សហមេធាវីការពារក្តីរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោកហេង សួរ បានទារសំណងជំងឺចិត្តចំនួន ២០០០ លានរៀល ឬជិត ៥០ ម៉ឺនដុល្លារសហរដ្ឋអាមេរិកពីសកម្មជនសង្គមលោក នី ណាក់ ក្នុងសំណុំរឿងមួយដែលពាក់ព័ន្ធនឹងបទញុះញង់ និងបរិហារកេរ្តិ៍ជាសាធារណៈ។
លោក នី ណាក់ អាយុ ៤៥ ឆ្នាំ ដែលជាសហគ្រិនកសិកម្មមួយរូប ត្រូវបានចាប់ខ្លួន កាលពីដើមខែមករា បន្ទាប់ពីលោកបានបង្ហោះសារមួយចំនួនលើគណនីហ្វេសប៊ុក ឈ្មោះ IMan-KH បរិយាយអំពីការសម្រេចរបស់រដ្ឋាភិបាលដែលផ្តល់ដីព្រៃប្រមាណ ១០០ ហិកតា នៅខេត្តកំពត ឱ្យបុគ្គលម្នាក់ឈ្មោះ ហេង សួរ ដែលជាឈ្មោះដូចនឹងឈ្មោះរបស់រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ។
នៅក្នុងសវនាការរយៈពេលជាងមួយម៉ោងនាថ្ងៃចន្ទនេះ លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ តំណាងអយ្យការ និងភាគីដើមបណ្តឹងបានដេញដោលសួរលោក នី ណាក់ ឱ្យបញ្ជាក់ឡើងវិញថា តើលោកពិតជាបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ដូចដែលមាននៅក្នុងសំណុំរឿងរបស់លោក និងអំពីផលប៉ះពាល់នៃសារដែលលោកបានបង្ហោះនោះ។
លោក នី ណាក់ បានថ្លែងក្នុងសាលសវនាការថា ការបង្ហោះសាររបស់លោក គឺលោកចង់បង្ហាញឱ្យសាធារណជនបានដឹងអំពីការកាត់ដីរដ្ឋទៅឱ្យឯកជន និងថា ការបង្ហោះសាររបស់លោកលើបណ្តាញសង្គមហ្វេសប៊ុកនោះគឺផ្តើមចេញពីសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដូចជាសារព័ត៌មាន The Cambodia Daily Khmer ដែលផ្សាយពីក្រៅប្រទេស។
ប៉ុន្តែនៅពេលលោក ទិតសុទ្ធី បូរ៉ាឆាត សួរបន្ថែមថា តើលោកដឹងកំហុសរបស់ខ្លួនលោកទេ? លោក នី ណាក់ ថា លោកបានដឹងពីកំហុស តែលោកមិនដឹងថា សាររបស់លោកបង្កឱ្យមានប្រតិកម្ម ឬផលប៉ះពាល់យ៉ាងណានោះទេ។
លោក នី ណាក់ ក៏បានប្រាប់តំណាងអយ្យការលោក សេង ហៀង ថាការបង្ហោះរបស់លោកគឺគ្រាន់តែចង់ឱ្យពលរដ្ឋបានដឹងបន្ថែមការកាត់ដីសាធារណៈឱ្យទៅឯកជន។ លោក សេង ហៀង ក៏បានពន្យល់លោក នី ណាក់ កុំឱ្យមានការភាន់ច្រឡំ អំពីការញុះញង់ និងការបញ្ចេញមតិ។ បន្ទាប់មក លោកតំណាងអយ្យការបន្ថែមសំណួរទៅលោក នី ណាក់ ថា៖ «លោកទទួលស្គាល់កំហុសទេ?» លោក នី ណាក់ តបថា៖ «ខ្ញុំទទួលស្គាល់»។
ក្រោយការសួរដេញដោលពីភាគីតំណាងអយ្យការ និងចៅក្រម សហមេធាវីការពារក្តីលោក ហេង សួរ បានស្នើតុលាការឱ្យផ្តន្ទាទោសជាអតិបរមាលើលោក នី ណាក់ តាមមាត្រាមួយចំនួនដែលទាក់ទងនឹងបទល្មើសដូចជាមាត្រា ៤៩៥ និង៤៩៦ នៃក្រមព្រហ្មទណ្ឌ ដែលចែងពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានការរើសអើង ហើយនឹងមាត្រា ៣០៥ ដែលចែងពីបទបរិហារកេរ្តិ៍ជាសាធារណៈ។
