ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កាន់​អំណាច​ប្តឹង​លោក សុន ឆ័យ ទាមទារ​សំណង​ជំងឺ​ចិត្ត​១​លាន​ដុល្លារ ពាក់ព័ន្ធ​នឹង​ការ​វាយ​តម្លៃ​ការ​បោះឆ្នោត


លោក សុន ឆ័យ អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ថ្ងៃ​បញ្ចប់​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត។ (ស៊ុន ណារិន/វីអូអេ)
លោក សុន ឆ័យ អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ថ្ងៃ​បញ្ចប់​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត។ (ស៊ុន ណារិន/វីអូអេ)

មេធាវី​តំណាង​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​អង្គារ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​រាជធានី​ភ្នំពេញ ដោយ​ប្តឹង​លោក សុន ឆ័យ អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​របស់​លោក​អំពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ដែល​គណបក្ស​កាន់​អំណាច​អះអាង​ថា​ ប៉ះ​ពាល់​កិត្តិយស​របស់​គណបក្ស។

បើ​តាម​ពាក្យ​បណ្តឹង​នោះ គណបក្ស​កាន់​អំណាច​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៤.០០០​លាន​រៀល ឬ​ប្រហែល​១​លាន​ដុល្លារ​អាមេរិក។

ពាក្យ​បណ្តឹង​របស់​គណបក្ស​កាន់​អំណាច យោង​តាម​ការ​ថ្លែង​របស់​លោក សុន ឆ័យ ជាមួយ​សារព័ត៌មាន​អនឡាញ​ឌឹ​ខេមបូឌាដេលី កាល​ពីថ្ងៃ​ទី​៧ ខែ​មិថុនា ដោយ​មេធាវី​គណបក្ស​កាន់​អំណាចថា​ លោក សុន ឆ័យ បាន​និយាយ​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស​គណ​បក្ស​ប្រជាជន​កម្ពុជា។

មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា លោក គី តិច​ បញ្ជាក់​ក្នុង​ពាក្យ​បណ្តឹង​នោះ​ថា៖ «ការ​លើក​ឡើង​ខាង​លើ​របស់​ឈ្មោះ​លោក សុន ឆ័យ គឺ​ជា​អំពើ​ទុច្ចរិត បំភ្លៃ​ខុសការ​ពិត ការ​ផ្តល់​ព័ត៌មាន​ក្លែង​ក្លាយ ក្នុង​ចេតនា​ទម្លាក់​កំហុស​ដោយ​អសុទ្ធចិត្ត​ និង​មូល​បង្កាច់​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​ឈ្នះ​ឆ្នោត»។

វីអូអេ​មិន​ទាន់​សុំ​ការ​បញ្ជាក់​ពី​លោក ​ប្លង់ សុផល អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​នៅ​ឡើយ​ទេ។

​ចំណែក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ហៅ​កាត់​ថា ​គ.ជ.ប កាល​ពី​ថ្ងៃ​ចន្ទ ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​មួយ ដោយ​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​លោក សុន ឆ័យ ​ចំពោះ​ការ​ប្រើ​ពាក្យ​សម្តី​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ស្ថាប័ន​សារ​ព័ត៌មាន​ឌឹ​ខេម​បូ​ឌាដេលី​ ដូចគ្នា​ផង​ដែរ។ ​

​ស្ថាប័ន​គ.ជ.ប និង​មេធាវី​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ដក​ស្រង់​ពាក្យ​សម្តី​ដូច​គ្នា​របស់​លោក សុន ឆ័យ ត្រង់​ចំណុច​ថា៖ «លទ្ធផល​នេះ​មិន​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ វា​មាន​ការ​បំភ័យ វា​មាន​ការ​ទិញ​ វា​មាន​ការ​លួច បាន​នៅ​សល់​ប៉ុណ្ណឹង»។

ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត ​គ.ជ.ប ​បាន​ចាត់​ទុក​ពាក្យ​សម្តី​របស់​អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន​ថា ជា​ការ​មាក់ងាយ​ ប៉ះ​ពាល់​ដល់​តម្លៃ​របស់​ម្ចាស់​ឆ្នោត​ ប៉ះពាល់​ដល់​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​របស់​គ.ជ.ប ហើយ​ស្ថាប័ន​នេះ​ថា​ខ្លួន​មិន​អាច​ទទួល​យក​បាន​ឡើយ។ គ.ជ.ប ក៏​បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​មាត្រា​១៧១ ដែល​អាច​នឹង​ផាកពិន័យចាប់​ពី​១០​លាន​រៀល​ទៅ​២០​លាន​រៀល​ ដោយ​មិន​ទាន់គិត​បញ្ចូលច្បាប់​ព្រហ្មទណ្ឌ​ផ្សេង​ទៀត​នោះ​ទេ។

