ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​បក្ស​ភ្លើងទៀន៖ សកម្មជន​ខេត្ត​បាត់ដំបង​រង​គំនាប​ឱ្យ​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច​ ទើប​អាច​ត្រូវ​ដោះលែង


រូប​ឯកសារ៖ ទិដ្ឋភាព​ទូទៅ​ថ្ងៃចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់អាណត្តិទី ៥ ​របស់​គណបក្ស​ភ្លើងទៀន​ ​នៅ​តាម​ខេត្ត​និង​ជនបទ​។ រូបថត​នេះ​នៅ​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី ០៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)
រូប​ឯកសារ៖ ទិដ្ឋភាព​ទូទៅ​ថ្ងៃចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់អាណត្តិទី ៥ ​របស់​គណបក្ស​ភ្លើងទៀន​ ​នៅ​តាម​ខេត្ត​និង​ជនបទ​។ រូបថត​នេះ​នៅ​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី ០៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)

មន្រ្តី​គណបក្ស​ភ្លើងទៀន​ឱ្យ​ដឹង​ថា​សកម្មជន​ម្នាក់​នៅ​ខេត្ត​បាត់ដំបង​ត្រូវ​បាន​ដាក់​សម្ពាធ​ឱ្យ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ទើប​អាច​ត្រូវ​បាន​ដោះលែង។

តុលាការ​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បានសម្រេច​ឃុំ​ខ្លួន​សកម្ម​ជន​គណបក្សភ្លើងទៀន លោក ឡី សុខុន ក្នុង​ករណី​រឿង​ថត​វីដេអូ​មន្រ្តី​បក្ស​កាន់​អំណាច​កាន់​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត នៅ​ថ្ងៃ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ហើយ​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក។ សកម្មជន​រូប​នោះ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​លើ​លំនៅឋាន​គេ និង​ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​របស់​តុលាការ​ខេត្ត​បាត់ដំបង។

អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន​ប្រចាំ​ខេត្ត​បាត់ដំបង លោក ឌឹម សារឿន ដែល​បាន​តាម​ដាន និង​បាន​ជួប​លោក ឡី សុខុន ដែល​ជា​ប្រធាន​ក្រុម​ការងារ​ស្រុក​ឯក​ភ្នំ​សម្រាប់​គណបក្ស​ភ្លើងទៀន នៅ​តុលាការ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ដើម​បណ្តឹង​បាន​សម្រេច​ដក​ពាក្យ​បណ្តឹង ប៉ុន្តែ​លោក សុខុន នៅ​តែ​ជាប់​បណ្តឹង​អាជ្ញា ដែល​ចៅក្រម​ស៊ើប​សួរ​នៅ​តែ​បន្ត​ចោទ​ប្រកាន់ ហើយ​សម្រេច​ឃុំ​ខ្លួន​រូប​លោក។ លោក​ចាត់​ទុក​ករណី​នេះ​ជា​រឿង​នយោបាយ​សុទ្ធ​សាធ ព្រោះ​វា​មិន​មែន​ជា​រឿង​ធំ​ដុំ​អ្វី​ឡើយ។

លោក ឌឹម សារឿន បន្ថែម​ថា​សកម្មជន លោក សុខុន ត្រូវ​បាន​ប្រាប់​ឱ្យ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ទើប​អាច​ត្រូវ​ដោះលែង។

លោក​ប្រាប់​វីអូអេ​ថា៖ «ប៉ុន​យើង​មាន​តម្រុយ​ខ្លះ គេ​ឱ្យ​គាត់​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​ហ្នឹង អាហ្នឹង​បាន​គេ​ដោះលែង អាហ្នឹង​ខ្ញុំ​មាន​តម្រុយ​ខ្លះ មិន​មែន​ស្មាន​ទេ​ណា យើង​មាន​តម្រុយ​ពិត​ប្រាកដ​មួយ យើង​អាច​ទទួល​យក​បាន ប៉ុន្តែ​សាមី​ខ្លួន​គាត់ គាត់​មិន​អាច​ក្បត់​ឆន្ទៈ ក្បត់​មនសិការ ក្បត់​ឆន្ទៈ ក្បត់​គណបក្ស​ភ្លើងទៀន​បាន​ទេ»។

សកម្មជន​គណបក្ស​ភ្លើងទៀន លោក ឡី សុខុន​ អាយុ​៤៩​ឆ្នាំ ត្រូវ​បាន​នគរបាល​ឃាត់​ខ្លួន កាល​ពី​ថ្ងៃទី​៨ ខែ​មិថុនា វេលា​ម៉ោង​៩​ព្រឹក​ ខណៈ​លោក​កំពុង​តែ​ចុះ​ពី​លើ​រថ​យន្ត ឆ្ពោះ​ទៅ​រក​ហាង​កាហ្វេ​មួយ​កន្លែង​នៅ​ក្នុង​ក្រុង​បាត់ដំបង។ នេះ​បើ​តាម​ការ​អះអាង​របស់​ភរិយា​លោក។
អ្នកស្រី លី លីនដា អាយុ​២៩​ឆ្នាំ ជា​ភរិយា​របស់​សកម្ម​ជន​រូប​នោះ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ថា​អ្នកស្រី​មិន​ទាន់​ត្រូវ​បាន​មន្រ្តី​ពន្ធនាគារ​អនុញ្ញាត​ឱ្យ​ចូល​សួរ​សុខ​ទុក្ខ​ស្វាមី​នៅ​ឡើយ​ទេ។ អ្នក​ស្រី​ចាត់​ទុក​ករណី​នេះ​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ ហើយ​វា​ជា​រឿង​«អយុត្តិធម៌​ខ្លាំង​មែន​ទែន»​សម្រាប់​ស្វាមី​ដែល​សកម្ម​នឹង​រឿង​នយោបាយ។

