វ៉ាស៊ីនតោន៖ នៅប៉ុន្មានថ្ងៃ មុនក្រុមមេដឹកនាំអាស៊ាននិងមេដឹកនាំពិភពលោកត្រូវពិភាក្សា និង ដោះស្រាយបញ្ហាដ៏រសើបក្នុងតំបន់មួយចំនួន អ្នកវិភាគស្ថានការណ៍តំបន់ បាននិយាយថា ដើម្បីកុំឲ្យរារាំងដល់បញ្ហាសំខាន់ៗដ៏ទៃទៀតនោះ យន្តការទ្វេរភាគី និងយន្តការពហុភាគីគួរត្រូវបានគេប្រើប្រាស់ជាមធ្យោបាយ ជាពិសេសលើការដោះស្រាយបញ្ហាជម្លោះដែនសមុទ្រខាងត្បូងប្រទេសចិន ដែលភាគីចិន និងសមាជិកអាស៊ានមួយចំនួន កំពុងមានវិវាទនឹងគ្នាដើម្បីដណ្តើមកាន់កាប់ដែនអធិបតេយ្យភាព។ នេះជាការអះអាងរបស់លោក យូ សុគន្ធបញ្ញា និស្សិតអនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យមីឈីហ្គែនក្នុងពេលលោកចូលរួមជាវាគ្មិននៃកម្មវិធីហេឡូវីអូអេនៅថ្ងៃព្រហស្បតិ៍ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២។
«ការពិភាក្សារបស់អាស៊ានគួរតែផ្តោតទៅលើប្រធានបទដូចជា សេរីភាពនាវាចរណ៍ សន្តិភាព ស្ថិរភាព ច្បាប់អន្តរជាតិ និងការធ្វើជំនួញដោយសេរីដែលភាគីសមាជិកអាស៊ានទាំងអស់អាចព្រមព្រៀងគ្នាបាន។ ការពិភាក្សាទៅលើអធិបតេយ្យភាព មានលក្ខណៈស្មុគស្មាញ ហើយត្រូវការរយៈពេលយូរ។ ដូច្នេះការពិភាក្សានេះ មិនគួរឲ្យមានការរារាំងទៅលើការពិភាក្សាផ្សេងទៀតទេ»។
ទស្សនកិច្ចរបស់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ីចាប់ពីថ្ងៃ១៧ដល់ថ្ងៃ២០វិច្ឆិកាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំអាស៊ីបូព៌ាលើកទី៧ដែលកម្ពុជាជាម្ចាស់ផ្ទះនេះ គឺជាសញ្ញាមួយដែលបង្ហាញថា សរអាបង្ហាញការចង់ដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង និងខាងកើតដែលពាក់ព័ន្ធនឹងប្រទេសសម្ព័ន្ធមិត្តស.រ.អាមួយចំនួននេះ។
ជម្លោះដែនសមុទ្រខាងត្បូងប្រទេសចិន និងខាងកើត ហើយនឹងបញ្ហាតំបន់នានាផ្សេងៗទៀតជាបញ្ហាដ៏តានតឹងដែលអាស៊ានមានតួនាទីសំខាន់ក្នុងការចូលរួម ដោះស្រាយរួមគ្នា៕