កាលពីថ្ងៃអង្គារ អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បានព្រមានចាប់ខ្លួនអ្នកដែលនិយាយរិះគន់ពាក់ព័ន្ធនឹង «តំបន់ត្រីកោណអភិវឌ្ឍន៍» ដែលអ្នកខ្លះបារម្ភអំពីការបាត់បង់ទឹកដីទៅប្រទេសវៀតណាមនាថ្ងៃអនាគត។
ការថ្លែងព្រមានរបស់លោក ហ៊ុន សែន ខណៈមានការចាប់ខ្លួនសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ៤ នាក់ កាលពីថ្ងៃអង្គារ ដោយរងបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរ» ក្នុងសង្គម។
ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអង្គារ លោក ហ៊ុន សែន បានចេញមុខបកស្រាយ ដោយលើកឡើងថា លោកជាអ្នកផ្តួចផ្តើមគំនិតក្នុងការបង្កើត «តំបន់ត្រីកោណអភិវឌ្ឍន៍» ហើយលោកបានសុំឱ្យប្រទេសឡាវគាំទ្រគំនិតនេះ។ លោកបន្ថែមថា កម្ពុជាទទួលបានផលចំណេញច្រើនជាងគេក្នុងការបង្កើតតំបន់ត្រីកោណនេះ។
លោក ហ៊ុន សែន បន្ថែមថា មានការចោទប្រកាន់មេដឹកនាំកម្ពុជា ជាពិសេសរូបលោកផ្ទាល់ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថាជា«ជនក្បត់ជាតិ» ក្នុងការកាត់ដី ៤ ខេត្តឱ្យវៀតណាម តាមរយៈគម្រោង «តំបន់ត្រីកោណអភិវឌ្ឍន៍»នេះ។
លោកបញ្ជាក់ថា៖ «ការចោទប្រកាន់នេះជាការប្រមាថដែលមិនអាចលើកលែងទោសឱ្យបានទេ។ ហើយខ្ញុំព្រះករុណាខ្ញុំស្នើដល់តុលាការ ប្រសិនបើកាត់ទោស គួរតែកាត់ទោសដល់អតិបរមា។ ហើយសុំឱ្យក្រសួងយុត្តិធម៌ និងពន្ធនាគារ សុំដាក់មនុស្សទាំងនេះទៅក្នុងបញ្ជីដែលមិនត្រូវបានទទួលការបន្ធូរបន្ថយទោស ឬលើកលែងទោស គឺឱ្យជាប់គុករហូតដល់ផុតកំណត់»។
សកម្មជនទាំង ៤ នាក់ដែលត្រូវចាប់ខ្លួន រួមមានលោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក សាន សិទ្ធិ និងលោក ចក់ បានមុនី។ ពួកគេត្រូវបានបញ្ជូនទៅតុលាការរាជធានីភ្នំពេញ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ប្រាប់វីអូអេថា ការថ្លែងរបស់សកម្មជនទាំងនោះមិនមែនជាសេរីភាពនៃការបញ្ចេញមតិឡើយ។
លោកថ្លែងថា៖ «សូមបញ្ជាក់ជូនថា សមត្ថកិច្ចនគរបាលខេត្តសៀមរាបដែលបានប្រតិបត្តិការឃាត់ខ្លួនអ្នកពាក់ព័ន្ធទាំងអស់នេះគឺជាការអនុវត្តស្របទៅតាមនីតិវិធីព្រហ្មទណ្ឌ និងច្បាប់ព្រហ្មទណ្ឌជាធរមាន ពោលគឺដឹកនាំដោយព្រះរាជ្ញាដែលគោរពទៅតាមលក្ខខណ្ឌនៃច្បាប់ក្នុងចរិតនៃពួកគាត់បានប្រព្រឹត្តនូវអំពើដែលចូលជាបទល្មើសព្រហ្មទណ្ឌ ក្នុងនោះមានដូចជាអំពើធ្វើឱ្យមានការញុះញង់»។
នាយកទទួលបន្ទុកទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា លោកមានការសោកស្តាយចំពោះការចាប់ខ្លួនសកម្មជនសង្គមជាបន្តបន្ទាប់ ខណៈប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាកំពុងមានវត្តមានក្នុងប្រទេស ដើម្បីប្រមូលព័ត៌មាន និងវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស។
