អង្គការសង្គមស៊ីវិលជាង៥០០ បានដាក់លិខិតមួយច្បាប់ទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បីស្នើសុំសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលពួកគេបង្ហាញក្តីព្រួយបារម្ភថា ច្បាប់នេះ នឹងរឹតបន្តឹងសិទ្ធិសេរីភាពនៃការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត ជាពិសេសបណ្តាញសង្គមហ្វេសប៊ុក ដែលមានអ្នកប្រើប្រាស់ដល់ទៅជិត៩លាននាក់ ក្នុងប្រទេសកម្ពុជា។
ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ និងបានដាក់ទៅក្រសួងមហាផ្ទៃជាង២សប្តាហ៍មកហើយនោះ សង្គមស៊ីវិលដែលមានគណៈកម្មាធិការសហប្រតិបត្តិការ ដើម្បីកម្ពុជាហៅកាត់ថា CCC ជាតំណាង បានស្នើសុំជួបពិភាក្សាលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ចំនួនពីរ ក្នុងនោះមានសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ក្នុងគោលបំណងដើម្បីយកធ្វើជាមូលដ្ឋាននៃការសិក្សា វិភាគ និងរួមចំណែកដើម្បីផ្តល់ជាធាតុចូល។
លិខិតរបស់អង្គការសង្គមស៊ីវិលបញ្ជាក់ថា៖ «បច្ចុប្បន្ននេះ អង្គការសង្គមស៊ីវិល អ្នកសិក្សាស្រាវជ្រាវ និងមហាជនទូទៅ ជាពិសេសអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមនៅកម្ពុជា ក៏បាននិងកំពុងទន្ទឹងរង់ចាំមើល និងចង់ឈ្វេងយល់នូវខ្លឹមសារពិតប្រាកដជាក់ស្តែងនៃសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលទើបតែត្រូវបានបញ្ចប់ការពិភាក្សាលើសេចក្តីព្រាងសូន្យរវាងក្រុមការងារអន្តរអគ្គនាយកដ្ឋាននៃក្រសួងមហាផ្ទៃកន្លងទៅថ្មីៗនេះ»។
នាយកប្រតិបត្តិនៃអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាលោក សឿង សារឿន ថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា មានអង្គការជាង៥០០ ដែលជាសមាជិកនៃអង្គការរបស់លោក បានស្នើសុំសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ ដោយសារពួកគេចង់ឲ្យច្បាប់មួយនេះ គោរពទៅតាមស្តង់ដារ ដែលធានាសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។ លោកបន្តថា នេះជាការស្នើសុំលើកទីពីរហើយ ដោយកាលពីជាងមួយឆ្នាំមុនក្រុមអង្គការសង្គមស៊ីវិលបានស្នើសុំសេចក្តីព្រាងច្បាប់នេះ ប៉ុន្តែមិនមានការឆ្លើយតបជាផ្លូវការណាពីក្រសួងមហាផ្ទៃនោះទេ។
លោកមានប្រសាសន៍ថា៖ «អង្គការសង្គមស៊ីវិលគាត់ចង់ចូលរួមមើលខ្លឹមសារច្បាប់ហ្នឹងបន្ថែមទៀតដើម្បីជួយឲ្យខ្លឹមសារនៃសេចក្តីព្រាងច្បាប់ហ្នឹងមានសុគតភាពទៅនឹងរដ្ឋធម្មនុញ្ញរបស់ជាតិយើង ក៏ដូចជាច្បាប់នានាដែរ ដែលកម្ពុជាបានផ្តល់សច្ចាប័នកន្លងមកហ្នឹង»។
