អាជ្ញាធរកម្ពុជាជាបន្តបន្ទាប់បានបង្កើនការបង្ក្រាបលើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ជាពិសេសការបង្រ្កាបថ្មីៗនេះទៅលើប្រជាពលរដ្ឋដែលធ្វើអាជីវកម្មរ៉ែមាសនៅឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤។
បើតាមសេចក្តីប្រកាសព័ត៌មាន អាជ្ញាធរបានចុះបង្ក្រាបទ្រង់ទ្រាយធំលើទីតាំងអាជីវកម្មរ៉ែមាសអនាធិបតេយ្យនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១០ ខែមករា។ គិតត្រឹមថ្ងៃទី១ ៦ ខែមករា អាជ្ញាធរបានរកឃើញទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់លួចលាក់ចំនួន៣បន្ថែមទៀត នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
បើតាមក្រសួងរ៉ែ និងថាមពល ក្រសួងបានអប់រំដល់ម្ចាស់ទីតាំងរ៉ែមាសអនាធិបតេយ្យទាំងនោះអំពីនីតិវិធី ផលប៉ះពាល់ធ្ងន់ធ្ងរលើសុវត្ថិភាព សុខភាព និងបរិស្ថាន នៅអំឡុងពេលក្រសួងចុះពិនិត្យនិងទប់ស្កាត់។ ក្រសួងបញ្ជាក់ថា ប្រជាពលរដ្ឋទាំងនោះក៏បានស្ម័គ្រចិត្តរុះរើ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពអាជីវកម្មរ៉ែមាសខុសច្បាប់របស់ខ្លួនផងដែរ។
ក្រសួងបញ្ជាក់ថា៖ «ជាថ្មីម្តងទៀត ក្រសួងរ៉ែនិងថាមពលនឹងបន្តប្តេជ្ញាបញ្ចប់នូវរាល់សកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែស្របច្បាប់ ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើនមានជាអាទិ៍ការបង្កើតឱ្យមានឱកាសការងារនៅនឹងកន្លែងនិងប្រយោលការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍសហគមន៍មូលដ្ឋានតាមរយៈការធ្វើអាជីវកម្មរ៉ែ ប្រកបដោយចីរភាព ដោយមានការគាំទ្រនិងការការពារពីច្បាប់»។
នៅក្នុងពិធីធ្វើបទបង្ហាញស្តីពី«គោលនយោបាយរ៉ែ និងថាមពល» កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលឡើងកាន់តំណែងបានជិត ៥ខែមកហើយ លើកឡើងថា ក្រសួងនឹងចាត់វិធានការទៅលើអាជីវកម្មរ៉ែមាសអនាធិបតេយ្យនានាដែលលោកថា អាជីវកម្មរ៉ែមាសអនាធិបតេយ្យនាំឱ្យបាត់ចំណូលជាតិ ឱកាសសម្រាប់ក្រុមហ៊ុនវិនិយោគធំៗ បំផ្លាញបរិស្ថាន ជាពិសេសប៉ះពាល់កម្លាំងពលកម្ម។
លោកថ្លែងថា៖ «រឿងទី ៣ ការការពារពលកម្ម។ បើសិនជាគាត់មិននៅក្រោមសំណាញ់ច្បាប់ ច្បាប់ក៏អត់អាចការពារបាន។ អ៊ីចឹងបើមានពលកម្មកុមារ បើមានការធ្វើអាជីវកម្មលើពលកម្មគ្រប់ប្រភេទ យើងអត់ដឹងថាការពារបងប្អូនកម្មករយ៉ាងម៉េចទេ ដោយគាត់លាក់បាំង គាត់ធ្វើខុសច្បាប់។ ក្នុងគោលដៅទាំងអស់នេះហើយដែលក្រសួងរ៉ែ និងថាមពលនឹងបន្តចាត់ការទប់ស្កាត់នូវអនាធិបតេយ្យរ៉ែ»។