សហមេធាវីដើមបណ្តឹងក៏បានស្នើឱ្យតុលាការរឹបអូស គណនី Iman-KH ហាមឃាត់ជនជាប់ចោទមិនឱ្យចាកចេញពីកម្ពុជា និងសងជំងឺចិត្តចំនួន ២០០០ លានរៀល ដែលស្មើនឹងជិត ៥០ ម៉ឺនដុល្លារអាមេរិក។
សហមេធាវីការពារក្តីលោក ហេង សួរ ដែលជាដើមបណ្តឹងយល់ថា ការបង្ហោះសាររបស់លោក នី ណាក់ មានចេតនាវាយប្រហារ និងរើសអើងនាំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់កូនក្តី។ លោក លី រដ្ឋធី សហមេធាវីមួយរូបរបស់លោក ហេង សួរ ថ្លែងថា៖ «យើងឃើញសកម្មភាពញុះញង់មួយចំនួន គឺអ្នកប្រព្រឹត្តរួចបានទៅក្រៅប្រទេស។ [ប៉ុន្តែ] ករណីនេះមិនគួរមានទេ»។
ក៏ប៉ុន្តែលោក នី ណាក់ បានសំណូមពរឱ្យចៅក្រមពិចារណាទម្លាក់បទចោទប្រកាន់មកលើរូបលោក។ លោកថ្លែងថា៖ «ខ្ញុំបាទសំណូមពរមេត្តាលើកលែងការចោទប្រកាន់ឱ្យមានសេរីភាពវិញ»។ លោកបន្ថែមថា៖ «ខ្ញុំបាទមិនបានបរិហារកេរ្តិ៍ឯកឧត្តមទេ...ខ្ញុំចង់បង្ហាញសម្បត្តិធនធានដែលបាត់បង់ប៉ុណ្ណោះ»។
លោក នី ណាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៤ ក្រោមបទចោទ «ការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិមបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង» ដែលប្តឹងដោយរដ្ឋមន្រ្តីក្រសួងការងារ លោក ហេង សួរ ពាក់ព័ន្ធនឹងការបង្ហោះសារនៅលើហ្វេសប៊ុក រឿងការផ្ទេរដីព្រៃមួយកន្លែងនៅខេត្តកំពត ឱ្យទៅបុគ្គលឈ្មោះ ហេង សួរ ក្នុងចន្លោះ ថ្ងៃទី ១២ និង ១៧ ខែធ្នូ ឆ្នាំ ២០២៣។
កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៣ លោក នី ណាក់ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកក្នុងន័យដើមថា៖ «តើលោក ហេង សួរ បានសាងស្នាដៃធំធេងអ្វីដល់ជាតិខ្មែរ បានជារដ្ឋាភិបាលកាត់ដីព្រៃផ្តល់ឱ្យធ្វើជាកម្មសិទ្ធិ? RIP ព្រៃឈើខ្មែរ»។ ចំណែកកាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣ នៅលើហ្វេសប៊ុករបស់លោក នី ណាក់ មានការបង្ហោះសារក្នុងន័យដើមថា៖ «កាត់ដីឱ្យលោក ហេង សួរ ប្រហែលជាទុកសង់រោងចក្រ ២០០០ និងធ្វើការិយាល័យឱ្យមន្ត្រីក្រសួងការងារ ព្រោះឃើញគាត់ប្រាប់ថា ធ្វើការរហូតគ្មានថ្ងៃសៅរ៍ ឬ អាទិត្យឡើយ»។
មេធាវីការពារក្តីឲ្យលោក នី ណាក់ គឺលោក ជូង ជូងី បានថ្លែងដោះបន្ទុកលើកូនក្តីថា សាររបស់លោក នី ណាក់ គ្មានធាតុផ្សំនៃបទល្មើសនោះទេ។ លោកប្រាប់តុលាការថា សាររបស់លោកនី ណាក់មិននិយាយចំឈ្មោះលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនោះទេ នៅត្រង់ឃ្លាចំនួនពីរ ដែលលោកសរសេរថា៖ « កាត់ដីឱ្យលោក ហេង សួរ ប្រហែលជាទុកសង់រោងចក្រ២០០០ និងធ្វើការិយាល័យ ឱ្យមន្ត្រីក្រសួងការងារ...និងតើលោក ហេង សួរ មានស្នាដៃអ្វីដល់ជាតិខ្មែរ» ទើបទទួលបានដីពីរដ្ឋាភិបាល។
