ក្នុងសន្ទស្សន៍អំពើពុករលួយឆ្នាំ២០២២ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៥០ ដែលមានអំពើពុករលួយប្រសើរជាងឆ្នាំមុន តែនៅស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភ។
បើតាមសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២២ ដែលត្រូវបានប្រកាសផ្សាយដោយអង្គការតម្លាភាពអន្តរជាតិកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានពិន្ទុចំនួន២៤ ស្ថិតនៅលេខរៀងទី១៥០ក្នុងចំណោមប្រទេស១៨០លើពិភពលោក ខណៈមីយ៉ាន់ម៉ាស្ថិតនៅលេខរៀងទី១៥៧ ចំណែកកូរ៉េខាងជើងលេខ១៧១។ ករណីកម្ពុជា ចំណាត់ថ្នាក់នេះប្រសើរជាងកាលពីឆ្នាំ២០២១បន្តិច ដោយកាលពីឆ្នាំ២០២១ កម្ពុជាទទួលបាន២៣ពិន្ទុ នៅលេខរៀងទី១៥៧។
បើទោះបីជាចំណាត់ថ្នាក់ថ្មីនៃកម្រិតពុករលួយឆ្នាំ២០២២បង្ហាញថា កម្ពុជាបានប្រសើរជាងឆ្នាំមុនបន្តិចក្តី ប៉ុន្តែក៏នៅតែស្ថិតក្នុងលេខរៀងដែលមានអំពើពុករលួយគួរឱ្យបារម្ភដដែល។
របាយការណ៍សន្ទស្សន៍របស់អង្គការតម្លាភាពអន្តរជាតិបន្ថែមថា យោងតាមប្រភពទិន្នន័យទាំង៨ ដែលត្រូវបានប្រើប្រាស់ដើម្បីគណនាពិន្ទុសន្ទស្សន៍នៃការយល់ឃើញអំពើពុករលួយរបស់កម្ពុជា ការកើនឡើងពិន្ទុតិចតួចនៅឆ្នាំ២០២២នេះបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ប្រទេសនេះ ក្នុងការស្តារឡើងវិញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រោយការរាតត្បាតជំងឺកូវីដ១៩ ការកែលម្អបរិយាកាសធុរកិច្ច ការលើកកម្ពស់សេវាសាធារណៈ និងការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសតម្លាភាពសារពើពន្ធ និងការកៀរគរធនធាន។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ប៉ិច ពិសី លើកឡើងក្នុងពិធីប្រកាសផ្សាយសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២២ថា មូលហេតុដែលកម្ពុជានៅតែទទួលបានពិន្ទុទាប និងស្ថិតក្នុងលេខរៀងអំពើពុករលួយខ្ពស់គឺដោយសារកម្ពុជាមានអំពើពុករលួយក្នុងវិស័យសាធារណៈ និងអំពើពុករលួយជាប្រព័ន្ធច្រើន។
លោកបញ្ជាក់ថា៖ «ខ្ញុំបាទសូមសង្កត់ធ្ងន់ទៅលើអំពើពុករលួយជាប្រព័ន្ធ អំពើពុករលួយខ្នាតធំ ជាពិសេសនៅក្នុងទម្រង់ប្រទាក់ក្រឡាគ្នា ដែលជាភាសាអង់គ្លេសហៅថា Patronage Network គឺនៅមានភាពចាក់ស្រេះ នៅមានភាពស្មុគស្មាញ ជាពិសេសគឺប្រព័ន្ធប្រទាក់ក្រឡាគ្នារវាងអ្នកមានអំណាច និងអ្នករកស៊ី ដែលប្រើប្រាស់អំណាចខុសដើម្បីបានប្រយោជន៍ឯកជន ប្រយោជន៍ខ្លួនឯងហ្នឹងគឺច្រើន»។
បើតាមលោក ប៉ិច ពិសី អំពើពុករលួយធ្វើឲ្យប៉ះពាល់ដល់គ្រប់វិស័យ ជាពិសេសជាឧបសគ្គរារាំងកំណើនសេដ្ឋកិច្ច រារាំងដល់ការវិនិយោគ និងការធានាសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ប្រជាធិបតេយ្យ និងនីតិរដ្ឋ។
