ក្រុមអង្គការសង្គមស៊ីវិលនៅថ្ងៃអង្គារនេះបានចេញសេចក្តីថ្លែងការណ៍មួយដោយជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបើកចំហការចុះល្បាតព្រៃឈើនៅតាមមូលដ្ឋាននិងជំរុញឲ្យពង្រឹងការការពារព្រៃឈើបន្ថែមទៀត។
នៅខាងមុខក្រសួងបរិស្ថាននិងក្រសួងកសិកម្មនៅព្រឹកថ្ងៃអង្គារនេះក្រុមមន្រ្តីនិងយុវជនប្រមាណ២០នាក់ដែលមកពីសមាគម សហគមន៍ និងអង្គការនានាដែលស្រឡាញ់ធនធានធម្មជាតិបាននាំគ្នាដាក់ញត្តិទៅក្រសួងសាមីទាំង២ដែលមានសមត្ថកិច្ចការពារធនធានធម្មជាតិឱ្យបង្ហាញពីឆន្ទៈក្នុងការការពារព្រៃឈើ ជាពិសេសការបើកលម្ហសេរីភាពដល់ប្រជាសហគមន៍និងពលរដ្ឋឱ្យចូលល្បាតព្រៃដោយមិនមានការរឹតត្បិត។
ពួកគេអះអាងថាដោយសារការកាប់បំផ្លាញនិងការបាត់បង់ព្រៃឈើក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅតែបន្តបាត់បង់គួរឱ្យព្រួយបារម្ភ។
បើតាមញត្តិដែលវីអូអេទទួលបាន ពួកគេជំរុញរដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន និងរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ ឲ្យអនុវត្តការប្តេជ្ញាចិត្តការពារនិងទប់ស្កាត់បទល្មើសព្រៃឈើឱ្យដូចការដាក់ចេញទិសដៅបង្កើតគម្របព្រៃឈើឡើងវិញឱ្យបាន៦០%នៃផ្ទៃដីសរុបរបស់កម្ពុជាត្រឹមឆ្នាំ២០២៩បន្ទាប់ពីពួកគេកត់សម្គាល់ថាព្រៃឈើនៅតែបាត់បង់ជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភ។ ពួកគេក៏បានស្នើឱ្យក្រសួងទាំង២តាមដានការអនុវត្តកិច្ចសន្យានិងអាជ្ញាបណ្ណរបស់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ស៊ើបអង្កេតនិងផ្សព្វផ្សាយជាចំហនូវរបាយការណ៍ពាក់ព័ន្ធនឹងការរត់ពន្ធឈើខុសច្បាប់ចំនួន២១១តោនដែលត្រូវបានរកឃើញដោយអាជ្ញាធរគយហុងកុងកាលពីកន្លងទៅ។
ពួកគេក៏ស្នើឲ្យបើកទូលាយក្នុងការអនុវត្តសិទ្ធិនិងករណីកិច្ចនានាចំពោះសហគមន៍មូលដ្ឋានសហគមន៍ជនជាតិដើមភាគតិច សមាគមអង្គការសង្គមស៊ីវិលនិងប្រជាពលរដ្ឋ។ ញត្តិដដែលបញ្ជាក់ថាសហគមន៍ព្រៃឈើបន្តរងការគំរាមកំហែងពីការកាប់បំផ្លាញព្រៃឈើនិងការកាប់រានទន្ទ្រានយកដីព្រៃខុសច្បាប់ដូចជាសហគមន៍ព្រៃសេះ សហគមន៍ព្រៃឈើភ្នំបាក់ សហគមន៍ព្រៃឈើថ្មទន្លេស្ថិតនៅក្នុងខេត្តក្រចេះនិងសហគមន៍ព្រៃឈើសាមគ្គីស្ថិតក្នុងស្រុកសៀមបូកខេត្តស្ទឹងត្រែងជាដើមនិងបានកត់សម្គាល់ពីស្ថានភាពគម្របព្រៃឈើនៅប្រទេសកម្ពុជាដោយថាក្នុងឆ្នាំ២០០២ គម្របព្រៃឈើមានចំនួន៦១,១៥% ប៉ុន្តែបានធ្លាក់ចុះមកនៅត្រឹម៤៦,៨៦%តែប៉ុណ្ណោះនៅឆ្នាំ២០១៨។
