លោកស្រី Rhona Smith (រ៉ូណា ស្មីត) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកទី៣ ចាប់ពីថ្ងៃច័ន្ទនេះទៅ។ មន្ត្រីសិទ្ធិមនុស្ស និងអ្នកវិភាគថ្លែងថា ដំណើរទស្សនកិច្ចនឹងមានឥទ្ធិពលមួយចំនួនទៅលើរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលពួកគេយល់ថា កំពុងស្ថិតក្នុងដំណើរថយក្រោយមួយ។
មន្ត្រីសិទ្ធិមនុស្ស និងអ្នកតាមដានស្ថានការណ៍សង្គមកម្ពុជា បានថ្លែងកាលពីថ្ងៃអាទិត្យថា ការមកទស្សនកិច្ចរបស់លោកស្រី Rhona Smith មកកាន់ប្រទេសកម្ពុជា អាចរួមចំណែកដល់ការធ្វើឲ្យប្រសើរឡើងវិញនៃស្ថានភាពសិទ្ធិមនុស្ស ដែលកំពុងយ៉ាប់យឺនខ្លាំងក្នុងប្រទេសកម្ពុជា។
ពួកគេនិយាយថា រដ្ឋាភិបាលកម្ពុជា ក៏ត្រូវតែខិតខំធ្វើការកែលម្អស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសរបស់ខ្លួន ដើម្បីបញ្ចៀសការដាក់សម្ពាធនានាពីសហគមន៍អន្តរជាតិ ដែលអាចធ្វើឲ្យខូចដល់ប្រយោជន៍ប្រជារាស្ត្រខ្មែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ហៅកាត់ថា UNHRC បានឲ្យដឹងថា លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នឹងមកបំពេញទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសកម្ពុជាពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែតុលា ដើម្បីពិនិត្យមើលស្ថានភាពនយោបាយទូទៅ និងទិដ្ឋភាពផ្សេងៗនៃការរើសអើង។
លោកស្រី Rhona Smith សាស្ត្រាចារ្យផ្នែកនីតិសិទ្ធិមនុស្សអន្តរជាតិនៅចក្រភពអង់គ្លេស ត្រូវបានដកស្រង់សម្តីក្នុងន័យដើមថា៖
«ខ្ញុំនឹងផ្តោតដំណើរការបេសកកម្មនេះលើស្ថានភាពបច្ចុប្បន្ននៃសិទ្ធិមនុស្ស និងលើការតាមដានអនុវត្តអនុសាសន៍នានាដែលបានផ្តល់ជូនរដ្ឋាភិបាល។ ខ្ញុំមានបំណងបន្តធ្វើការពិនិត្យលើប្រធានបទនៃការរើសអើង ដោយចំណុចផ្តោតការយកចិត្តទុកដាក់នាពេលនេះ គឺការវាយតម្លៃអំពីសិទ្ធិក្រុមជនភាគតិច ជាតិពន្ធុ និងក្រុមបាត់បង់ឱកាស»។
នៅក្នុងអំឡុងដំណើរទស្សនកិច្ចនេះ លោកស្រីនឹងជួបជាមួយភាគីពាក់ព័ន្ធផ្សេងៗ រួមទាំងសមាជិកជាន់ខ្ពស់នៃរដ្ឋាភិបាល ព្រមទាំងតំណាងមកពីសង្គមស៊ីវិល និងសហគមន៍អ្នកការទូត។ លោកស្រីក៏នឹងធ្វើទស្សនកិច្ចផងដែរ នៅតាមបណ្តាខេត្តនានាដើម្បីប្រមូលព័ត៌មានដោយផ្ទាល់។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ រំពឹងថា លោកស្រីនឹងអាចជួយជំរុញឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញអំពីស្ថានភាពសិទ្ធិមនុស្សដែលលោកយល់ថា កំពុងមានសភាពអាក្រក់ ដោយសារការធ្វើទុក្ខបុកម្និញរបស់អាជ្ញាធររដ្ឋាភិបាលមកលើមន្ត្រីការពារសិទ្ធិមនុស្ស ជនរងគ្រោះដោយការរំលោភបំពានដីធ្លី ការរឹតត្បិតសិទ្ធិក្នុងការប្រមូលផ្តុំបញ្ចេញមតិ។
លោកថ្លែងថា៖
«យើងសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់អ្នកស្រីនឹងអាចមានផលវិជ្ជមានមួយសម្រាប់អនាគត ក្រោយពីការជួបរវាងអ្នកស្រីជាមួយនឹងមន្ត្រី ឬក៏ប្រមុខរដ្ឋាភិបាលនោះបាទ»។
លោកប្រាប់ VOA បន្ថែមថា ក្រៅពីការរួមចំណែករបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរូបនេះ នៅក្នុងធ្វើឲ្យមានភាពធូរស្រាលឡើងវិញនៃស្ថានភាពសិទិ្ធមនុស្សដែលកំពុងធ្លាក់ចុះនោះ អ្នកនយោបាយខ្មែរត្រូវរួមគ្នាពន្លត់ជម្លោះនយោបាយ ដែលអាចនឹងជួយដោះស្រាយបញ្ហាសិទ្ធិមនុស្សបានឆាប់រហ័ស។
នៅឯមហាសន្និបាតនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អ.ស.ប. កាលពីខែកញ្ញា លោកស្រី ស្មីត បានប្រើប្រាស់វេទិកានេះ ដើម្បីនិយាយរិះគន់អំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា បូករួមទាំងក្ដីក្ដាំនៅតុលាការដែលមានលក្ខណៈនយោបាយប្រឆាំងនឹងអ្នកជំទាស់ និងសង្គមស៊ីវិល ការប្រើប្រាស់អំពើហិង្សានយោបាយ និងសង្គ្រាមវោហាស័ព្ទរវាងមេដឹកនាំនយោបាយ។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម ប្រាប់ VOA កាលពីថ្ងៃអាទិត្យថា ទស្សនកិច្ចរបស់អ្នករាយការណ៍សិទ្ធិមនុស្សអង្គការសហប្រជាជាតិ អាចមានចំណែកតូចមួយក្នុងការធ្វើឲ្យល្អប្រសើរឡើងវិញនៃស្ថានភាពសិទ្ធិមនុស្សកម្ពុជា។ លោកថា ប្រសិនបើចង់ឲ្យមានការលុបបំបាត់ចោលនៃការរំលោភសិទ្ធិមនុស្សនៅកម្ពុជា រដ្ឋាភិបាលកម្ពុជាមានតួនាទីចម្បងមួយក្នុងកិច្ចការកែលម្អស្ថានភាពសិទ្ធិមនុស្សដែលកំពុងតែដើរថយក្រោយ និងបង្កការព្រួយបារម្ភដល់សហគមន៍អន្តរជាតិ។
អ្នកស្រាវជ្រាវរូបនេះបញ្ជាក់ថា៖
«ខ្ញុំគិតថា ស្ថានភាពសិទ្ធិមនុស្ស ប្រសើរឬមិនប្រសើរ មិនមែនជាតួនាទីរបស់អន្តរជាតិទេ អន្តរជាតិ គេគ្រាន់តែមានតួនាទីជួយស្រែកឲ្យយើង ហើយបើយើងមិនស្តាប់គេ គេនឹងដាក់សម្ពាធ ហើយបើដាក់សម្ពាធមិនស្តាប់ គេនឹងដាក់ទណ្ឌកម្មបាទ។ ប៉ុន្តែរឿងការធ្វើឲ្យសិទ្ធិមនុស្សប្រសើរ ឬមិនប្រសើរគឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាលខ្មែរយើងទាំងស្រុងបាទ»។
ក្នុងដំណើរទស្សនកិច្ចកាលពីខែមីនាដើមឆ្នាំនេះ លោកស្រី ស្មីត បានធ្វើដំណើរមកជួបមេដឹកនាំនយោបាយ និងសង្គមស៊ីវិលនៅភ្នំពេញ មុននឹងចេញទៅជួបសហគមន៍ជនជាតិភាគតិចនៅខេត្តព្រះវិហារ ជាទីដែលលោកស្រីត្រូវបានក្រុមនគរបាលរាំងឃាត់ដំណើរ។
កាលពីខែកក្កដា ក្រោយពីលោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងធ្វើឃាតនៅភ្នំពេញ លោកស្រី ស្មីត បានទទួលការរិះគន់ពីសំណាក់អ្នកជំនាញការផ្នែកសិទ្ធិមនុស្ស អំពីភាពស្ងាត់ស្ងៀមរបស់លោកស្រី ហើយលោកស្រីត្រូវបានស្នើឱ្យបញ្ចេញសំឡេងឱ្យបានច្រើន បូកជាមួយនឹងសកម្មភាពជាដុំកំភួនឆ្លើយតបទៅនឹងស្ថានការណ៍នយោបាយនៅកម្ពុជា ដែលចេះតែអាប់អួរនៅគ្រានោះ។
កន្លងទៅមួយឆ្នាំនៃការប្រទាំងប្រទើស និងការប្រឈមមុខផ្នែកនយោបាយនៅក្រុងភ្នំពេញ លោកស្រី ស្មីត បានចេញសារព្រមានមួយដងជាពីរដង តាំងពីខែវិច្ឆិកាឆ្នាំមុនមកថា កម្ពុជាកំពុងដើរដល់«របត់ដំណើរដ៏គ្រោះថ្នាក់»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាប្រាប់ VOA ថា កម្ពុជាពុំមានបញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរដូចការលើកឡើងរបស់ក្រុមអ្នករិះគន់នោះទេ។ លោកថា ការឃាត់ខ្លួន និងឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស និងអ្នកនយោបាយគណបក្សប្រឆាំងនាពេលកន្លងមកនោះគឺ ជាការពង្រឹងនីតិរដ្ឋ។
«អាចឹងហើយបានគាត់វាយតម្លៃរបស់គាត់ហ្នឹង ថាឲ្យតែចាប់ ប៉ះពាល់ដល់អង្គការសិទ្ធិមនុស្ស ប៉ះពាល់ដល់គណបក្សប្រឆាំង សុទ្ធតែថា រំលោភ តែត្រង់ថា គណបក្សប្រឆាំងហ្នឹងប្រព្រឹត្តល្មើសច្បាប់អត់និយាយ។ អញ្ចឹងបានយើងវាយតម្លៃថា គាត់វាយតម្លៃហ្នឹងវាផ្អែកទៅលើនិន្នាការម្ខាង លម្អៀងទៅរកម្ខាងៗ អាហ្នឹងម៉េចសច្ចានុម័ត»។
VOA មិនអាចទាក់ទងលោក កែវ រ៉េមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជាបានទេកាលពីថ្ងៃអាទិត្យ។
ដំណើរទស្សនកិច្ចលើកទី៣របស់បេសកជនផ្នែកសិទ្ធិមនុស្សអ.ស.ប.រូបនេះ ធ្វើឡើងនៅចំពេលដែលមានការអំពាវនាវឱ្យមានការស្ងៀមស្ងាត់ និង«បទឈប់បាញ់»ផ្នែកនយោបាយរវាងគណបក្សធំៗនៅកម្ពុជា ដែលនាំឱ្យមជ្ឈដ្ឋាននានាមើលឃើញថា កម្តៅនយោបាយបាននឹងកំពុងថមថយ និងធូរស្រាល៕