ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ អាមេរិក​បង្កើន​វិធានការ​ប្រឆាំង​អំពើ​ពុករលួយ​បរទេស​ក្នុង​ឆ្នាំ ២០២២


រូបឯកសារ៖ អគារ​គណៈកម្មការ​ផ្សារ​មូលបត្រ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧។
រូបឯកសារ៖ អគារ​គណៈកម្មការ​ផ្សារ​មូលបត្រ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧។

របាយការណ៍​ថ្មី​មួយ​របស់​អង្គការ TRACE International បាន​បង្ហាញ​ថា សកម្មភាព​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ពង្រឹង​ការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​បរទេស​បាន​កើនឡើង​កាលពី​ឆ្នាំ​ទៅ ក្រោយពី​មាន​ការ​ធ្លាក់​ចុះ​ក្នុង​រយៈពេល ៣ ឆ្នាំ​ជាប់ៗ​គ្នា​មក។

របាយការណ៍​នេះ​បាន​បញ្ជាក់​ថា ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​និង​គណៈកម្មការ​ផ្សារ​មូលបត្រ​របស់​សហរដ្ឋ​អាមេរិក ដែល​ទីភ្នាក់ងារ​ទាំង​ពីរ​នេះ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ពង្រឹង​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​បរទេស បាន​ចាត់​វិធានការ​ពង្រឹង​ច្បាប់​នេះ​ចំនួន ១១ ដង​កាលពី​ឆ្នាំ ២០២២ ដោយ​កើនឡើង​ពី​ចំនួន ៨ ដង​កាលពី​ឆ្នាំ ២០២១។

អង្គការ TRACE International ដែល​ជួយ​ក្រុមហ៊ុន​អាជីវកម្ម​នានា​ឱ្យ​គោរព​តាម​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ បាន​កំណត់​ថា ​វិធានការ​ពង្រឹង​ច្បាប់​នេះ​គឺ​ជា «សេចក្តី​សម្រេច​ចុង​ក្រោយ» អំពី​ការ​ចោទ​ប្រកាន់​ស្តីពី​អំពើ​ពុករលួយ​បរទេស។

អំពើ​ពុករលួយ​បរទេស​គឺជា​ការ​សូក​ប៉ាន់​មន្ត្រី​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​ណា​មួយ​ដោយ​ក្រុមហ៊ុន​ណា​មួយ​ឬ​បុគ្គល​ណា​ម្នាក់​នៃ​ប្រទេស​មួយ​ទៀត។

អ្នក​ស្រាវជ្រាវ​ឯ​ទៀតៗ ដែល​ប្រើ​និយមន័យ​ទូលំទូលាយ​ជាង​នេះ​សម្រាប់​សកម្មភាព​ពង្រឹង​ច្បាប់​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ទាំង​ពីរ​នេះ​បាន​ចាត់​វិធានការ​ច្រើន​កាលពី​ឆ្នាំ​ទៅ។

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​និង​គណៈកម្មការ​ផ្សារ​មូលបត្រ​សហរដ្ឋ​អាមេរិក​បាន​ស៊ើបអង្កេត​លើ​ការ​ចោទ​ប្រកាន់​អំពី​អំពើ​ពុករលួយ​បរទេស​តាមរយៈ​ច្បាប់​ឆ្នាំ ១៩៧៧ ស្ដីពី​ការ​ប្រព្រឹត្តិ​អំពើ​ពុករលួយ​បរទេស។

ច្បាប់​នេះ ដែល​កំណត់​ថា​ការ​សូកប៉ាន់​មន្ត្រី​រដ្ឋាភិបាល​បរទេស​ណា​ម្នាក់​គឺជា​បទ​ឧក្រិដ្ឋ បាន​ផ្តល់​យុត្តាធិការ​ទូលំទូលាយ​ឱ្យ​ទីភ្នាក់ងារ​ទាំងពីរ​នេះ​លើ​ក្រុមហ៊ុន​បរទេស​ណា​ដែល​មាន​សាខា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ឬ​ដែល​ធ្វើ​អាជីវកម្ម​ក្នុង​ទីផ្សារ​ភាគហ៊ុន​របស់​សហរដ្ឋ​អាមេរិក។ ករណី​នេះ​មាន​ន័យ​ថា រដ្ឋអាជ្ញា​សហរដ្ឋ​អាមេរិក​អាច​ចោទ​ប្រកាន់​បុគ្គលិក​នៃ​ក្រុមហ៊ុន​ណា​មួយ​ដែល​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ក្រៅ​ប្រទេស​បាន។

