ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​បរិស្ថាន៖គម្រប​ព្រៃឈើ​កម្ពុជា​នៅ​សល់​ប្រមាណ​៤៧% គិត​ត្រឹម​ឆ្នាំ​២០១៨


រូបឯកសារ៖ លោក នេត្រ ភក្រ្តា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី១៥ រដ្ឋមន្រ្តី​បរិស្ថាន​អាស៊ាន។ (ស៊ុន ណារិន/VOA Khmer)
រូបឯកសារ៖ លោក នេត្រ ភក្រ្តា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី១៥ រដ្ឋមន្រ្តី​បរិស្ថាន​អាស៊ាន។ (ស៊ុន ណារិន/VOA Khmer)

កំណើនប្រជាជន​ និង​តម្រូវការ​ប្រើប្រាស់​ដី ដើម្បី​ធ្វើ​កសិកម្ម​ និង​ការ​សាងសង់​ផ្ទះសម្បែង​ បាន​កាត់​បន្ថយគម្រប​ព្រៃ​ឈើ​នៅ​កម្ពុជា​ ដែល​គិត​ចាប់​តាំង​ពីឆ្នាំ២០១៨​មក​ ផ្ទៃ​ដី​ព្រៃ​ឈើ​នៅ​កម្ពុជានៅ​មាន​ប្រមាណ​តែជាង​៨,៥លានហិកតា​ ស្មើនឹង​៤៦,៨៦% ​ធៀបនឹងផ្ទៃ​ដី​សរុប​ទូទាំង​ប្រទេស​។ គម្រប​ព្រៃឈើ​ដែល​នៅ​សេស​សល់​ រួម​បញ្ចូល​ទាំង​ផ្ទៃ​ដីចម្ការកៅ​ស៊ូ​ ចម្ការ​ដូង​ប្រេង​ និង​ដំណាំ​ហូប​ផ្លែ​ដទៃ​ទៀត។ នេះ​បើ​តាម​របាយ​ការណ៍​ចុង​ក្រោយ​មួយ​របស់​ក្រសួង​បរិស្ថាន​ចេញ​ផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ។

បើតាម​របាយការណ៍​ស្តី​ពី«ស្ថានភាព​បរិស្ថាន​លើក​ទី​៤​ និង​សៀវភៅ​ធនធាន​គម្រប​ព្រៃ​ឈើ​កម្ពុជា​ឆ្នាំ​២០១៨»​ចេញ​ផ្សាយ​នៅថ្ងៃ​ទី​២៣ ខែ​កញ្ញា​ ឆ្នាំ​២០២១​នេះ​ ក្នុងឆ្នាំ​១៩៦៥​ ព្រៃឈើ​លាត​សន្ធឹង​លើ​ផ្ទៃដី​៧៣%​នៃផ្ទៃ​ប្រទេស​ ប៉ុន្តែ​ត្រឹម​ឆ្នាំ​២០១៨​ ព្រៃ​ឈើ​បាន​រួម​មក​នៅ​តិច​ជាង​៤៧%។ ហើយ​ចាប់​ពី​ឆ្នាំ​២០១៤​មក ការ​បាត់​បង់​គម្រប​ព្រៃ​ឈើ​ ពុំ​សូវ​មាន​ភាព​ធ្ងន់​ធ្ងរ ប៉ុន្តែ​នៅ​កើត​មាន​ក្នុង​កម្រិត​មួយ​ថេរ។ ​

ក្នុង​សន្និសីទ​ព័ត៌មាន​តាម​ប្រព័ន្ធ​អនឡាញ​ (Zoom Meeting ) ​រដ្ឋលេខាធិការ​ និង​ជាអ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ លោក​ នេត្រ ភក្ត្រា​ បាន​ប្រាប់​អ្នក​សារព័ត៌មានថា​កំណើន​ប្រជាជន ​និង​តម្រូវការ​ប្រើ​ប្រាស់​ដីបានរួម​ចំណែក​មួយផ្នែក​ធំ​ទៅដល់​ការ​កាត់​បន្ថយ​គម្រប​ព្រៃឈើ​។ រីឯការ​កាប់​បំផ្លាញ​ ឬទន្ទ្រាន​ព្រៃឈើ​នោះ​ គ្រាន់​តែ​ជាកត្តា​រួមផ្សំ​តូច​ៗប៉ុណ្ណោះ។

