ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍បង្ហាញអំពីភាពអាសន្ននៃការពង្រីកអាជីវកម្មរ៉ែមាសក្នុងប្រទេសកម្ពុជា


រូបឯកសារ៖ ទិដ្ឋភាព​នៃ​កន្លែង​រែង​យក​មាស​មួយ​កន្លែង​នៅ​ខេត្ត​មណ្ឌល​គិរី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១១។
រូបឯកសារ៖ ទិដ្ឋភាព​នៃ​កន្លែង​រែង​យក​មាស​មួយ​កន្លែង​នៅ​ខេត្ត​មណ្ឌល​គិរី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១១។

ដំបូង​ឡើយ​ក្រុម​ហ៊ុន​បាន​ចូល​មក​ដល់​ដី​របស់​អ្នក​ស្រី​យឹម សុផាត ​នៅ​ឆ្នាំ​២០១៦​ ដោ​យបាន​អះអាង​ថា​ ​ដីស្រែ​និង​ចម្ការ​របស់​អ្នក​ស្រី​ មិន​មែន​ជា​របស់គាត់ទេ​ ទោះបី​ជា​គាត់​មានក​ម្ម​សិទិ្ធដីធ្លី ​និង​បាន​ប្រើ​ពេល​ជាច្រើន​ឆ្នាំ​លើ​ការ​ដាំ​ដុះ​លើ​ដី​ដែល​មាន​ទីតាំង​ក្នុង​ខេត្ត​ព្រះវិហារ​ដែល​នៅ​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា។ ​

ស្រ្តីវ័យ​៦១ឆ្នាំ​រូបនេះ​បាន​ចូលរួម​ជាមួយ​អ្នក​ជិត​ខាង​ ដែល​បាន​បាត់​បង់​ដីធ្លី​ ដាក់​ពាក្យ​បណ្តឹង​តវ៉ា​ទៅ​មន្ត្រីភូមិ​ ស្រុក​ និង​ខេត្ត។ ​បន្ទាប់​មក​ពួក​គាត់​បាននាំ​យក​ជម្លោះ​នោះទៅ​កាន់​តុលាការ​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​ ដោយ​បាន​បង្ហាញ​ហេតុផលថា​ មាន​តែ​សំណូក​ប៉ុណ្ណោះ ដែល​អាច​បក​ស្រាយ​រឿង​ដែល​ដោះ​មិន​ចេញ​បាន។​

អ្នកស្រី​ប្រាប់​វីអូអេ​នៅ​ខែ​មករា​នេះ​ថា៖​ ​«ខ្ញុំ​ដាក់​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដាក់​ដល់​ខេត្ត​ ដល់​តុលាការ​ស្រុក​ភូមិ​ឃុំអីគ្មាន​សល់​ អត់មាន​ទទេ​សោះ។​ ប្រជា​ពលរដ្ឋ​យើង​ខំដើរ​ដាក់​ ដើរ​អត់​បាន​ ​ អត់​មានបាន​ចម្លើយ​អី​មក​»។​

អ្នក​ស្រី​បន្ថែម​ថា៖ ​«ទោះ​បី​ថ្លៃ​ថោក​ក៏​ដោះស្រាយ​ជូន​គ្នា​ទៅ​ ឲ្យ​គា្ន​រក​ដី​ រក​ធ្លី​ទៅ។ ​នេះ​អត់​ទទេ​សោះ»។ ​

អ្នក​ស្រី ​យឹម ​សុផាត​ ​បាន​ថ្លែង​ថា នៅពេល​ឥឡូវ​នេះ​ គាត់​រស់​បាន​ដោយសារ​ការ​ដើរ​កាត់​ព្រៃ​ និង​ប្រមូល​កម្ទេច​កម្ទី​ផ្តៅ ​ដើម្បី​លក់​បាន​លុយ​ខ្លះ​ទិញ​ម្ហូប​អាហារ។​

អ្នក​ស្រី​ថ្លែង​ថា៖ ​«ដី​ស្រែ​ដី​ចម្ការ​ គេ​យក​អស់​ហើយ!​ សុំ​គេ​ជា​លុយ​ជាអី​ ជា​ថវិកា​ទៅ​រក​ដី​រក​ធ្លី​ទៀត​ក៏អត់​បាន​ដែរ។ ​ ខ្ញុំវេទនា​ណាស់​ ដើរកាត់​តែ​ចុង​ផ្តៅ​ទេ​ ដូរ​បាយ​ដូរ​អង្ករ​ហូប»។​

