ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រេសិត​សិទ្ធិ​មនុស្ស​របស់​អ.ស.ប.​នឹង​មក​កម្ពុជា​ក្នុង​ខែ​នេះ ​ខណៈ​កម្តៅ​នយោបាយ​ថយ​ចុះ


រូបឯកសារ៖ លោកស្រី រ៉ូណា ស្មីត (​Rhona Smith) ​អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប.​អំពី​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ថ្លែង​ក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ការិយាល័យ​​ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​រាជធានី​ភ្នំពេញ​កាល​ពីថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៦។
រូបឯកសារ៖ លោកស្រី រ៉ូណា ស្មីត (​Rhona Smith) ​អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប.​អំពី​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ថ្លែង​ក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ការិយាល័យ​​ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​រាជធានី​ភ្នំពេញ​កាល​ពីថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៦។

លោកស្រី ​រ៉ូណា ​ស្មីត​ ដែល​ចូល​មក​កាន់​តំណែង​ជា​ប្រេសិត​ពិសេស​អ.ស.ប. ​កាល​ពី​ខែ​មីនា ​ឆ្នាំ​២០១៥ ​ធ្លាប់​បាន​បំពេញ​ទស្សនកិច្ច​លើក​ដំបូង​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​ទៅ ​និង​ទស្សនកិច្ច​លើក​ទី​ពីរ​ កាល​ពី​ខែ​មីនា​ដើម​ឆ្នាំ​នេះ។​

បន្ទាប់​ពី​មាន​ភាព​ស្ងប់ស្ងាត់​ផ្នែក​វោហាស័ព្ទ ​និង​ភាព​ធូរ​ស្រាល​ផ្នែក​នយោបាយ​នៅ​ក្រុងភ្នំពេញ លោកស្រី ​រ៉ូណា ​ស្មីត (Rhona Smith)​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​ការងារ​ជា​លើក​ទី​បី​របស់​លោក​ស្រី ​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ខែ​តុលា​នេះ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សំណាក់​ការិយាល័យ​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ភ្នំពេញ។

លោកស្រី ​រ៉ូណា ​ស្មីត​ ដែល​ចូល​មក​កាន់​តំណែង​ជា​ប្រេសិត​ពិសេស​អ.ស.ប. ​កាល​ពី​ខែ​មីនា ​ឆ្នាំ​២០១៥ ​ធ្លាប់​បាន​បំពេញ​ទស្សនកិច្ច​លើក​ដំបូង​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​ទៅ ​និង​ទស្សនកិច្ច​លើក​ទី​ពីរ​ កាល​ពី​ខែ​មីនា​ដើម​ឆ្នាំ​នេះ។​

​នៅ​ពេល​ទទួល​សំណួរ​ពី ​VOA ​តាម​រយៈ​សារ​អេឡិច​ត្រូនិច ​អំពី​គម្រោង​ទស្សនកិច្ច​នា​ពេល​ខាង​មុខ​របស់​លោកស្រី ​ស្មីត ការិយាល័យ​ឧត្តម​ស្នងការ​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​រាជធានី​ភ្នំពេញ ​បាន​ឆ្លើយ​តប​ថា៖

​«ពិត​មែន​ហើយ ​លោក​ស្រី​ [ស្មីត]​ នឹង​អញ្ជើញ​មក​[កម្ពុជា] ​នៅ​ក្នុង​ខែ​នេះ»។

ទោះ​ជា​យ៉ាងណា​ក្ដី ការិយាល័យ​អ.ស.ប.​ដដែល​នេះ​មិន​បាន​បញ្ជាក់​អំពី​គម្រោង ​និង​របៀបវារៈ​លម្អិត​នៃ​ដំណើរ​ទស្សនកិច្ច​ខែ​តុលា​របស់​លោក​ស្រី ​ស្មីត ​ដែល​ជា​បេសកកម្ម​លើក​ទី៣​របស់​លោក​ស្រី​នៅ​កម្ពុជា​ឡើយ ​តែ​ថា​ ព័ត៌មាន​លម្អិត​នឹង​ត្រូវ​បាន​ជម្រាប​ជូន​សាធារណជន​នា​ពេល​ក្រោយ។

ជា​ទម្លាប់​របស់​ប្រេសិត​សិទ្ធិ​មនុស្ស​អ.ស.ប.​ និង​ក៏​ដូច​ជា​កាល​ពី​ដំណើរ​ទស្សនកិច្ច​លើក​មុនៗ​របស់ ​លោក​ស្រី​ ស្មីត​ តែង​តែ​មាន​ជំនួប​រវាង​អ្នក​រាយការណ៍​ពិសេស​ស្ដី​ពី​សិទ្ធិ​មនុស្ស​អ.ស.ប.​ ជាមួយ​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​មន្ត្រី​ជាន់​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​មេដឹកនាំ​គណបក្ស​ជំទាស់ ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ​និង​សហគមន៍​ដែល​រង​ការ​ប៉ះ​ពាល់​ពី​«ការ​រំលោភ​សិទ្ធិ»។

