ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​បរិស្ថាន៖ អាជ្ញាធរ​ខេត្ត​ដក​ហូត​ដី​អភិរក្ស​មក​វិញ​និង​​ស្នើ​អាជ្ញាធរ​​ឃុំ​បញ្ឈប់​​បញ្ជាក់​លិខិត​ស្នាម​ទទួល​ស្គាល់


រូប​​ឯកសារ៖ មន្រ្តីឧទ្យានុរក្សបង្ហាញសកម្មភាពចាប់បទល្មើសកាប់ឈើខុសច្បាប់នៅស្នាក់ការត្រពាំងធ្មៀរ នៃដែនជម្រកសត្វព្រៃស្រែពក ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៨ មករា ឆ្នាំ២០២១។ (អូន ឆេងប៉រ/វីអូអេ)
រូប​​ឯកសារ៖ មន្រ្តីឧទ្យានុរក្សបង្ហាញសកម្មភាពចាប់បទល្មើសកាប់ឈើខុសច្បាប់នៅស្នាក់ការត្រពាំងធ្មៀរ នៃដែនជម្រកសត្វព្រៃស្រែពក ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៨ មករា ឆ្នាំ២០២១។ (អូន ឆេងប៉រ/វីអូអេ)

មន្ត្រី​ជាន់​ខ្ពស់នៃក្រសួង​បរិស្ថាន​បាន​ឲ្យដឹងថា​អាជ្ញាធរខេត្ត​បាន​ដកហូត​ដី​ក្នុង​តំបន់​អភិរក្ស​មកវិញ ក្រោយ​មាន​ការ​កាប់​ទន្រ្ទាន​ខុស​ច្បាប់ និង​មាន​ការ​ចេញលិខិតស្នាមទទួល​ស្គាល់​ដោយ​រដ្ឋបាល​ឃុំ។

ការ​លើកឡើង​បែប​នេះ​ស្រប​ពេល​ដែល​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​លោក​ សាយ សំអាល់ ​កាល​ពី​ខែ​ឧសភា​បាន​ស្នើ​ឲ្យ​អភិបាល​ខេត្ត​ទាំង​អស់​ធ្វើ​អន្តរាគមន៍​ឲ្យ​លុបចោល​រាល់​លិខិត​ស្នាម​ទាំងឡាយ​ណា​ដែល​បញ្ជាក់​លើ​ដី​ដែល​ស្ថិត​ក្នុង​តំបន់​ការពារ​ធម្មជាតិ​និង​ក្នុង​របៀង​អភិរក្ស​ជីវៈ​ចម្រុះ។ នេះ​បើ​យោង​តាម​លិខិត​របស់​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថានដាក់​ទៅ​អភិបាល​ខេត្ត​ទាំងអស់ ចុះ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២១ ដែល​ VOA ទទួល​បាន។

នៅ​ក្នុង​លិខិត​នេះ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថានបាន​ស្នើសុំអន្តរាគមន៍​ចាត់វិធានការ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​និង​មោឃភាព​នូវ​រាល់​ការ​ចុះ​ហត្ថលេខា​ឬការ​បញ្ជាក់​ទទួល​ស្គាល់​លើ​លិខិត​ផ្ទេរ​សិទ្ធិ​ពាក្យស្នើ​សុំកាន់​កាប់​ប្រើប្រាស់​ដីធ្លី​លិខិត​ទិញ​លក់​ដី​រដ្ឋ​និង​ការ​បញ្ជាក់​លើ​ប្លង់​បង្ហាញ​ទីតាំង​ជា​អាទិ៍​ដែល​ធ្វើឡើង​នៅ​លើដី​ក្នុង​តំបន់​ការពារ​ធម្មជាតិ​និង​ក្នុង​របៀង​អភិរក្ស​ជីវៈ​ចម្រុះ។

លោក​នេត្រ ភក្រ្តា​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថាកាល​ពី​ពេល​ថ្មីៗ​នេះ​ក្រសួង​បរិស្ថាន​បាន​ពិនិត្យ​ឃើញ​ថា​រដ្ឋបាល​ឃុំ​សង្កាត់​មួយ​ចំនួន​នៅ​តែ​បន្ត​ចុះ​ហត្ថលេខា​បញ្ជាក់​ទទួល​ស្គាល់ដី​ក្នុង​តំបន់​ការពារ​ធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈ​ជម្រុះ។

