត្តភាពដែលលោក Putin បានចុះហត្ថលេខាជាមួយសាធារណរដ្ឋបំបែកខ្លួនពីរដ្ឋាភិបាលក្រុងមូស្គូនោះ លោកបានតាំងចិត្តការពារព្រំដែនរបស់សាធារណរដ្ឋទាំងនេះ។
ពួកអ្នកការទូតបស្ចឹមប្រទេស និងពួកអ្នកស្រុករស់នៅសាធារណរដ្ឋ Donetsk បានបញ្ជាក់ថា បានឃើញរថក្រោះរបស់រុស្ស៊ីកាលពីយប់ថ្ងៃអង្គារ។
ក្នុងសុន្ទរកថារបស់លោក លោក Putin បាននិយាយការពារការសម្រេចចិត្តរបស់លោកទទួលស្គាល់សាធារណរដ្ឋបំបែកខ្លួននេះ ហើយបាននិយាយថា អ៊ុយក្រែនជាផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់រុស្ស៊ី។
លោក Putin បាននិយាយទៀតថា តំបន់ផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែនជាទឹកដីរបស់រុស្ស៊ីកាលពីសម័យបុរាណ។ វោហាសាស្ត្រអំពីប្រវត្តិសាស្ត្ររបស់លោកដែលបានរៀបរាប់ការឈឺចាប់ដែលលោកបានផ្សាយជាច្រើនដងកាលពីពេលមុននោះ កំពុងរងការរិះគន់ពីអ្នកប្រវត្តិសាស្ត្រអំពីប្រវត្តិសាស្ត្រផ្តាច់ការប្រាសចាកការណ៍ពិត។
សុន្ទរកថារបស់លោក Putin ដែលត្រូវបានផ្សព្វផ្សាយដោយបណ្តាញទូរទស្សន៍សំខាន់ៗទាំងអស់របស់រុស្ស៊ីនោះ បានធ្វើឡើងបន្ទាប់ពីជំនួបរបស់ក្រុមប្រឹក្សាសន្តិសុខជាតិនៅក្នុងទីក្រុងមូស្គូ ដែលត្រូវបានចាក់ផ្សាយទាំងស្រុងផងដែរ។
ក្នុងអំឡុងពេលជំនួបរបស់រដ្ឋាភិបាលវិមានក្រឹមឡាំងដែលត្រូវបានបញ្ចាំងតាមបណ្តាញទូរទស្សន៍នៅក្នុងប្រទេសរុស្ស៊ីនោះ ពួកប្រកាន់នយោបាយតឹងរ៉ឹងបានជំរុញឲ្យលោក Putin ទទួលស្គាល់សាធារណរដ្ឋបំបែកខ្លួនចំនួនពីគឺ Donetsk និង Luhansk។
អ្នកវិភាគខ្លះបាននិយាយថា យោងតាមម៉ោងដែលបង្ហាញនៅលើនាឡិកាដៃរបស់អ្នកជំនួយការម្នាក់ ជំនួបនៅវិមានក្រឹមឡាំងនោះ មិនត្រូវបានផ្សាយបន្តផ្ទាល់ទេ ក៏ប៉ុន្តែបានធ្វើឡើងប៉ុន្មានម៉ោងមុន ហើយត្រូវបានគេតុបតែងឡើងដើម្បីបញ្ចុះបញ្ចូលអ្នកមើលដែលជាជនជាតិរុស្ស៊ីនោះ ថា លោក Putin បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីមេដឹកនាំកំពូលៗ ហើយនឹងទីប្រឹក្សាជិតស្និទ្ធរបស់លោក ខណៈបង្ហាញផងដែរនូវការគ្រប់គ្រងយ៉ាងពេញទំហឹងរបស់លោកទាក់ទងនឹងការប្រឈមយ៉ាងលឿនផ្នែកភូមិសាស្ត្រនយោបាយជាមួយបស្ចឹមប្រទេស។
ក្នុងអំឡុងជំនួបនោះ ពួកមន្ត្រីជាន់ខ្ពស់បានបន្ទរជាបន្តបន្ទាប់តាមការចោទប្រកាន់របស់វិមានក្រឹមជាច្រើនថ្ងៃ និងគ្មានភស្តុតាងគ្រប់គ្រាន់ដែលថា ប្រទេសអ៊ុយក្រែន បានប្រុងប្រៀបធ្វើការវាយប្រហារដើម្បីដណ្តើមយកសាធារណរដ្ឋផ្តាច់ខ្លួននោះមកវិញ។ លោក Sergei Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានប្រាប់លោក Putin ថា កងទ័ពអ៊ុយក្រែន បានត្រូវដាក់ពង្រាយដើម្បីធ្វើការវាយប្រហារ។
រដ្ឋាភិបាលក្រុងកៀវ បានបដិសេធការអះអាងទាំងនេះម្តងហើយម្តងទៀត។
