ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​រាជ​ធានី​ភ្នំពេញ ​ព្រមាន​អាជីវករ​​តាម​ដង​ផ្លូវ​សំខាន់ៗ​​ ឲ្យ​ឈប់​យក​ចិញ្ចើម​ផ្លូវ​ធ្វើ​អាជីវកម្ម


A mourner reacts as he attends a burial ceremony of the victims who died in the flash flood that affected the area, at a cemetery near Sayrah-e-Hopiyan in Charikar, Parwan province, Afghanistan.
A mourner reacts as he attends a burial ceremony of the victims who died in the flash flood that affected the area, at a cemetery near Sayrah-e-Hopiyan in Charikar, Parwan province, Afghanistan.

សេចក្ដី​ណែនាំ​​នោះ​បញ្ជាក់​ថា​ ​ប្រជា​ពលរដ្ឋ​ ​និង​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​បាន​ និង​កំពុង​ប្រើប្រាស់​ទ្រូង​ផ្លូវ​ ​ចិញ្ចើម​ផ្លូវ​ ​និង​ជាយ​ផ្លូវ​មិន​ទាន់​បាន​​សមស្រប និង​បំពាន​លើ​បទ​បញ្ញត្តិ​ច្បាប់​​​ និង​បទដ្ឋាន​គតិយុត្តិ​​​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ច្បាប់​ស្ដីពី​​ផ្លូវ​ថ្នល់​ ​និង​ច្បាប់​ក្នុង​វិស័យ​នគរូបនីយកម្ម និង​សំណង់​ជាដើម។​

​សាលា​រាជធានី​ភ្នំពេញ​ ​បាន​កំណត់​យក​ផ្លូវ​សំខាន់ៗ​ចំនួន​១១​ខ្សែ​ ​ធ្វើ​ជា​អាទិភាព​គំរូ​សម្រាប់​អនុវត្តវិធាន​ការ​ដោះ​ស្រាយ​បញ្ហា​ចរាចរណ៍​ ​និង​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​ ​មុន​នឹង​ដាក់​ការ​ពិន័យ​នៅ​ទូទាំង​រាជធានី។​ ​នេះ​បើ​តាម​សេចក្ដីណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​ដែល ​VOA​បាន​ទទួល​នៅ​ថ្ងៃ​ពុធ​នេះ។

សេចក្ដី​ណែនាំដែល​ចេញ​ដោយ​រដ្ឋបាល​នៃ​សាលា​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ហើយ​ចែកចាយ​ឱ្យ​អ្នក​សារព័ត៌មាន​នា​ថ្ងៃ​ពុធ​ បាន​ឱ្យ​ដឹង​ថា ​សាលា​ក្រុង​កំពុង​ធ្វើ​ការ​ដោះ​ស្រាយ​ចរាចរណ៍​ ​និង​រៀបចំ​សណ្ដាប់​ធ្នាប់​តាម​ដង​ផ្លូវ​ ​និង​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ចំនួន​១២​ចំណុច​ ​ដល់​ប្រជា​ពល​រដ្ឋ​ ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចូល​រួម​អនុវត្ត។

សេចក្ដី​ណែនាំនោះ​បញ្ជាក់​ថា​ ​ប្រជា​ពលរដ្ឋ​ ​និង​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​បាន​ និង​កំពុង​ប្រើប្រាស់​ទ្រូង​ផ្លូវ​ ​ចិញ្ចើម​ផ្លូវ​ ​និង​ជាយ​ផ្លូវ​មិន​ទាន់​បានសមស្រប និង​បំពាន​លើ​បទ​បញ្ញត្តិ​ច្បាប់​ និង​បទដ្ឋាន​គតិយុត្តិ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ច្បាប់​ស្ដីពីផ្លូវ​ថ្នល់​ ​និង​ច្បាប់​ក្នុង​វិស័យ​នគរូបនីយកម្ម និង​សំណង់​ជាដើម។​