នៅភាគី​ខាង​ជម្លោះ​គឺ​ក្រុមហ៊ុន​ Delcom (Kampuchea)​ PTE ​ដែល​អ្នក​ភូមិ​ត្រូវ​បាន​ប្រាប់​ថា ក្រុមហ៊ុន​មាន​អាជ្ញាបណ្ណ​រុក​រក​ និង​ជីក​យក​រ៉ែមាស​លើផ្ទៃដី​ប្រមាណ​១៨០០​ហិកតា​ នៅ​ក្នុង​ស្រុក​រវៀង​ខេត្ត​ព្រះ​វិហារ។ ​ក្នុង​ចំណោម​អ្នក​កាន់​ភាគ​ហ៊ុន​ដែល​ត្រូវ​បាន​គេ​រាយការណ៍​នោះ​ មាន​លោក ​ហ៊ីង​ ប៊ុនហៀង ​មេ​បញ្ជាការ​កង​អង្​គរក្ស​ដ៏មាន​ឥទ្ធិពល​របស់​នាយក​រដ្ឋ​មន្ត្រី។​

បទ​ពិសោធន៍​របស់​អ្នកស្រី ​យឹម​ សុផាត ​បង្ហាញ​អំពី​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​ឧស្សាហ​កម្ម​រ៉ែមាស​ដែលខ្វះ​បទ​ពិសោធន៍​នៅ​ប្រទេស​កម្ពុជា។ នេះបើ​យោង​តាម​របាយ​ការណ៍​របស់​អង្គការ​សមធម៌​កម្ពុជា ​ ដែល​ជា​អង្គការក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​ឃ្លាំ​មើល​ធនធាន​ធម្មជាតិ។​

របាយ​ការណ៍​ស្តីពី៖ ​«ស្ថានភាព​ឧស្សាហ​កម្ម​រ៉ែ​មាស​នៅ​កម្ពុជា៖ ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ការ​បំផ្លាញ​បរិស្ថាន» ​បាន​កត់សម្គាល់​មន្ត្រីរដ្ឋាភិបាល​ម្នាក់​នៅ​ឆ្នាំ​២០០៧​ ដែល​បាន​និយាយ​ថា​ ការ​ពង្រីក​ឧស្សាហ​កម្ម​រ៉ែមាស​នេះ​នឹង​ជួយ​ដល់​ការ​ថយ​ចុះ​នៃ​ការ​ពឹង​ផ្អែក​លើ​ជំនួយ​ពី​ម្ចាស់​ជំនួយ​ និង​លើ​ប្រាក់​កម្ចី​ដែល​ជាបន្ទុក​ដ៏ធ្ងន់​ និង​បង្កើត​ប្រាក់​បន្ថែម​ទៀត​សម្រាប់​ផ្នែក​អប់រំ​ សុខភាព​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​កម្មវិធី​សង្គម។​ ​

ខណៈ​ក្រុមហ៊ុន​ជាច្រើន​បាន​បង្កើន​ការ​យក​រ៉ែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​របាយ​ការណ៍​និយាយថា​ មាន​ភស្តុតាង​តិចតួច​នៃ​អត្ថ​ប្រយោជន៍​របស់​ឧស្សាហ​កម្ម​រ៉ែ​សម្រាប់​សហគមន៍​មូលដ្ឋាន​ ឬថវិកា​រដ្ឋ។​ ក្រុមហ៊ុន​ភាគ​ច្រើន​ដែល​កំពុង​ធ្វើប្រតិ​បត្តិ​ការ​ក្នុង​វិស័យ​នេះ​ត្រូវបាន​កំណត់​ដោយ​គម្រោង​សាធារណៈ​ដែល​មិន​មាន​ភាព​ច្បាស់​លាស់ ​ហើយ​មើល​ទៅ​ហាក់​ដូចជា​មាន​ទំនាក់​ទំនង​ច្រើន​ជាមួយ​នឹង​អ្នក​ប្រើ​ឥទ្ធិពល​នយោបាយ​ដែល​ជា​មន្ត្រីរ​បស់​គណបក្ស​កាន់​អំណាច។​

អង្គការ​សមធម៌​កម្ពុជា​បាន​លើក​ឡើង​នៅ​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​ថា៖​ «គិត​ចាប់​តាំង​ពី​ឆ្នាំ[​២០០៧] ​ការ​ចូល​មក​កាន់​កាប់​ ដោយ​សាជីវ​កម្ម​លើ​ធនធាន​រ៉ែ​បាន​បន្ត​អនុញ្ញាត​ឲ្យ​ក្រុម​បុព្វការីជន​ អភិជន​ជាច្រើន​នៃឧ​ស្សាហ​កម្ម​នេះ​ទទួល​បាន​ប្រាក់​ចំណេញ​អតិបរមា​ និង​ការ​ធ្វើ​អាជីវ​កម្ម​លើ​ធនធាន​ធម្មជាតិ​ ខណៈ​ពេល​ដែល​កាត់​បន្ថយ​គណនេយ្យ​ភាព​ប្រកប​ដោយ​ប្រសិទ្ធភាព»។

