លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃពុធនេះ បានបន្តចូលជួបមន្ត្រីរដ្ឋាភិបាល និងក្រុមមន្ត្រីនៃគណបក្សប្រឆាំង ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃរបស់លោកស្រីមកកាន់កម្ពុជា។
លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់និងជាអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងសន្និសីទព័ត៌មានធ្វើឡើងនៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិថា ក្នុងជំនួបលោកស្រីស្មីត ជាមួយលោក កឹម សុខា និងក្រុមអ្នកតំណាងរាស្ត្រគណបក្សជំទាស់ផ្សេងទៀត លោកស្រីស្មីត បានបង្ហាញការប្តេជ្ញាថា នឹងជួយធ្វើការសម្របសម្រួលស្ថានការណ៍នយោ បាយដែលកំពុងស្ថិតក្នុងសភាពតានតឹង។
«គាត់លើកឡើងថា គាត់នឹងខិតខំព្រោះគាត់មកធ្វើកិច្ចការនៅប្រទេសកម្ពុជានេះ គាត់មកលើកទីបីហើយគាត់ក៏បានបញ្ជាក់ដែរ គាត់ថា ពីមួយលើកទៅមួយលើកហ្នឹង គាត់មកហ្នឹងស្ថានការណ៍វាហាក់ដូចជាធ្ងន់ទៅៗ។ ប៉ុន្តែមកលើកនេះ ក៏គាត់បាន ទៅជួបជាមួយនឹងមន្ត្រីរដ្ឋាភិបាលជាច្រើនដែរ ហើយគាត់ក៏បានលើកឡើងអំពីបញ្ហាទាំងឡាយ ជាពិសេសអំពីបញ្ហាអភ័យឯកសិទ្ធិ របស់អ្នកតំណាងរាស្ត្រ បញ្ហាប្រព័ន្ធតុលាការជាច្រើនដែរ ហើយគាត់មានជំនឿថា នឹងអាច នឹងមានដំណោះស្រាយ»។
នៅក្នុងជំនួបរបស់លោកស្រី ស្មីត ជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ អ្នករាយការណ៍ពិសេសរូបនេះ បានជជែកសួរនាំពីសុខភាពរបស់លោក កឹម សុខា ប្រធានស្តីគណបក្សសង្គ្រោះជាតិ ដំណើរក្តីក្តាំប្រឆាំងនឹងលោកកឹម សុខា និងសកម្មជននយោបាយបក្សប្រឆាំង ការបំពេញការងាររបស់ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង និងស្ថានភាពនៃជនជាតិដើមភាគតិច និងជនបរទេសដែលគ្មានប្រទេសសម្រាប់រស់នៅ។ នេះបើយោងទៅតាមការបញ្ជាក់ពី លោក អេង ឆៃអ៊ាង អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។
ទោះជាមានការបង្ហាញឆន្ទះក្នុងការជួយបញ្ចប់ជម្លោះនយោបាយរ៉ាំរ៉ៃក្រោយការចុះកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សធំៗទាំងពីកាលពីខែកក្កដាឆ្នាំ ២០១៤ លោកអេង ឆៃអ៊ាង បានឲ្យដឹងថា លោកស្រី ស្មីត ក៏បានស្នើឲ្យអ្នកនយោបាយខ្មែររកផ្លូវជជែកគ្នា ដើម្បីឈានដល់ការស្រុះស្រួលគ្នាផ្នែកនយោបាយមួយ ឈានដល់ការបញ្ចប់វិវាទ។
