យុទ្ធនាការប្រឆាំងអំពើពុករលួយនៅវៀតណាម ត្រូវគេរំពឹងថានឹងបន្តទៅទៀត ក្រោយការលាលែងពីតំណែង«ដោយបង្ខំ»របស់ប្រធានាធិបតីលោក Nguyen Xuan Phuc ក្នុងពេលដែលសាធារណជនបាត់ទំនុកចិត្ត ដោយសាររឿងអាស្រូវជាបន្តបន្ទាប់ពាក់ព័ន្ធនឹងមន្ត្រីក្រោមឱវាទរបស់លោក និងការដោះស្រាយបញ្ហាជំងឺរាតត្បាតកូវីដ១៩របស់ពួកគេ។
ក្រុមអ្នកវិភាគនិយាយថាអគ្គលេខាធិការបក្សកុំម្មុយនិស្តវៀតណាមដែលគិតគូរពីកេរដំណែលគឺលោក Nguyen Phu Trong ដែលជាអ្នកនៅពីក្រោយយុទ្ធនាការប្រឆាំងអំពើពុករលួយដែលគេហៅថាយុទ្ធនាការ«ឡដុតកម្តៅ»ឬ“burning furnace” គិតដោយប្រយ័ត្នប្រយែងថាអំពើពុករលួយកំពុងគំរាមកំហែងភាពស្របច្បាប់នៃគណបក្សរបស់លោក។
លោក Carl Thayer សាស្ត្រាចារ្យចូលនិវត្តន៍នៅសាកលវិទ្យាល័យ New South Wales ក្នុងប្រទេសអូស្ត្រាលី និយាយថា៖ «យុទ្ធនាការប្រឆាំងអំពើពុករលួយនេះ កំពុងត្រូវបានដាក់ឲ្យដំណើរការយ៉ាងទូលំទូលាយ ប៉ុន្តែជាការអនុវត្តចោះៗ។ ខ្ញុំគិតថាការណ៍នេះ នាំឲ្យមានភាពមិនច្បាស់លាស់កាន់តែច្រើន។ យុទ្ធនាការនេះ មានគោលបំណងផ្តល់ការធានាឡើងវិញ»។
នៅខែកញ្ញា លោក Trong ដែលកំពុងកាន់តំណែងក្នុងអាណត្តិទី៣ដ៏កម្រក្នុងនាមជាអគ្គលេខាធិការបក្ស បានជំរុញការបណ្តេញចេញពីតំណែង«ឲ្យទាន់ពេលវេលា»នូវមន្ត្រីអសមត្ថភាពនិងជនទាំងឡាយណាដែលបានប្រព្រឹត្តអំពើខុសឆ្គងនិងការរំលោភបំពាននានា។
ការចោទប្រកាន់លើកមុនៗរួមមានទាំងមន្ត្រីក្រសួងការបរទេស ដែលត្រូវបានចោទថាបានជំរិតទារប្រាក់ប្រមាណ២០០លានដុល្លារពីពលរដ្ឋវៀតណាមនៅក្រៅប្រទេសដែលប៉ុនប៉ងវិលត្រឡប់ចូលប្រទេសវិញក្នុងអំឡុងពេលជំងឺរាតត្បាត។
នីតិវិធីព្រហ្មទណ្ឌ ក៏ត្រូវប្រើប្រាស់ដើម្បីចាត់វិធានការប្រឆាំងនឹងមនុស្សជាង១០០នាក់ ទាក់ទងរឿងអាស្រូវនៃចំនួនទឹកប្រាក់១៧២លានដុល្លារ ដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនបច្ចេកវិទ្យា Viet A។ ក្រុមមន្ត្រីត្រូវបានចោទប្រកាន់ថាបានទទួលសំណូក ជាថ្នូរនឹងការផ្តល់ឲ្យមន្ទីរពេទ្យនូវឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ១៩ ដែលត្រូវបានបំប៉ោងតម្លៃយ៉ាងខ្ពស់។
ឧបនាយករដ្ឋមន្ត្រី២រូបត្រូវបានបណ្តេញពីមុខតំណែងកាលពីដើមខែនេះ។
