វិបត្តិនៅប្រទេសភូមាបានកំពុងក្លាយជាក្តីបារម្ភយ៉ាងខ្លាំងរបស់រដ្ឋាភិបាលទីក្រុងបាងកក ដែលតម្រូវឲ្យមានការកោះប្រជុំក្រៅផ្លូវការជាបន្ទាន់មួយ ដើម្បីរកច្រកសម្រាលស្ថានការណ៍ពាក់ព័ន្ធនឹងជម្លោះ និងបញ្ហាផ្សេងទៀត ដូចជាជនភៀសខ្លួនដែលបន្តចាកចេញពីមីយ៉ាន់ម៉ាទៅកាន់ប្រទេសថៃ។ នេះបើតាមអ្នកជំនាញកិច្ចការនយោបាយ និងសន្តិសុខអន្តរជាតិនៅកម្ពុជា។
កាលថ្ងៃព្រហស្បតិ៍ ប្រទេសដែលជាសមាជិករបស់អាស៊ានចំនួន ៥ បានជួបជុំគ្នានៅប្រទេសថៃដើម្បីពិភាក្សាគ្នាដោយត្រង់ទៅត្រង់មក និងប្រកបដោយភាពស្មោះត្រង់ រកមធ្យោបាយដើម្បីពន្លឿនវឌ្ឍនភាពក្នុងការអនុវត្តលើកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចស្តីពីមីយ៉ាន់ម៉ា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី ២២ ខែធ្នូនេះ។
នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនោះ ប្រទេសចំនួន ៥ បានពហិការមិនចូលរួម ក្នុងនោះមានដូចជា ឥណ្ឌូណេស៊ីដែលនឹងធ្វើជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ ២០២៣ ម៉ាឡេស៊ី ព្រុយណេ ហ្វីលីពីន និងសិង្ហបុរី។
ប្រធានវេទិកា The Thinker Cambodia លោក វណ្ណ ប៊ុនណា ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការដែលបោះដៃដោយប្រទេសថៃនេះ បង្ហាញថា ប្រទេសថៃចង់ឲ្យមានដំណោះស្រាយលឿនតាមដែលអាចធ្វើទៅបាន ពាក់ព័ន្ធនឹងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ដោយហេតុថា កាលណាវិបត្តិនៅប្រទេសនេះកាន់តែដុនដាប វាប៉ះពាល់ខ្លាំងជាងគេដល់ប្រទេសថៃបណ្តាមកពីវិបត្តិជនភៀសខ្លួន ហើយបង្កជាក្តីបារម្ភដល់បញ្ហាសន្តិសុខ សង្គម និងសេដ្ឋកិច្ចក្នុងប្រទេសថៃ និងប្លុកអាស៊ានផងដែរ។
បើតាមលោក វណ្ណ ប៊ុនណា ការដែលប្រទេសជាសមាជិកអាស៊ានចំនួន ៥ មិនចូលរួមក្នុងកិច្ចពិគ្រោះយោបល់នោះ ជាការបង្ហាញពីការបែកបាក់គ្នាកាន់តែខ្លាំងរបស់អាស៊ានលើវិបត្តិនៅមីយ៉ាន់ម៉ា ឬភូមា។ ហើយលោកថា ប្រទេសដែនកោះនៅតែប្រកាន់ខ្ជាប់នូវជំហរតឹងរ៉ឹងចំពោះមេដឹកនាំរបបសឹកភូមា រីឯប្រទេសដែនគោកចង់ឲ្យមានការពិភាក្សាគ្នាដើម្បីរកច្រកចេញ។
លោកថ្លែងថា៖ «ហើយប្រទេសដីកោះគេចង់ឲ្យភូមាទាល់តែមានការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ានជាមួយរបបសឹកភូមា ទើបអាចមានកិច្ចប្រជុំទោះក្រៅផ្លូវការ និងមិនក្រៅផ្លូវការក្តី។ អ៊ីចឹងទេ កាលណាមិនទាន់វិវឌ្ឍណាជាដុំកំភួនទៅលើកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ដែលអាស៊ានបានដាក់ចេញនេះទេប្រទេសអាស៊ានដីកោះ គឺមិនចង់ចូលរួមក្នុងការប្រជុំជាមួយមេដឹកនាំរបបសឹកភូមា ជាពិសេសជាមួយលោក Min Aung Hlaing ឬក៏រដ្ឋមន្ត្រីការបរទេសរបស់គាត់ហ្នឹងទេ»។
លោក វណ្ណ ប៊ុនណា អះអាងថា អាស៊ានបានប្រជុំជាច្រើនលើកច្រើនសារមកហើយដើម្បីរកច្រកចេញសម្រាប់វិបត្តិភូមា ប៉ុន្តែគ្មានបានលទ្ធផលអ្វីដែលគួរឲ្យកត់សម្គាល់នោះឡើយ។ ហើយលោកថា អ្វីដែលអាស៊ានអាចបាននាពេលនេះ គឺត្រូវធ្វើការឲ្យបានជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ រកមធ្យោបាយណាដែលធ្វើឲ្យប្លុក ១០ ប្រទេសនេះ មានសាមគ្គីភាពគ្នា និងធ្វើការទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធទាំងអស់នៅក្នុងវិបត្តិមីយ៉ាន់ម៉ា។