របាយ​ការណ៍​បន្ថែម​ថា៖ «​ការ​ពង្រីក​ ការ​ធ្វើ​គ្រឿង​យន្តកម្ម​ និង​ការ​ប្រើប្រាស់​សារ​ធាតុ​គីមី​របស់​ឧស្សហ​កម្ម​នេះ​បាន​បង្កើន​ហានិភ័យ​នៃ​ការ​ទន្ទ្រាន​យក​ដី​ធ្លី ​ការ​បំផ្លាញ​បរិស្ថាន​ និង​សុខភាព​ និង​សុវត្ថិភាព​ការងារ​សម្រាប់​ប្រជា​ពលរដ្ឋ​ និង​សហ​គមន៍​របស់​ប្រទេស​កម្ពុជា​ ជាពិសេស​ជនជាតិ​ដើមភាគតិច»។

រូបឯកសារ៖ បុរសម្នាក់​បង្ហាញ​ដុំមាស​ដែល​រែង​បាន​ នៅខេត្ត​មណ្ឌលគិរី កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១១។
រូបឯកសារ៖ បុរសម្នាក់​បង្ហាញ​ដុំមាស​ដែល​រែង​បាន​ នៅខេត្ត​មណ្ឌលគិរី កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១១។

ទីកន្លែង​របស់​ក្រុមហ៊ុន​ Delcom​ គឺ​ស្ថិត​ក្នុង​ចំណោម​ករណី​សិក្សា​ដែល​មាន​នៅ​ក្នុង​របាយ​ការណ៍​ ដែល​បាន​សិក្សា​ស្រាវជ្រាវ​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​រតនគិរី​ មណ្ឌលគិរី​ និង​ក្រចេះ។ ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​បាន​ជីក​រុក​រក​រ៉ែ​ខ្នាត​តូច​ «ដោយ​ប្រើដៃ»​ ជា​យូរ​យារ​មក​ហើយ ហើយការ​អនុវត្តបែប​នេះ​ជារឿយៗ​ត្រូវបាន​ហាម​ឃាត់​ ពេល​ណា​ដែល​ក្រុមហ៊ុន​ឯកជន​ចូលមកដល់។

សហគមន៍​ជន​ជាតិ​ដើម​ភាគតិច ​ដែល​អង្គការ​សមធម៌​កម្ពុជា​ជាញឹកញាប់​មាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក​ បាន​ចែក​រំលែក​នូវទុក្ខ​កង្វល់​ និងការ​ទាមទារ​ស្រដៀងៗ​គ្នា។​ ពួកគេ​និយាយ​ថា ​សារធាតុ​រ៉ែ​បាន​បំពុល​ផ្លូវ​ទឹក​ជាមួយ​ជាតិគីមី​ដែល​ត្រូវ​បាន​ប្រើ ​ដើម្បី​ចម្រាញ់​យក​មាស​ ហើយបាន​ធ្វើឲ្យបាត់បង់​ដី​ និងការ​ចិញ្ចឹម​ជីវិត​តាមបែប​ប្រពៃណី ​និង​ថែម​ទាំង​បង្ខំឲ្យ​ពួកគេ​ផ្លាស់​កន្លែង​រស់​នៅ ដែល​ការ​បម្លាស់​ទី​រស់នៅ​នោះ​ជា​ញឹក​ញាប់​កើត​ឡើង​ជាមួយ​នឹង​ការ​ទទួល​បាន​វិញ​នូវ​សំណង​តិចតួច​ ហើយ​ក៏គ្មាន​ការ​ដឹង​ឮ​ជា​សាធារណៈ​ក្នុង​ដំណើរការផ្លាស់ប្តូរ​នោះ​ដែរ។