លោក សោម សូរីដា ​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ប្រាប់​វីអូអេថា​គ.ជ.ប ចេញ​សេចក្តី​ថ្លែងការណ៍​នេះ ជា​ការ​ព្រមាន ប៉ុន្តែ​មិន​ទាន់​ចាត់​វិធាន​ការ​ច្បាប់ណា​មួយ​នោះ​ទេ។ លោក​បន្ត​ថា​ប្រសិន​បើ​លោក សុន ឆ័យ នៅ​តែ​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​ ឬ​ចោទ​ប្រកាន់​ស្ថាប័ន​ គ.ជ.ប​ បន្ត​ទៀត នោះ​ស្ថាប័ន​គ.ជ.ប នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ដែល​រួម​មានច្បាប់​នៃ​ការ​បោះឆ្នោត និង​ច្បាប់​ព្រហ្ម​ទណ្ឌ។

លោក​ថ្លែង​ថា៖ «ជា​ដំបូង​នេះ គឺ​សេចក្តី​ថ្លែង​ការណ៍​ជា​ការ​ព្រមាន ប៉ុន្តែ​បើ​សិន​ជា​បុគ្គល​នៅ​តែ​ប្រព្រឹត្ត​សកម្ម​ភាព ​បញ្ចេញ​សកម្មភាព ឬ​ក៏​ការ​ប្រើ​ប្រាស់​ពាក្យ​សម្តី ​ប្រមាថ មើល​ងាយ​ លក្ខណៈ​បរិហារ​កេរ្តិ៍ មាន​លក្ខណៈ​ជា​ការ​ញុះញង់​ មាន​លក្ខណៈ​ជា​ការ​ប្រមាថ​ជា​សាធារណៈ​នោះ នោះ​គ.ជ.ប នឹង​ចាត់​វិធានការ​ច្បាប់ ដូច​ដែល​គ.ជ.ប បាន​ធ្លាប់​អនុវត្ត​កន្លង​មក»។

ស្ថាប័ន​គ.ជ.ប រង​ការ​រិះគន់​ថា​មិន​ទាន់​បាន​បំពេញ​ការងារ​រៀបចំ​ការ​បោះ​ឆ្នោត ដោយ​ឯករាជ្យ​នោះ​ទេ ក្រោយ​មាន​ការ​ផ្លាស់​ប្តូរ​សមាស​ភាព​ថ្នាក់​ដឹកនាំ​របស់​ស្ថាប័ន​នេះ ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ កាល​ពី​ឆ្នាំ​២០១៧។

​លោក សុន​ ឆ័យ ​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ប្រាប់​វីអូអេ​ថា​លោក​កំពុង​រក​មេធាវី​ការពារ​ក្តី​រឿង​នេះ ​ប៉ុន្តែ​លោកគិត​ថា​ វា​គ្រាន់​តែ​ជា​ការ​បញ្ចេញមតិ​ក្នុង​ដំណើរ​ការ​បោះឆ្នោត​បែប​នេះ ដូច្នេះ​មេធាវី​គណបក្ស​កាន់​អំណាច​មិន​គួរប្តឹង​រូប​លោក​ទៅ​តុលាការ​ឡើយ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​គិត​ថា​វា​ជា​រឿង​មិន​ចាំ​បាច់​ធ្លាក់​ដល់​ថ្នាក់​ប្តឹង​ផ្តល់​បែប​នេះ​ទេ។ យើង​ដឹង​ហើយ​ថា​រឿង​បោះ​ឆ្នោត​កន្លង​ទៅ​នេះ មាន​ការ​មិន​សប្បាយ​ចិត្ត​ និង​ការ​រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​ច្រើន​យ៉ាង»។

លោក សុន​ ឆ័យ ​បន្ថែម​ថា​លោក​គ្រោងជួប​ជាមួយ​ស្ថាប័ន​គ.ជ.ប ដើម្បី​ជជែក​គ្នា​អំពី​បញ្ហា​ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៥​នេះ។

លោក ថាច់ សេដ្ឋា អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ប្រាប់​វីអូអេ​ថា​ បើ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ពេញ​ចិត្ត​នឹង​ការ​បញ្ចេញ​មតិ​របស់​គណបក្ស​ភ្លើងទៀន គួរ​តែ​ប្តឹង​ទៅ​ស្ថាប័ន​ គ.ជ.ប ក្នុង​ការ​ដោះស្រាយ​បញ្ហា​ ព្រោះ​វា​ស្ថិត​ក្នុង​ដំណាក់​កាល​បោះឆ្នោត​ ហើយ​មិន​មែន​មិន​ពេញ​ចិត្ត បែរ​ជា​ប្តឹង​នៅ​ស្ថាប័ន​តុលាការ​បែប​នេះ​នោះ​ទេ។ ​

