ប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc បានលាលែងពីតំណែងនៅថ្ងៃអង្គារនេះ ដែលធ្វើឱ្យលោកក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតរបស់រដ្ឋាភិបាលវៀតណាមដែលចុះចេញពីតំណែង បន្ទាប់ពីលោកត្រូវបានគេចាត់ទុកថាមានការទទួលខុសត្រូវនៅក្នុងរឿងអាស្រូវពុករលួយដែលមានការចាប់អារម្មណ៍ខ្លាំងពីសាធារណជន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសវៀតណាមបានរាយការណ៍ថា លោកបានលាលែងពីតំណែងនៅក្នុងសម័យប្រជុំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែលបានធ្វើឡើង «ដើម្បីពិចារណានិងផ្ដល់យោបល់លើបំណងប្រាថ្នារបស់សមមិត្ត Nguyen Xuan Phuc ដែលចង់លាលែងពីតំណែងនេះនិងចូលនិវត្តន៍»។ ភាសានៃការប្រកាសនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថាលោកត្រូវបានបង្ខំឱ្យលាលែងពីតំណែង។
លោក Phuc អាយុ ៦៨ ឆ្នាំ បានចាប់ផ្ដើមអាជីពនៅក្នុងរដ្ឋាភិបាលនៅថ្នាក់ខេត្តកាលពីឆ្នាំ ១៩៧៩ និងបានកាន់តំណែងដំបូងនៅក្នុងរដ្ឋាភិបាលថ្នាក់ជាតិនៅឆ្នាំ ២០០៦។ លោកបានចូលរួមនៅក្នុងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនៅក្នុងឆ្នាំ ២០១១ និងបានកាន់តំណែងជានាយករដ្ឋមន្ត្រីពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១ ហើយនៅឆ្នាំ ២០២១ លោកត្រូវបានរដ្ឋសភាជាតិជ្រើសរើសឱ្យធ្វើជាប្រធានាធិបតី។
តំណែងជាប្រធានាធិបតីនៅក្នុងប្រទេសវៀតណាមគឺភាគច្រើនជាតំណែងបែបនិមិត្តរូប។
តំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ជាតំណែងមានឥទ្ធិពលបំផុត ដែលនៅពេលបច្ចុប្បន្ននេះត្រូវបានកាន់ដោយលោក Nguyen Phu Trong ដែលកាលពីឆ្នាំ ២០២១ លោកត្រូវបានបោះឆ្នោតជ្រើសរើសដោយកម្រឱ្យកាន់តំណែងនេះនៅអាណត្តិទីបីដែលមានរយៈពេល ៥ ឆ្នាំជាបន្តទៀត។
លក្ខណៈពិសេសដែលគេស្គាល់លោក Trong គឺថាលោកគឺជាអ្នកដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជាយូរមកហើយ ដែលកាលពីលោកកាន់តំណែងជាអគ្គលេខាធិការបក្សនៅអាណត្តិទីពីរ យុទ្ធនាការរបស់លោកបានចាត់វិធានការសំដៅលើអតីតរដ្ឋមន្ត្រីពីររូបក្នុងជួរគណៈរដ្ឋមន្ត្រីនិងអតីតអភិបាលក្រុងហាណូយ៕