ទោះ​ជាយ៉ាង​ណា មាន​ករណី​លើក​លែង​ដែរ​ គឺក្រុមហ៊ុន​ Renaissance Minerals​ជាក្រុមហ៊ុន​ដែលបាន​ចុះ​បញ្ជីនៅ​ក្នុង​ផ្សារ​ភាគហ៊ុន​អូស្ត្រាលី​ (ASX)​ ដែល​បាន​គ្រប់​គ្រង​កន្លែង​យក​រ៉ែក​នៅ​តំបន់អូរខ្វាវ​ ក្នុង​ស្រុក​កែវសីមា​ ខេត្តមណ្ឌលគិរី។ ​អ្នក​ភូមិ​បាន​រាយ​ការណ៍​ថា​ ក្រុមហ៊ុន​ផ្តល់​ការងារ​ល្អ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ អនុវត្ត​តាម​វិធាន​សុវត្ថិភាព​មូលដ្ឋាន​ ផ្តល់​ឲ្យ​នូវ​អត្ថ​ប្រយោជន៍​សុខ​ភាព​ ហើយ​បាន​ដាក់​ទុន​វិនិយោគ​លើ​ហេដ្ឋារ​ចនា​សម្ព័ន្ធ​នៅ​មូលដ្ឋាន​ ដែល​ផ្ទុយ​ពីក្រុមហ៊ុន​គ្រប់​គ្រង​ដោយ​ជន​ជាតិចិន​ដែល​នៅក្បែរ​គឺ​ក្រុមហ៊ុន​ Rong Cheng Industrial Investment (Cambodia)។​

របាយ​ការណ៍​របស់​អង្គការ​សមធម៌​កម្ពុជា​បាន​សរសេរ​ថា៖​ «អ្នក​ភូមិ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ជាមួយ​ក្រុមហ៊ុន​ រីណេសិន​ មីនឺរ៉ល​ (Renaissance Minerals) ​លើក​លែង​តែ​ការ​ទន្ទ្រាន​របស់​ក្រុមហ៊ុន​លើ​ដី​ប្រពៃណី​របស់​ពួក​គេ​ និង​កង្វះ​តម្លាភាព​ជុំវិញ​ផែនការ​ និង​សកម្មភាព​របស់​ក្រុមហ៊ុន​កាលពី​ដំបូង»។​ ​

ក្រុមហ៊ុន​ រីណេសិន​ មីនឺរ៉ល​ (Renaissance Minerals)​ បាន​ទិញ​យក​ផល​ប្រយោជន៍ ​ពី​ក្រុមហ៊ុន ​Oz Minerals ​ជា​ក្រុមហ៊ុន​អូស្រា្តលី​មួយ​ទៀត​ដែល​បាន​សារ​ភាព​ថា​ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​នៅ​កម្ពុជា​បាន​ផ្តល់​សំណូក​ដល់​មន្ត្រី​កម្ពុជា​ដើម្បី​ទទួល​បានអាជ្ញាបណ្ណ​រ៉ែ។ ​ក្រុមហ៊ុន​ រីណេសិន​ មីនឺរ៉ល​ ​បាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ក្រុម​អ៊ីមីរ៉ល រីសូស​ អិនអិល ​(Emerald Resources NL)​ ជាក្រុមហ៊ុន​មួយ​ទៀត​ដែល​បាន​ចុះ​បញ្ជី​លើ​ផ្សារ​ភាគហ៊ុន​អូស្ត្រាលី​ នៅ​ឆ្នាំ​២០១៦​ ហើយ​បាន​ជីក​យក​រ៉ែ​មាស​លើក​ដំបូង​ពីទីតាំង​អូរខ្វាវ​នៅ​ក្នុង​ឆ្នាំ​២០២១។​

មន្ត្រី​ក្រុមហ៊ុន​ម្នាក់​បដិសេធ​ផ្តល់​ការពន្យល់​លើការ​អះអាង​លម្អិត​នានា​នៅ​ក្នុង​របាយ​ការណ៍។

អ្នកស្រី ​Alison Kerr ​ជំនួយ​ការ​នាយក​ប្រតិបត្តិ ​និង​ជា​អ្នក​គ្រប់​គ្រង​ការិយាល័យ​ក្រុមហ៊ុន​ Emerald Resources ​ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​ជា​ភាសា​អង់គ្លេស​ និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ខេមរ​ភាសា​ថា៖​

«យើង​បាន​កត់​ត្រា​ទុក​សារ​អ៊ីមែល​របស់​អ្នក ​និង​របាយ​ការណ៍​ដែល​បង្កការ​ភាន់​ច្រឡំ​ជាច្រើន​ ហើយ​យើង​បាន​បញ្ជូន​សារ​នេះ​ទៅ​កាន់​អាជ្ញាធរ​កម្ពុជា​សម្រាប់​ជា​ព័ត៌មាន និង​ការ​ចាត់​វិធាន​ការ​របស់​ពួកគេ»។

