លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទ បានចំអកឱ្យក្រុមចោទប្រកាន់អំពីការលួចបន្លំសន្លឹកឆ្នោត ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៥ ខែមិថុនា ដោយលោកបានប្រកាសជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋានមួយនេះ។
នៅក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល នៅក្រុងភ្នំពេញ នាព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងចំអកឱ្យអ្នកចោទប្រកាន់ថា ឱ្យបង្រៀនស្ថាប័នរៀបចំការបោះឆ្នោត និងគណបក្សកាន់អំណាចអំពីរបៀបនៃការលួចបន្លំសន្លឹកឆ្នោត។
លោកថ្លែងថា៖ «អ្នកខ្លះគេនិយាយថា អញ្ចេះ ជំទាស់លទ្ធផល ប៉ុន្តែទទួលយកកៅអី ថាកៅអី ត្រូវតែយក ព្រោះសល់ពីគេលួច។ អញ្ចឹងថាអ្នកឯងចង់ចោទជានរណា? ថាសល់ពីគេលួច? សុំជួយបង្រៀនអាម៉ាកលួចហ្នឹង គេលួចរបៀបម៉េចវ៉ី? តើគេលួចរបៀបម៉េច? ជួយបង្រៀនផងបានទេ? សុំឱ្យអ្នកដែលថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាអ្នកលួច ឬគណបក្សប្រជាជនជាអ្នកលួច ចេញមកបង្រៀនអំពីវិធីនៃការលួចហ្នឹង លួចរបៀបម៉េច?»។
ការថ្លែងដូចនេះពីសំណាក់លោកនាយករដ្ឋមន្រ្តីធ្វើឡើងបន្ទាប់ពីគណបក្សនយោបាយក្រៅរដ្ឋាភិបាលមួយចំនួនបានចេញសេចក្តីថ្លែងការណ៍និងធ្វើសន្និសីទព័ត៌មានជាបន្តបន្ទាប់ស្តីពីភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា។
លោក ហ៊ុន សែន បានបញ្ជាក់ថា ពលរដ្ឋជាង ៧៤ភាគរយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយលទ្ធផលបឋមបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈប្រធានឃុំសង្កាត់ជាង៩៩ភាគរយ និងអាសនៈក្រុមប្រឹក្សាជាង ៨០ភាគរយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានចាត់ទុកការបាត់បង់អាសនៈខ្លះទៅកាន់គណបក្សប្រឆាំងគឺជាផ្នែកមួយនៃ«ដំណើរការប្រជាធិបតេយ្យ» និងបានចោទសួរត្រឡប់ទៅមជ្ឈដ្ឋានដែលថា កម្ពុជាត្រូវបានដឹកនាំដោយឯកបក្ស នៅពេលលោកអះអាងថា គណបក្សក្រៅរដ្ឋាភិបាលបានគ្រប់គ្រងអាសនៈប្រមាណ២០ភាគរយនៃអាសនៈសរុបសម្រាប់ការដឹកនាំនៅថ្នាក់មូលដ្ឋាន។
បើតាមលោក ហ៊ុន សែន ប្រជាជនបោះឆ្នោតឱ្យគណបក្សរបស់លោក ដោយសារពួកគេស្រឡាញ់«សន្តិភាព និងការអភិវឌ្ឍ» ដែលជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
អនុប្រធានគណបក្សកែទម្រង់កម្ពុជា និងអតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងថាគណបក្សនយោបាយក្រៅរដ្ឋាភិបាលមួយចំនួនមិនពេញចិត្តនឹងលទ្ធផលនៃការបោះឆ្នោត ដោយសារជួបប្រទះនឹងបញ្ហាពាក់ព័ន្ធនឹងការគំរាមកំហែង ដំណើរការបោះនិងរាប់សន្លឹកឆ្នោត និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាដើម។