លោក ឡី សុខុន ជួប​ភរិយា​នៅ​តុលាការ​ខេត្ត​បាត់ដំបង ពេល​លោក​ត្រូវបាន​បញ្ជូន​ទៅ​សាកសួរ​នៅ​ក្រុង​បាត់ដំបង នៅ​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។ (រូបថតផ្តល់ឲ្យ​ដោយ ឌឹម សារឿន)
លោក ឡី សុខុន ជួប​ភរិយា​នៅ​តុលាការ​ខេត្ត​បាត់ដំបង ពេល​លោក​ត្រូវបាន​បញ្ជូន​ទៅ​សាកសួរ​នៅ​ក្រុង​បាត់ដំបង នៅ​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។ (រូបថតផ្តល់ឲ្យ​ដោយ ឌឹម សារឿន)

អ្នកស្រី​បញ្ជាក់​ថា៖ «ខ្ញុំ​អត់​អស់​ចិត្ត ចង់​និយាយ​ថា​អ្នក​ដែល​ដាក់​ពាក្យ​បណ្តឹង​ហ្នឹង គាត់​បាន​ដក​ពាក្យ​បណ្តឹង​អស់​ហើយ ហើយ​នៅ​តែ​បន្ត​ចាប់​ខ្លួន​គាត់​ទៅ​ឃុំ​ឃាំង​ទៀត ដល់​ពេល​អញ្ចឹង វា​ពិបាក​ទទួល​យក ពិបាក​ទទួល​យក​មែន​ទែន»។

បើ​តាម​ភរិយា លោក ឡី សុខុន ត្រូវ​បាន​បុគ្គល​ម្នាក់​ឈ្មោះ លោក ឡាញ់ ជុន ប្តឹង​ពី​បទ​«ចូល​ផ្ទះ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​ឆក់​យក​លុយ»។ ករណី​នេះ​ពាក់ព័ន្ធ​នឹង​ស្វាមី​របស់​អ្នក​ស្រី​ដែល​ថត​វីដេអូ​នៅ​ថ្ងៃ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ បង្ហាញ​សកម្មភាព​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ហើយ​ប្រមូល​ផ្តុំ​គ្នា​កត់​ឈ្មោះ​ប្រជា​ពលរដ្ឋ។ ប៉ុន្តែ​អ្នកស្រី​បាន​ការពារ​ថា​ស្វាមី​មិន​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ​ទេ ដោយ​គ្រាន់​តែ​ឈរ​នៅ​ខាង​មុខ​ផ្ទះ ហើយក៏​មិន​បាន​ឆក់​យក​លុយ​ដែរ។

វីដេអូបង្ហា​ញ​ថា​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​តុ​អង្គុយ​ក្បែរ​ការិយាល័យ​បោះឆ្នោត ដោយ​មាន​តារាង​បញ្ជី​ឈ្មោះ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប) ដើម្បី​បញ្ជាក់​ថា ​តើ​ពលរដ្ឋ​ណា​ខ្លះ​មក​បោះឆ្នោត​ ហើយ​តើ​នរណា​ខ្លះ​ដែល​មិន​មក​បោះ​ឆ្នោត។

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ធ្លាប់​ប្រាប់​វីអូអេ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​គំរាមកំហែង​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច​ឡើយ ហើយ​លោកថា​សកម្មជន​បក្ស​ប្រឆាំង ឬ​ប្រជា​ពល​រដ្ឋ​ដែល​ចូល​រួម​ជាមួយ​គណបក្ស​កាន់​អំណាច​ គឺ​ជា​ការ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត ស្រឡាញ់​កម្មវិធី​នយោបាយរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នកនាំ​ពាក្យ​របស់​តុលាការ​ខេត្ត​បាត់ដំបង លោក ដួង សារ៉ន ប្រាប់​វីអូអេ​ថា​ លោក សុខុន ត្រូវ​បាន​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​លើ​លំនៅឋាន តាម​មាត្រា​២៩៩​នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​ចៅក្រម​ស៊ើប​សួរ​បាន​សម្រេច​ឃុំ​ខ្លួន​រូប​លោក។ មាត្រា​២៩៩​នៃ​បទ​រំលោភ​លើ​លំនៅឋាន ចែង​ថា​អំពើ​ប្រព្រឹត្ត​ដោយ​មាន​ហិង្សា ការ​បង្ខិត​បង្ខំ ការ​គំរាម​កំហែង ឬ​ឧបាយកល​ចូល​ទៅ​ក្នុង​លំនៅឋាន​របស់​អ្នក​ដទៃ​នោះ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​មួយ​ខែ​ទៅ​មួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​សែន​រៀល​ទៅ​២​លាន​រៀល។

លោក ដួង សារ៉ន បន្ថែម​ថា​ការ​សម្រេច​ឃុំ​ខ្លួន​ជា​សិទ្ធិ​របស់​ចៅក្រម​ស៊ើប​សួរ។
លោក ឡាញ់ ជុន ដែល​ជា​ដើម​បណ្តឹង ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​លោក​បាន​ដក​បណ្តឹង​វិញ​ហើយ ដូច្នេះ​លោក​មិន​ចង់​អធិប្បាយ​ច្រើន​លើ​ករណី​នេះ។

គួរ​បញ្ជាក់​ថា ​សកម្មជន​គណបក្ស​ភ្លើងទៀន​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន នៅ​មុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​នេះ ហើយ​គណបក្ស​បាន​ចាត់​ទុក​ថា​ការណ៍​នេះ​ជា​ការ​បំភិតបំភ័យ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​សកម្មជន​ថ្នាក់​ក្រោម៕

XS
SM
MD
LG