បើតាមរដ្ឋមន្ត្រីរូបនេះ ប្រជាពលរដ្ឋអាចធ្វើអាជីវកម្មរ៉ែជាសហគមន៍បាន ដើម្បីចិញ្ចឹមជីវិត ប៉ុន្តែលោកក៏ព្រមានអ្នកនៅពីក្រោយខ្នងនៃអាជីវកម្មរ៉ែអនាធិបតេយ្យនិងសហគមន៍ផងដែរ ដែលលោកថា ជាការកេងប្រវ័ញ្ចកម្លាំងប្រជាពលរដ្ឋ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពី លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបាននៅឡើយទេ។
លោក ជុំ ហុន មេឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា ក្រោយអាជ្ញាធរចុះទៅពិនិត្យនៅទីតាំងធ្វើអាជីវកម្មរ៉ែមាស ប្រជាពលរដ្ឋទាំងនោះក៏នាំគ្នារុះរើទីតាំងធ្វើអាជីវកម្មរ៉ែ ហើយអាជ្ញាធរក៏បានអប់រំប្រជាពលរដ្ឋទាំងនោះ។
លោកថ្លែងថា៖ «គេអប់រំណែនាំពួកគាត់ អប់រំណែនាំឱ្យគាត់រើសម្ភាររបស់គាត់ចេញពីតំបន់នោះ»។
បើតាមមេឃុំរូបនេះ អ្នកធ្វើអាជីវកម្មរ៉ែមាសភាគច្រើនមកពីខេត្តក្រចេះ មិនមែនជាអ្នកនៅក្នុងឃុំជាំតាម៉ៅឡើយ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤ សកម្មភាពអាជីវកម្មរ៉ែមាសនៅក្នុងស្រុកមេមត់ មានការប្រើប្រាស់ឧបករណ៍ទំនើប សារធាតុគីមី និងរំសេវជាតិផ្ទុះ ការបំបែកថ្ម និងការជីកលុងអណ្តូងរ៉ែមាសក្រោមដីប្រកបដោយគ្រោះថ្នាក់បំផុត។
ប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង ប្រាប់វីអូអេថាលោកសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាល ហើយទន្ទឹមនឹងនោះ លោកក៏ជំរុញឱ្យមានការបង្ក្រាប ក៏ដូចជាទប់ស្កាត់ឱ្យបានទៀងទាត់ ជាពិសេសរកអ្នកនៅពីក្រោយនៃការធ្វើអាជីវកម្មរ៉ែទាំងនោះ។
លោកថ្លែងថា៖ «អ៊ីចឹងការស្រាវជ្រាវប្រភព និងការស្វែងរកប្រភពពាក់ព័ន្ធជាមួយអំពើពុករលួយនិងការធ្វើអាជីវកម្មរ៉ែនេះ គឺជារឿងសំខាន់មែនទែន។ទន្ទឹមនឹងគ្នានោះដែរ យើងក៏មានការព្រួយបារម្ភបើសិនមិនមានការអនុវត្តទាន់ពេលវេលាឬក៏អនុវត្តមួយឆាវៗ អត់មានទៅតាមគោលការណ៍ច្បាប់ តាមអី ខ្ញុំគិតថា វាជារឿងមួយដែលយើងបារម្ភ បារម្ភពីនិរន្តរភាព បារម្ភពីចីរភាពនៃធនធានរ៉ែរបស់ប្រទេសកម្ពុជា»។
បើតាមប្រធានសមាគមរូបនេះ អាជីវកម្មរ៉ែទាំងនោះបង្កគ្រោះថ្នាក់ដល់អ្នកធ្វើអាជីវកម្ម ដោយសារតែការបាក់ដី និងការខូតខាតដល់ប្រព័ន្ធអេកូឡូស៊ីផងដែរ៕
វេទិកាបញ្ចេញមតិ