លោក​បញ្ជាក់​ថា៖ «ក្រសួង​បរិស្ថាន​សូម​គូស​បញ្ជាក់​ជា​ថ្មី​ថា​គ្មាន​ជនណា​ម្នាក់​មាន​សិទ្ធិ​កាន់​កាប់ដីធ្លី ទិញ ​ឬក៏​លក់ដីធ្លី​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​បាន​ទេ»។

លោក​នេត្រ ភក្រ្តា ​បន្ថែម​ថា​ក្រសួង​បរិស្ថានបាន​ស្នើ​ឲ្យ​អាជ្ញាធរខេត្ត​បដិសេធ​និង​មោឃភាព​រាល់​លិខិត​និង​ឯកសារ​ទទួលស្គាល់​ទាំងអស់​ដែល​បាន​ចុះ​ហត្ថលេខា​បញ្ជាក់​នា​ពេល​កន្លង​មក។

ក្រសួង​បរិស្ថាន​ក៏​បាន​ស្នើ​ឲ្យ​អភិបាល​ខេត្ត​ទាំងអស់​ណែនាំ​ដល់​រដ្ឋបាល​ឃុំឲ្យ​បញ្ឈប់​រាល់​ការ​ចុះ​ហត្ថលេខា​បញ្ជាក់​លិខិត​ផ្ទេរ​សិទ្ធិ​នានា។

លោក​ថ្លែងបន្ត​ថា៖ «កន្លង​ទៅនេះ​រដ្ឋបាល​ខេត្ត​បាន​ចេញ​លិខិត​ដកហូត​ផ្ទៃដី​ជាច្រើន​ហិកតា​ដែល​កាន់​កាប់​ដោយ​ខុស​ច្បាប់​ដូចជា​នៅ​ខេត្ត​កំពង់​ស្ពឺ​ខេត្ត​មណ្ឌលគិរី​ជាដើម។ ហើយ​ចំពោះ​ករណី​ការ​កាប់ឆ្ការ​រុក​រាន​ទន្រ្ទាន​ដី​ព្រៃរដ្ឋ​ដោយ​ខុសច្បាប់​នេះ ក្រសួង​បរិស្ថាន​បាន​ចងក្រង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់​វិធានការ​តាម​ច្បាប់»។

ក្រោយ​ក្រសួង​បរិស្ថាន​បាន​ចេញ​លិខិត​ទៅ​អភិបាល​ខេត្ត មេ​ឃុំ​ត្រែងត្រយឹង​ក្នុង​ស្រុក​ភ្នំស្រួច​ខេត្ត​កំពង់ស្ពឺ ​អ្នកស្រី​កែវ សុផាត ​បាន​ចេញ​លិខិត​បដិសេធ​មួយ​ចុះ​ថ្ងៃទី​២៨ ខែ​ឧសភា​ដោយ​ធ្វើ​មោឃភាព​លើ​ការ​ចុះ​ហត្ថលេខា​របស់​អ្នកស្រី​លើ​ឯកសារ​លិខិត​ស្នើ​សុំ​ផ្ទេរសិទ្ធិ​កាន់​កាប់​ដីធ្លី និង​លិខិត​ស្នាម​ផ្សេងៗ​នៃ​តំបន់​ឧទ្យាន​ជាតិ​មុនីវង្ស​បូកគោ​និង​ឧទ្យាន​ជាតិ​ព្រះសុរាម្រិត​កុសុមៈ​គិរីរម្យ។

អ្នកស្រី​បញ្ជាក់​មូលហេតុ​ថា៖ «នាង​ខ្ញុំ​ពុំសូវ​យល់​ដឹង​ពី​ច្បាប់​ទម្លាប់​ច្រើន​ឃើញ​តែ​ពួកគាត់​អាស្រ័យ​ផល​ជាក់​ស្តែង»។

