របាយការណ៍មួយបាននិយាយថា ក្រុមហ៊ុនមកពីប្រទេសយ៉ាងហោចណាស់ចំនួន១៣ បានជួយប្រទេសមីយ៉ាន់ម៉ា បង្កើនសមត្ថភាពរបស់ខ្លួនក្នុងការផលិតអាវុធ ដែលត្រូវបានប្រើប្រាស់ដើម្បីប្រព្រឹត្តអំពើឃោរឃៅ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃចន្ទ។
របាយការណ៍របស់ក្រុមប្រឹក្សាពិសេសសម្រាប់មីយ៉ាន់ម៉ាបានរៀបរាប់លម្អិតអំពីវិធីដែលប្រទេសនេះបានបង្កើនការផលិតអាវុធចាប់តាំងពីកងទ័ពបានដណ្តើមអំណាចនៅដើមឆ្នាំ២០២១ ដោយបានបញ្ឆេះចលនាប្រឆាំងជាសាធារណៈដ៏ធំមួយ។ របាយការណ៍បាននិយាយថា ក្រុមហ៊ុននៅសហរដ្ឋអាមេរិក អឺរ៉ុប អាស៊ី និងមជ្ឈិមបូព៌ាកំពុងគាំទ្រខ្សែសង្វាក់ផ្គត់ផ្គង់យោធា ហើយបានទទូចក្រុមហ៊ុនទាំងនោះឱ្យធានាថា ពួកគេមិនសម្របសម្រួលឲ្យមានការរំលោភសិទ្ធិមនុស្សទេ។
ការរីកចម្រើននៃឧស្សាហកម្មអាវុធក្នុងស្រុកកើតឡើងនៅពេលដែលប្រទេសមួយចំនួនបានអនុវត្តការហាមឃាត់អាវុធ ឬដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គល និងក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងការជួញដូរ ឬផលិតអាវុធ៕