លោកថ្លែងថា៖ «នៅក្នុងសង្គមប្រជាធិបតេយ្យ ទាល់តែយើងទាំងអស់គ្នានៅក្នុងសង្គមហ្នឹង ទទួលយកបានទាំងអស់គ្នា បើតាមន័យណា។ ហើយបើសិនជាភាគីមួយចំហៀងទៀត មិនអាចទទួលយកបានទេ ទោះបីជាភាគីអ្នកឈ្នះនោះថាទទួលយកបាន គឺវាមិនស្របទៅតាមទ្រឹស្តីនៃសង្គមប្រជាធិបតេយ្យទេ មែនទែននោះ»។
យ៉ាងណាក្តី លោក អ៊ូ ច័ន្ទរ័ត្ន ចាត់ទុកថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាឆ្នាំ ២០២២នេះ រំលេចពី«ភាពប្រសើរជាងមុនបន្តិច» បើប្រៀបនឹងការបោះឆ្នោតកាលពីឆ្នាំ២០១៨ ដែលគេឃើញថា រដ្ឋសភា និងព្រឹទ្ធសភាត្រូវបានក្តោបក្តាប់ដោយគណបក្សកាន់អំណាចគឺ គណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ។
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា គណបក្សភ្លើងទៀនចាត់ទុកលទ្ធផលបឋមនៃការបោះឆ្នោតឃុំសង្កាត់មកទល់ពេលនេះគឺ «មិនអាចទទួលយកបាននោះទេ» ដោយលោកថាការបោះឆ្នោតប្រព្រឹត្តទៅដោយមានការគំរាមកំហែង ការទិញទឹកចិត្តប្រជាពលរដ្ឋ និងការចាប់ដាក់ពន្ធនាគារមកលើសកម្មជនគណបក្សភ្លើងទៀនជាដើម។
ប៉ុន្តែលោកចាត់ទុកការទទួលបានអាសនៈប្រមាណ២.២០០របស់គណបក្សភ្លើងទៀននៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ជា«ការបំបែកការដឹកនាំឯកបក្ស»នៅកម្ពុជា។
លោកថ្លែងថា៖ «ជាការបង្ហាញពីការដណ្តើមបានអាសនៈ ដែលគណបក្សកាន់អំណាចបានប្លន់យកពីឆ្នាំ ២០១៧ នោះមកមួយចំនួនផងដែរ។ ដូច្នេះហើយ យើងនៅមានលទ្ធភាពក្នុងការតវ៉ាដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋជាបន្តទៅទៀត»។
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនរូបនេះបានបន្ថែមថា គណបក្សភ្លើងទៀនអាចទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាងនេះ ប្រសិនបើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ប្រព្រឹត្តទៅប្រកបដោយសេរីនិងយុត្តិធម៌។
គួរបញ្ជាក់ថា អង្គការសិទ្ធិមនុស្សលីកាដូដែលបានតាមដានស្ថានភាពសិទ្ធិមនុស្សអំឡុងពេលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ បានឱ្យដឹងថា ខ្លួនទទួលការរាយការណ៍ពីរាជធានី-ខេត្ត ចំនួន១៦ផ្សេងគ្នា អំពីវត្តមានរបស់អាជ្ញាធរមូលដ្ឋាន អង្គុយចាំនៅក្នុង ឬក្រៅទីតាំងបោះឆ្នោត ឬជួយសម្របសម្រួលឱ្យពលរដ្ឋបានចូលទៅកាន់ការិយាល័យបោះឆ្នោត ក្នុងនោះមាន មេភូមិ មេឃុំ ឬចៅសង្កាត់ ឬចៅហ្វាយស្រុក ក៏ដូចជាអាជ្ញាធរផ្សេងទៀត៕
លោក ហ៊ុន សែន ចំអកអ្នកចោទប្រកាន់ឱ្យបង្រៀនគណបក្សកាន់អំណាចអំពីការលួចសន្លឹកឆ្នោត
ភ្នំពេញ —