ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍បានផ្សព្វផ្សាយរបាយការណ៍មួយអំពីការសម្លាប់ជនជាតិភាគតិចក្នុងប្រទេសមីយ៉ាន់ម៉ា ដោយបានរៀបរាប់យ៉ាងលម្អិតពីការស៊ើបអង្កេតរបស់អ្នកសារព័ត៌មានពីរនាក់របស់ខ្លួន ដែលកំពុងជាប់ឃុំឃាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ទីភ្នាក់ងារសារព័ត៌មាននេះបានរៀបរាប់យ៉ាងលម្អិតពីការសម្លាប់បុរសជនជាតិរ៉ូហ៊ីងយ៉ា ១០នាក់នៅក្នុងភូមិ Inn Din ជាទីកន្លែងដែលអ្នកសារព័ត៌មាន Reuters ពីរនាក់គឺលោក Wa Lone និងលោក Kyaw Soe Oo បានធ្វើបទសម្ភាសជាមួយអ្នកភូមិកាន់សាសនាព្រះពុទ្ធដែលពួកគេបានប្រាប់ពីការសម្លាប់បុរសទាំងនោះ និងកប់សាកសពនៅក្នុងផ្នូរ។
របាយការណ៍នេះក៏រួមបញ្ជូលរូបថតរបស់បុរសទាំង១០នាក់នោះ បានលុតជង្គង់និងព្រមទាំងដៃមានជាប់ចំណងនៅក្នុងថ្ងៃតែមួយដែលពួកគេត្រូវបានសម្លាប់។ មានរូបថតផ្សេងទៀតបង្ហាញពីសាកសពរបស់បុរសទាំងនោះនៅក្នុងផ្នូរ។ សាក្សីបានបញ្ជាក់ភាពពិតនៃរូបថតទាំងនោះ។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Reuters។
របាយការណ៍ក៏បានបង្ហាញផងដែរថា «ការស៊ើបអង្កេតរបស់សារព័ត៌មាន Reuters ពីការសម្លាប់រង្គាលនៅក្នុងភូមិ Inn Din គឺជាមូលហេតុដែលធ្វើឲ្យអាជ្ញាធរប៉ូលិសចាប់ខ្លួនអ្នកសារព័ត៌មានទាំងពីររូបនេះ»។
អ្នកសារព័ត៌មានទាំងពីរនាក់នោះត្រូវបានកាត់ទោសនៅក្រោមច្បាប់សម្ងាត់របស់ប្រទេសដែលច្បាប់នេះបានធ្វើឡើងកាលពីសម័យអាណានិគមដោយបានចោទប្រកាន់ទៅលើការងារស៊ើបអង្កេតរបស់ពួកគេឲ្យសារព័ត៌មាន Reuters ដែលជាសារព័ត៌មានអន្តរជាតិអំពីប្រតិបត្តិការយោធានៅក្នុងរដ្ឋ Rakhine។ ប្រតិបត្តិការនេះបានបណ្តាលឲ្យជនជាតិរ៉ូហ៊ីងយ៉ាជិត៧សែននាក់រត់ភៀសខ្លួនឆ្លងចូលព្រំដែនប្រទេសបង់ក្លាដែសដែលជាប្រទេសជិតខាង។
នៅក្នុងការទទួលស្គាល់ដ៏ដោយកម្រមួយ បន្ទាប់ពីចាប់ខ្លួនអ្នកកាសែតទាំងពីរនាក់នេះបានមួយខែមក យោធាមីយ៉ាន់ម៉ាបានទទួលស្គាល់ថា កងកម្លាំងរបស់ខ្លួនទទួលខុសត្រូវលើការស្លាប់របស់ជនជាតិរ៉ូហ៊ីងយ៉ា១០នាក់នៅក្នុងផ្នូរ ស្ថិតនៅក្នុងខេត្ត Inn Din។ យោធាមីយ៉ាន់ម៉ានៅបន្តបដិសេធពីការសម្លាប់ជាប្រព័ន្ធទៅលើជនជាតិរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម ដែលអង្គសហប្រជាជាតិចោទថាជាការបោសម្អាតជាតិសាសន៍៕