ភ្នំពេញ៖ រយៈពេលមួយថ្ងៃក្រោយពីលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានជាប់ឆ្នោតជាថ្មី លោកនាយករដ្ឋមន្តី ហ៊ុន សែនបានស្វាគមន៍និងអះអាងថា កម្ពុជានឹងរង់ចាំទទួលលោកប្រធានាធិបតីសហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៤នៅកម្ពុជា។
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលជាបេក្ខជនពីគណបក្សប្រជាធិបតេយ្យ បានឈ្នះដោយទទួលបានសំឡេងប្រតិភូប្រធានាធិបតី ចំនួន៣០៣លើគូប្រជែងរបស់លោកគឺលោក មីត្ត រ៉មនី បេក្ខជនពីគណបក្សសារធារណរដ្ឋបានទទួលចំនួនសំឡេងប្រតិភូចំនួន២០៦។
នៅក្នុងលិខិតមួយច្បាប់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនផ្ញើជូនលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា លោកហ៊ុន សែនបានអបអរសាទរយ៉ាងកក់ក្តៅបំផុតក្នុងខណៈដែលលោកអូបាម៉ាបានជាប់ឆ្នោតជាប្រធាធិបតីសហរដ្ឋអាមេរិកលើកទី២។
លោកហ៊ុន សែនបាននិយាយថា ក្រោមការដឹកនាំរបស់លោកអូបាម៉ា ចំណងមិត្តភាពរវាងប្រជាជនក៏ដូចជា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រជាពលរដ្ឋទាំងពីរត្រូវបានពង្រឹងដើម្បីប្រយោជន៍រួម។
លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ាគ្រោងនឹងមកកាន់កម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលត្រូវបានគ្រោងធ្វើនៅចុងខែវិច្ឆកានេះ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាក់នៅក្នុងលិខិតនោះថា លោករងចាំទទួលស្វាគមន៍លោកអូបាម៉ា នាកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី៧ កិច្ចពិភាក្សាអាស៊ានជាសកលនិងកិច្ចប្រជុំទ្វេភាគីរវាងកម្ពុជានិងសហរដ្ឋអាមេរិកនៅក្នុងខែនេះ។
កាលពីអំឡុងខែកក្កដានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។ កម្ពុជាធ្វើឲ្យខកខានក្នុងការដាក់បញ្ហានានារបស់វៀតណាមនិងសមាជិកអាស៊ានផ្សេងទៀតស្តីពីបញ្ហាសមុទ្រចិនខាងត្បូងនៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន។
ក្រុមអ្នកវិភាគខ្លះនិយាយថា ផលប្រយោជន៍ជាតិជាកត្តាចម្បងធ្វើឲ្យកម្ពុជាបែរចេញពីវៀតណាម ហើយចាប់យកចិនជាប្រទេសមហាអំណាច។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាគឺលោក វីលាម ថដ្ត (William Todd) កាលពីថ្ងៃពុធបាននិយាយថា សហរដ្ឋអាមេរិកចង់ឲ្យមានដំណោះស្រាយផ្នែកការទូតនិងកិច្ចសហប្រតិបត្តិការស្តីអំពីបញ្ហាសមុទ្រចិនខាងត្បូង។
«យើងសង្ឃឹមថាក្នុងវេទិកាតំបន់អាស៊ាន វាអាចនឹងប្រព្រឹត្តទៅអញ្ចឹង។ ដូច្នេះយើងសង្ឃឹមថា នៅពេលអនាគតនឹងមានការបញ្ចប់វិវាទតាមផ្លូវការទូតនិងដោយសហប្រតិបត្តិការ ដែលធ្វើឱ្យតំបន់សមុទ្រចិនខាងត្បូងកាន់តែមានសន្តិភាព វិបុលភាព និងសុវត្ថិភាពក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំងអស់»។
ប្រទេសចិនបានផ្តល់ជំនួយនិងកម្ចី១ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ដល់កម្ពុជា ហើយជាអ្នកវិនិយោគដ៏ធំជាងគេសម្រាប់កម្ពុជាបន្ថែមពីលើចំណងមិត្តភាពដ៏ខ្លាំងក្លាសម្រាប់កម្ពុជា ដែលជាប្រទេសក្រីក្រមួយក្នុងពិភពលោក។
តំបន់ព្រំដែនទឹកត្រួតស៊ីគ្នារវាងចិន និងប្រទេសសមាជិកអាស៊ានបួនដែលរួមមាន ប្រទេសវៀតណាម ហ្វីលីពិន ប្រ៊ុយណេ និងឥណ្ឌូនេស៊ីក្នុងចំណោមទាំង១០ប្រទេស កំពុងមានជម្លោះនៅសមុទ្រចិនខាងត្បូងក្នុងប្រជុំកោះស្ពាតលី និងកោះ ប៉ារ៉ាសែល។
តំបន់នេះត្រូវគេចាត់ទុកថាជាតំបន់សេដ្ឋកិច្ចសំខាន់ក្នុងតំបន់ និងជាច្រកចេញចូលទំនិញដ៏ធំជាងគេក្នុងពិភពលោកដែលសម្បូរណ៍ទៅដោយធនធានធម្មជាតិចម្រុះ៕