គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ដែលជាសេនាធិការរបស់ស្ថាប័នគ.ជ.ប បានច្រានចោលពាក្យបណ្តឹងចំនួន១៩របស់គណបក្សភ្លើងទៀន ដែលប្តឹងជុំវិញសកម្មភាពមិនប្រក្រតីនៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
ពាក្យបណ្តឹងរបស់គណបក្សភ្លើងទៀនធ្វើឡើងនៅស្របពេលលទ្ធផលបណ្តោះអាសន្នចេញពីការបោះឆ្នោតកាលពីថ្ងៃអាទិត្យទី៥ ខែមិថុនា បង្ហាញថា គណបក្សកាន់អំណាចកំពុងនាំមុខគណបក្សផ្សេងទៀត ដើម្បីគ្រប់គ្រងភាគច្រើននៃអាសនៈក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងឃុំសង្កាត់ចំនួន១០៣របស់ខេត្តបាត់ដំបង។
យោងតាមសេចក្តីជូនដំណឹងរបស់ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបងលោក វន ពន ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ពាក្យបណ្តឹងរបស់គណបក្សភ្លើងទៀនប្តឹងដោយលោក ភូ សុវណ្ណ ថា មិនស្របតាមប្រការ១៤.២ ដែលនិយាយអំពីទោសប្បញ្ញត្តិ ហើយបណ្តឹងទាំង១៩ដដែលនោះ គឺធ្វើឡើងដោយរំលងសមត្ថកិច្ចគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត(គឃ.សប)។
សេចក្តីជូនដំណឹងដដែលបានពន្យល់ថាបន្ទាប់ពីបានទទួលពិនិត្យពាក្យបណ្តឹង និងកំណត់ហេតុសាកសួរព័ត៌មានបន្ថែម ព្រមទាំងបានសិក្សាយ៉ាងយកចិត្តទុកដាក់ លើក្របខណ្ឌច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង យល់ឃើញថា៖ «គណៈកម្មការខេត្តរៀបចំការបោះឆ្នោត មិនអាចទទួលពាក្យបណ្តឹងទាំងអស់នេះ មកពិនិត្យដោះស្រាយបានឡើយ»។
លោក ភូ សុវណ្ណថា តំណាងដើមបណ្តឹង និងជាអនុប្រធានប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តបាត់ដំបងថ្លែងថា លោកបានដាក់ពាក្យបណ្តឹងចំនួន១៩ឃុំក្នុងចំណោម៧ស្រុក ទាក់ទងនឹងភាពមិនប្រក្រតីនៃការរាប់សន្លឹកឆ្នោត ដែលលោកចង់ឱ្យរាប់ឡើងវិញ។ លោកចាត់ទុកការច្រានចោលរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ជា«លេស»មួយ។
លោកថ្លែងថា៖ «ខ្ញុំគិតថា គឺជាលេសរបស់ប៉ិចខេត្ត ព្រោះខ្ញុំដាក់បណ្តឹង១៩ឃុំ ក្នុងចំណោម៧ស្រុក ហើយគាត់យកលេសថា ខ្ញុំសរសេរខុសកម្មវត្ថុនៃបណ្តឹង។ កម្មវត្ថុនៃបណ្តឹង អ៊ីចឹងទៅ គាត់យកលេសអាហ្នឹងច្រានចោលបណ្តោយ»។
អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក សោម សូរីដា ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា គណបក្សភ្លើងទៀនខកខានមិនបានធ្វើតាមឋានានុក្រមនៃការដាក់ពាក្យបណ្តឹងរបស់ខ្លួន ពោលគឺពាក្យបណ្តឹងមិនត្រូវបានធ្វើទៅតាមគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតដែលពាក់ព័ន្ធ ហើយគណបក្សក៏មិនបង្ហាញភ័ស្តុតាងគ្រប់គ្រាន់ ដែលប្តឹងជុំវិញភាពមិនប្រក្រតីនៃការបោះឆ្នោតផងដែរ។
