ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រិះគន់​ម្នាក់​ទៀត​ត្រូវ​ឃាត់​ខ្លួន ក្រោយ​ថ្លែង​អំពី​«តំបន់​ត្រីកោណ​អភិវឌ្ឍន៍» ខណៈ​សកម្មជន​៤នាក់​ត្រូវ​ឃុំ​ខ្លួន


រូបឯកសារ៖ ​លោក ធែល ធីលែន និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ខាង​មុខ​ក្រសួង​មហាផ្ទៃ​​ បន្ទាប់ពីបាន​ដាក់​ញត្តិ​​ នៅថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ ​លោក ធែល ធីលែន និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ខាង​មុខ​ក្រសួង​មហាផ្ទៃ​​ បន្ទាប់ពីបាន​ដាក់​ញត្តិ​​ នៅថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

សកម្មជន​សង្គម​ម្នាក់ លោក ធែល ធីលែន ដែល​ទើប​ចេញ​ពី​ពន្ធនាគារ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​កណ្តាល​ចាប់​ខ្លួន ក្រោយ​លោក​បាន​ថ្លែង​ពាក់ព័ន្ធ​នឹង​តំបន់​អភិវឌ្ឍន៍​ត្រី​កោណ ដែល​កំពុង​ជា​ប្រធាន​បទ​ចម្រូង​ចម្រាស​មួយ។

លោក អ៊ំ ឆុម សកម្មជន​ម្នាក់​ដែល​ស្គាល់​លោក ធែល ធីលែន ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​លោក​ទទួល​ដំណឹង​ពី​ក្រុម​គ្រួសារ​របស់​លោក ធែល ធីលែន ថា​លោក​ត្រូវ​បាន​ឃាត់​ខ្លួន កាល​ពី​វេលា​ម៉ោង​ជិត​ ៥​ល្ងាច នា​ថ្ងៃ​ពុធ នៅ​ផ្ទះ​របស់​លោក​ក្នុង​ភូមិ​ព្រែក​ដូនហែម ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល។ លោក​បញ្ជាក់​ថា​ ការ​ឃាត់​ខ្លួន​នេះ ក្រោយ​លោក ធែល ធីលែន បាន​បង្ហោះ​វីដេអូ​លើ​បណ្តាញ​សង្គម ​TikTok ដោយ​និយាយ​អំពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍។

បើ​តាម​វីដេអូ​លើ​ TikTok ដែល​វីអូអេ​ទទួល​បាន លោក ធែល ធីលែន លើក​ឡើង​ចំៗ​ថា​មាន​ការ​ផ្តល់​ដី​ចំនួន​ ៤ ​ខេត្ត​ ឱ្យ​ទៅ​វៀត​ណាម​គ្រប់​គ្រង ក្រោម​រូបភាពអភិវឌ្ឍន៍​និង​កិច្ចសហ​ប្រតិបត្តិការ។ លោក​បន្ត​ថា ​លោក​ពិត​ជា​«មិន​អាច​ទទួល​យក​បាន» ហើយ​ថា​វា​ជា​ «ការ​ខាត​បង់​របស់ប្រជាជាតិ​ខ្មែរ​ទាំង​មូល»។

នៅ​ក្នុង​វីដេអូ​នោះ លោក ធែល ធីលែន ដែល​ទើប​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនា​គារ កាល​ពី​ថ្ងៃ​ទី ​១៦ ខែ​កក្កដា បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​បញ្ចេញ​មតិ ដោយ​ប្រើ​ពាក្យ​ស្លោក​ថា «ខ្ញុំ​មិន​គាំទ្រ​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​ផ្តល់​ខេត្ត​ទាំង ​៤ ​ទៅ​ដល់​វៀតណាម​គ្រប់​គ្រង​នោះ​ទេ»។ លោក​បន្ថែម​ថា​ ការ​លើក​ឡើង​បែប​នេះ​មិន​ខុស​ច្បាប់​ឡើយ ហើយ​ជា​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ។

លោក ម៉ែន សុខឃឿន អធិការ​នគរ​បាល​ស្រុក​ខ្សាច់​កណ្តាល ថ្លែង​ថា​ លោក​មិន​មាន​តួនាទី​អ្វី​ក្នុង​ការ​បញ្ចេញ​ព័ត៌មាន​លើ​ការ​ចាប់​ខ្លួន​នេះ​ឡើយ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ឈឿន សុចិត្រ ស្នងការ​នគរបាល​ខេត្ត​កណ្តាល​បាន​នៅ​ឡើយ​ទេ។

