នៅថ្ងៃច័ន្ទនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ចាប់ផ្ដើមស្នើដាក់ប្រព័ន្ធគ្រប់គ្រងចរាចរតាមផ្លូវអាកាសឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ឯកជន ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍រយៈពេលមួយសប្ដាហ៍ផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធ។
ការគ្រប់គ្រងចរាចរតាមផ្លូវអាកាស នាពេលបច្ចុប្បន្ននេះ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ។ លោក Gary Cohn ទីប្រឹក្សាសេដ្ឋកិច្ចចម្បងរបស់លោក Trump បានប្រាប់អ្នកសារព័ត៌មាននានាថា ការធ្វើឯកជនូបនីយកម្មនេះ នឹងជួយកាត់បន្ថយពេលវេលានៃការធ្វើដំណើរ និងថ្លៃសាំង។
នៅចុងសប្ដាហ៍នេះ លោក Trump នឹងធ្វើដំណើរទៅកាន់រដ្ឋ Ohio ដើម្បីពិភាក្សាអំពីការរីកចម្រើនទំនប់ទឹកនានា ដែលជាគន្លឹះសំខាន់សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម។
លោក Trump ក៏មានជំនួបគ្រោងទុកជាមុនមួយទៀតផងដែរ ជាមួយនឹងអភិបាលរដ្ឋ និងអភិបាលក្រុងនានា ដើម្បីពិភាក្សាអំពីគម្រោងរបស់ពួកគេ ហើយលោក Trump នឹងធ្វើទស្សនកិច្ចទៅកាន់ក្រសួងដឹកជញ្ជូននៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីការកែទម្រង់ច្បាប់នានា ដែលទាក់ទងនឹងផ្លូវគោក និងផ្លូវដែក។
លោក Gary Cohn បាននិយាយថា៖ «ទោះបីជាអ្នកជានរណាក៏ដោយ ក៏អ្នកនៅតែរងការប៉ះពាល់ដោយសារហេដ្ឋារចនាសម្ព័ន្ធជានិច្ច»។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក លោក Trump បានអំពាវនាវឲ្យបង្កើតកម្មវិធីមួយ ដែលមានទឹកប្រាក់ចំនួន ១ ទ្រីលានដុល្លារអាមេរិក ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស។ សំណើថវិការបស់លោក Trump ដែលបានប្រកាសកាលពីខែមុន រួមមានកញ្ចប់ថវិកាក្នុងទឹកប្រាក់ចំនួន ២ រយពាន់លានដុល្លារអាមេរិក សម្រាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដែលរដ្ឋបាលរបស់លោក សង្ឃឹមថានឹងឈានទៅដល់ការវិនិយោគផ្សេងៗទៀត៕