ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តុំ​អង្គការ​ការពារ​អ្នក​កាសែត​ចំនួន​៥​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ជា​បន្ទាន់


លោក យាង សុធារិន (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្តាំ)។
លោក យាង សុធារិន (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្តាំ)។

អង្គការ​សារព័ត៌មាន​ទាំង​៥ ​​ក៏​ជំរុញ​ឲ្យ​អ្នក​សារព័ត៌មាន​និង​អ្នក​គាំទ្រ​ផ្សេងទៀត តាមដាន​ការ​វិវត្តន៍​នានា​ លើ​សំណុំរឿង​ក្តី​របស់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ទាំង​ពីរ​នាក់​នេះ​ផង​ដែរ។

បណ្តុំ​អង្គការ​ការពារ​អ្នក​កាសែត​ទាំង​ជាតិ​និង​អន្តរជាតិ​ចំនួន​៥ នៅ​ថ្ងៃ​ពុធ​នេះ បាន​ហៅ​ការ​បន្ត​ឃុំ​ខ្លួន​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ពីរ​រូប​គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន ថា​ជា​ទង្វើ​«‍ដ៏ឃោរឃៅ និង​មិន​សម​ហេតុ​ផល» ដែល​ផ្ទុយ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ក្នុង​ការ​ធានា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ដូច​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ថ្លែងការណ៍​រួម​គ្នា​របស់​ក្រុម​អង្គការ​ទាំង​នេះ ដែល ​VOA ​ទើបទទួល​បាន។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) គណៈកម្មាធិការ​ការពារ​អ្នក​កាសែត (Committee to Protect Journalists) សម្ព័ន្ធ​សារព័ត៌មាន​អាស៊ីអាគ្នេយ៍ (Southeast Asia Press Alliance) មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (Cambodian Center for Independent Media) ​និង​ក្លឹប​អ្នក​កាសែត​បរទេស​នៅ​កម្ពុជា (Overseas Press Club of Cambodia) បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​ពួកគេ​ថា ការ​ចោទប្រកាន់​អតីត​អ្នក​សារព័ត៌មាន​ទាំង​ពីរ​នាក់​ពី​បទ​ចារកម្ម ដែល​អាច​ឲ្យ​ពួកគេ​ទាំង​ពីរ​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៧​ទៅ​១៥​ឆ្នាំ​នោះ គឺ​ជា​ការ​ចោទប្រកាន់​មិន​សមស្រប​ទាល់​តែ​សោះ ហើយ​ការណ៍​នេះ ទាក់ទិន​យ៉ាង​ច្បាស់​ក្រឡែត​ទៅ​នឹង​ការ​យាយី​និង​ការ​បំភិតបំភ័យ​ខាង​ផ្លូវ​ច្បាប់​របស់​រដ្ឋាភិបាល​ទៅ​លើ​វិទ្យុ​អាស៊ីសេរី ដែល​អ្នក​ទាំង​ពីរ​ធ្លាប់​ធ្វើ​ការ​ឲ្យ​នោះ។

ដូច្នេះ អង្គការ​សារព័ត៌មាន​ទាំង​៥ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទាំង​ពីរ​គឺ​លោក អ៊ួន ឈិន និង​ លោក យាង សុធារិន ជា​បន្ទាន់ ហើយ​ក៏​ជំរុញ​ឲ្យ​អ្នក​សារព័ត៌មាន​និង​អ្នក​គាំទ្រ​ផ្សេងទៀត តាមដាន​ការ​វិវត្តន៍​នានា​ លើ​សំណុំរឿង​ក្តី​របស់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ទាំង​ពីរ​នាក់​នេះ​ផង​ដែរ ជា​ពិសេស​តាម​បណ្តាញ​សង្គម facebook.com/FreeJournalistsKH

វីដេអូថ្មីៗបំផុត

XS
SM
MD
LG