លោក ស្រី ថី អ្នកសម្របសម្រួលបណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារដែលបានចូលរួមដាក់ញត្តិដោយផ្ទាល់ទៅក្រសួងបរិស្ថាននិងក្រសួងកសិកម្មបានប្រាប់អ្នកសារព័ត៌មានថាចាប់តាំងពីឆ្នាំ២០១៩ដល់បច្ចុប្បន្នគំហុកនៃការកាប់បំផ្លាញព្រៃឈើមានលើសពេលណាៗទាំងអស់។ លោកបន្តថាចាប់តាំងពីឆ្នាំ២០១៩មក មន្ត្រីមានសមត្ថកិច្ចបានរឹតត្បិតនិងហាមឃាត់មិនឱ្យប្រជាសហគមន៍ព្រៃឡង់ចូលទៅល្បាតព្រៃឈើដូចមុនឆ្នាំ២០១៩នោះទេ។
លោកក៏បានឱ្យដឹងថាការការកាប់បំផ្លាញព្រៃឈើដែលកំពុងតែកើតមានក្នុងតំបន់នោះគឺមានទាំងប្រជាពលរដ្ឋក្នុងតំបន់និងខ្លះចំណាកស្រុកពីខេត្តផ្សេង មេឈ្មួញឈើក្នុងតំបន់នោះនិងក្រុមហ៊ុនមួយចំនួនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចប៉ុន្តែបានប៉ះពាល់ដល់ដីរបស់សហគមន៍ព្រៃឡង់និងបានកាប់ទន្ទ្រានព្រៃឈើនោះ។
លោកស្នើឱ្យក្រសួងពាក់ព័ន្ធចាប់ជនល្មើសដែលកាប់បំផ្លាញព្រៃឈើនិងដាក់ទោសទណ្ឌតាមច្បាប់និងត្រូវដាំដើមឈើឡើងវិញនៅកន្លែងដែលបានបំផ្លាញ។ លោកជំរុញរដ្ឋាភិបាលត្រូវតែទប់ស្កាត់បទល្មើសព្រៃឈើនេះឱ្យដូចការទប់ស្កាត់ព្រៃលិចទឹកនិងការនេសាទត្រីខុសច្បាប់ក្នុងបឹងទន្លេសាបដូចបញ្ជារបស់លោកនាយករដ្ឋមន្ត្រីដែរដើម្បីការពារនិងបង្កើនព្រៃឈើឡើងវិញ។
លោកបញ្ជាក់ថា៖«ជាពិសេសខ្ញុំចង់ឱ្យសម្តេចតេជោ ហ៊ុន សែន ដែលគាត់មានថ្វីមាត់ខ្លាំងដាក់គំនាបខ្លាំងលើមន្ត្រីដែលមិនអនុវត្តច្បាប់។ទាល់តែគិតពិចារណាឡើងវិញ។ បើយើងនៅតែឱ្យអ្នកខាងក្រោមធ្វើៗទៅ។ការរាយការណ៍ភូតកុហកថ្នាក់លើវាអត់ល្អមើលទេ! ខ្ញុំចង់ឱ្យគាត់ចាត់កម្លាំងណាមួយឱ្យជាក់លាក់មួយធ្វើទៅលើព្រៃឡង់ឱ្យពិតប្រាកដ»។
លោកបន្តថា កាលពីខែមុន លោកក៏បានមកដាក់ញត្តិនៅក្រសួងបរិស្ថានដែរដោយបង្ហាញការព្រួយបារម្ភអំពីការបាត់បង់ព្រៃឈើក្នុងសហគមន៍ព្រៃឡង់ ប៉ុន្តែសហគមន៍មិនទាន់ទទួលបានការឆ្លើយតបពីខាងក្រសួងបរិស្ថានអំពីវិធានការនិងចំណាត់ការណាមួយក្នុងការទប់ស្កាត់បទល្មើសនិងការកាប់បំផ្លាញព្រៃឈើនេះនៅឡើយទេ។