កាល​ពី​ថ្ងៃ​ពុធ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​សកម្មជន ​៤ ​នាក់​ជា​បណ្តោះ​អាសន្ន ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​របស់​ពួកគេ​រឿង​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​ដែល​ជា​ផែន​ការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​កម្ពុជា ឡាវ និង​វៀត​ណាម។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​ ២៤ ខែ​កក្កដា ឆ្នាំ​ ២០២៤ សកម្ម​ជន​ដែល​គេ​ស្គាល់​ថា​ជា​អ្នក​ផ្សព្វផ្សាយ​អំពី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ឈ្មោះស៊្រុន ស្រ៊ន ភឹង សោភា ចក់ បានមុន្នី និងសាន សិទ្ធ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ «ញុះ​ញង់​បង្កឱ្យមាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

តុលាការ​បញ្ជាក់​ថា​កាល​ពី​ថ្ងៃទី ​២៣ ខែកក្កដា ឆ្នាំ​ ២០២៤ សកម្មជន​ទាំង​នោះ​បាន​ផ្សាយ​ផ្ទាល់ ​(LIVE) ​វីដេអូ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ Srun Srorn ព្រម​ទាំ​ង​បង្ហោះ​ចូល​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍ​ន៍​តំបន់​ត្រីកោណ​រវាង​រដ្ឋាភិបាល កម្ពុជា ឡាវ វៀតណាម (CLV-DTA) ហើយ​បាន​អត្ថាធិ​ប្បាយ ​«ដែល​មាន​ចរិក លក្ខណៈ​មួល​បង្កាច់ ប្រឌិតព័ត៌មាន​មិន​ពិត​ដែល​ធ្វើ​ឡើង​ក្នុង​ចេតនា​ទុច្ចរិត ញុះញង់ បញ្ឆេះ​កំហឹង​ប្រជាពលរដ្ឋ​ឱ្យ​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​សកម្ម​ភាព​នេះ​បាន​បង្ក​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​ជាតិ»។

កាល​ពី​ថ្ងៃ​អង្គារ លោក ហ៊ុន សែន បាន​លើក​ឡើង​ថា ​មាន​ការ​ចោទ​ប្រកាន់​មេដឹក​នាំ​កម្ពុជា ​ជាពិសេស​រូប​លោក​ផ្ទាល់ និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត​ ថា​ជា ​«ជន​ក្បត់​ជាតិ» ក្នុង​ការ​កាត់​ដី​ ៤ ​ខេត្ត​ឱ្យ​វៀតណាម តាម​រយៈ​គម្រោង​«តំបន់​ត្រី​កោណ​អភិវឌ្ឍន៍»​នេះ។ លោក​បញ្ជាក់​ថា​ ការ​ចោទ​ប្រកាន់​នេះ​ជា«ការ​ប្រមាថ​ដែល​មិ​ន​អាច​លើក​លែង​ទោស​ឱ្យ​បាន​ទេ» ហើយ​លោក​ស្នើ​ឱ្យ​តុលាការ​ដាក់​ទោស​អតិបរមា​លើ​អ្នក​រិះគន់​ទាំង​នោះ។

នាយក​ទទួល​បន្ទុក​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់វីអូអេ​ថា​ លោក​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​សង្គម​ជា​បន្ត​បន្ទាប់ ខណៈ​ប្រេសិត​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កំពុង​មាន​វត្តមាន​ក្នុង​ប្រទេស ដើម្បី​ប្រមូល​ព័ត៌មាន​និង​វាយ​តម្លៃ​ស្ថានភាព​សិទ្ធិ​មនុស្ស។

តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​ ១៩៩៩ ដោយ​រដ្ឋាភិបាល​ប្រទេស​បី​ គឺ​កម្ពុជា ឡាវ និង​វៀត​ណាម ដែល​បាន​ឯកភាព​គ្នា​ក្នុង​ការ​ដាក់​ខេត្ត​ចំនួន​ ១៣ ​រួម​គ្នា ដើម្បី​អភិវឌ្ឍ។ កម្ពុជា​មាន​ខេត្ត​ចំនួន​បួន​ ​គឺ​រតនគិរី មណ្ឌល​គិរី ក្រចេះ និង​ស្ទឹងត្រែង ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ។ រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជា​ប្រភព​នៃ​សក្តានុពល​សេដ្ឋ​កិច្ច ទេសចរណ៍ និង​វប្បធម៌។

ប្រធាន​បទ​ស្តី​ពី «តំបន់​ត្រីកោណ​អភិវឌ្ឍន៍» នេះ​បាន​ក្លាយ​ជា​ចំណុច​ចម្រូង​ចម្រាស​ចុង​ក្រោយ​នេះ ខណៈ​មាន​ការ​ព្រួយ​បារម្ភ​មួយ​ចំនួន​ថា​ វៀត​ណាម​នឹង​គ្រប់គ្រង​តំបន់​នោះ ហើយ​កម្ពុជា​អាច​បាត់​បង់​ទឹកដី​នោះ ដូច​កម្ពុជា​ក្រោម៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG