លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានចាប់ផ្តើមបេសកកម្មនៅក្នុងប្រទេសកម្ពុជានៅថ្ងៃអង្គារនេះ ដោយបានចូលជួបជាមួយមន្ត្រីរដ្ឋាភិបាលទទួលបន្ទុកយុតិ្តធម៌ និងសិទ្ធិមនុស្ស ហើយនិងមន្ត្រីរដ្ឋាភិបាលផ្សេងទៀត។
បេសកកម្មរបស់លោកស្រីកើតមានឡើងមួយថ្ងៃ ក្រោយកងសន្តិសុខខណ្ឌដូនពេញធ្វើការវាយប្រហារលើមន្ត្រីសិទ្ធិមនុស្ស និងសកម្មជនដីធ្លី ដែលបានធ្វើការហែរក្បួនប្រារព្ធទិវាសិទ្ធិលំនៅស្ថានពិភពលោកនៅរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទកន្លងទៅ។
ដើរចេញពីបន្ទប់ប្រជុំជាមួយគណៈកម្មការសិទ្ធិមនុស្សកម្ពុជាដឹកនាំដោយ លោកកែវ រេមី លោកស្រីស្មីត បានឆ្លើយទៅនឹងសំណួរអ្នកសារព័ត៌មានទាំងប្រញាប់ប្រញាល់ថា ការប្រជុំដែលធ្វើឡើងជាមួយលោក កែវ រេមី បានពិភាក្សាជាទូទៅលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា និងការធ្វើរបាយការណ៍សិទ្ធិមនុស្សដាក់ទៅកាន់អង្គការសហប្រជាជាតិ។
«យើងបាននិយាយជាច្រើនអំពីតួនាទីរបស់គណៈកម្មការ និងភាពរីកចម្រើនឆ្ពោះទៅរកការធ្វើតាមកាតព្វកិច្ចឃ្លាំមើល និងរក្សាឲ្យបានពេលវេលាសម្រាប់ការឃ្លាំមើលសិទ្ធិមនុស្ស ហើយរាយការណ៍ទៅកាន់ស្ថាប័ននានារបស់អង្គការសហប្រជាជាតិ។ យើងក៏មានការពិភាក្សាជាទូទៅអំពីស្ថានភាពសិទ្ធមនុស្សនៅកម្ពុជាផងដែរ»។
លោកស្រី មិនបាននិយាយដល់ការវាយដំលើមន្ត្រីសិទ្ធិមនុស្ស ដែលបានកើតឡើងកាលពីថ្ងៃច័ន្ទនោះទេ ក្រោយការប្រជុំជាមួយលោក កែវ រេមី។
មន្ត្រីជាន់ខ្ពស់អង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានរងការវាយដំពីកងសន្តិសុខ ក្នុងគ្រាលោកចូលរួមឃ្លាំមើលការហែរក្បួនប្រារព្ធទិវាសិទ្ធិលំនៅស្ថានពិភពលោកដែលមានមនុស្សរាប់រយនាក់ចូលរួម ហើយភាគច្រើនគឺជាជនរងគ្រោះដោយសារការរំលោភបំពានដីធ្លី។
លោកកែវ រេមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា បានប្រាប់អ្នកសារព័ត៌មានក្រោយជំនួបលោកជាមួយនឹងលោកស្រីស្មីត ថា លោកបានជម្រាបលោកស្រី ស្មីត អំពីស្ថានភាពនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដោយលើកឡើងអំពីការវិវត្តន៍នៃវិស័យសិទ្ធិមនុស្សតាំងពីជំនាន់បារាំងគ្រប់គ្រងប្រទេសកម្ពុជាសម័យសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកលើកម្ពុជា របបខ្មែរក្រហម និងរបបសាធារណរដ្ឋសង្គម មកដល់ពេលបច្ចុប្បន្នដែលកម្ពុជាប្រកាន់យកលទ្ធិប្រជាធិបតេយ្យជាមួយសិទ្ធិសេរីភាពគ្រប់យ៉ាង។
ពាក់ព័ន្ធទៅនឹងអំពើហិង្សាមកលើមន្ត្រីសិទ្ធិមនុស្ស លោកកែវ រេមី បានស្នើឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹងប្រឆាំងនឹងជនប្រព្រឹត្ត។
លោកអះអាង អំពើហិង្សាកាលពីថ្ងៃច័ន្ទក៏បានកើតឡើងចំពោះមន្ត្រីក្រសួងមហាផ្ទៃមួយរូបផងដែរ ហើយថា លោកក៏មិនបារម្ភថា អំពើហិង្សានោះនឹងត្រូវបានកត់ត្រាទុកដោយលោកស្រីស្មីតនោះដែរ ព្រោះលោកស្រី ស្មីត មិនបានលើករឿងនេះក្នុងជំនួបជាមួយលោកនោះទេ។
«ការជួបហ្នឹងគឺយើងពន្យល់ជម្រាបជូនគាត់នូវស្ថានភាពពិត ក៏ប៉ុន្តែយើងមិនដឹងនៅក្នុងផ្នត់គំនិតគាត់ម៉េចទេ ក៏ប៉ុន្តែអាការណ៍ស្តែងចេញនៃការសន្ទនាគឺមានការយល់យោគគ្នា»។
លោកកែវ រេមី បានបន្ថែមថា ស្ថានភាពសិទ្ធិមនុស្សកម្ពុជាស្ថិតក្នុងស្ថានភាពប្រក្រតី គឺពុំមានអ្វីចោទជាបញ្ហានោះឡើយ។
ថ្វីបើលោកស្រី ស្មីត មិនបានលើកអំពីហិង្សាកើតឡើងកាលពីថ្ងៃច័ន្ទនៅចំពោះ លោក កែវ រេមីក៏ដោយ ក៏លោកស្រីបានប្រាប់អ្នកយកព័ត៌មាននៅឯសាលារាជធានីភ្នំពេញថា លោកស្រីបានលើកឡើងអំពីអំពើហិង្សាដែលកើតឡើងកាលពីថ្ងៃច័ន្ទនោះ នៅចំពោះមុខលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ តែលោកស្រីមិនបានអធិប្បាយលម្អិតអំពីរឿងនេះទេ។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា លោកបានដាក់ពាក្យបឹ្តងទៅបុស្តិ៍បូលីសនៅកន្លែងកើតហេតុ ក្នុងសង្កាត់ជ័យជម្នះ ដើម្បីឲ្យអាជ្ញាធរស្វែងរកនាំខ្លួនជនបង្កហិង្សាប្រមាណ៥ទៅ៦នាក់មកផ្តន្ទាទោស។ លោកបន្តថា បណ្តឹងរបស់លោកមានបំណងបញ្ចប់វប្បធម៌ប្រើហិង្សាពីបុគ្គល ដែលនិយមការវាយតប់មកដោះស្រាយបញ្ហា។
លោកបញ្ជាក់បន្ថែមថា អំពើហិង្សាកើតឡើងកាលពីថ្ងៃច័ន្ទបានបំបាក់មុខរាជរដ្ឋាភិបាលកម្ពុជា ព្រោះសកម្មភាពហិង្សាបានកើតឡើងចំពេល លោកស្រី ស្មីត មកសង្កេត និងតាមដានបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។
«ខ្ញុំមានការសោកស្តាយវិញទេ ពីព្រោះបុគ្គលប៉ុន្មាននាក់ហ្នឹង ដែលផ្តល់កាដូដើម្បីបំបាក់មុខមាត់ទៅលើរាជរដ្ឋាភិបាលក្នុងថ្ងៃដែលអ្នកស្រី រ៉ូណា ស្មីត ដែលជាអ្នករាយការណ៍ពិសេស ក្រុមប្រឹក្សាសិទ្ធិមនុស្សមកកម្ពុជា ហើយជាពិសេសគឺបុគ្គល៥ទៅ៦នាក់ហ្នឹងគឺបំបាក់មុខមាត់ទៅលើគណៈកម្មការសិទ្ធិមនុស្ស ពីព្រោះរឿងបញ្ហាដែលយើងអាចនិយាយគ្នាបាន ហេតុអីក៏មនុស្សញៀនអំពើហិង្សាទាំងអស់នោះ គាត់ទៅធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់វិស័យសិទ្ធិមនុស្ស ដែលធ្វើឲ្យប៉ះពាល់ទៅដល់មុខមាត់របស់រដ្ឋាភិបាលវិញ»។
ក្នុងដំណើរទស្សនកិច្ចកាលពីខែមីនាដើមឆ្នាំនេះ លោកស្រី ស្មីត បានធ្វើដំណើរមកជួបមេដឹកនាំនយោបាយ និងសង្គមស៊ីវិលនៅភ្នំពេញ មុននឹងចេញទៅជួបសហគមន៍ជនជាតិភាគតិចនៅខេត្តព្រះវិហារ ជាទីដែលលោកស្រីត្រូវបានក្រុមនគរបាលរាំងឃាត់ដំណើរ។
កាលពីខែកក្កដា ក្រោយពីលោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងធ្វើឃាតនៅភ្នំពេញ លោកស្រី ស្មីត បានទទួលការរិះគន់ពីសំណាក់អ្នកជំនាញការផ្នែកសិទ្ធិមនុស្សអំពីភាពស្ងាត់ស្ងៀមរបស់លោកស្រី ហើយលោកស្រីត្រូវបានស្នើឱ្យបញ្ចេញសំឡេងឱ្យបានច្រើន បូកជាមួយនឹងសកម្មភាពជាដុំកំភួនឆ្លើយតបទៅនឹងស្ថានការណ៍នយោបាយនៅកម្ពុជា ដែលចេះតែអាប់អួរនៅគ្រានោះ។
កន្លងទៅមួយឆ្នាំនៃការប្រទាំងប្រទើស និងការប្រឈមមុខផ្នែកនយោបាយនៅក្រុងភ្នំពេញ លោកស្រី ស្មីត បានចេញសារព្រមានមួយដងជាពីរដង តាំងពីខែវិច្ឆិកាឆ្នាំមុនមកថា កម្ពុជាកំពុងដើរដល់«របត់ដ៏គ្រោះថ្នាក់»។
ក្នុងដំណើរទស្សនកិច្ចលើកទី៣នេះទៀត លោកស្រី ស្មីត ក៏បានជួបពិភាក្សាជាមួយលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មន្ត្រីរដ្ឋាភិបាល និងមន្ត្រីកាទូតផ្សេងទៀត ព្រមទាំងអង្គការសង្គមស៊ីវិលផងដែរ៕