រដ្ឋាភិបាលវៀតណាម និយាយថាលោក Phuc ដែលមានអាយុ៦៨ឆ្នាំ ទទួលខុសត្រូវខ្ពស់ជាងគេចំពោះបទល្មើសដែលមន្ត្រីក្រោមឱវាទ បានប្រព្រឹត្តរួមទាំងឧបនាយករដ្ឋមន្ត្រីទាំងពីរនាក់និងរដ្ឋមន្ត្រី៣នាក់ផង។
រដ្ឋាភិបាលបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា៖ «ដោយដឹងខ្លួនថាជាអ្នកទទួលខុសត្រូវទាំងស្រុងនៅចំពោះមុខបក្សនិងប្រជាជន លោក(Phuc) បានដាក់ពាក្យសុំលាលែងពីតួនាទី មុខតំណែង និងសុំចូលនិវត្តន៍»។
លោកបណ្ឌិត Dinh Duc Long ដែលបានឃ្លាំមើលយ៉ាងដិតដល់នូវការដោះស្រាយរបស់រដ្ឋាភិបាលលើបញ្ហាជំងឺរាតត្បាត បានប្រាប់VOAភាសាវៀតណាមពីទីក្រុងហូជីម៉ិញថាសាធារណមតិឈប់គាំទ្រភាពជាអ្នកដឹកនាំរបស់លោក Phucហើយ។
លោកនិយាយថា៖ «ចំពោះការថាតើបទល្មើសរបស់លោកPhuc ជាបទឧក្រិដ្ឋឬអ្វីផ្សេងនោះ យើងមិនទាន់ដឹងទេ»។
លោក Dinh បន្តថាគណៈកម្មាធិការមជ្ឈិមបក្សកុំម្មុយនិស្តនិងរដ្ឋសភាបានបំពេញការងាររបស់ខ្លួនរួចហើយ។
លោក Dinh និយាយថា៖ «មានពាក្យចចាមអារ៉ាមជាច្រើន។ ពិតណាស់ ពាក្យចចាមអារ៉ាមទាំងនេះ មិនអាចបញ្ជាក់ថាពិតឬអត់ទេ តែសាធារណជនខកចិត្តណាស់ ខឹមសម្បារខ្លាំងណាស់ ដោយសារព័ត៌មាននោះ។ ជាការ ពិតទាក់ទងនឹងការចោទប្រកាន់ពីបទឧក្រិដ្ឌ ពិតហើយថា ព័ត៌មាននោះមិនត្រូវបានផ្ទៀងផ្ទាត់ទេ។ វាជាកាតព្វកិច្ចរបស់តុលាការ»។
លោក Vo Van Tao អតីតអ្នកសារព័ត៌មានបម្រើការឲ្យប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហើយបច្ចុប្បន្នជាអ្នកសរសេរប្លុកឯករាជ្យ បានប្រាប់VOAភាសាវៀតណាមថា៖ «វាជាបុព្វសិទ្ធិរបស់ក្រុមឥស្សរជន» ក្នុងបក្សកុំម្មុយនិស្ត ក្នុងការទុកមុខមាត់ ដោយការមិនចាត់វិធានការខ្លាំងពេកទៅលើកំហុសរបស់សមាជិកបក្ស។
លោក Vo និយាយថា៖ «លោក Nguyen Xuan Phuc ស្រាប់តែ«លាលែង»ភ្លាមៗ។ តាមពិត វាជាការដកចេញ។ និយាយឲ្យខ្លី វាជាការបណ្តេញចេញ»។
លោកបន្ថែមថា៖ «ពេលពួកគេមានកំហុស ពេលពួកគេធ្វើអ្វីខុស ឬសូម្បីតែពេលពួកគេត្រូវបានរកឃើញថាមានទោសក្តី តែដោយសារតែមុខតំណែងរបស់ពួកគេ តួនាទីធំរបស់ពួគេក្នុងបក្សដូចជាសសរស្តម្ភទាំង៤ឬក្នុងការិយាល័យនយោបាយកំពូល ពេលគេដាក់វិធានការវិន័យលើអ្នកទាំងនោះ គេធ្វើវាតាមរបៀបទន់ភ្លន់ ដើម្បីរក្សាមុខមាត់បក្ស»។