លោកបានផ្តល់សេចក្តីពន្យល់ថា អ្នកដែលត្រូវទទួលកំហុសនោះ គឺអ្នកដែលចូលមកផ្តល់ការអត្ថាធិប្បាយលើការបង្ហោះសាររបស់លោក នី ណាក់។
លោកថ្លែងថា៖« កុំយក comment មកផ្ទុកលើគាត់។ វាអយុត្តិធម៌ដល់គាត់»។ លោកបន្ថែមថា៖ «គាត់ចង់តែឱ្យសាធារណជនដឹងថា ដីរដ្ឋកាត់ឱ្យឯកជន។ គាត់បារម្ភ»។
បើតាមការអានកំណត់ហេតុរបស់ក្រឡាបញ្ជី អ្នកចូលមក comment ឬអត្ថាធិប្បាយលើសាររបស់លោក នី ណាក់ បានប្រើប្រាស់ពាក្យពេចន៍អសុរោះ និងមានចរិតរើសអើងជាតិសាសន៍ ជាពិសេសសំដៅដល់ពលរដ្ឋជនជាតិវៀតណាម។
លោក ជូង ជូងី ប្រាប់វីអូអេបន្ថែមតាមទូរស័ព្ទថា លោកនី ណាក់ ទំនងជាមិនអាចឈ្នះក្តីក្នុងសំណុំរឿងខាងលើបានទេ នៅពេលដែលមានអ្នកមានអំណាចជាដើមបណ្តឹង និងថា កូនក្តីមិនមានភាពវៃឆ្លាតគ្រប់គ្រាន់ក្នុងការថ្លែងការពារខ្លួននៅចំពោះមុខតុលាការ។
លោកថ្លែងថា៖ «កូនក្តីគាត់អត់ឆ្លាតគ្រប់គ្រាន់។ គាត់អត់ឆ្លាតគ្រប់គ្រាន់ទេ ហើយគាត់ទទួលស្គាល់កំហុសហ្នឹង មិនមែន ក្នុងន័យថា គាត់ទទួលស្គាល់កំហុសថា គាត់ញុះញង់ឱ្យមានការរើសអើង ឬក៏គាត់បរិហារកេរ្តិ៍ មិនមែនអីចឹងទេ គឺគាត់ក្នុងន័យថា គាត់បានបង្ហោះហ្នឹងធ្វើឱ្យប៉ះពាល់កិត្តិយសឯកឧត្តមហេង សួរហ្នឹង ក្នុងន័យប៉ុណ្ណឹងទេ។ មិនថា ឱ្យគាត់ទៅសារភាព ឬក៏ទទួលស្គាល់កំហុសថា គាត់ពិតជាញុះញង់ឱ្យមានការរើសអើងហ្នឹង គឺមិនទេ»។
ភរិយារបស់លោកនី ណាក់ គឺអ្នកស្រី សុខ ស៊ីណែត ដែលចូលស្តាប់សវនាការនៅថ្ងៃចន្ទនេះ បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយ។
លោកនី ណាក់ ធ្លាប់ត្រូវបានចាប់ដាក់ពន្ធនាគារពីបទញុះញង់កន្លងមក និងទទួលរងការវាយដំពីជនមិនស្គាល់មុខ ពេលលោកចាកចេញពីពន្ធនាគារ។
នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា មានភាពមិនច្បាស់លាស់នៅក្នុងការកំណត់ភាពខុសគ្នានៃទម្រង់បញ្ចេញមតិ និងការញុះញង់ក្នុងសំណុំរឿងរបស់លោក នី ណាក់ ដែលជាសកម្មជនដ៏សកម្មមួយរូបក្នុងការបញ្ចេញមតិយោបល់លើបណ្តាញសង្គម។
លោកបន្ថែមថា៖ «រឿងការបញ្ចេញមតិនេះ វាជាភាពចម្រូងចម្រាសមួយដែលមានការលើកឡើងខ្វែងគំនិតគ្នារវាងកម្ពុជា ជាមួយនឹងអ្នកជំនាញសិទ្ធិមនុស្សរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលគេមើលឃើញថា លោក នី ណាក់គ្រាន់តែជាការបញ្ចេញមតិ មិនគួរត្រូវបានចោទប្រកាន់ ឬក៏ធ្វើការចាប់ និងឃុំខ្លួននោះទេ ពីព្រោះវាប៉ះពាល់ទៅដល់សេរីភាពក្នុងការបញ្ចេញមតិ ប៉ុន្តែកម្ពុជាបកស្រាយថា ជាការអនុវត្តច្បាប់កម្ពុជា»។
ក្រោយបញ្ចប់សវនាការជំនុំជម្រះនៅថ្ងៃចន្ទដដែលនេះ លោកចៅក្រម ទិតសុទ្ធី បូរ៉ាឆាត បានថ្លែងថាសាលក្រមលើសំណុំរឿងរបស់លោក នី ណាក់ នឹងត្រូវប្រកាសនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤៕
វេទិកាបញ្ចេញមតិ