សេចក្ដី​ណែនាំ​ដដែល​បន្ថែម​ថា​ ​ក្នុង​អំពើ​បំពាន​ទាំង​នោះ​មាន​ដូចជា​ការ​យក​ទ្រូង​ផ្លូវ​ ​និង​ជាយ​ផ្លូវ​ធ្វើ​ជាចំណត​យានជំនិះ​ ​ការ​ត​សំយាប​ ​ការ​ហ៊ុំ​ព័ទ្ធ​យក​ចិញ្ចើម​ផ្លូវ​ ​ការ​យក​ផ្លូវ​ថ្មើរ​ជើង​ ​ឬ​ចិញ្ចើម​ផ្លូវ​ធ្វើ​ទីតាំងការដ្ឋាន​ទុក​ដាក់​សម្ភារៈ​ ​ឬ​ដាក់​តាំង​បង្ហាញ​ទំនិញ​ ឬ​ប្រកប​អាជីវកម្ម​ផ្សេងៗ​ ​ដែល​បង្ក​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​ ​និង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ​ ​និង​សោភណភាព​រាជ​ធានីភ្នំពេញ។​

លោក​ ​ម៉េត មាសភក្តី​ ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ប្រាប់​ VOA នា​រសៀល​ថ្ងៃ​ពុធ​នេះ​ថា​ ​សាលា​រាជធានីបាន​និង​កំពុង​ចាប់ផ្ដើមអនុវត្ត​សេចក្ដី​ណែនាំ​នេះ​នៅ​តាម​ផ្លូវ​សំខាន់ៗ​ចំនួន​១១​ មុន​នឹងឈានទៅ​អនុវត្ត​ទូទាំង​រាជធានី​ ដោយ​ធ្វើ​យ៉ាង​ណា​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដង​ផ្លូវ​ ​និង​ដោះ​ស្រាយ​បញ្ហា​កក​ស្ទះ​ចរាចរណ៍ដែល​បណ្ដាល​មក​ពី​ការ​ប្រើប្រាស់ចិញ្ចើម​ផ្លូវ​មិន​ត្រឹមត្រូវ។​

លោក​ ម៉េត មាសភក្តី​ ​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​លើក​ជា​ឧទាហរណ៍​មួយ។ ភោជនីយដ្ឋាន​ ឬ​ក៏​អាជីវកម្ម​ណា​ដែល​គាត់​នៅ​តែ​យក​ទ្រូង​ផ្លូវ​សាធារណៈ​ធ្វើ​ជា​ចំណត​សម្រាប់​អតិថិជន​របស់​គាត់ ហើយ​យើង​បានធ្វើការ​ណែនាំ​ ​ផ្សព្វផ្សាយ​ ​ជម្រាប​ជូន​ ​ឬ​ក៏​អាច​ឈាន​ទៅ​ដល់ធ្វើ​កិច្ច​សន្យា​ជាមួយ​គាត់​ ​ឲ្យ​គាត់​បញ្ឈប់​សកម្មភាពទាំងអស់​ហ្នឹង​ ​ហើយ​នឹង​រៀបចំ​កិច្ចការ​ទាំង​អស់​ហ្នឹង​ឲ្យ​ល្អ​ប្រសើរ​ជាង​មុន។ តែ​បើ​មិន​ស្ដាប់​ទេ​ ​យើង​អាច​រៀបចំ​រថយន្ត​ស្ទូច វិធានការ​បង្ខំ​ ​ចត​អត់​របៀប​ ​អត់​ស្ដាប់​តាម​ការ​ណែនាំ​ ​យក​ចេញ​ ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ ​ឬ​អធិការដ្ឋាន​នគរបាល​នៅ​ជិត​ហ្នឹង។​ ​នេះ​ជា​វិធានការ​ក្ដៅ​ ​បន្ទាប់ពី​ការ​អប់រំ ការ​ណែនាំ ការ​ពន្យល់​ ការ​ស្នើសុំ​ហ្នឹង​ អស់​លទ្ធភាព»។​

លោក​ ​ម៉េត មាសភក្តី​ ​បន្ថែម​ថា​ ​សាលា​រាជធានី​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មានការ​វិនិយោគ​លើ​ចំណត​ឯកជន និង​រំពឹង​ថា ​ប្រជាពលរដ្ឋ​ ​និង​ម្ចាស់​អាជីវកម្ម​នឹង​សហការអនុវត្ត​ឲ្យ​បាន​គ្រប់​គ្នា តាម​រយៈ​ការកាត់​បន្ថយ​ការ​ប្រើប្រាស់​យាន​ជំនិះ​ផ្ទាល់​ខ្លួន​ជាដើម។