អ្នក​ភូមិ​ជាច្រើន​នាក់​ស្ទើរតែ​មុន​អាច​រក​អ្វីដែល​ល្អ​មក​និយាយ​បាន​ឡើយ​អំពី​កន្លែង​ជីក​យក​រ៉ែមាស​របស់​ក្រុមហ៊ុន Delcom។​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​សមធម៌​កម្ពុជា។​

របាយ​ការណ៍​បាន​ថ្លែង​ថា​ អ្នក​ភូមិ​ជា​ច្រើន​នាក់​ត្រូវ​បាន​ដាក់​សម្ពាធ​ឲ្យ​ទទួល​យក​សំណង​ក្នុង​តម្លៃ​ដែល​ក្រោម​ទីផ្សារ​ចំពោះ​ដី​របស់​ពួក​គេ​ ហើយ​«ត្រូវ​បាន​គំរាម​កំហែង​ជាមួយ​នឹង​ការ​បណ្តេញ​ចេញ​ទាំង​បង្ខំ​ និងគ្មាន​សំណង​ បើ​សិន​ពួក​គេ​មិន​ធ្វើ​តាម»។ ​របាយ​ការណ៍​ឲ្យ​ដឹង​ទៀត​ថា មាន​យុទ្ធនាការ​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​ដែល​បាន​ធ្វើ​អត្ថាធិប្បាយ​ឲ្យ​សហ​គមន៍​ជន​ជាតិ​ដើម​ភាគតិច​បោះបង់​ប្រពៃណី​វប្បធម៌​របស់​ពួកគេ។ ​របាយ​ការណ៍​ក៏​បាន​ពណ៌នា​អំពី​ការ​ទទួល​បាន​ប្រាក់​តិចតួច​ពី​ប្រតិបត្តិ​ការ​រ៉ែ​សម្រាប់​ពលរដ្ឋ​ផង​ដែរ។​

របាយ​ការណ៍​រៀប​រាប់​ថា៖​ «បទ​សម្ភាសន៍​ជាច្រើន​បាន​បង្ហាញ​ថា ​សុខភាព​របស់​សហ​គមន៍​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុ​ង​រយៈ​ពេល​ប្រាំ​ឆ្នាំ​កន្លង​មក​នេះ។ ​អ្នក​ភូមិ​ជា​ច្រើន​បាន​រាយ​ការណ៍​អំពីការ​កើន​ឡើង​នូវ​ហេតុ​ការណ៍​នៃ​ការ​មាន​ជំងឺ​មហារីក​ ស្ថានភាព​ហើម ​ការ​ឈឺ​ចាប់​ក្នុង​ពោះ ​ជំងឺ​បាត់​ស្មារតី​ ឬ​បាត់ការ​ចងចាំ​ ជំងឺ​រលាក​តម្រង​មូត្រ​ និង​ពក​សាច់​ជាដើម​ នៅ​ក្នុង​សហគមន៍»។ ​

វីអូអេ​មិន​អាចទាក់ទង​តំណាង​ក្រុមហ៊ុន ​Delcom ​តាម​លេខ​ទូរសព្ទ​ដែល​ត្រូវ​បាន​ចុះ​កត់​ទុក​ក្នុង​បញ្ជី​សារ​ជីវ​កម្ម​កម្ពុជា​បាន​ទេ។ ​វីអូអេ​បាន​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​មន្ត្រី​ខេត្ត​ព្រះ​វិហារ​តាម​ទូរសព្ទ​ ប៉ុន្តែ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ទេ។

រូបឯកសារ៖ បុរសម្នាក់​បង្ហាញ​មាស​ដែល​រែង​បាន​ នៅខេត្ត​មណ្ឌលគិរី កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១១។
រូបឯកសារ៖ បុរសម្នាក់​បង្ហាញ​មាស​ដែល​រែង​បាន​ នៅខេត្ត​មណ្ឌលគិរី កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១១។

នៅ​កម្រិត​ថា្នក់​ជាតិ​ បុគ្គល​ដែល​លើក​ទូរសព្ទ​របស់​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ ​និង​ថាមពល​លោក​កែវ រតនៈ ​ប្រាប់​អ្នក​កាសែត​ថា ​បាន​ប្រើលេខ​ខុស។ ​វីអូអេ​បានព្យាយាម​ទាក់ទង​អគ្គនាយក​ទទួល​បន្ទុក​ធនធាន​រ៉ែ​លោក​អ៊ឹង ឌីបូឡា​ តាម​ទូរសព្ទ​ ដើម្បី​សុំ​ការ​ធ្វើអត្ថា​ធិប្បាយ​ ប៉ុន្តែ​មិន​អាច​ទាក់ទង​បាន​ទេ។​

