លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានចេញបញ្ជាជាថ្មីឲ្យបង្កើនការបង្រ្កាបបទល្មើសនេសាទ និងព្រៃឈើដែលមានលក្ខណៈទ្រង់ទ្រាយធំ ដោយលោកថា ការបង្រ្កាបបទល្មើសកាលពីកន្លងទៅ គឺជាបទល្មើសតូចតាចតែប៉ុណ្ណោះ។
លោក ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងពិធីបូកសរុបការងាររបស់ក្រសួងកសិកម្ម ដែលធ្វើឡើងនៅរសៀលថ្ងៃពុធនេះ។
លោក ហ៊ុន សែន បានថ្លែងថា មានមន្រ្តីមួយចំនួនឃុបឃិតជាមួយក្រុមឈ្មួញទាំងនោះ ទើបបង្រ្កាបបទល្មើសទ្រង់ទ្រាយធំមិនបាន។
លោក ហ៊ុន សែន បានបញ្ជាក់ក្នុងសម្តីដើមថា៖ «ហើយខ្ញុំនៅតែបញ្ជាក់អ៊ីចឹង អស់លោករាយការណ៍បទល្មើសនេសាទ មានប៉ុននេះ បានលុបបំបាត់ប៉ុននេះ តែអាធុនតូច អាធុនធំ អត់ទាន់ប៉ះ។ ព្រៃឈើក៏អ៊ីចឹង នេសាទក៏អ៊ីចឹង អត់ទាន់ប៉ះទេ»។
លោក ហ៊ុន សែន ក៏បានបញ្ជាអភិបាលខេត្តទាំងអស់ដែលត្រូវបានប្រគល់អំណាចពេញលេញក្នុងការការពារធនធានធម្មជាតិ ត្រូវបង្កើនការបង្រ្កាបបទល្មើសទ្រង់ទ្រាយធំឲ្យបាន។ លោកបន្ថែមថា បើរដ្ឋមន្រ្តីពាក់ព័ន្ធនានា និងអភិបាលខេត្តបង្រ្កាបបទលើ្មសនេសាទទ្រង់ទ្រាយធំមិនបាន ពួកគេមិនបាច់នៅបន្តទទួលតំណែងជារដ្ឋមន្រ្តី និងអភិបាលខេត្តឡើយ៕