ដំណើរទស្សនកិច្ចស្វែងយល់ពីស្ថានភាពសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជា របស់លោកស្រី ស្មីត សាស្ត្រាចារ្យផ្នែកនីតិសិទ្ធិមនុស្សអន្តរជាតិនៅប្រទេសអង់គ្លេស បានកើតឡើងនៅស្របពេលដែលសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង មណ្ឌលខេត្តសៀមរាបឲ្យជាប់ក្នុងពន្ធនាគាររយៈពេល ២ឆ្នាំ៦ខែ ទាំងតំណាងរាស្ត្ររូបនេះ នៅមានអភ័យឯកសិទ្ធិជាតំណាងរាស្ត្រនៅឡើយ។
លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រសញ្ជាតិខ្មែរអាមេរិកាំង ត្រូវបានតុលាការកាត់ទោស ដោយសារការអធិប្បាយនានារបស់លោក លើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធការប្រើប្រាស់ផែនទីដើម្បីកំណត់ខណ្ឌសីមាកម្ពុជាវៀតណាម។ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងក៏កំពុងជាប់ឃុំក្នុងសំណុំរឿងស្រដៀងគ្នានោះដែរ។
លោកស្រី ស្មីតដែលបានជួបពិភាក្សាជាមួយក្រុមមន្ត្រីគណបក្សប្រឆាំងជាងមួយម៉ោង នៅព្រឹកថ្ងៃពុធនេះ មិនបានឆ្លើយឲ្យចំទៅនឹងសំណួរអ្នកសារព័ត៌មានថា ការវាយប្រហារផ្លូវច្បាប់លើក្រុមអ្នកតំណាងរាស្ត្រទាំងនៅមានឯកសិទ្ធិនោះខុសឬស្របច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាយ៉ាងណាទេ។ ក៏ប៉ុន្តែលោកស្រីថ្លែងបញ្ជាក់ថា ច្បាប់រដ្ឋធម្មនុញ្ញត្រូវតែគោរពឲ្យបានត្រឹមត្រូវ។
«ខ្ញុំគិតថា មានបញ្ហាដែលត្រូវពិភាក្សាដើម្បីធ្វើឲ្យប្រាកដថា ច្បាប់រដ្ឋធម្មនុញ្ញត្រូវបានអនុវត្តតាមយ៉ាងត្រឹមត្រូវ ហើយច្បាប់កម្ពុជាត្រូវបានអនុវត្តតាមយ៉ាងត្រឹមត្រូវ និងស្មើភាពគ្នាចំពោះប្រជាជនទាំងអស់»។
យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគ និយាយថា ការពឹងផ្អែកសម្ពាធសហគមន៍អន្តរជាតិ ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកនយោបាយ គឺជាចំណែកតូចមួយប៉ុណ្ណោះ ហើយក៏មិនអាចដោះស្រាយបញ្ហារយៈពេលវែងបានផងដែរ។ ពួកគេលើកឡើងថា ការផ្តេកផ្តួលលើសម្ពាធអន្តរជាតិ នឹងនៅតែធ្វើឲ្យជម្លោះបន្តកើតមានជាដដែលៗ ដរាបណាពុំមានការយោគយល់គ្នា រវាងអ្នកនយោបាយកម្ពុជា។
លោក ហេង ស្រ៊ាង អ្នកសិក្សាស្រាវជ្រាវផ្នែកសង្គម ប្រាប់ VOA ថា អ្នកនយោបាយខ្មែរគួរបញ្ចប់វប្បធម៌ពឹងបរទេសឲ្យមកធ្វើអន្តរាគមន៍ ក្នុងការដោះស្រាយជម្លោះនយោបាយ ហើយថា ជម្លោះអាចនឹងមិនបន្តកើតមានបានតទៅទៀតទេ ប្រសិនបើអ្នកនយោបាយខ្មែរ ធ្វើនយោបាយដើម្បីមុខមាត់ជាតិ មិនមែនដើម្បីមុខមាត់បុគ្គល និងក្រុមបក្ស។
«ដូច្នេះ ជាដំណោះស្រាយ លុះត្រាតែខ្មែរយើងឯងហ្នឹង រកដំណោះស្រាយ រកភាពរួម ហើយយកប្រយោជន៍ជាតិមកដាក់លើតុមក យកប្រយោជន៍ជាតិមកដាក់នៅមុខមក។ អញ្ចឹងយើងអាចសម្រុះសម្រួលគ្នា ហើយបញ្ចប់បញ្ហាទៅ យើងរកភាពរួមសម្រាប់ដោះស្រាយប្រយោជន៍សង្គម ហើយនិង អ្វីដែលជាប្រជាពលរដ្ឋ យុវជន អ្នករកស៊ីសព្វថ្ងៃជួបប្រទះហ្នឹង យកមកដោះស្រាយគ្នាទៅ ប្រសើរជាងចាំតែវាយគ្នាហើយ ឲ្យអ្នកបរទេសមកជួយដោះស្រាយបាទ»។
វិបតិ្តនយោបាយដែលបានរើបឡើងវិញ ក្រោយពេលរដ្ឋាភិបាលបើកយុទ្ធនាការច្បាប់វាយប្រហារក្រុមអ្នកនយោបាយប្រឆាំង ចាប់ពីពាក់កណ្តាលឆ្នាំ២០១៥មកនោះ បានក្លាយជាក្តីបារម្ភយ៉ាងខ្លាំងដល់ប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១វ សភាអាមេរិក ក៏ដូចជាអង្គការសហប្រជាជាតិ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ VOA ថា ស្ថានការណ៍នយោបាយនៅកម្ពុជា មិនបានជួបភាពល្អក់កករ ហើយអាក្រក់ដូចការថ្លែងរបស់អ្នកនយោបាយប្រឆាំងនោះទេ។ លោកថ្លែងដោយយោងទៅលើសកម្មភាពបក្សប្រឆាំងថា៖
«អាក្រក់ទីមួយ គាត់មិនចូលប្រជុំសភា។ អាក្រក់ទីពីរ ដោះស្រាយ ដោះអ្នកជាប់ពិរុទ្ធ តាមផ្លូវច្បាប់ដោះមិនចេញ។ អាហ្នឹងហើយអាក្រក់ចំពោះគាត់»។
លោកអះអាង គណបក្សប្រជាជនកម្ពុជា ពុំបានមានទំនាស់ណាមួយជាមួយគណបក្សសង្គ្រោះជាតិនោះទេ ហើយថា បញ្ហានានាដែលបានកើតឡើងកាលពេលកន្លងមក គឺជារឿងបុគ្គល។ លោកបន្ថែមថា គណបក្សប្រជាជនកម្ពុជា មិនចង់ឲ្យមានវប្បធម៌និទណ្ឌភាពកើតឡើងនោះទេ ហេតុដូចនេះ មានតែតុលាការដែលត្រូវអារកាត់រឿងក្តី ក្រុមអ្នកនយោបាយដែលកំពុងជាប់ឃុំ។
លោកសង្កត់ធ្ងន់ថា គណបក្សកាន់អំណាចនឹងមិនទទួលយកការចរចាផ្នែកនយោបាយដើម្បីពន្លត់រឿងក្តីទាំងអស់នោះទេ។
ក្នុងដំណើរទស្សនកិច្ចកាលពីខែមីនាដើមឆ្នាំនេះ លោកស្រី ស្មីត បានធ្វើដំណើរមកជួបមេដឹកនាំនយោបាយ និងសង្គមស៊ីវិលនៅភ្នំពេញ មុននឹងចេញទៅជួបសហគមន៍ជនជាតិភាគតិចនៅខេត្តព្រះវិហារ ជាទីដែលលោកស្រីត្រូវបានក្រុមនគរបាលរាំងឃាត់ដំណើរ។ ក្នុងដំណើររបស់លោកស្រីនាគ្រានេះ លោកស្រីស្មីត ក្រៅពីការផ្តោតលើស្ថានភាពនយោបាយកម្ពុជានាពេលបច្ចុប្បន្ន លោកស្រី ក៏គ្រោងនឹងធ្វើការវាយតម្លៃអំពីសិទ្ធិក្រុមជនភាគតិច ជាតិពន្ទុ និងក្រុមបាត់បង់ឱកាសផងដែរ៕