ការដាក់ញត្តិនៅព្រឹកថ្ងៃអង្គារនៅក្រសួងទាំង២នេះ គេឃើញមានការតាមដាននិងការឃ្លាំមើលពីជនស្លៀកពាក់ស៊ីវិលដែលមានអាយកូមឬហៅថាវិទ្យុទាក់ទងនៅចង្កេះនិងក្រុមសន្តិសុខខណ្ឌចំការមនជាង១០នាក់មកឃ្លាំមើលនិងថតរូបទាក់ទងនឹងសកម្មភាពរបស់ពួកគេផងដែរ។
មន្រ្តីក្រសួងបរិស្ថាននិងក្រសួងកសិកម្មបានចេញមកទទួលញត្តិដើម្បីយកទៅពិនិត្យនិងចុះហត្ថលេខាទទួលលើញត្តិផងដែរ។
បន្ទាប់ពីការដាក់ញត្តិនៅមុខទីស្តីការក្រសួងបរិស្ថានលោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវនិងតស៊ូមតិរបស់សមាគមបណ្ដាញយុវជនកម្ពុជា បានបញ្ជាក់ទៅកាន់អ្នកសារព័ត៌មានថាការដាក់ញត្តិនេះដោយសារតែមានការព្រួយបារម្ភអំពីការបាត់បង់និងការទន្ទ្រានព្រៃឈើជាបន្តបន្ទាប់នេះ។
លោកជឿថាប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចសហការជាមួយប្រជាពលរដ្ឋឬប្រជាសហគមន៍មូលដ្ឋានក្នុងការការពារព្រៃឈើ នោះនឹងអាចការពារព្រៃឈើនិងធនធានធម្មជាតិប្រកបដោយនិរន្តភាព។លោកចង់ឱ្យក្រសួងបរិស្ថាននិងក្រសួងពាក់ព័ន្ធគួរតែទទួលយកនូវរបាយការណ៍របស់អង្គការសង្គមស៊ីវិលឬបណ្តាញសហគមន៍ព្រៃឈើឬរបាយការណ៍របស់បុគ្គលផ្សេងទៀតយកមកសិក្សាស្រាវជ្រាវជាជាងការបដិសេធឬច្រានចោលនូវរបាយការណ៍ពីការរកឃើញបទល្មើសព្រៃឈើដែលបានកើតឡើង។
លោកថ្លែងថា៖ «មនុស្សយើងមិនអាចមានសមត្ថភាពឯណា គ្រាន់តែឮស្តាប់ហើយទ្រង់ញាណទៅដឹងថារបាយការណ៍ហ្នឹងសុក្រឹតឬមិនសុក្រឹតទេ។ អ៊ីចឹងមានតែការសិក្សាហើយប្រៀបធៀបប្រសិនបើរបាយការណ៍នោះពិតឬមិនពិតគួរតែមានការប្រៀបធៀបជាក់លាក់មានការធ្វើរបាយការណ៍ត្រឡប់ទៅវិញ បញ្ជាក់ពីភាពត្រឹមត្រូវ មិនមែនធ្វើការបដិសេធភ្លាមៗដែលយើងពេលខ្លះនិយាយដោយស្មោះត្រង់ យើងឃើញគល់ឈើជាក់ស្តែង។ ដូចបណ្តាញសហគមន៍អ៊ីចឹងពេលដែលគាត់ចុះទៅល្បាត គាត់ឃើញគល់ឈើជាក់ស្តែងហើយថារបាយការណ៍កុហកម៉េចរបាយការណ៍នយោបាយយ៉ាងម៉េចព្រោះអីគល់ឈើមាន»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានចាត់ទុកថាសកម្មភាពរបស់ក្រុមយុវជនបរិស្ថានមួយចំនួនជ្រកក្រោមស្លាកបរិស្ថាននិងធ្វើទង្វើទុច្ចរិតដើម្បីទាក់ទាញការចាប់អារម្មណ៍ និងបានត្រឹមតែឈរមើលតែប៉ុណ្ណោះ។លោកបន្ថែមថាទង្វើបែបនេះមិនមែនជាការស្រឡាញ់និងការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិដោយស្មោះត្រង់ឡើយ។