លោក​ វ៉ី សំណាង​ អភិបាល​ខេត្ត​កំពង់ស្ពឺ​មាន​ប្រសាសន៍​ថា កន្លង​ទៅ មន្រ្តី​ថ្នាក់​ក្រោម​មាន​ភាព​ចន្លោះ​ប្រហោង​ដោយ​សារ​មិន​បាន​ដឹង​ថា​ដី​នោះ​ស្ថិត​ក្នុង​ដែន​គម្រប​ព្រៃឈើ ព្រោះជឿ​តែ​តាម​អ្នក​ដែល​មក​សុំ​ការ​បញ្ជាក់​លិខិត​ស្នាម។ លោក​បន្ថែម​ថា​ជា​រឿង​ធម្មតា​ដែល​ប្រជាពលរដ្ឋ​តវ៉ា​នឹង​ការ​មោឃភាព​នេះ ប៉ុន្តែ​លោក​ថាការកាន់​កាប់​ដី​រដ្ឋ និង​ដីអភិរក្ស ​ជា​រឿង​ខុស​ច្បាប់។ លោក​បន្ថែម​ថា​មន្រ្តីជំនាញ​នឹង​ចុះ​ទៅ​ពិនិត្យ​ជាក់​ស្តែង​លើ​ដី​ដែល​ប្រជាពលរដ្ឋ​កំពុង​កាន់​កាប់ថា​តើ​វា​ប៉ះពាល់​តំបន់​អភិរក្ស​កម្រិតណា។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ «ជំនាញ​គេ​ត្រូវ​ត្រួត​ពិនិត្យ​មើល​ទៅ​ថា​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដីព្រៃ វា​ធ្វើ​ឲ្យ​បាត់​បង់គម្រប​ព្រៃ វា​ធ្វើ​ឲ្យ​បាត់​បង់​ជម្រក​សត្វ​អាហ្នឹង​គេចេញ​ដីកា​ដកហូត​មក​វិញ»។

បើ​តាម​អភិបាល​ខេត្ត​កំពង់ស្ពឺ​កន្លង​ទៅ មាន​ការ​ដកហូត​ដី​ជាង​៣​ពាន់​ហិកតា​ក្នុង​ស្រុក​ឱរ៉ាល់​ពី​ប្រជាពលរដ្ឋ​ដោយសារ​ប៉ះពាល់​គម្រប​ព្រៃឈើ​នៅ​តំបន់​នោះ។

លោក រ័ត្ន​ ថាវី មន្រ្តី​សម្រប​សម្រួល​របស់​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កំពង់ស្ពឺ មាន​ប្រសាសន៍​ថា​កន្លងទៅ​ប្រជាពលរដ្ឋ​បាន​កាន់​កាប់​ទីតាំង​ជាក់​ស្តែង​នៅ​ក្បែរ​តំបន់​អភិរក្ស ហើយ​មេឃុំ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺក៏បាន​ដឹង​ច្បាស់​អំពី​ដី​អភិរក្ស​និងដី​ធនធាន​បរិស្ថាន​ទាំងអស់។ ដូច្នេះ​លោក​ថា​វា​ជា​ការ​ទទួល​ខុសត្រូវ​រួមរបស់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ដើម្បី​ធានា​ការ​ទុកចិត្ត​ពីប្រជាពលរដ្ឋ។

លោកថ្លែង​ប្រាប់ VOA​ ​ថា៖ «ជាធម្មតា​កាលណា​ គាត់​មាន​ចុះ​ហត្ថលេខា​ឲ្យ​ប្រជាពលរដ្ឋ​ហើយ ប្រជាពលរដ្ឋ​គាត់​មាន​ទំនុកចិត្ត​ហើយ​ទៅ​លើ​ដីធ្លី​ដែល​គាត់​បាន​កាន់​កាប់​ហើយ​ហ្នឹង។ ហើយ​នៅ​ពេល​ដែល​មេឃុំ​ឬក៏​សុរិយោដី​បដិសេធ​វិញ អាហ្នឹង​វាធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង​បាត់​បង់​ជំងឺ​ចិត្ត​លើ​អាជ្ញាធរ​ទាំងស្រុង​តែម្តង»។

លោក​ក៏​ជំរុញ​ឲ្យ​អាជ្ញាធរ​ឃុំ​មាន​ការ​ទទួល​ខុសត្រូវ​លើ​បញ្ហា​នេះ ដោយសារ​ពួកគេ​ជា​អ្នក​ចុះ​ហត្ថលេខា​បញ្ជាក់​លើ​លិខិត​ស្នាម​ផ្សេងៗ​ដល់​ប្រជាពលរដ្ឋ៕

XS
SM
MD
LG