ក្នុង​ដំណើរ​ទស្សនកិច្ច​កាល​ពី​ខែ​មីនា​ដើម​ឆ្នាំ​នេះ ​លោក​ស្រី ​ស្មីត ​បាន​ធ្វើ​ដំណើរ​មក​ជួប​មេដឹកនាំ​នយោបាយ ​និង​សង្គម​ស៊ីវិល​នៅ​ភ្នំពេញ ​មុន​នឹង​ចេញ​ទៅ​ជួប​សហគមន៍​ជនជាតិ​ភាគ​តិច​នៅ​ខេត្ត​ព្រះវិហារ​ ទី​ដែល​លោក​ស្រី​ត្រូវ​បាន​ក្រុម​នគរបាល​រាំង​ឃាត់​ដំណើរ។​

កាល​ពី​ខែ​កក្កដា ​ក្រោយ​ពី​លោក​ កែម ​ឡី ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​ធ្វើ​ឃាត​នៅ​ភ្នំពេញ ​លោកស្រី ​ស្មីត​ បាន​ទទួល​ការ​រិះ​គន់​ពី​សំណាក់​អ្នក​ជំនាញ​ការ​ផ្នែក​សិទ្ធិ​មនុស្ស ​អំពី​ភាព​ស្ងាត់ស្ងៀម​របស់​លោកស្រី ​ហើយ​លោក​ស្រី​ត្រូវ​បាន​ស្នើ​ឱ្យ​បញ្ចេញ​សំឡេង​ឱ្យ​បាន​ច្រើន ​បូក​ជាមួយ​នឹង​សកម្មភាព​ជា​ដុំ​កំភួន​ឆ្លើយ​តប​ទៅ​នឹង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ​ដែល​ចេះ​តែ​អាប់អួរ​នាគ្រា​នោះ។

កន្លង​ទៅ​មួយ​ឆ្នាំ​នៃ​ការ​ប្រទាំង​ប្រទើស ​និង​ការ​ប្រឈម​មុខ​ផ្នែក​នយោបាយ​នៅ​ក្រុង​ភ្នំពេញ ​លោកស្រី ​ស្មីត ​បាន​ចេញ​សារ​ព្រមាន​មួយ​ដង​ជា​ពីរ​ដង ​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​មក​ថា ​កម្ពុជា​កំពុង​ដើរ​ដល់​«របត់​ដំណើរ​ដ៏គ្រោះ​ថ្នាក់»។

បុគ្គលិក​ជាន់​ខ្ពស់​បួន​រូប​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ​និង​អគ្គ​លេខាធិការ​រង​ម្នាក់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​ត្រូវ​បាន​ចាប់​ខ្លួន ​និង​ចោទ​ប្រកាន់​នៅ​តុលាការ​ក្នុង​សំណុំ​រឿង​ក្ដី​ដែល​គេ​អះ​អាង​ថា​ ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​ស្នេហា​លួច​លាក់​របស់​អនុ​ប្រធាន​គណបក្ស​ជំទាស់​គឺ​លោក​ កឹម​ សុខា។

លោក ​កឹម​ សុខា ​ខ្លួន​ឯង​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ប្រាំខែ​ ក្រោម​បទ​ចោទ​ថា លោក​បាន​គេច​វេស​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​ចំពោះ​មុខ​តុលាការ ​ហើយ​លោក​កំពុង​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​នេះ។ ​រី​ឯ​ប្រធាន​គណបក្ស​របស់​លោក ​គឺ​លោក ​សម ​រង្ស៊ី ​បាន​នឹង​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ គេច​ចេញ​ពី​ការ​អនុវត្ត​សាលដីកា​ដែល​មាន​ចំណាស់​ច្រើន​ឆ្នាំ​មួយ​ពាក់​ព័ន្ធ​នឹង​ករណី​បរិហារ​កេរ្តិ៍ ​ដែល​ត្រូវ​បាន​សើរើ​ភ្លាមៗ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ។

នៅ​ឯ​មហា​សន្និបាត​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អ.ស.ប.​ កាល​ពី​ខែ​កញ្ញា ​លោក​ស្រី ​ស្មីត ​បាន​ប្រើ​ប្រាស់​វេទិកា​ដើម្បី​និយាយ​រិះ​គន់​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​បូក​រួម​ទាំង​ក្ដី​ក្ដាំ​នៅ​តុលាការ​ដែល​មាន​លក្ខណៈ​នយោបាយ​ប្រឆាំង​ អ្នក​ជំទាស់ ​និង​សង្គម​ស៊ីវិល ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​នយោបាយ ​និង​សង្គ្រាម​វោហាស័ព្ទ​រវាង​មេដឹកនាំ​នយោបាយ។

យ៉ាង​ណា​ក្ដី ​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣​របស់​បេសកជន​ផ្នែក​សិទ្ធិ​មនុស្ស​អ.ស.ប.​រូប​នេះ ​ធ្វើ​ឡើង​នៅ​ចំពេល​ដែល​មាន​ការ​អំពាវនាវ​ឱ្យ​មាន​ការ​ស្ងៀមស្ងាត់​ និង​«បទ​ឈប់​បាញ់»​ផ្នែក​នយោបាយ​រវាង​គណបក្ស​ធំៗ​នៅ​កម្ពុជា​ ដែល​នាំ​ឱ្យ​មជ្ឈដ្ឋាន​នានា​មើល​ឃើញ​ថា កម្តៅ​នយោបាយ​បាន​នឹង​កំពុង​ថមថយ និង​ធូរ​ស្រាល៕

XS
SM
MD
LG