ជា​ប្រវត្តិសាស្ត្រ សហរដ្ឋ​អាមេរិក​គឺជា​មេដឹកនាំ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​បរទេស ដោយ​បាន​ស៊ើបអង្កេត​លើ​ករណី​ពុករលួយ​ច្រើន​ជាង​ប្រទេស​ណាៗ​ទាំង​អស់​នៅ​ក្នុង​ពិភពលោក។

អង្គការ TRACE International បាន​បញ្ជាក់​នៅក្នុង​របាយការណ៍​របស់​ខ្លួន​ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ សកម្មភាព​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅ​ក្រៅ​ប្រទេស​បាន​ថយចុះ ហើយ​កំណើន​សកម្មភាព​នេះ​កាលពី​ឆ្នាំ​ទៅ «មិន​បាន​ជះ​លទ្ធផល​អ្វី​ច្រើន​ដល់​ទំនោរ​ថយចុះ​នេះ​ទេ»។

បើ​តាម​របាយការណ៍​នេះ សកម្មភាព​ប្រឆាំង​នឹង​អំពើ​ពុករលួយ​បរទេស​ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​ផ្សេង​ទៀត​ក៏​មាន​លំនាំ​ស្រដៀង​គ្នា​នេះ​ដែរ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដោយ​មាន​ការ​ថយចុះ​បន្តិច​កាលពី​ឆ្នាំ​ទៅ ហើយ​ក៏​បាន​បង្ហាញ​អំពី​ការ​ថយចុះ​បន្តិច​បន្តួច​នៃ​ចំនួន​ការ​ស៊ើបអង្កេត​ដោយ​បើក​ចំហ​អំពី​អំពើ​ពុករលួយ​បរទេស​នៅ​ទូទាំង​ពិភពលោក​ផង​ដែរ។

ទោះជា​យ៉ាងណា​ក៏ដោយ អ្នកស្រី Alexandra Wrage ដែល​ជា​ប្រធាន​អង្គការ TRACE International នេះ បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​យល់​ថា​យើង​មាន​ទំនុក​ចិត្ត​ខ្លះ​ថា​ពិភពលោក​ទាំង​មូល​យក​ចិត្ត​ទុកដាក់​ហ្មត់ចត់​លើ​ការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ជាង​កាលពី​មួយ​ទសវត្សរ៍​មុន»។

កាលពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ក្រសួង​យុត្តធម៌​សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ទៅ​មុខ​នូវ​គោល​នយោបាយ​មួយ​ដែល​ដៅ​គោលដៅ​លើ​បុគ្គល​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​សាជីវកម្ម។

នៅ​ក្នុង​សុន្ទរកថា​មួយ​កាលពី​ដើម​ខែ​មីនា អ្នកស្រី Lisa Monaco អនុ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បាន​មាន​ប្រសាសន៍​ថា «ការ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​របស់​ទីភ្នាក់ងារ​របស់​អ្នកស្រី​លើ​ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គល​នីមួយៗ​បាន​ផ្តល់​លទ្ធផល​ល្អ»។

អ្នកស្រី Monaco បាន​និយាយ​ថា កាលពី​ឆ្នាំ​ទៅ ផ្នែក​ខាង​ការ​ចាប់​ការ​ប្រព្រឹត្ត​ល្មើស​នៃ​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ឱ្យ​មាន​ការ​ផ្តន្ទាទោស​លើ​បុគ្គល​ច្រើន​ជាង​ឆ្នាំ​ណាៗ​ទាំង​អស់​ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លង​មក​នេះ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

អត្ថបទ​ទាក់ទង

XS
SM
MD
LG