ចំណែកអ្នកវិភាគនយោបាយលោក សេង សារី លើកឡើងថា វាជាគំនិតផ្តួចផ្តើមដ៏ល្អដែលថៃបានកោះហៅប្រទេសសមាជិកអាស៊ានផ្សេងទៀតដើម្បីប្រជុំពិគ្រោះយោបល់ ក្រៅផ្លូវការ។ ការណ៍នេះបង្ហាញថា ប្រទេសថៃដែលមានព្រំដែនជាប់ភូមា មានចេតនាចង់ដោះស្រាយវិបត្តិនៅប្រទេសដឹកនាំដោយពួកយោធានេះ ជាពិសេសបញ្ហាជនភៀសខ្លួន។
ទោះជាយ៉ាងណា បើតាមលោក សេង សេរី គំនិតផ្តួចផ្តើមអ្វីក៏ដោយ គឺត្រូវតែស្របតាមយន្តការរបស់អាស៊ាន ទើបមិនមានការរិះគន់និងការពហិការពីមេដឹកនាំនៃប្រទេសសមាជិកសមាគមដែលមានប្រជាជនជាង ៦០០ លាននាក់នេះ។
លោកថ្លែងថា៖ «ជនភៀសខ្លួនដែលរត់ចេញពីប្រទេសភូមាបានរត់ចូលប្រទេសថៃនៅតាមបណ្តាជំរុំតាមព្រំដែនប្រទេសភូមានិងប្រទេសថៃ បានក្លាយជាបន្ទុក តិចឬច្រើន បានក្លាយទៅជាបន្ទុករបស់ប្រទេសថៃ ហើយវាពាក់ព័ន្ធទៅនឹងសន្តិសុខរបស់ជាតិថៃ។ ដូច្នេះការផ្តួចផ្តើមរបស់ប្រទេសថៃ វាជាចេតនាមួយដើម្បីការពារផលប្រយោជន៍របស់ថៃខ្លួនឯង។ ក៏ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំយល់ថា បើសិនមិនប្រើប្រាស់យន្តការអាស៊ាននៅក្នុងការដោះស្រាយបញ្ហារបស់ភូមាទេ គំនិតផ្តួចផ្តើមរបស់សមភាគីណាមួយ នៅក្នុងការព្យាយាមដោះស្រាយបញ្ហាភូមា គឺតែងតែទទួលបានការរិះគន់ ហើយនឹងទទួលបានការពហិការពីសមាជិកដទៃទៀត»។
លោក សេង សារី បានកត់សម្គាល់ថា យន្តការកុងសង់ស៊ីសរបស់អាស៊ាន ជាយន្តការងាប់ក្រឡា មិនមានភាពបត់បែន ហើយក៏ជាយន្តការដែលនឹងជំរុញឲ្យវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកាន់តែយ៉ាប់ខ្លាំងផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ ការពិភាក្សាពិគ្រោះយោបល់នេះគឺធ្វើឡើងភ្ជាប់ជាមួយចំណុចទី ១៤ ដែលមេដឹកនាំអាស៊ានបានសម្រេចកាលពីកន្លងទៅ ពាក់ព័ន្ធនឹងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច និងថាពួកគេក៏បានបញ្ជាក់នូវសារៈសំខាន់នៃការស្វែងរកមធ្យោបាយថ្មីផ្សេងទៀត ដែលអាចជួយកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីនាំមកនូវវិធីសាស្ត្រដោយសន្តិវិធីដោះស្រាយវិបត្តិនាពេលបច្ចុប្បន្ន។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ក្នុងន័យដើមថា៖ «សំខាន់ជាងនេះ រដ្ឋមន្ត្រីការបរទេសក៏បានផ្លាស់ប្តូរទស្សនៈទៅលើមាគ៌ាដែលអាចអនុវត្តបាន ហើយនាំមកនូវវឌ្ឍនភាពដល់ការអនុវត្តកិច្ចព្រមព្រៀង ៥ ចំណុច ព្រមទាំងយុទ្ធសាស្ត្រចេញដែលអាចជួយមីយ៉ាន់ម៉ាវិលត្រឡប់ទៅរកប្រក្រតីភាពនិងសន្តិភាពឡើងវិញតាមដែលអាចធ្វើទៅបាន»។
គួរបញ្ជាក់ថា កិច្ចប្រជុំក្រៅផ្លូវការនេះធ្វើឡើងក្រោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចលើកឡើងដំបូងលើករណីមីយ៉ាន់ម៉ានៅក្នុងពេល ៧៤ ឆ្នាំ ដែលទាមទារឲ្យបញ្ចប់នូវអំពើហិង្សា ហើយឲ្យមេដឹកនាំយោធាដោះលែងអ្នកទោសនយោបាយទាំងអស់។
លោកស្រី Barbara Woodward ឯកអគ្គរាជទូតអង់គ្លេសប្រចាំ អ.ស.ប. បាននិយាយប្រាប់ក្រុមប្រឹក្សាសន្តិសុខនៅក្រោយការបោះឆ្នោតអំពីសេចក្តីសម្រេចចិត្តនេះដែលចក្រភពអង់គ្លេសបានព្រៀងថា «នៅថ្ងៃនេះ យើងបញ្ជូនសារម៉ឺងម៉ាត់មួយទៅឲ្យក្រុមយោធាថា គ្មានការសង្ស័យឡើយ យើងរំពឹងថា សេចក្តីសម្រេចនេះនឹងត្រូវអនុវត្តពេញលេញ»៕