ប្រទេសអ៊ុយក្រែន បានបញ្ជាក់នៅថ្ងៃព្រហ្បតិ៍នេះថា ខ្លួនបានបិទដែនអាកាសរបស់ខ្លួនសម្រាប់ជើងហោះហើរស៊ីវិល ពីព្រោះតែ«ហានិភ័យខ្ពស់»ដល់សុវត្ថិភាពហើយនិយ័តករអាកាសចរណ៍អឺរ៉ុបក៏បានព្រមានផងដែរអំពីគ្រោះថ្នាក់នៃការហោះហើរនៅតាមបណ្តោយព្រំដែនជាមួយប្រទេសរុស្ស៊ីនិងបេឡារុសដោយសារតែមានសកម្មភាពយោធានៅទីនោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានReuters។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអនុញ្ញាតឲ្យធ្វើកិច្ចប្រតិបត្តិយោធានៅតំបន់ខាងកើតប្រទេសអ៊ុយក្រែននៅថ្ងៃព្រហ្បតិ៍នេះនៅក្នុងអ្វីដែលទំនងជាការចាប់ផ្តើមសង្គ្រាមនៅក្នុងទ្វីបអឺរ៉ុប។
សហគ្រាសសេវាចរាចរណ៍ផ្លូវអាកាសរដ្ឋអ៊ុយក្រែន បានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លូនថា ដែនអាកាសរបស់អ៊ុយក្រែន ត្រូវបានបិទសម្រាប់ការហោះហើររបស់យន្តហោះស៊ីវិល ដោយចាប់ផ្តើមពីម៉ោង០០៤៥ ម៉ោងសាកលពីថ្ងៃព្រហ្បតិ៍នេះតទៅ ហើយការផ្តល់សេវាចរាចរណ៍ផ្លូវអាកាសត្រូវបានត្រូវផ្អាកផងដែរ។
ដោយឡែក ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប (EASA) បានបញ្ជាក់ថា ដែនអាកាសនៅតាមបណ្តោយព្រំដែនរវាងប្រទេសរុស្ស៊ីនិងបេឡារុសក្នុងចម្ងាយប្រមាណ១៨៦គីឡូម៉ែត្រដែលនៅជាប់នឹងប្រទេសអ៊ុយក្រែន អាចបណ្តាលឲ្យមានហានិភ័យដល់សុវត្ថិភាពអាកាសចរណ៍។
ឧស្សាហកម្មអាកាសចរណ៍ មានការប្រុងប្រយ័ត្នខ្ពស់អំពីជម្លោះដែលមានហានិភ័យលើអាកាសចរណ៍ស៊ីវិលចាប់តាំងពីជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី MH17 មួយគ្រឿងត្រូវបានបាញ់ទម្លាក់នៅតំបន់ភាគខាងកើតអ៊ុយក្រែនកាលពីឆ្នាំ២០១៤មក។
ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប បានបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជូនសារបន្ទាន់មួយឲ្យអ៊ុយក្រែន ដោយព្រមានពីហានិភ័យខ្ពស់ចំពោះសុវត្ថិភាពនៃការហោះហើរដោយសារតែការប្រើប្រាស់អាវុធនិងឧបករណ៍យោធាចាប់ពីម៉ោង០០៤៥ ម៉ោងសាកលនៅថ្ងៃព្រហ្បតិ៍នេះ ហើយបានស្នើឲ្យផ្នែកគ្រប់គ្រងចរាចរណ៍ដែនអាកាសរបស់អ៊ុយក្រែន ត្រូវបញ្ឈប់ជើងហោះហើរ។
មុនពេលអ៊ុយក្រែនបានប្រកាសការដាក់បម្រាមលើដែនអាកាសនោះ សហរដ្ឋអាមេរិក អ៊ីតាលី កាណាដា បារាំងនិងចក្រភពអង់គ្លេស ក៏បានប្រាប់ដល់ក្រុមហ៊ុនអាកាសចរណ៍របស់គេឲ្យជៀសវាងការហោះហើរលើដែនអាកាសនៅក្នុងតំបន់ខាងកើតអ៊ុយក្រែននិង Crimea ក៏ប៉ុន្តែ មិនបានដាក់បម្រាមហាមទាំងស្រុងនោះទេ៕