វៀតណាមគ្មានអ្នកដឹកនាំកំពូលតែម្នាក់ឯងទេ។ ប្រទេសនេះត្រូវបានដឹកនាំជាផ្លូវការដោយ«សសរស្តម្ភ៤» គឺអគ្គលេខាបក្សកម្មុយនិស្តវៀតណាម ប្រធានាធិបតី ដែលភាគច្រើនគ្រាន់តែជាតួនាទីពិធីការ នាយករដ្ឋមន្ត្រី និងប្រធានសភា។
លោកសាស្ត្រាចារ្យThayer និយាយថាលោក Trong អាយុ៧៨ឆ្នាំ ត្រូវគេរំពឹងថានឹងចូលនិវត្តន៍នៅខែមករាឆ្នាំ២០២១ក្នុងសមាជជាតិលើកទី១៣ ក្រោយពីបានបម្រើការងារបានពីរអាណត្តិ ដែលក្នុងមួយអាណត្តិរយៈពេល៥ឆ្នាំ ហើយបានជ្រើសតាំងលោក Tran Quoc Vuong ជាអ្នកបន្តវេនពីរូបលោកស្របតាមវិធានបក្ស។
តែគណៈមជ្ឈិមបក្សកុំម្មុយនិស្តវៀតណាម បានបោះឆ្នោតជំទាស់ការតែងតាំងនោះ ដែលលោកនិយាយថាជាការវិវត្តមួយដែលគេមិនបានរំពឹងទុក ហើយថាគណៈមជ្ឈិមបក្សមិនយល់ស្របលើអ្នកជំនួស ដែលបង្កភាពស្មុគស្មាញដោយសារស្ថានភាពកាន់តែអាក្រក់នៃជំងឺរាតត្បាតកូវីដ១៩។
លោក Thayer បានVOAថា៖ «គ្មានការប្រជែងអំណាចកើតឡើងទេនៅវៀតណាមទេ ហើយជាជាងពង្រឹងអំណាចរបស់លោក លោកកំពុងត្រៀមកេរដំណែលរបស់លោក។ ខ្ញុំជឿថាលោកនឹងចុះចេញពីតំណែងយ៉ាងយូរនៅឆ្នាំ២០២៦ ហើយការងាររបស់លោកគឺរកអ្នកបន្តវេន តែជម្រើសកាន់តែតិចទៅៗ»។
ទន្ទឹមពេលជាមួយគ្នានេះ លោក Thayer និយាយថាលោក Trong នឹងគូសវាសឲ្យសមាជិកការិយាល័យនយោបាយ លេខាធិការដ្ឋាន និងមន្ត្រីបក្សជាន់ខ្ពស់ដទៃទៀត សម្រាប់អ្នកស្នងតំណែងពីលោក។
លោក Thayer និយាយថា៖ «លោកTrong នឹងបន្តយុទ្ធនាការ«ឡដុតកម្តៅ»របស់លោក ពីព្រោះលោកដឹងថាអំពើពុករលួយក្នុងបក្សគឺជាការគំរាមកំហែងដ៏ធំចំពោះភាពស្របច្បាប់របស់បក្សក្នុងការដឹកនាំប្រទេសវៀតណាម។ តើយុទ្ធនាការនេះ នឹងឈប់ទេ? គន្លឺះគឺនៅត្រង់ថាមុខតំណែងនៅទំនេរនៅឡើយដែលត្រូវការអ្នកមកកាន់»។
លោកThayer និយាយថាបេក្ខជន៣រូប ត្រូវបានដំឡើងតួនាទីដែលអាចមកកាន់តំណែងជំនួសលោក Phuc។ អ្នកទាំង៣នោះរូមមានរដ្ឋមន្ត្រីការពារជាតិ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីសន្តិសុខសាធារណៈ លោកនាយឧត្តមសេនីយ៍ To Lam។
ជម្រើសទី៣អាចថាលោក Trong នឹងកាន់តំណែងជាប្រធានាធិបតី ខណៈលោករក្សាមុខតំណែងរបស់លោកជាអគ្គលេខាបក្សកុំម្មុយនិស្តវៀតណាមរហូតដល់ចប់អាណត្តិក្នុងពេលប្រមាណ៣ឆ្នាំខាងមុខទៀត៕
ប្រែសម្រួលដោយលោក សាយ មុន្នី