លោក​ថ្លែងថា៖«គឺនៅឆ្នាំ​១៩៦៥​ ប៉ុន្តែ​ទិន្នន័យ​ជា​រួម​គឺ​៦២​ គឺ​ប្រជាជន​កម្ពុជា​របស់​យើង​នៅ​ពេល​នោះ​ មាន​ត្រឹម​តែ​៥,៧លាន​នាក់​ទេ​។ ចំណែក​ឯ២០១៨​ គឺ​ប្រជាជន​យើង​មាន​រហូត​ទៅ​ដល់​១៦លាន​នាក់​ ដែល​កំណើន​ប្រមាណ​ជិត​១០​លាន​នាក់នេះ​ គឺ​ពួកគាត់​ត្រូវ​ការ​ដី​សម្រាប់​ការ​រស់​នៅ​ ជាផ្ទះ​សម្បែង​ ជា​ចម្ការ​សម្រាប់ដំណាំ​ចិញ្ចឹម​ជីវិត​ អី​ចឹង​បញ្ហា​នេះ គឺ​ជា​បញ្ហា​ចម្បង​ធំ​»។

លោក​បន្ថែម​ថា៖ «ក៏ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ យើង​សួរ​ថាតើ​ បញ្ហា​នៃការ​បាត់​បង់​នេះ​ តែ​មួយ​ផ្នែក​ដោយសារ​តែ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ឬក៏ការ​ទៅ​ទន្ទ្រាន? ទាំង​អស់​នេះ​ជា​បញ្ហា​ ជា​កត្តា​តូច​ៗ​ ដែល​រួម​ផ្សំ​គ្នា​ ដែល​ធ្វើ​ឲ្យ​មាន​នូវ​ការ​ធ្លាក់​ចុះ​នូវគម្រប​ព្រៃ​ឈើ​នេះ»។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​រូបនេះ​ ក៏​បាន​រិះគន់សកម្មជន​បរិស្ថានមួយ​ចំនួន ដែល​លោក​ចោទថា​បាន​ផ្សព្វផ្សាយ​ព័ត៌​មាន​មិន​ពិត​ប្រាប់​ពិភពលោក​ថា​ កម្ពុជា​បាន​បាត់​បង់​ធនធានព្រៃឈើ​ នៅ​ពេល​ដែល​កម្ពុជា​កំពុង​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​របស់​បណ្តា​ប្រទេស​ផ្សេង​ទៀត​ នៅ​ក្នុង​ការ​ទិញ​ដូរ​កាបូន​ស្តុក​ពី​វិស័យ​ព្រៃឈើ។ ​

​លោក​ នេត្រ ភក្ត្រា​ ប្រតិកម្មទៅ​សកម្មជន​មួយ​ចំនួន​យ៉ាង​ដូច្នេះ៖«អ្វីដែល​ជា​ការ​ចោទ​ប្រកាន់​របស់​ក្រុម​សកម្ម​ជន​មួយ​ចំនួន​ ដែល​តែង​តែ​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​កុហក​ថា​កម្ពុជា​អស់​ឈើ​ហើយ​។ ប៉ុន្តែ​បើ​កម្ពុជា​អស់​ឈើ​ សួរ​ថា​តើ​របាយ​ការណ៍​របស់​យើង​ ហេតុអ្វី​បាន​ជា​យើង​ចេញ​រហូត​ទៅ​ដល់​ មាន​រហូត​ទៅ​ដល់​៤៦,៨៦​%​? ហើយ​ស្ថានភាព​ជាក់​ស្តែង​ប្រជាពលរដ្ឋ គឺ​គាត់​បាន​ដឹង​ច្បាស់​អំពី​វត្តមាន​នៃ​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​»។

លោក​បន្តថា៖«​ហើយ​មួយទៀត​ បើសិនជា​ព្រៃ​ឈើ​នៅ​កម្ពុជា​អស់​ដូច​អ្វីដែល​គេ​ឃោសនា​ បែប​បោក​បញ្ឆោត​នោះ​ ប្រហែល​ជា​កម្ពុជា​របស់​យើង​មិនមាន​លទ្ធភាព​នៅ​ក្នុង​ការ​លក់​ឥណទាន​កាបូន ​ដែល​បច្ចុប្បន្ន​នេះ ព្រៃ​ឈើ​របស់យើងបាន​និង​កំពុង​តែ​ដើរ​តួនាទី​ មួយ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ចូលរួម​បន្សុទ្ធ​ខ្យល់​របស់​ពិភពលោក​ ហើយ​ដែល​ក្រុមហ៊ុន​ធំៗ​ ដែល​មាន​តួនាទី​ភារកិច្ច​ក្នុងការ​ទទួល​ខុសត្រូវ​លើ​ផ្នែក​បរិស្ថាន​ បាន​មក​ចែ​ចូវ​ មក​ទាក់​ទង​ មក​ទិញ​ពីប្រទេស​កម្ពុជា​របស់​យើង​ដោយសារ​តែ​កម្ពុជា​របស់​យើង​រក្សា​បាន​នូវ​ព្រៃ​ឈើ​ឈរ​ ដែល​ជា​តួនាទី​សំខាន់​មួយ​នៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​»។