មន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​កាល​ពី​ឆ្នាំ​មុន​ថា ​ក្រុមហ៊ុន​ចំនួន​៧​ មាន​អាជ្ញា​បណ្ណ​រុក​រក​រ៉ែ​មាស​យ៉ាង​សកម្ម​ក្នុង​ប្រទេស​កម្ពុជា។​ នេះ​បើ​តាម​កាសែត​ភ្នំពេញ​ប៉ុស្តិ​។ ​ពួកគេ​បាន​និយាយ​ថា ក្រុមហ៊ុន​រុករក​រ៉ែ​បាន​រួម​ចំណែក​១៥​លាន​ដុល្លារ​ដល់​រតនាគារ​ជាតិ​នៅ​ក្នុង​ឆ្នាំ​២០២២​ ហើយ​ស្ទើរតែ​ទាំង​ស្រុង​នៃ​លុយ​ទាំង​អស់​នោះ​បាន​មក​ពី​ក្រុមហ៊ុន ​Renaissance Minerals។​

អគ្គ​នាយក​ទទួល​បន្ទុក​ធនធាន​រ៉ែ​លោក ​អ៊ឹង​ ឌីបូឡា ​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ថា​ សកម្ម​ភាព​រុករក​ក៏​កំពុង​ដំណើរ​ការ​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ រតនគិរី ​និង​បាត់ដំបង​ផង​ដែរ ​ហើយ​បាន​និយាយ​ថា ​អាជ្ញា​បណ្ណ​រុករករ៉ែ​បន្ថែម​អាច​ត្រូវ​បាន​ចេញ​ ប្រសិន​បើមាន​ «សក្តានុពល​ផលិត​កម្ម​គ្រប់គ្រាន់»។​

​អង្គការ ​Mother Nature Cambodia ​ដែល​ជា​ក្រុមស​កម្ម​ជន​បរិស្ថាន​ បាន​ធ្វើ​យុទ្ធនាការ​ជា​ច្រើន​ឆ្នាំ​ដើម្បី​ឲ្យ​មាន​តម្លាភាព​ក្នុង​វិស័យ​នេះ ​ខណៈ​ផ្តល់​ការយក​ចិត្តទុក​ដាក់​លើការ​ខូចខាត​ដល់​សហគមន៍​មូលដ្ឋាន។ ​លោក ​Alejandro Gonzalez-Davidson ​សហ​ស្ថាបនិក​នៃ​ក្រុម​ដែល​ត្រូវ​បាន​រារាំង​ក្នុង​ប្រទេស​កម្ពុជា​បាន​និយាយ​ថា ពាណិជ្ជ​កម្ម​រ៉ែមាស​បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​លើ​ស្ថានភាព​រស់​នៅ​របស់ប្រជា​ពលរដ្ឋសហគមន៍​ និង​ការ​ប្រើ​អំណាច​របស់​អាជ្ញាធរ​មូលដ្ឋាន​នៅ​ពេល​អ្នក​ជីក​យករ៉ែ​មក​ដល់។​

លោក​ថ្លែង​ជា​ភាសា​អង់គ្លេស​ និង​ត្រូវ​បាន​ប្រែសម្រួល​ជា​ខេមរ​ភាសា​ថា៖​ «ដោយ មាន​ការ​ហូរចូល​ខ្លាំង​ពី​កម្មករ​មក​ពី​ខាង​ក្រៅ​នោះ​ ការណ៍​នេះ​នឹង​បង្កផល​ប៉ះពាល់​លើ​ការ​រស់​នៅ​បែបប្រពៃណី ​វប្បធម៌ ​និង​ភាសា​របស់​ពួក​គេ។ ​ឧក្រិដ្ឋ​កម្ម​នឹង​កើន​ឡើង។ ​អាជ្ញាធរ​មូល​ដ្ឋាន​លែង​ខ្វល់​ពី​សេចក្តី​ត្រូវ​ការ​របស់​ពលរដ្ឋ​ទៀត​ហើយ​ តែ​គេ​នឹង​ខ្វល់​អំពី​សេចក្តី​ត្រូវការ​របស់​ក្រុម​ហ៊ុន​តែ​ប៉ុណ្ណោះ»។​