លោកបន្តថា សង្គមស៊ីវិលចង់ផ្តល់ធាតុចូលសម្រាប់សេចក្តីព្រាងច្បាប់នេះ ហើយវាជាពេលវេលាសំខាន់មួយ ដោយសារអវត្តមានគណបក្សប្រឆាំងនៅក្នុងរដ្ឋសភាក្នុងការត្រួតពិនិត្យសេចក្តីព្រាងច្បាប់នេះ។
លោកមានប្រសាសន៍ថា៖ «ហើយខ្ញុំគិតថា វាជារដូវមួយសំខាន់ណាស់ដែលសាធារណជនយល់ថា ការតាក់តែងច្បាប់បច្ចុប្បន្ននេះ វាជាសភាឯកបក្ស ហើយបើសិនជាមិនបើកឱកាសឲ្យមានការចូលរួមពីអង្គការសង្គមស៊ីវិល និងសាធារណជនទេអាតម្លៃនៃការដឹកនាំបែបឯកបក្សហ្នឹង វាមិនសូវជាមានប្រជាប្រិយភាពអីទៅមុខទៀតទេ»។
លោក អ៊ុល វ៉ាន់ ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) ដែលធ្វើការងារលើកកម្ពស់សិទ្ធិសេរីភាពនៃការបញ្ចេញមតិតាមប្រព័ន្ធសង្គម មានប្រសាសន៍ថា លោកព្រួយបារម្ភ ប្រសិនបើមានការចែងដាក់ទោសទណ្ឌលើអ្នកប្រើប្រាស់ប្រព័ន្ធសង្គម និងប្រជាពលរដ្ឋដែលប្រើប្រាស់សិទ្ធិរបស់គាត់ក្នុងការទាមទារយុត្តិធម៌សង្គមជាដើម។
លោកមានប្រសាសន៍ថា៖ «សម្រាប់យើងក្នុងនាមជាអ្នកធ្វើការងារលើកកម្ពស់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ យើងមានការបារម្ភថា សេចក្តីព្រាងច្បាប់នេះ អាចនឹងត្រូវបានធ្វើឡើងដោយដាក់បញ្ចូលនូវចំណុចដែលអាចរឹតត្បិតទៅដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាពិសេសសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិសេរីភាពនៅក្នុងការចូលរួមនៅលើប្រព័ន្ធអ៊ីនធឺណិត ដែលយើងមើលឃើញកន្លងមកហ្នឹង»។
លោកបន្ថែមថា បើទោះជាកម្ពុជា មិនទាន់មានច្បាប់នេះ រដ្ឋាភិបាលបានប្រើប្រាស់ក្រមព្រហ្មទណ្ឌដាក់ទោសទណ្ឌលើប្រជាពលរដ្ឋដែលប្រើប្រាស់អ៊ីនធឺណិត ដោយមានការព្រមាន និងចាប់ដាក់ពន្ធនាគារជាដើម។
លោកបញ្ជាក់ថា៖ «ខ្ញុំមើលឃើញថា រដ្ឋាភិបាលជាពិសេសក្រសួងមហាផ្ទៃក៏ដូចជាក្រសួងពាក់ព័ន្ធដទៃទៀតហ្នឹង គួរតែធ្វើការអប់រំ ក៏ដូចជាណែនាំប្រជាពលរដ្ឋដែលចេះប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតហ្នឹងឲ្យសមរម្យ ប្រកបដោយសីលធម៌ ជាជាងការចាត់នូវវិធានការច្បាប់ ដែលធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ»។
កាលពីឆ្នាំ២០១២ សេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ ត្រូវបានបែកធ្លាយហើយសង្គមស៊ីវិលបានយកមកពិភាក្សា ដោយរកឃើញការរឹតត្បិតសេរីភាពបញ្ចេញមតិ។ ប៉ុន្តែកាលនោះ រដ្ឋាភិបាលមិនបានបញ្ជាក់ថា តើជាសេចក្តីព្រាងច្បាប់ផ្លូវការ ឬ យ៉ាងណានោះទេ។ ក្រោយមក ក្នុងឆ្នាំ២០១៤ មន្រ្តីរដ្ឋាភិបាលអះអាងថា ការពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ ត្រូវបានទម្លាក់ចោល។