​យើង​តាម​សេចក្ដី​ណែនាំ​ដែល​ចុះ​ហត្ថលេខាដោយលោក​ ​ឃួង ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​អង្គារ​ ​បានបញ្ជាក់​ថា​ ​ផ្លូវ​សំខាន់ៗ​ចំនួន​១១​ដែល​សាលា​រាជធានី​កំពុង​អនុវត្ត​ មាន​ដូចជា​មហាវិថី​សហព័ន្ធ​រុស្សី​ ​មហាវិថី​ព្រះ​មុនីវង្ស​ ​មហាវិថី​កម្ពុជា​ក្រោម​ ​មហាវិថី​ម៉ៅសេទុង​ ​មហាវិថី​ព្រះ​សីហនុ​ ​និង​មហាវិថី​នេរុហ៍​ ​មហាវិថី​ព្រះ​នរោត្តម​ ​មហាវិថី​សម្ដេច​មុនីរ៉េត ផ្លូវ​ឧកញ៉ា​ទេពផន​ ​មហាវិថី​ហ្សាលឌឺហ្គោល​ ​មហាវិថី​យោធពល​ខេមរភូមិន្ទ​ ​ផ្លូវ​ឧកញ៉ា​ឃ្លាំងមឿង​ ​និង​តីរវិថី​ព្រះ​ស៊ីសុវត្ថិ​ ​ជា​ដើម។​

សេចក្ដី​ណែនាំ​ដែល​មាន​១២​ ចំណុចរបស់​សាលា​រាជធានី​ភ្នំពេញ​ដដែល​ ​ក៏​បាន​ផ្ដោត​សំខាន់​លើ​ការ​ហាម​ចត​យាន​យន្ត​គ្រប់​ប្រភេទ​លើ​ទ្រូង​ផ្លូវ​ ​ហាម​ហ៊ុមព័ទ្ធ​ការដ្ឋាន​លើ​ចិញ្ចើម​ផ្លូវ​លើស​ពី​មួយ​ភាគ​បី​ ​ឬ​ប្រើ​ប្រាស់​ទ្រូង​ផ្លូវ​ទុកដាក់​សម្ភារៈ​ ​រថយន្ត​ធំៗ​ ត្រូវ​ចេញ​ចូល​តាម​ការ​កំណត់​របស់​សាលា​រាជធានី​ ​និង​ជៀស​វាង​ការ​ប្រើ​ទ្រូង​ផ្លូវ​ក្នុង​ការ​លើក​ដាក់​ទំនិញ​ ​និង​បាញ់​បេតុង​ផ្សេងៗ​ ​ខុស​ពី​ចន្លោះ​ម៉ោង ៩​យប់ ដល់​ម៉ោង​ ៦​ព្រឹក។ ​រាល់​ការ​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​ ជា​ទី​តាំង​ផ្ញើ​កង់​ម៉ូតូ​ ​មិន​ត្រូវ​ឲ្យ​លើស​ពី១ភាគ​បី​នៃ​ផ្លូវ​ឡើយ។ នេះ​បើ​យោង​តាម​សេចក្ដី​ណែនាំ​ដដែល។​

គេ​មើល​ឃើញ​ថា​ ​ការ​ចត​យាន​យន្ត​ ​ព្រម​ទាំង​ការ​ធ្វើ​អាជីវកម្ម​លើ​ចិញ្ចើម​ផ្លូវ​ ​មិនមែន​ជា​បញ្ហា​ដែល​ទើប​តែ​កើត​មាន​នោះ​ទេ។​ ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ ​ជាពិសេស​តាមមហាវិថី​ធំៗ​ដែល​សម្បូរ​អាជីវកម្ម​បែប​ភោជនីយដ្ឋាន​ ​ឬ​ផ្សារ​លក់​ទំនិញ​ផ្សេងៗ​ ​តែង​មាន​ស្ថានភាព​កកស្ទះ​ចរាចរណ៍មិន​លោះ​ពេល​ ​ដោយ​សារ​ការ​ចត​យានយន្ត​លើ​ចិញ្ចើម​ផ្លូវ​ ​ហើយ​កន្លែង​ខ្លះ​ទៀត​មាន​ទាំង​ការ​ចត​លើ​ទ្រូង​ផ្លូវ​ក៏​មាន។

