អង្គការការពារសិទ្ធិពលរដ្ឋ និងសង្គមស៊ីវិល ហៅកាត់ថា CIVICUS បានវាយតម្លៃថា ស្ថានភាពនៃលម្ហស៊ីវិលនៅប្រទេសកម្ពុជាត្រូវបាន «គាបសង្កត់» ដោយសារច្បាប់ដែលមានលក្ខណៈរឹតត្បិតត្រូវបានប្រើខុសជាញឹកញាប់ដើម្បីយាយី និងដាក់ទោសទណ្ឌទៅលើអ្នកការពារសិទ្ធិមនុស្ស សហជីព សកម្មជន យុវជន និងអ្នកនយោបាយប្រឆាំង។
ក្នុងរបាយការណ៍តាមដានរបស់អង្គការ CIVICUS ដែលចេញផ្សាយនៅថ្ងៃទី១៣ ខែសីហាមានការលើកឡើងអំពីការពង្រឹងអំណាចដឹកនាំប្រទេសរបស់គ្រួសារអតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ដែលជាឪពុករបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក ហ៊ុន ម៉ាណែត នៅពេលលោក ហ៊ុន សែន បានក្លាយជាប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី៣ ខែមេសាឆ្នាំ២០២៤។ នៅពេលស្ថិតក្នុងតំណែងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន មានតួនាទីជាប្រមុខរដ្ឋស្តីទី ពេលដែលព្រះមហាក្សត្រមិនមានព្រះរាជវត្តមានក្នុងប្រទេស។
របាយការណ៍ដដែលបានពណ៌នាសេចក្តីអំពាវនាវរបស់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិកាលពីថ្ងៃទី១៩ ខែមេសា ដែលទទូចសុំឱ្យកម្ពុជាបញ្ឈប់ការយាយី និងការធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្ស សកម្មជន សង្គមស៊ីវិល ដោយបានសង្កត់ធ្ងន់ដល់សិទ្ធិរបស់អ្នកទាំងនោះចំពោះការអនុវត្តសិទ្ធិស៊ីវិល និងនយោបាយដោយសេរី។ ក្រុមអ្នកជំនាញក៏បានទទូចឱ្យរដ្ឋបាលរបស់លោក ហ៊ុន ម៉ាណែតការពារសិទ្ធិមូលដ្ឋាន លុបចោលច្បាប់ទាំងឡាយណាដែលផ្ទុយពីបទដ្ឋានអន្តរជាតិ និងត្រូវមានទំនាក់ទំនងជាមួយក្រុមជំទាស់ និងសង្គមស៊ីវិល ហើយធានាថា បទប្បញ្ញត្តិជាតិត្រូវស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាតយល់ថា កម្ពុជាគួរពិនិត្យ និងកែលម្អលម្ហស៊ីវិល និងលើកស្ទួយសិទ្ធិមូលដ្ឋានផ្សេងៗទៀត ទៅតាមការរកឃើញពីអង្គការអន្តរជាតិនានា និងអនុសាសន៍របស់អ្នកជំនាញសិទ្ធិមនុស្ស ដើម្បីបញ្ចៀសការខាតបង់ប្រយោជន៍ពាណិជ្ជកម្ម ដូចករណីការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយដោយសហភាពអឺរ៉ុប និងការមិនបន្តឡើងវិញប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ពីសហរដ្ឋអាមេរិក។
លោកថ្លែងថា៖ «កុំឱ្យដូចកាលកន្លងមកគឺយើងឃើញហើយ បញ្ហាចម្រូងចម្រាសរឿងលម្ហសេរីភាព លម្ហប្រជាធិបតេយ្យ លម្ហសិទ្ធិមនុស្សហ្នឹង គឺធ្វើឱ្យសហភាពអឺរ៉ុបហ្នឹងគេកាត់អនុគ្រោះពន្ធ២០ភាគរយអ៊ីចឹងទៅ ហើយនឹងការអនុគ្រោះពន្ធពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក GSP ក៏មិនត្រូវបានបន្តអ៊ីចឹងទៅ។ អ៊ីចឹង បើសិនជាកម្ពុជាយើងពិនិត្យទៅលើអនុសាសន៍ និងរបាយការណ៍របស់គេ ហើយយើងធ្វើការកែលម្អឱ្យមានភាពល្អប្រសើរ កម្ពុជានឹងទទួលផលចំណេញ»។
របាយការណ៍របស់អង្គការ CIVICUS ដែលជាស្ថាប័នអន្តរជាតិមួយ និងមានបេសកកម្មតាមដានមើលស្ថានភាពនៃការអនុវត្តសិទ្ធិសេរីភាពក្នុងប្រទេសចំនួន១៩៦បានឱ្យដឹងទៀតថា នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយថ្មីៗនេះ សកម្មជនដែលមានទំនាក់ទំនងនឹងក្រុមបរិស្ថាននៃចលនាមាតាធម្មជាតិត្រូវបានផ្តន្ទាទោស សកម្មជន កើត សារ៉ាយ ត្រូវបានចោទប្រកាន់ និងឃុំខ្លួនចំពោះការនិយាយជាចំហអំពីការបណ្តេញចេញពីដីធ្លី ហើយការផ្តន្ទាទោសមេដឹកនាំសហជីពឈឹម ស៊ីថរត្រូវបានតម្កល់ទុក។