បើតាម​លោក ​Gonzalez-Davidson ​ទីបំផុត​ទៅ​ ពាណិជ្ជកម្ម​រ៉ែ​បង្ខំ​មនុស្ស​ជាច្រើន​ឲ្យ​ចាក​ចេញ​ ដោយ​គ្មាន​ដី​សម្រាប់​បង្ក​បង្កើន​ផល​កសិកម្ម​ ឬ​ក៏​មធ្យោបាយ​សម​សម្រប​ដើម្បី​ចិញ្ចឹម​ជីវិត។ ​លោក​ឲ្យ​ដឹង​ទៀត​ថា​ មាន​ភាព​ចៀស​មិន​រួច​ពិត​ប្រាកដ​មួយ​សម្រាប់​ការ​បើក​ឲ្យមាន​អាជីវ​កម្ម​ពាណិជ្ជ​កម្ម​រ៉ែ​ ប៉ុន្តែ​អ្វី​ដែល​រដ្ឋាភិបាល​មិន​អាច​ធ្វើ​បាន​នោះ​គឺ​ធានា​ថា​ សាធារណ​ជន​បាន​ទទួល​ផល​ប្រយោជន៍​ពី​ការ​ទាញ​យក​ផល​ចំណេញ​ពី​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​នេះ។​

លោក​ថ្លែង​ថា៖ ​«បង្ហាញ​គេ​ឯង​ឲ្យ​ពេញ​មួយ​ប្រទេស​ដឹង​ទៅ​ថា​ លុយ​ចំនួន​ប៉ុន្មាន​ដែល​កម្ពុជា​រក​បាន​ ហើយ​បាន​ពន្ធ​ប៉ុន្មាន​ដែរ? ​តើ​បាន​ប្រាក់​កម្រៃ​ប៉ុន្មាន​សម្រាប់​ ប្រទេស? ​ហើយ​អ្នក​ដឹង​ទេ​ អ្នក​ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ​លើ​ផល​ដែល​បាន​មក​នោះ​ ថា​ តើមាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​យ៉ាង​ណា​ខ្លះ​លើ​សុខភាព​ និង​ការ​អប់រំ​របស់​ខេត្ត​ និង​ប្រទេស? ​អ្នក​អត់​បាន​ផល​ទាំង​នេះ​ទេ!»។​

លោក​បន្ថែម​ថា៖ ​«ដូច្នេះ ​អ្វី​ដែល​ជា​ក្តី​បារម្ភ​ធំ​បំផុត​របស់​ខ្ញុំ​នោះ​គឺ​ថា ​រឿង​នេះ​កំពុង​ធ្វើ​ឲ្យ​បុគ្គល​ពុក​រលួយ​កាន់តែ​មាន​ឡើងៗ ​ខណៈ​ពលរដ្ឋ​កម្ពុជា​កំពុង​មើល​មិន​ឃើញ​ផល​ប្រយោជន៍​ជា​ដុំ​កំភួន​សោះ»។ ​

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាលា ​La Follette School of Public Affairs​របស់​សាកល​វិទ្យាល័យ ​Wisconsin-Madison ​បាន​ធ្វើការ​សន្និដ្ឋាន​ស្រដៀង​គ្នា​នៅ​ក្នុង​របាយ​ការណ៍​របស់​ពួកគេ​កាល​ពីឆ្នាំ​មុន​ ដែល​មាន​ចំណង​ជើង​ថា៖ «ការ​បង្កើន​តម្លាភាព​ក្នុង​ឧស្សាហ​កម្ម​និស្សារណ​កម្ម​នៅ​កម្ពុជា»។​

អ្នក​និពន្ធ​បាន​និយាយ​ថា៖ ​«សក្តានុ​ពល​ដ៏​សំខាន់» ​សម្រាប់​ចំណូល​ពី​ការ​រុក​រក​រ៉ែ​មាស​ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា ​ប៉ុន្តែ​ឧស្សាហ​កម្ម​នេះ​ក៏​បាន​គូស​បញ្ជាក់​ពី​«គ្រោះ​ថ្នាក់» ​នៃ​ឧស្សាហ​កម្ម​និស្សារណ​កម្ម​របស់​កម្ពុជា ​ដែល​ក្នុង​នោះ​គឺ​មាន​«និន្នាការ​ប្រវត្តិ​សាស្ត្រ​ដែល​ផ្តល់ទិន្នន័យ​មិន​ច្បាស់លាស់​ ជា​ជាង​ទិន្នន័យ​មាន​តម្លាភាព»។​

​អ្នកស្រី ​Jennifer Morzfeld ​ដែល​ជា​អ្នក​និពន្ធ​ម្នាក់​បាន​និយាយ​ថា​ ការ​ជីក​យក​រ៉ែ​មាស​មិន​សូវ​បំផ្លាញ​បរិស្ថាន​ជាង​ឧស្សាហ​កម្ម​និស្សារណ​កម្ម​ផ្សេងទៀត ​ដូច​ជា​ការ​បូម​ខ្សាច់​នៅ​ក្នុង​ទន្លេ​មេគង្គ​ទេ ហើយក៏​មិន​មាន​ច្រើន ​ដូច​ធនធាន​រ៉ែ​ផ្សេង​ទៀត​ដែរ។