នៅ​រាជធានី​ភ្នំពេញចំនួនរថយន្ត​ ​និង​ម៉ូតូ​បាន​កើន​ឡើង​ដល់​ជាង​ ​២លាន​គ្រឿង​ នៅ​ឆ្នាំ​ ២០១៦។​ ​ការ​កក​ស្ទះ​ចរាចរណ៍​ ​បាន​នាំ​ឱ្យ​មាន​ការ​ខាត​បង់​ប្រាក់​តម្លៃ ​៦លាន​ដុល្លារ ​ជា​រៀង​រាល់​ខែ។​ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ដែល​ ​VOA​ ​បាន​ទទួល​នា​ពេល​កន្លង​មក។​

លោក​ ​សន ជ័យ​ ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​លើក​ឡើង​ថា​ ​ការរំលោភ​លើ​ចិញ្ចើម​ផ្លូវ​របស់​ម្ចាស់អាជីវកម្ម​ ​ឬ​ក៏​ប្រជាពលរដ្ឋ​ ​បាន​កើត​មាន​ឡើង​តៗ​គ្នា​ជា​យូរ​មក​ហើយ​ ​រហូត​ដល់​ក្លាយ​ទៅ​ជា​បញ្ហា​ដែល​ពិបាកដោះ​ស្រា​យ។​ ​

លោក​បន្ថែម​ថា​ ​ការ​ចេញ​សេចក្ដី​ណែនាំ​បង្ខំឲ្យអនុវត្ត​ ដោយ​មិន​មាន​រៀបចំ​ដំណោះ​ស្រាយ​ជាមុន​បែប​នេះ​ ​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​តែ​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ និង​ម្ចាស់​អាជីវកម្ម​ប្រឈម​នឹង​ផល​លំបាក​ ​និង​ការ​ខាត​បង់​ផ្សេងៗ។

លោកសន ជ័យ​ ​បញ្ជាក់​ថា៖​

«ខ្ញុំ​នៅ​តែ​មើល​ឃើញ​អំពី​ផល​វិបាក​ពីរ​ ​ទី១​ផល​វិបាក​របស់​អ្នកធ្វើ​ដំណើរ​នៅ​ក្នុង​ក្រុង​ភ្នំពេញ។ ទី២​ ​ផល​វិបាក​នៃអាជីវកម្ម​ដែល​ពួកគេ​បាន​និង​កំពុង​ដំណើរ​ការ​ការងារ​របស់​ពួកគេ​ ​ដូចជា​ភោជនីយដ្ឋាន ដូចជា​ហាង​សំខាន់ៗ​ជាដើម​ហ្នឹង។​ ​អញ្ចឹង​ការ​កំណត់​នូវ​សូចនាករ​ធំ​ពេក ឬ​ក្តី​រំពឹង​ទុក​ធំ​ពេក​របស់​សាលា​រាជធានី​ភ្នំពេញ​ ​ទៅ​លើ​ការ​ដណ្ដើម​យក​ចិញ្ចើម​ថ្នល់​មក​គ្រប់គ្រងវិញ​នេះ វា​អាច​ជួប​ប្រទះ​បញ្ហា​បរាជ័យ»។​

តាមរយៈ​យន្តការ​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ​ ​លោក​ ​សន ជ័យ​ ​ក៏​បារម្ភ​ពី​ការ​អនុវត្ត​មិន​ស្មើ​ភាព​រវាង​អ្នក​ប្រកប​អាជីវកម្ម​តូចតាច​ ​ឬ​អ្នក​ប្រកប​អាជីវកម្ម​ដែល​មិន​មាន​ខ្នង​បង្អែក​ ​ជាមួយ​អ្នក​ប្រកប​អាជីវកម្ម​ដែល​មាន​ខ្នង​ជា​អ្នក​មាន​អំណាច​ផង​ដែរ៕

XS
SM
MD
LG