​បើតាម​លោក​នេត្រ ភក្ត្រា​ កម្ពុជា​បាន​ឈាន​ចូល​ទីផ្សារ​ឥណទាន​កាបូន​ស្ម័គ្រចិត្ត​ ដែល​តាំង​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០​កម្ពុជា​បាន​លក់​ឥណទាន​កាបូន ដោយ​ទទួលបាន​ថវិកា​១១,៦លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ហើយ​ថវិកា​ទាំងនោះ​ត្រូវបាន​យក​មក​បំពាក់​សម្ភារ​ដល់​មន្ត្រី​ជំនាញ​ដែល​កំពុង​ឈរជើងការពារតំបន់​អភិរក្ស​ និង​បង្កើត​សកម្មភាព​សេដ្ឋកិច្ច​ដល់​ពលរដ្ឋ​មូលដ្ឋាន​។

របាយ​ការណ៍​របស់​ក្រសួង​បរិស្ថាន​ ដែល​បាន​បញ្ជាក់​ការ​នៅ​សេស​សល់​គម្រ​បព្រៃឈើ​នេះ​ ធ្វើ​ឡើង​នៅ​ក្រោយ​ការ​ចេញ​របាយការណ៍​ជា​បន្ត​បន្ទាប់របស់​ក្រុម​អ្នក​ការពារ​បរិស្ថាន​នៅក្នុង​ និង​ក្រៅ​ប្រទេស​ ដែល​បាន​បង្ហាញ​ថា​ កម្ពុជា​បាន​បន្ត​បាត់​បង់ព្រៃ​ឈើ​ក្នុងតំបន់​ដែន​ជម្រក​សត្វព្រៃ​ និង​តំបន់​ព្រៃ​សហគមន៍​មួយ​ចំនួន។ ​

កាល​ពី​ចុងខែ​សីហា​កន្លងទៅ​ ចលនា​ការពារ​បរិស្ថាន​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​ថ្មី​មួយ​ដែល​បញ្ជាក់​ពី​ការ​បាត់​បង់​ព្រៃឈើជាង​៣៧%នៅ​ក្នុងខេត្ត​កំពង់​ធំ​របស់ប្រទេស​កម្ពុជា​ដែល​មាន​ទីតាំង​នៃ​ការ​អនុវត្ត​គម្រោង​សាកល្បង​ រេដបូក​ (REDD+) ​ឬ​គម្រោង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​មាន​ឈ្មោះ​ថា​ទំរីង​(Tumring)​ ។

សហព័ន្ធ​កូរ៉េដើម្បី​ចលនា​បរិស្ថាន​បាន​ពន្យល់​ថា​ យោង​តាម​ទិន្ន័យ​ផ្កាយ​រណប​សាធារណៈ​ដែល​ផ្តល់​ដោយ​សាកល​វិទ្យាល័យ ​Maryland នៅ​សហរដ្ឋ​អាមេរិក​តំបន់​ព្រៃ​ឈើ​បាន​ថយ​ចុះ​ពីប្រមាណ​៥៦.០៨៤​ហិកតា​ក្នុង​ឆ្នាំ​២០១៥ មក​នៅ​ប្រមាណ​៣៥.៥៤៤​ហិកតា បើ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​មុន។

​ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ​ និង​តស៊ូមតិ​របស់​បណ្តាញ​យុវជន​កម្ពុជា​ លោក​ហេង​ គឹមហុង​ ស្នើ​ឲ្យ​ក្រសួង​បរិស្ថាន​បង្ហាញ​ពីទីតាំង​ដែល​ធនធានព្រៃឈើនៅ​សល់​ច្រើន​ និង​ទីតាំង​ដែល​ធនធាន​ព្រៃ​ឈើ​បាន​ និង​កំពុង​ប្រឈម​មុខ​នឹងការ​បាត់​បង់ ដើម្បី​បញ្ជាក់​ពី​សុក្រឹតភាព​នៃ​របាយការណ៍​របស់​ខ្លួនដែល​បញ្ជាក់​ពី​ស្ថានភាព​គម្របព្រៃ​ឈើ​ដែល​នៅ​សេស​សល់​នោះ​។ ​