លោកបញ្ជាក់ថា៖ «អ៊ីចឹងយើងឃើញថា ការចាប់ខ្លួនទាំងអស់នេះ ចង់មិនចង់វាបង្កឱ្យមានភាពចម្រូងចម្រាសគ្នាក្នុងការបកស្រាយទៅលើបញ្ហាដែលបានកើតឡើងហ្នឹង។ ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាយើង ដែលយើងឃើញថាអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិឬក៏សហគមន៍អន្តរជាតិហ្នឹង គេលើកឡើងថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាហ្នឹងមានការធ្លាក់ចុះ»។
ចំណែកគណបក្សជំនាន់ថ្មីដែលជាគណបក្សថ្មីមួយទើបតែបង្កើតឡើង ដែលមានលោក មាជ សុវណ្ណារ៉ា ជាប្រធាន បានចេញសេចក្តីថ្លែងការណ៍មួយពាក់ព័ន្ធនឹងក្តីព្រួយបារម្ភជុំវិញតំបន់ត្រីកោណអភិវឌ្ឍន៍នៃក្របខណ្ឌកម្ពុជា-ឡាវ-វៀតណាម និងជំរុញរដ្ឋាភិបាលឱ្យអនុវត្តកិច្ចព្រមព្រៀងនេះប្រកបដោយតម្លាភាព និងគណនេយ្យភាព។
សេចក្តីថ្លែងការណ៍ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៤ បញ្ជាក់ថា៖ «គណបក្សជំនាន់ថ្មីសូមសម្តែងនូវកង្វល់ផ្ទាល់ក៏ដូចជាសាធារណជនផងដែរ ខ្លាចការអនុវត្តនិងការសម្រេចទាំងឡាយបាត់បង់នូវអត្ថប្រយោជន៍ជាតិ ធនធានធម្មជាតិ ដូចជារ៉ែ ព្រៃភ្នំ ស្ទឹងបឹងបួរ ដីស្រែចម្ការ ជម្រកជនជាតិភាគតិច សត្វព្រៃ មច្ឆជាតិ បង្កអសន្តិសុខសង្គម នឹងដាក់ការព្រួយបារម្ភបំផុតនោះគឺការដឹកនាំរបស់រដ្ឋាភិបាលធ្លាក់ទៅក្នុងនយោបាយភូមិសាស្ត្រប្រទេសជិតខាង»។
តំបន់អភិវឌ្ឍន៍ត្រីកោណត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៩ ដោយរដ្ឋាភិបាលប្រទេសបី គឺកម្ពុជា ឡាវ និងវៀតណាម ដែលបានឯកភាពគ្នាក្នុងការដាក់ខេត្តចំនួន ១៣ រួមគ្នា ដើម្បីអភិវឌ្ឍ។ កម្ពុជាមានខេត្តចំនួនបួន គឺរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ដែលត្រូវបានដាក់បញ្ចូលក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ។ រដ្ឋាភិបាលកម្ពុជាអះអាងថា តំបន់ត្រីកោណអភិវឌ្ឍន៍ជាប្រភពនៃសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌។
ប្រធានបទស្តីពី «តំបន់ត្រីកោណអភិវឌ្ឍន៍» នេះបានក្លាយជាចំណុចចម្រូងចម្រាសចុងក្រោយនេះ ខណៈមានការព្រួយបារម្ភមួយចំនួនថា វៀតណាមនឹងគ្រប់គ្រងតំបន់នោះ ហើយកម្ពុជាអាចបាត់បង់ទឹកដីនោះ ដូចកម្ពុជាក្រោម។
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅសហរដ្ឋអាមេរិក ប្រាប់វីអូអេកាលពីថ្ងៃអង្គារថា ការបង្កើតតំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម គឺកម្ពុជាមិនមានអ្វីចំណេញអ្វីនោះឡើយ។ លោកបន្ថែមថា ការលើកឡើងរបស់រដ្ឋាភិបាលកម្ពុជាថាដាក់តំបន់នោះដើម្បីអភិវឌ្ឍ គ្រាន់តែជា «លេស» ប៉ុណ្ណោះ៕
វេទិកាបញ្ចេញមតិ