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកធ្វើសេចក្តីព្រាងច្បាប់នេះ ថ្លែងប្រាប់ VOA ថា សេចក្តីព្រាងច្បាប់នេះ ស្ថិតក្នុងដំណាក់កាលពិភាក្សាក្នុងចំណោមមន្រ្តីជំនាញរបស់ក្រសួងមហាផ្ទៃនៅឡើយទេដែលលោកថា មិនទាន់ជាសេចក្តីព្រាងផ្លូវការនៅឡើយ ដូច្នេះក្រសួងមិនទាន់អាចចែករំលែកដល់អង្គការសង្គមស៊ីវិលបានទេ។ លោកបន្តថា មិនគួរមានការរិះគន់ទៅលើសេចក្តីព្រាងនេះ នៅពេលនេះទេ ដោយសារវាគ្រាន់តែជាសេចក្តីព្រាង មិនទាន់ផ្លូវការនៅឡើយ។
លោកមានប្រសាសន៍ថា៖ «គាត់បារម្ភអត់ទាន់ត្រូវទេ ដោយសារវាអត់ទាន់ចេញជាសេចក្តីព្រាងផ្លូវការ។ បើចេញជាសេចក្តីព្រាងផ្លូវការ ចាំគាត់យកមកបារម្ភថា សុំចូលរួមមតិអី អាហ្នឹងគេអាចនឹងមានរៀបចំជាសិក្ខាសាលាថ្នាក់ជាតិ ឬ ក៏មានការរៀបចំពិគ្រោះយោបល់ជាមួយសង្គមស៊ីវិលអីហ្នឹង។ សំខាន់ វាទាល់ដល់ដំណាក់កាលហ្នឹង បានគាត់អាចដឹងថា សេចក្តីព្រាងហ្នឹងវាយ៉ាងម៉េច»។
លោកបន្តថា ការរៀបចំសេចក្តីព្រាងច្បាប់នេះ ក៏មានជំនួយបច្ចេកទេសពីក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិក និងការពិគ្រោះយោបល់ពីក្រុមហ៊ុនធំៗរបស់អាមេរិកផងដែរ រួមមាន Google និង Amazon ជាដើម។
អ្នកនាំពាក្យរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាលោក Chad Roedemeier មានប្រសាសន៍ថា កាលពីពាក់កណ្តាលខែមិថុនា អ្នកជំនាញមកពីក្រសួងយុត្តិធម៌អាមេរិក បានដឹកនាំសិក្ខាសាលាមួយ ពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ ដោយមានការផ្តល់មតិយោបល់ពីតំណាងរបស់ក្រុមហ៊ុនមួយចំនួន ស្តីពីការអនុវត្តល្អបំផុត ដើម្បីធានាថា ច្បាប់នេះការពារសេរីភាពលើប្រព័ន្ធអ៊ីនធឺណិត និងការពារសុចរិតភាពរបស់បណ្តាញប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់កម្ពុជា។
របាយការណ៍មួយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយកាលពីចុងខែកក្កដា ឲ្យដឹងថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានរបាយការណ៍ជាច្រើនលើកឡើងអំពីវិធានការរបស់រដ្ឋាភិបាលធ្វើការរាំងខ្ទប់គេហទំព័រការ លុបមាតិកា ការត្រួតពិនិត្យលើការចងក្រងបណ្តាញ ការយាយីលើអ្នកការពារសិទ្ធិមនុស្សគណបក្សជំទាស់ អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋដែលធ្វើសកម្មភាពរបស់ខ្លួននៅលើប្រព័ន្ធអ៊ីនធឺណិត។ របាយការណ៍នេះ បន្តថា រដ្ឋាភិបាលបានប្រើប្រាស់ច្បាប់ ដែលមានខ្លឹមសារទូលំទូលាយ និងមិនច្បាស់លាស់ដើម្បីរឹតត្បិតសេរីភាពក្នុងការជួបប្រជុំ និងចងក្រងសមាគមលើប្រព័ន្ធអ៊ីនធឺណិត៕