«៤៦%​នោះ​ គួរ​តែ​មាន​ការ​បង្ហាញ​ផងដែរ​ថា​តើ​ដីព្រៃ​គម្រប​ព្រៃ​ឈើ​សឹក​រេចរឹល​មាន​ប៉ុន្មាន​ ហើយ​តំបន់ព្រៃដែល​ពុំមាន​ការ​សឹករេច​រឹលនោះ​ ប៉ុន្មាន​បាទ​?»។ ​

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថានថា​សកម្មជន​មួយ​ចំនួន​បាន​និយាយ​ភូតភរ​ពីការ​បាត់​បង់​ព្រៃ​ឈើនៅ​កម្ពុជា ​សកម្មជន​ការពារ​ព្រៃ​ឈើ​ លោក ​ហេង ស្រស់​ និយាយ​ថា​ការ​ចោទ​ប្រកាន់​នោះគឺជារឿង​សាមញ្ញ​សម្រាប់​មន្ត្រី​ដែលត្រូវ​ការពារ​មុខមាត់​របស់​រដ្ឋាភិបាល។

លោក​ប្រាប់​វីអូអេ​ថា៖ «ប៉ុន្តែ​បើសិន​ជា​យើងតាម​ដាន​ យើង​ធ្វើ​ការ​ស៊ើប​អង្កេតឲ្យ​បាន​ច្បាស់​លាស់​ទៅ​ គឺមាន​ការ​បាត់​បង់​ព្រៃ​ឈើ​ ហើយ​យើង​ឃើញ​នឹង​ភ្នែក​ ហើយ​យើងមាន​ទាំង​ភស្តុតាង​ យើង​មាន​ទាំង​របាយការណ៍​ដើម្បី​បញ្ជាក់​ ហើយ​យើង​ធ្វើ​កិច្ចការ​ស្រាវ​ជ្រាវ​ដោយ​តម្លាភាព​ដោយ​បច្ចេកទេស​ទៅតាម​ស្តង់ដា»។ ​

​នៅក្នុងវិស័យ​ព្រៃឈើនេះ​ កម្ពុជា​ក៏បាន​បាត់បង់​ការគាំទ្រ​ពីទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​ នៅក្នុង​កា​រអនុវត្តគម្រោង​ព្រៃឡង់​បៃតង​នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់​ដែល​មាន​រយៈ​ពេល​៥​ឆ្នាំ ចាប់​ពី​ឆ្នាំ​ ២០១៨​ ដល់​២០២៣​ ដោយ​មាន​ទឹក​ប្រាក់​ប្រមាណ​២១​លាន​ដុល្លារ​អាមេរិក។

ទីភ្នាក់​ងារUSAID បានផ្តល់​ហេតុ​ផល​នៃការ​ផ្តាច់​ថវិកា​សម្រាប់​គម្រោង​នោះកាលពី​ខែ​មិថុនាថា​ ទោះបី​ខ្លួន​ ផ្តល់​ឲ្យ​មានការ​គាំទ្រទាំង​ផ្នែកច្បាប់ និងការ​ដើរ​ល្បាត ជាមួយការ​រៀបចំ​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​តំបន់​ការ​ពារ​ថ្នាក់​ជាតិ​ក៏ដោយ ក៏​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់ នៅ​តែ​បាន​បាត់​បង់​ដដែល​នូវ​ផ្ទៃ​ដី​ព្រៃ​ប្រមាណ​៣៨.​០០០​ហិកតា គឺ​ជិត​៩%​នៃ​គម្រប​ព្រៃ​ឈើ​នៅ​ទី​នោះ។ ​

​នៅ​ពេល​នោះ​ លោក ​នេត្រ ភក្ត្រា​ ប្រាប់​វីអូអេ​ថា ​ក្រសួង​គោរព​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ដៃ​គូ​អភិវឌ្ឍន៍​និង​អរគុណ​ចំពោះ​ការ​ចូលរួម​ចំណែក​ជាមួយ​កម្ពុជា​ក្នុង​ការ​ផ្តល់​ជំនួយ​បច្ចេក​ទេសនា​ពេល​កន្លង​មក​ក្នុង​កិច្ចការ​ពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​តំបន់​ព្រៃ​ឡង់។ លោក​បន្ថែម​ថា​ បទ​ល្មើស​ធនធាន​ធម្មជាតិ​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់​និង​នៅ​តំបន់​ការពារ​ធម្មជាតិ​ផ្សេង​ទៀត​លែង​កើត​មាន​ទៀត​ហើយ តែ​នៅ​មាន​បទ​ល្មើស​ទ្រង់​ទ្រាយ​តូចៗ​កើត​ឡើង៕

XS
SM
MD
LG