លោកលើកឡើងថា៖ «មិនមែនគ្រាន់តែប្តឹងអំពីភាពមិនប្រក្រតី ហើយមិនបង្ហាញភ័ស្តុតាង។ មិនមែនគ្រាន់តែឃើញលទ្ធផលថា ចាញ់ឆ្នោត ស្រាប់តែប្រាប់ថា មានភាពមិនប្រក្រតីនៅការិយាល័យនោះទេ។ អ៊ីចឹង គណៈកម្មការខេត្តបាត់ដំបងរៀបចំការបោះឆ្នោតហ្នឹង លោកមើលធាតុផ្សំទាំងពីរនេះ។ បើសិនជាពិតជាមាន ដូចពូបញ្ជាក់ខាងដើមអ៊ីចឹង បើសិនជាពិតជាមានការប្តឹងអំពីភាពមិនប្រក្រតីនៅការិយាល័យបោះឆ្នោត ដែលកើតឡើងនៅថ្ងៃបោះឆ្នោតមកគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតនៅក្នុងថ្ងៃបោះឆ្នោត ឬយ៉ាងយូរបំផុត ត្រឹមម៉ោង១១:៣០នាទី បន្ទាប់ពីថ្ងៃបោះឆ្នោត»។
លោកបន្ថែមថា៖ «អ៊ីចឹងទេ បណ្តឹងទាំងឡាយណា ដែលអត់មានធាតុផ្សំគ្រប់គ្រាន់សម្រាប់ការដាក់បន្ទុក ទៅលើភាពមិនប្រក្រតីដែលធ្វើឱ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោត រាជធានីខេត្តនឹងចេញលិខិតជូនដំណឹងច្រានចោលបណ្តឹងហើយ»។
បើតាមលោក សោម សូរីដា គណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទទួលបានពាក្យបណ្តឹងចំនួនសរុបទាំងអស់៥០ពាក្យបណ្តឹង ដែលបឹ្តងទាក់ទងការចេញផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតឃុំសង្កាត់សម្រាប់អាណត្តិទី៥នេះ។ ភាគច្រើននៃពាក្យបណ្តឹងជារបស់គណបក្សភ្លើងទៀន ហើយក៏ត្រូវបានដោះស្រាយរួចរាល់ហើយដែរ។
នៅក្នុងការបោះឆ្នោតជ្រើសរើសឃុំសង្កាត់នៅខេត្តបាត់ដំបង មានគណបក្សនយោបាយយ៉ាងហោចណាស់ចំនួន៨ បានដាក់បេក្ខជនឈរឈ្មោះ។ ប៉ុន្តែក្នុងចំណោមគណបក្សចំនួន៨នោះ គឺមានតែគណបក្សសំខាន់ៗពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន ដែលបានដាក់បេក្ខជនឱ្យឈរឈ្មោះនៅទូទាំងឃុំសង្កាត់នៅក្នុងខេត្តដែលនៅជាប់ប្រទេសថៃនេះ។
ដោយឡែក នៅក្រោយការបោះឆ្នោតឃុំសង្កាត់បាន២ថ្ងៃ អង្គការសង្គមស៊ីវិលចំនួន៥បានចេញរបាយការណ៍សង្ខេបបឋមមួយស្តីពីស្ថានភាពនៃដំណើរការថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
របាយការណ៍សង្ខេបនោះបានឱ្យដឹងថា មានភាពមិនប្រក្រតីមួយចំនួន ពាក់ព័ន្ធនឹងការរារាំងអ្នកសង្កេតការណ៍មិនឱ្យចូលសង្កេត និងថតដំណើរការរាប់សន្លឹកឆ្នោត ការបិទបាំង និងខ្វះតម្លាភាពក្នុងដំណើរការរាប់សន្លឹកឆ្នោត ការមិនផ្សាយកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត(ទម្រង់ ១១០២) នៅតាមការិយាល័យបោះឆ្នោតមួយចំនួន និងការមិនបំពេញតាមនីតិវិធីអំពីលទ្ធផលនៃការរាប់សន្លឹកឆ្នោត៕
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបងទាត់ចោលបណ្តឹងគណបក្សភ្លើងទៀន ពាក់ព័ន្ធការរាប់សន្លឹកឆ្នោត
ភ្នំពេញ —