ក្នុងអំឡុងសុន្ទរកថារបស់លោក លោក Putin បានចោទប្រកាន់សហរដ្ឋអាមេរិក និងអង្គការអូតង់ថា «មិនចេះខ្មាសអៀន»ប្រែក្លាយប្រទេសអ៊ុយក្រែនឱ្យទៅជាឆាកធ្វើសង្គ្រាម ហើយលោក Putin បានលើកឡើងពីការអះអាងដែលគ្មានភស្តុតាងថា ប្រទេសអ៊ុយក្រែនមានគម្រោងបង្កើតអាវុធនុយក្លេអ៊ែរ ដែលបន្ទាប់មកត្រូវប្រើប្រាស់ដើម្បីវាយប្រហាររុស្ស៊ី។
សុន្ទរកថាទាំងមូលនេះ បានធ្វើឱ្យអ្នកការទូតលោកខាងលិច និងអ្នកវិភាគឯករាជ្យជាច្រើនយល់ឃើញដូចមន្ត្រីអាល្លឺម៉ង់ និងមន្ត្រីបារាំង ដែលទទួលស្គាល់ជាលក្ខណៈផ្ទាល់ខ្លួនថា ពួកគេមានការភ្ញាក់ផ្អើល។ ទាំងមន្ត្រីអាល្លឺម៉ង់ និងមន្ត្រីបារាំងបានដឹកនាំការព្យាយាមផ្នែកការទូតនៅនាទីចុងក្រោយដើម្បីស្វែងរកដំណោះស្រាយការទូតចំពោះវិបត្តិប្រទេសអ៊ុយក្រែន ហើយសង្ឃឹមថា នឹងទទួលបានកិច្ចព្រមព្រៀងយូរអង្វែងស្តីពីបទឈប់បាញ់ និងទទួលបានដំណោះស្រាយនយោបាយនៅភាគខាងកើតប្រទេសអ៊ុយក្រែន ប៉ុន្តែឥឡូវនេះលោក Putin ហាក់ដូចជាបានបង្ហាញថាកិច្ចខិតខំប្រឹងប្រែងរបស់បារាំង-អាល្លឺម៉ង់នេះ ទទួលបានលទ្ធផលដែលអ្នកការទូតព្រួយបារម្ភ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiyy បានព្យាយាមដើម្បីធានាដល់ប្រជាជនអ៊ុយក្រែនថា ប្រទេសនេះ ត្រូវបានការពារយ៉ាងល្អ ហើយលោកបានបន្ថែមថា ប្រទេសអ៊ុយក្រែនរក្សាសិទ្ធិការពារខ្លួនទប់ទល់សកម្មភាពគឃ្លើនរបស់រុស្ស៊ីបន្ថែមទៀត។ លោកថ្លែងដូច្នេះនៅក្នុងការសុន្ទរកថាផ្សាយតាមទូរទស្សន៍ទូទាំងប្រទេសនៅម៉ោងពីររំលងអាធ្រាត្រម៉ោងក្នុងស្រុក គឺប៉ុន្មានម៉ោងបន្ទាប់ពីកម្មវិធីនេះ ត្រូវបានកំណត់ធ្វើឡើង។
មន្ត្រីលោកខាងលិចផ្នែកស៊ើបការណ៍សម្ងាត់ព្រួយបារម្ភថា ការទទួលស្គាល់សាធារណរដ្ឋបំបែកខ្លួននេះ គឺជាផ្នែកមួយនៃផែនការធ្វើសង្រ្គាមធំជាងនេះ ដែលឥឡូវនេះកំពុងបង្ហាញឱ្យឃើញតាមគម្រោងដែលបានរៀបចំកាលពីប៉ុន្មានសប្តាហ៍មុន។ ពួកគេនិយាយថា ប្រហែល២ភាគ៣នៃកងកម្លាំងរុស្ស៊ីដែលបានប្រមូលផ្តុំនៅជិតព្រំដែនប្រទេសអ៊ុយក្រែននោះ ឥឡូវនេះស្ថិតនៅចម្ងាយ៥០គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែន ហើយកំពុងស្ថិតក្នុងសភាពត្រៀមប្រយុទ្ធ និងត្រៀមចាប់ផ្តើមប្រតិបត្តិការយោធា ប៉ុន្តែទោះជាយ៉ាងណា គេមិនទាន់ច្បាស់ទេថា តើវិមានក្រឹមឡាំង បានផ្តល់ការយល់ព្រមធ្វើការវាយលុកពេញលេញ ឬនៅ។
ការភ័យខ្លាចក្នុងចំណោមមេដឹកនាំអឺរ៉ុបដែលបារម្ភថា ប្រធានាធិបតីរុស្ស៊ីនឹងបញ្ជាឱ្យធ្វើសកម្មភាពយោធាធំជាងនេះនៅប្រទេសអ៊ុយក្រែននោះ មានបង្កប់មួយផ្នែកនៅក្នុងសុន្ទរកថារបស់លោក Putin ជិតមួយម៉ោង ដែលបានចាប់ផ្តើមដោយការរៀបរាប់ដ៏វែងនូវទស្សនៈរបស់មេដឹកនាំរុស្ស៊ីអំពីប្រវត្តិសាស្ត្រប្រទេសអ៊ុយក្រែន និងថា លោកខាងលិច បានប្លន់ទឹកដីរុស្ស៊ីនៅពេលសហភាពសូវៀតដួលរលំ៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន