រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីទើបនឹងជាប់ឆ្នោតថ្មី បារ៉ាក់ អូបាម៉ា នឹងចូលរួមក្នុងកិច្ចប្រជុំរវាងក្រុមន្ដ្រីអាស៊ី ថ្នាក់ខ្ពស់ នៅសប្ដាហ៍ក្រោយ ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ នៃសន្និសីទកំពូលអាស៊ី ហើយមេដឹកនាំថ្មីរបស់ចិននឹងចូលរួមក្នុងសន្និសីទនោះដែរ។
កិច្ចប្រជុំដែលគេចាប់អារម្មណ៍ខ្លាំងនោះនឹងបង្ហាញភាពប្រឈមមួយដល់ប្រធានាធិបតីសរអា ដែលរដ្ឋបាលរបស់លោកកាន់តែពាក់ព័ន្ធកាន់តែជ្រៅទៅក្នុងតំបន់ជាមួយបញ្ហាផ្សេងៗ។នេះរាប់បញ្ចូលឥទ្ធិពលកាន់តែច្រើនរបស់ប្រទេសចិនមកលើប្រទេសកម្ពុជាដោយអ្នកខ្លះមើលឃើញថាការបំពានមកលើសិទិ្ធមនុស្សនិងសេរីភាពកាន់តែកើនកម្រិតខ្ពស់នៅក្នុងប្រទេសកម្ពុជា។
ចំពោះនាយករដ្ឋមន្ដ្រីខ្មែរ ហ៊ុន សែន វាមានន័យថាលោកមានឱកាសនឹងបង្ហាញតុល្យភាពនៃនយោបាយការបរទេសទាំងជាមួយ សរអា និងប្រទេសចិនផងដែរ។
លោក Ernie Bower ប្រធានកម្មវិធីអាស៊ី នៅមជ្ឈមណ្ឌលយុទ្ធសាស្រ្ដ និងការសិក្សាអន្ដរជាតិក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្លែងប្រាប់ វីអូអេ ភាសាខ្មែរថា៖
«យើងនឹងឃើញថាតើគាត់ចេញក្បាច់យ៉ាងណា។ តែខ្ញុំយល់ថាវាជាការល្អចំពោះប្រទេសកម្ពុជាឲ្យមានតុល្យភាពក្នុងនយោបាយការបរទេសរបស់ខ្លួន។ តុល្យភាពនេះមិនមានន័យថា លោតរំលង សរអាឬប្រទេសចិនទេតែវាមានន័យថាសហការជាមួយគេគ្រប់គ្នានិងការទទួលស្គាល់អាស៊ានថា មានសារៈសំខាន់»។
ប្រទេសកម្ពុជាបានទទួលការរិះគន់ធ្ងន់ធ្ងរ ថាបានធ្វើឲ្យបរាជ័យដល់កិច្ចប្រជុំអាស៊ានកាលពីខែកក្កដា អំពីរឿងនៅលើសមុទ្រចិនភាគខាងត្បូងដែលប្រទេសអាស៊ានមួយចំនួននឹងប្រទេសចិនផងដែរបានដណ្ដើមទាមទារថាខ្លួនជាម្ចាស់កម្មសិទ្ធិរៀងៗខ្លួននៃ ជួរកោះទាំងនោះ ។ សរអា បាននិយាយថាខ្លួនចង់ឃើញមានសន្ដិភាព ក្នុងចំណោមប្រទេសទាំងនោះ ដោយសារតែសមុទ្រចិនភាគខាងត្បូងជាផ្លូវទឹកសំខាន់ សម្រាប់ចរាចរណ៍កប៉ាលអន្ដរជាតិដែលដឹកទំនិញតាមផ្លូវទឹកកាត់តាមទីនោះ។
លោក Bower ថ្លែងទៀតថា៖
«យើងមិនទាមទារយកដែនដី ឬ ដែនសមុទ្រនៅតំបន់សមុទ្រចិនភាគខាងត្បូងទេ តែយើងចង់ឃើញបញ្ហានោះ ដោះស្រាយដោយសន្ដិវិធី។ពលរដ្ឋអាមេរិកាំងចង់ឃើញការដោះស្រាយឲ្យស្របតាមនីតិរដ្ឋតាមមាគ៌ាមួយដែលគ្មានប្រទេសណាមួយប្រើប្រាស់កម្លាំងសេដ្ឋកិច្ច ឬ នយោបាយដើម្បី រុញច្រានគេឬ ប្រើកម្លាំង និងបង្ខំប្រទេសតូចតាចអំពីរឿងបូរណភាពទឹកដីនោះទេ»។
លោក ធីទីណាន់ ពង្សុតធីរាក់ នាយកនៃវិទ្យាស្ថាន ខាង សន្ដិសុខនិង ការសិក្សាកិច្ចការអន្ដរជាតិនៃសកលវិទ្យាល័យ ជូឡាឡុងកន ក្នុងក្រុងបាងកក និយាយប្រាប់វីអូអេ នៅទីនេះថា លោកអូបាម៉ា ចាត់ទុក តំបន់អាស៊ីអាគ្នេយ៍ ថាមានសារៈសំខាន់។ វត្ដមានរបស់ប្រធានាធិបតី សរអានៅឯសន្និសីទកំពូលអាស៊ីខាងកើត នៅសប្ដាហ៍ក្រោយនឹងជួយឲ្យសរអា រុញច្រានដើម្បីឱ្យមានសន្ដិភាពនៅលើសមុទ្រចិនខាងកើត ហើយវាក៏ជួយសរអាឲ្យទទួលបានឡើងវិញ នូវ តុល្យភាពក្នុងតំបន់ ដែលនៅទីនោះ ចិនបានជះឥទ្ធិពលកាន់តែច្រើន។
លោក ពង្សុតធីរាក់ មានប្រសាសន៍ថា៖
«រដ្ឋបាល អូបាម៉ា បានចាត់ទុកអាស៊ីអាគ្នេយ៍ ជាតំបន់មិនមែនជាទីកន្លែង ឆ្លងកាត់ទៅវិញទៅមក ដូចនយោបាយការបរទេសជាប្រពៃណីរបស់សរអាជំនាន់មុនទេ។ហើយលោកបានស្ថាបនាយកធ្វើ ជាគ្រឹះពីលើ។ ក្នុងពេលជាមួយគ្នាដែរតំបន់នោះច្នៃប្រឌិតឡើងដើម្បី ធ្វើឲ្យមានតុល្យភាពជាមួយប្រទេសចិន»។
លោក អូបាម៉ា ដែលគេរំពឹងថា នឹងទៅដល់ ប្រទេសកម្ពុជា នៅព្រឹកថ្ងៃច័ន្ទ ទី១៩ ខែវិច្ឆិកា នឹងពើបប្រទះនឹងការប្រឈមមួយជាមួយរដ្ឋាភិបាលកម្ពុជាដែលទទួលជំនួយច្រើនសន្ធឹកនិងវិនិយោគពីប្រទេសចិន។
ក្រុមអ្នកតាក់តែងច្បាប់ សរអា មួយចំនួនដឹកនាំដោយសមាជិកព្រឹទ្ធសភា John McCain ពីគណបក្សសាធារណរដ្ឋ បានអំពាវនាវដល់លោកអូបាម៉ាសុំឲ្យដាក់សម្ពាធមកលើនាយករដ្ឋមន្ដ្រី ហ៊ុន សែន អំពីបទរំលោភលើសិទ្ធិមនុស្សនិងការវាយបង្រ្កាបយកដីធ្លីប្រជាពលរដ្ឋ។ មេដឹកនាំគណបក្សជំទាស់លោក សមរង្សី ថ្លែងស្រដៀងគ្នាហើយលោកចង់ ឲ្យ សរអា ធ្វើការគាបសង្កត់ ជួយលោកឲ្យវិលត្រឡប់ទៅចូលរួមក្នុងការបោះឆ្នោតជាតិនៅឆ្នំាក្រោយ។ សកម្មជនដីធ្លីនិយាយថា គេគ្រោងនឹងធ្វើការតវ៉ាដ៏ធំមួយអំពីរឿងនេះចំពេលដែលលោក អូបាមា ស្ថិតនៅក្នុងប្រទេសកម្ពុជា។
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយករងនៃអង្គការ Human Rights Watch ផ្នែកអាស៊ី
ថ្លែងប្រាប់ វីអូអេនៅក្នុងក្រុងបាងកកថា លោក ហ៊ុន សែន និង មន្ដ្រីថ្នាក់ខ្ពស់ខ្មែរបានប្រើប្រាស់អំណាចនយោបាយរបស់ខ្លួនធ្វើការ រំលោភលើសិទ្ធិមនុស្ស មកលើប្រជាពលរដ្ឋរបស់ខ្លួន។ លោកថ្លែងថា៖
«មានបទរំលោភដ៏ធ្ងន់ធ្ងរ មកលើសិទ្ធិមនុស្ស ចាប់តាំងពីលើដល់ក្រោមនៅក្នុងប្រទេសកម្ពុជា។
ប្រធានាធិបតី អូបាម៉ា ត្រូវការបញ្ជាក់ច្បាស់ថារបៀបនេះ មិនមែន អភិបាលកិច្ចល្អត្រឹមត្រូវទេដែលសរអា ចង់ឃើញនោះ។ បើកម្ពុជាចង់មានទំនាក់ទំនងជិតស្និទ្ធជាមួយ សរអ គេត្រូវតែផ្លាស់ប្ដូរ ស្ថានការណ៍សិទ្ធិមនុស្ស ដែលអាក្រក់នោះ ឲ្យបានប្រសើរឡើង»។
ប្រធានាធិបតី អូបាម៉ា ត្រូវការបញ្ជាក់ច្បាស់ថារបៀបនេះ មិនមែន អភិបាលកិច្ចល្អត្រឹមត្រូវទេដែលសរអា ចង់ឃើញនោះ។ បើកម្ពុជាចង់មានទំនាក់ទំនងជិតស្និទ្ធជាមួយ សរអ គេត្រូវតែផ្លាស់ប្ដូរ ស្ថានការណ៍សិទ្ធិមនុស្ស ដែលអាក្រក់នោះ ឲ្យបានប្រសើរឡើង»។
ប្រែសម្រួលដោយលោក អ៊ូ ធួក