លោក​បញ្ជាក់​ថា៖ «រឿង​នេះ គួរ​តែ​បញ្ចប់​ទៅ​កុំ​ឱ្យ​មាន​ការ​កើត​ឡើង​ គួរ​តែ​រក្សា​តម្លៃ និង​កិត្តិយស​របស់​ប្រទេស​ជាតិ​យើង​ផង។ ហើយ​ភាព​មិន​ប្រក្រតី​មើល​ឃើញហ្នឹង មិន​មែន​តែ​គណបក្ស​ភ្លើងទៀន​ឯណា សង្គម​ស៊ីវិល​ក៏​ឃើញ​ដូច​គ្នា​ដែរ​តើ ឃើញ​ប្រហាក់​ប្រហែល​គ្នា​ហ្នឹង​ដែរ។ អ៊ីចឹង​ទុក​សមត្ថកិច្ច​ឱ្យ​គ.ជ.ប លោក​សម្រេច​វិនិច្ឆ័យ​ទៅ»។

លោក​ទាមទារ​ឱ្យស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត ​ក្រឡេក​ទៅ​មើល​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ ដែល​ជា​ពេល​គណបក្ស​ប្រជា​ជន​កម្ពុជា មាន​ការ​តវ៉ា​ជាមួយ​គណបក្ស​ហ៊ុនស៊ិន​ប៉ិច រហូត​ដល់​មាន​ការ​ចុះ​សម្រុង​ធ្វើ​ការ​រួមគ្នា។

លោក កន សាវាង្ស មន្រ្តី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល ថ្លែង​ថា​ ក្នុង​ដំណើរ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នេះ​ ស្ថាប័ន​គ.ជ.ប ជា​អ្នក​គ្រប់​គ្រង និង​មាន​តួនាទី​ចាត់​ចែង​ ដូច្នេះគូ​ទំនាស់​ទាំង​ពីរ​គួរ​តែ​យក​បញ្ហា​ ដែល​មិន​ពេញ​ចិត្ត​រៀង​ខ្លួន មក​ដាក់​ទល់មុខ និង​ពិភាក្សា​រួម​គ្នា ជាមួយ​ស្ថាប័ន​គ.ជ.ប​ ជា​ជាង​ការ​ប្តឹង​ផ្តល់​គ្នា​ទៅ​តុលាការ។ ​

លោក​ថ្លែង​ថា៖ «ការ​លើក​ឡើង​ដែល​ជា​បញ្ហា ការ​មិន​សុខ​ចិត្ត​វា​ចៀស​មិន​ផុត​ទេ អំពី​ភាគី​ពាក់​ព័ន្ធ​ ក៏​ប៉ុន្តែ​រឿង​សំខាន់ គឺ​ការ​ជជែក​គ្នា ការ​អង្គុយ​ទល់​មុខ​គ្នា​លើក​អំពី​បញ្ហា​ថា​តើ​បញ្ហា​នៅ​ត្រង់​ចំណុច​ណា​ ដែល​មិន​អាច​យល់​គ្នា។ អ៊ីចឹង​ការ​ជជែក​គ្នា​វា​ជា​រឿង​មួយ​ដែល​ល្អ​បំផុត។ អ៊ីចឹង​យន្តការ​នៃ​ការ​ដោះស្រាយ​ គឺ​មិន​មែន​ស្ថិត​នៅ​លើ​រឿង​ការ​ប្តឹងផ្តល់​គ្នា​ទេ គឺ​ការ​ជជែក​អំពី​បញ្ហា​ក្នុង​ការ​ដោះ​ស្រាយ​នៃ​បញ្ហា»។

គួរ​បញ្ជាក់​ថា ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ដែល​បាន​តាម​ដាន​ស្ថានភាព​សិទ្ធិ​មនុស្ស​អំឡុង​ពេល​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ បាន​ឱ្យ​ដឹង​ថា​ ខ្លួន​ទទួល​ការ​រាយ​ការណ៍​ពី​រាជ​ធានី​-ខេត្ត ចំនួន​១៦​ផ្សេង​គ្នា អំពី​វត្តមាន​របស់​អាជ្ញាធរ​មូលដ្ឋាន អង្គុយ​ចាំ​នៅ​ក្នុង ឬ​ក្រៅ​ទី​តាំង​បោះ​ឆ្នោត ឬ​ជួយ​សម្រប​សម្រួល​ឱ្យ​ពល​រដ្ឋ​បាន​ចូល​ទៅ​កាន់​ការិយាល័យ​បោះឆ្នោត ក្នុង​នោះ​មាន​ មេភូមិ មេឃុំ ឬ​ចៅ​សង្កាត់ ឬ​ចៅហ្វាយ​ស្រុក ក៏​ដូចជា​អាជ្ញាធរ​ផ្សេង​ទៀត៕

XS
SM
MD
LG