របាយការណ៍បានបន្តឱ្យដឹងទៀតថា ការយាយី និងការធ្វើទុក្ខបុកម្នេញលើមេដឹកនាំសហជីពបានបន្តកើតមាន ខណៈក្រុមការពារសិទ្ធិពលករគឺអង្គការ Central ត្រូវបានគេកំណត់គោលដៅ ចំពោះការរាយការណ៍អំពីការរំលោភសិទ្ធិសហជីព។ សកម្មជនដីធ្លីត្រូវបានផ្តន្ទាទោសចំពោះការប៉ុនប៉ងដាក់ញត្តិ ខណៈក្រុមកម្មករនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEA ត្រូវបានចោទប្រកាន់ និងឃុំខ្លួន។ សមាជិកបក្សជំទាស់ជាច្រើននាក់ត្រូវបានចាប់ខ្លួន យាយី និងវាយប្រហារ គ្រាការសងសឹកលើអ្នកកាសែតបានកើតឡើងជាខ្លាំង។ សមាជិកសហគមន៍សំរោងត្បូងដែលធ្វើការតវ៉ាត្រូវបានរុញច្រានយ៉ាងកំរោលដោយកងកម្លាំងមានសមត្ថកិច្ច។
ទោះជាមានការបកស្រាយពីខាងអង្គការ CIVICUS យ៉ាងណាក្តី មន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងយុត្តិធម៌បានចាត់ទុកថា ការវាយតម្លៃរបស់អង្គការ CIVICUS ជុំវិញការចាប់ខ្លួនសកម្មជន ធ្វើឡើងដោយខ្វះការពិនិត្យលើសកម្មភាពរបស់សកម្មជនទាំងនោះថា តើជាទម្រង់នៃការអនុវត្តសិទ្ធិ ឬជាការរំលោភច្បាប់?
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បន្ថែមថា ការវាយតម្លៃរបស់អង្គការ CIVICUS មិនមានលក្ខណៈគ្រប់ជ្រុងជ្រោយ ខុសពីស្ថានភាពពិត និងមិនស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។
លោកថ្លែងថា៖ «ការវាយតម្លៃរបស់គាត់ វាផ្តោតទៅលើរូបភាព ក៏ប៉ុន្តែអត់ផ្តោតទៅលើ ទិដ្ឋភាពច្បាប់ និងនីតិវិធីរបស់តុលាការកម្ពុជា។ គាត់ឃើញថា ការអនុវត្តច្បាប់ទៅលើសកម្មជន តែគាត់អត់ពិនិត្យមើលថា តើសកម្មជនបានធ្វើអីខ្លះ? តើសកម្មភាពនោះជាការអនុវត្តសិទ្ធិ ឬមួយក៏ជាការបំពានច្បាប់នៅកម្ពុជា ហើយសមត្ថកិច្ចគេមានអីខ្លះដែលឈានទៅដល់ការចាត់វិធានការច្បាប់? អ៊ីចឹង ការវាយតម្លៃរបស់គាត់វាអត់គ្រប់ជ្រុងជ្រោយ។ វាអត់ត្រឹមត្រូវដែរ ទៅតាមទិដ្ឋភាពជាក់ស្តែង ទៅតាមប្បញ្ញត្តិច្បាប់ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា»។
ក្នុងការពិនិត្យតាមដានស្ថានភាពសង្គមស៊ីវិល និងសេរីភាពស៊ីវិល នៅកម្ពុជា អង្គការCIVICUSបានរំឭកឡើងវិញថា កាលពីថ្ងៃទី៨ ខែឧសភា អំឡុងពេលនៃការពិនិត្យជាសាកលតាមកាលកំណត់ទៅលើប្រវត្តិសិទ្ធិមនុស្សរបស់ប្រទេសកម្ពុជា (Universal Periodic Review of Cambodia) លើកទី៤៦ ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ រដ្ឋជាសមាជិកបានផ្តល់អនុសាសន៍ជាច្រើនដល់រដ្ឋាភិបាលកម្ពុជាឱ្យបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យ បញ្ឈប់ការយាយី ការគំរាមកំហែង ការចាប់ខ្លួនតាមតែអំពើចិត្ត និងការផ្តន្ទាទោសមិនត្រឹមត្រូវលើក្រុមនយោបាយជំទាស់ អ្នកការពារសិទ្ធិមនុស្ស អ្នកកាសែត និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ សកម្មជនការងារ និងដោះលែងអ្នកការពារសិទ្ធិមនុស្សដែលត្រូវបានឃុំខ្លួន។
ពួកគេក៏បានស្នើឱ្យកែច្បាប់ និងបទប្បញ្ញត្តិដែលរឹតត្បិតហួសហេតុលើសេរីភាពសម្តែងមតិ កែប្រែការបិទអង្គភាពប្រព័ន្ធផ្សព្វផ្សាយដោយបង្ខំ លុបចោលបញ្ញត្តិនានានៃក្រមព្រហ្មទណ្ឌដែលដាក់ទោសទណ្ឌលើការនិយាយបរិហារ ហើយធ្វើឱ្យច្បាប់ស្តីពីគណបក្សនយោបាយនិងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលស្របតាមកតិការសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិល និងនយោបាយ៕
វេទិកាបញ្ចេញមតិ