លោក ប៉ិច ពិសី បន្ថែមថា រដ្ឋាភិបាលគួរមានការអនុវត្តច្បាប់ឱ្យតឹងរ៉ឹង និងធ្ងន់ធ្ងរលើអ្នកដែលប្រព្រឹត្តអំពើពុករលួយ លើកកម្ពស់សិទ្ធិសេរីភាពរបស់ពលរដ្ឋដែលចាំបាច់ ដោយបើកលំហសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងជួបជុំឡើងវិញ ពង្រឹងការត្រួតពិនិត្យអំណាចដល់ស្ថាប័នពាក់ព័ន្ធ កែប្រែគោលការណ៍គតិយុត្តមួយចំនួន ដូចជាច្បាប់ប្រយុទ្ធប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងការប្រកាសទ្រព្យសម្បត្តិ ការការពារអ្នករាយការណ៍ និងសេចក្តីព្រាងច្បាប់ការពារអ្នកជំនាញ និងជនរងគ្រោះ និងការការពារសាក្សីជាដើម ជំរុញការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន និងជំរុញឱ្យមានការវិនិយោគដោយស្មើភាពជាដើម។
គួរបញ្ជាក់ថា ក្នុងសន្ទស្សន៍កំណត់ពិន្ទុពី០មានន័យថា «ពុករលួយបំផុត» និង១០០មានន័យថា «ស្អាតស្អំបំផុត»។ ការវាយតម្លៃនេះធ្វើឡើងទៅលើប្រទេសចំនួន១៨០នៅក្នុងពិភពលោក។
សន្ទស្សន៍ស្ដីពីការយល់ឃើញពីអំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិ ផ្អែកលើការស្ទង់មតិ និងការវាយតម្លៃពីអ្នកជំនួញ និងអ្នកជំនាញ ដើម្បីវាស់វែងកម្រិតនៃអំពើពុករលួយក្នុងវិស័យសាធារណៈ។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ចាន់វិចិត្រ ប្រាប់ VOA តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា អង្គភាពប្រឆាំងអំពើពុករលួយមិនដែលទទួលស្គាល់ការដាក់ពិន្ទុរបស់អង្គការតម្លាភាពនោះទេ។
បើតាមលោកសយ ចាន់វិចិត្រ ការដាក់ពិន្ទុនេះខុសពីគោលការណ៍អន្តរជាតិ និងខុសពីការណ៍ពិត។ ទោះយ៉ាងណា លោកថា អង្គភាពតែងតែទទួលយកទុកជាព័ត៌មានសម្រាប់ការពិចារណា។
ចំណែក អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន យល់ថា សន្ទស្សន៍ដែលចេញដោយអង្គការតម្លាភាពកម្ពុជាមិនឆ្លុះបញ្ចាំងពីស្ថានភាពអំពើពុករលួយនៅកម្ពុជាទេ។ លោកបន្ថែមថា រដ្ឋាភិបាលបាននិងកំពុងធ្វើកំណែទម្រង់ឲ្យមានតម្លាភាព និងគណនេយ្យភាពក្នុងវិស័យសាធារណៈ ព្រមទាំងចាត់វិធានការលើករណីអំពើពុករលួយជាបន្តបន្ទាប់។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា៖ «ទី១ យើងបានអប់រំបញ្ចៀសពីការចូលរួមការប្រព្រឹត្តអំពើពុករលួយ។ ទី២យើងធ្វើកំណែទម្រង់ឈរលើតម្លាភាព និងគណនេយ្យភាព អាហ្នឹងជាគោលនយោបាយដែលយើងចាត់វិធានការតាមយុទ្ធសាស្ត្រ ជាពិសេសក្នុងវិស័យសាធារណៈ។ ចំណុចទី៣ ក្រៅពីកំណែទម្រង់ យើងមានច្បាប់ប្រឆាំងនឹងអំពើពុករលួយ ដោយដាក់ទណ្ឌកម្មទៅលើមន្ត្រីដែលប៉ះពាល់ ឬត្រូវទទួលការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយ»។
កម្ពុជាត្រូវបានចាត់ថ្នាក់ក្នុងសន្ទស្សន៍ពុករលួយខ្លាំងតាំងពីឆ្នាំ២០១២មក។ នៅឆ្នាំ២០១៦ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៥៦ នៅឆ្នាំ២០១៧ លេខ១៦១ នៅឆ្នាំ២០១៨លេខ១៦១ នៅឆ្នាំ២០១៩លេខ១៦២ នៅឆ្នាំ២០២០លេខ១៦០ ឆ្នាំ២០២២លេខ១៥៧ និងឆ្នាំ២០២២នេះលេខ១៥០ ក្នុងចំណោមប្រទេសចំនួន១៨០ នៅទូទាំងពិភពលោក៕