អ្នកស្រី​ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​ថា៖ ​«ទាំងអស់​នេះ​គឺ​ចង់​និយាយ​ថា ​ជាទូទៅ​ ការ​ជីកយក​រ៉ែមាស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពិត​ជា​មាន​សក្តានុពល​ក្នុង​ការ​ផ្តល់​នូវ​ការ​ជំរុញ​សេដ្ឋ​កិច្ច​ដ៏​សំខាន់​មួយ​ទាក់ទង​នឹង​ប្រាក់​ចំណូល​ជាតិ ​និង​ការ​បង្កើត​ការងារ​ ប៉ុន្តែ​មាន​ការ​ប្រឈម​ផ្នែក​បរិស្ថាន​ដែល​អាច​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​នៅ​កម្ពុជា។ ​រដ្ឋាភិបាល​ចាំបាច់​ផ្តល់​សំណង​ឲ្យ​បាន​ល្អ​ប្រសើរ»។​

អ្នកស្រី​បាន​និយាយ​ថា ​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រួម​ទាំង​អង្គការ​ Open Development Cambodia ​ដែល​ទទួល​បន្ទុក​របាយ​ការណ៍​នេះ ​កំ​ពុងដាក់​សម្ពាធ​ជា​បន្ត​បន្ទាប់​លើ​មន្ត្រី ​ដើម្បី​បង្កើន​តម្លាភាព​ក្នុង​វិស័យ​នេះ។​

អ្នកស្រី​បន្ថែម​ថា៖​ «ក៏មាន​សម្ពាធ​ពីខាង​ក្រៅ​កាន់​តែខ្លាំង ​ដែល​ជំរុញ​ឱ្យ​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​មាន​ការ​បើក​ចំហ​កាន់តែ​ច្រើន ​ដូចជា​ឱកាស​សម្រាប់​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ​ឬ​ឱកាស​ចូល​រួម​ជាមួយ​អង្គការ​អន្តរជាតិ ​ដែល​អាច​នាំ​ចំណូល​ចូល​ជាតិ​កាន់តែ​ច្រើន ​និង​លើក​កម្ពស់​កម្រិត​ជីវភាព​នៅ​កម្ពុជា»។​

លោក​ទន់ មៀន​ អ្នក​ភូមិ​ម្នាក់​ទៀត​នៅ​ស្រុក​រវៀង ​បាន​និយាយ​ថា ​ គាត់​បាន​តាមមើល​ប្រតិបត្តិ​ការ​រុករក​រ៉ែ​របស់​ក្រុមហ៊ុន ​Delcom ​ដែល​ពង្រីក​ជា​បណ្តើរៗ​តាំងពី​ឆ្នាំ ​២០១៤ ​មក​ម៉្លេះ។ ​គាត់​និយាយ​ថា ​ដី​ស្រែ​របស់​គាត់​បាន​រង​ផល​ប៉ះ​ពាល់ ​ដោយ​សារ​ការ​បំពុល​ដែល​ហូរ​ចេញ​ពី​កន្លែង​ជីក​យករ៉ែ​នោះ​ ចូល​ទៅ​ក្នុង​ផ្លូវ​ទឹក​ក្នុង​តំបន់។

លោក​ថ្លែង​ថា៖ ​«វា​ប៉ះពាល់​ដីស្រែ​ចម្ការ ​ប្រជា​ពលរដ្ឋ​ ហើយ​នឹង​ប៉ះពាល់​ធនធន​ធម្មជាតិ ​និង​ការ​បំពុល​ទឹក​អីហ្នឹង»។​

អ្វី​ដែល​លោក ​ទន់ មៀន​ ​នៅ​មិន​ទាន់​បាន​ឃើញពី​ឧស្សាហ​កម្ម​រ៉ែ​មាស​នោះគឺ​ការ​កែ​លម្អ​ផ្សេងៗ​ ដើម្បី​ជួយ​ប៉ះប៉ូវ​ការ​ខូច​ខាត​ក្នុង​សហគមន៍​ ដូចជា​ការ​សាង​សង់សាលា​រៀន ​ផ្លូវ ​ឬ​ស្ពាន​ថ្មី​ជា​ដើម។​

លោក​បន្ថែម​ថា៖​ «អាហ្នឹង​ហើយ​ដូចថា​ អត់​ទាន់​បាន​ហេដ្ឋា​រចនា​សម្ព័ន្ធអី​ត្រឹម​ត្រូវ»៕

XS
SM
MD
LG