លោកបន្តថាការការពារធនធានធម្មជាតិនេះគឺត្រូវតែមានការចូលរួមពីគ្រប់ភាគីដោយភាពសុចរិតនិងការសហការនិងឱ្យតម្លៃគ្នាទៅវិញទៅមក។
លោកប្រាប់វីអូអេថា៖ «យើងសង្កេតឃើញថាក្រុមសកម្មជនមួយចំនួនដែលជាសកម្មជននយោបាយជ្រកក្រោមស្លាកបរិស្ថាននិងធនធានធម្មជាតិហ្នឹង គឺតែងតែធ្វើសកម្មភាពនានាដើម្បីទាញការចាប់អារម្មណ៍។ ប៉ុន្តែអ្វីដែលខ្ញុំស្នើសុំគួរតែពួកគេ ប្រែក្លាយពីការគ្រាន់តែនិយាយឱ្យតែពីរោះត្រចៀកខ្លួនឯងហ្នឹងមកធ្វើសកម្មភាពជាក់ស្តែងក្នុងការចូលរួមស្តារព្រៃឈើឡើងវិញជួយស្វែងរកដំណោះស្រាយលើការផ្លាស់ប្តូរជីវភាពក៏ដូចជាការផ្តល់ជម្រើសថ្មីជូនដល់ប្រជាពលរដ្ឋដូចដែលក្រសួងបរិស្ថានបានកំពុងតែធ្វើដើម្បីបង្កើតជីវភាពរបស់ពលរដ្ឋដែលរស់នៅតំបន់អភិរក្សកុំឱ្យពួកគាត់បន្តពឹងអាស្រ័យលើធនធានធម្មជាតិទាំងស្រុង»។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងកសិកម្មលោក វេង សាខុន និងអ្នកនាំពាក្យក្រសួងកសិកម្មលោកស្រីវុឌ្ឍីបាននៅឡើយទេ។
លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវនិងតស៊ូមតិរបស់សមាគមបណ្ដាញយុវជនកម្ពុជាក៏បានឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកនាំពាក្យក្រសួងបរិស្ថានដែលចោទថាសកម្មភាពរបស់យុវជនបរិស្ថានជាការធ្វើដោយគ្មានឆន្ទៈនិងក្រោមស្លាកនយោបាយនោះថាលោកមិនយល់ថាតើអ្វីទៅជាការទទួលខុសត្រូវរបស់មន្ត្រីសាធារណៈជាពិសេសមន្ត្រីដែលមានសមត្ថកិច្ច។ លោកស្នើឲ្យក្រសួងបរិស្ថានគួរតែយកការព្រួយបារម្ភរបស់ប្រជាពលរដ្ឋទៅពិចារណានិងរកវិធីសាស្រ្តបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព។ លោកថាក្រសួងគួរតែឆ្លើយតបវិជ្ជមានជាងនេះ ហើយការឆ្លើយតបរបស់មន្រ្តីជាន់ខ្ពស់របស់ក្រសួងបែបនេះគឺបង្ហាញឱ្យឃើញថាក្រសួងកំពុងតែខ្វះឆន្ទៈទៅវិញទេក្នុងការបើកទូលាយឱ្យមានការចូលរួមពីសាធារណជន។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២៣ខែមីនាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញបញ្ជាជាថ្មីឲ្យបង្កើនការបង្រ្កាបបទល្មើសនេសាទនិងព្រៃឈើដែលមានលក្ខណៈទ្រង់ទ្រាយធំដោយលោកថាការបង្រ្កាបបទល្មើសកាលពីកន្លងទៅគឺជាបទល្មើសតូចតាចតែប៉ុណ្ណោះ៕