របាយការណ៍មួយកាលពីថ្ងៃពុធទី១៩ ខែមិថុនាបានបង្ហាញថា កុមារជិត២ពាន់នាក់ស្លាប់រាល់ថ្ងៃដោយសារបញ្ហាសុខភាពទាក់ទិននឹងការបំពុលខ្យល់ ដែលនៅពេលនេះជាកត្តាគ្រោះថ្នាក់ធំបំផុតនាំឱ្យមានការស្លាប់នៅវ័យក្មេងនៅទូទាំងពិភពលោក។
បើតាមរបាយការណ៍នៃវិទ្យាស្ថានផលប៉ះពាល់សុខភាព Health Effects Institute មានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានបង្ហាញថា បញ្ហានៃការបំពុលខ្យល់បណ្តាលឱ្យមនុស្ស៨លាន១សែននាក់ស្លាប់នៅឆ្នាំ២០២១--គឺប្រមាណ១២ភាគរយនៃចំនួនមនុស្សស្លាប់ទាំងអស់។
របាយការណ៍នេះបង្ហាញថា នេះន័យថាបញ្ហាបំពុលខ្យល់បានសម្លាប់មនុស្សច្រើនជាងការប្រើថ្នាំជក់និងបញ្ហាអាហារូបត្ថម្ភមិនគ្រប់គ្រាន់ ដែលនាំឱ្យបញ្ហានៃការបំពុលខ្យល់នេះជាកត្តាហានិភ័យនាំមុខទីពីរដែលធ្វើឱ្យមនុស្សស្លាប់នៅវ័យក្មេង ដោយនៅតិចជាងតែជំងឺសម្ពាធឈាមខ្ពស់តែមួយមុខប៉ុណ្ណោះ។
ក្មេងតូចៗរងគ្រោះដោយងាយដោយសារបញ្ហាបំពុលខ្យល់ ហើយវិទ្យាស្ថាននេះបានសហការជាដៃគូជាមួយមូលនិធិកុមារអ.ស.ប.UNICEF ក្នុងការសរសេររបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីស្ថានភាពខ្យល់សាកល។
របាយការណ៍នេះរកឃើញថាបញ្ហានៃការបំពុលខ្យល់រួមចំណែកដល់ការស្លាប់របស់កុមារជាង៧សែននាក់ក្រោមអាយុ៥ឆ្នាំ។
ចំនួនជាង៥សែននៃការស្លាប់ទាំងនេះបណ្តាលមកពីការធ្វើម្ហូបក្នុងផ្ទះដោយប្រើឥន្ធនៈកខ្វក់ដូចជាធ្យូង អុសឬអាចម៍សត្វ ភាគច្រើននៅអាហ្វ្រិកនិងអាស៊ី។
របាយការណ៍នេះរកឃើញថា សឹងតែមនុស្សរាល់គ្នានៅក្នុងពិភពលោកនេះដកដង្ហើមចូលខ្យល់បំពុលក្នុងកម្រិតមួយដែលធ្វើឱ្យខូចសុខភាពជារៀងរាល់ថ្ងៃ។
របាយការណ៍នេះបង្ហាញថា ជាង៩០ភាគរយនៃការស្លាប់ទាំងនេះទាក់ទិននឹងភាគល្អិតកខ្វក់ក្នុងខ្យល់ហៅ PM2.5 មានទំហំ២,៥មីក្រូម៉ែត្រឬតូចជាងនេះ។
គេរកឃើញថាការដកដង្ហើមចូលភាគល្អិត PM2.5 ក្នុងសួតបង្កើនគ្រោះថ្នាក់ជំងឺមហារីកសួត ជំងឺបេះដូងនិងបញ្ហាសុខភាពឯទៀតៗ។
របាយការណ៍នេះក៏បានរកឃើញដែរថា ការបំពុលប្រព័ន្ធអូហ្សូនត្រូវបានរំពឹងថានឹងអាក្រក់ជាងមុន ពីព្រោះកំណើនសីតុណ្ហភាពក្នុងពិភពលោកដោយសារបញ្ហានៃការប្រែប្រួលអាកាសធាតុបណ្តាលមកពីសកម្មភាពមនុស្ស--មានទាក់ទិនជាមួយការស្លាប់ជិត៥សែននាក់នៅឆ្នាំ២០២១។
អ្នកស្រី Pallavi Pant ជាប្រធានសុខភាពសាកលនៃវិទ្យាស្ថានផលប៉ះពាល់សុខភាព Health Effects Institute។ អ្នកស្រីថ្លែងថា«នៅផ្នែកជាច្រើនលើពិភពលោកមើលឃើញផលប៉ះពាល់នៃការបំពុលខ្យល់តែរយៈពេលខ្លី នៅពេលមានហេតុការណ៍នានាដូចជាភ្លើងឆេះព្រៃ ព្យុះធូលីឬពេលក្តៅខ្លាំងជាដើម ដែលស្ថានភាពទាំងនោះបានបង្កើនកម្រិតអូហ្សូន។
អ្នកស្រីបន្ថែមថាមាន «ដំណោះស្រាយដែលស្រដៀងគ្នាខ្លាំង»សម្រាប់ការប្រែប្រួលអាកាសធាតុនិងបញ្ហានៃការបំពុលខ្យល់--ជាពិសេសដោយកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់។
អ្នកស្រី Pant ថា គេក៏អាចចាត់វិធានការផងដែរអំពីការប្រើឥន្ធនៈរឹងកខ្វក់សម្រាប់ចម្អិនអាហារក្នុងផ្ទះ ដោយបង្ហាញថាប្រទេសចិនបានកែលម្អយ៉ាងច្រើនក្នុងបញ្ហានេះ។
របាយាការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី១៩ ខែមិថុនានេះបានប្រើទិន្នន័យនៃការសិក្សាស្រាវជ្រាវអំពីបន្ទុកនៃជំងឺសាកលធ្វើឡើងដោយវិទ្យាស្ថានលក្ខណៈវិនិច្ឆ័យនិងការវាយតម្លៃខាងសុខភាព Institute For Health Metrics and Evaluation មានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលត្រូវបានធ្វើក្នុងប្រទេសនិងដែនដីជាងពីររយ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
វេទិកាបញ្ចេញមតិ