ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទី​ភ្នាក់ងារ​​បរិយាកាស​អាមេរិក​ព្រមាន​ពី​កម្តៅ​ទឹកសមុទ្រ​ដែល​ប៉ះពាល់​ដល់​​ស្រទាប់​ផ្កាថ្ម


ផ្កាថ្ម​​ស្លេក​ពណ៌​ដោយសារ​ការឡើង​កម្តៅ​នៅ​តំបន់ Mackay Reef
ផ្កាថ្ម​​ស្លេក​ពណ៌​ដោយសារ​ការឡើង​កម្តៅ​នៅ​តំបន់ Mackay Reef

ផ្កាថ្ម​នៅ​ជុំវិញ​ពិភពលោក​កំពុង​ជួប​ប្រទះ​ព្រឹត្តិការណ៍​ស្លេក​ពណ៌​ដ៏​ធំជាលើក​ទី​៤​ ដោយ​ប្រែ​ទៅ​ជា​ពណ៌​ស​ក្បុស។ នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​របស់​ទី​ភ្នាក់ងារ​ជាតិ​បរិយាកាស​និង​មហាសមុទ្រអាមេរិក​ NOAA កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​មេសា​កន្លង​ទៅ។ ការ​ប្រែ​ពណ៌​នេះ​អាច​ធ្វើ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​ ប្រព័ន្ធ​អេកូ​ឡូស៊ី និង​ជីវិត​រស់​នៅ។ ​នេះ​បើ​តាម​របាយការណ៍​មួយ​របស់​ទី​ភ្នាក់ងារ NOAA។ ​

ចាប់​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០២៣​មក​ ​ផ្កាថ្មនៅ​ក្នុង​ប្រទេស​និង​ដែនដី​ជាង​៥៤​ ​បាន​ទទួល​រងការ​ប្រែ​ពណ៌​ជា​ខ្លាំង​ ហើយ​ការ​ប្រកាស​ពីការ​ប្រែ​ពណ៌​ជា​សាកលនា​ពេល​ថ្មីៗ​នេះ​ គឺ​ជា​លើក​ទី​២​ហើយ​ ក្នុងរយៈពេល១០​ឆ្នាំកន្លងទៅនេះ។

ការ​ប្រែពណ៌​នេះជា​ការ​គំរាមកំហែងមួយ​ដល់​បណ្តុំ​ផ្កាថ្ម ដោយសារ​វា​កើត​ឡើង​នៅ​ពេល​មាន​ការ​ប្រែប្រួល​សីតុណ្ហភាព​ ដែល​ធ្វើ​ឱ្យ​ស្រទាប់​ផ្កា​ថ្ម​ទាំង​នោះ​បញ្ចេញ​កោសិកា​ចិញ្ចឹម​របស់​វា​មក​ក្រៅ។​ ​ក្នុង​ព្រឹត្តិការណ៍​ប្រែពណ៌​ដ៏​ច្រើន ដូច​ជា​លើក​នេះនិង​៣លើក​មុន​ជា​ដើម​ ​កើត​មាន​ឡើង​ជួន​ពេល​គ្នា​នឹង​ការ​កើត​ឡើង​នូវ​បាតុភូត El Niño ឬ​ការ​ឡើងសីតុណ្ហភាព​ទឹកសមុទ្រ។

ខណៈ​ដែល​ការ​ប្រែ​ពណ៌​ផ្កាថ្ម​បាន​ក្លាយ​ជា​រឿង​ធម្មតា​កាន់​តែខ្លាំង​ថែម​ទៀត​នោះ​ ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថាជា​ការ​ប្រែពណ៌​ជា​សាកល​ ប្រសិន​បើ​វា​កើត​ឡើង​នៅ​ក្នុង​តំបន់​អាង​សមុទ្រ​ដ៏​សំខាន់​មួយ​របស់​ភពផែន​ដី​ ​ដែល​រួម​មាន​មហាសមុទ្រ​អាត្លង់ទិក​ ​ប៉ាស៊ីហ្វិក​ និង​មហាសមុទ្រ​ឥណ្ឌា​ ក្នុងអំឡុង​រយៈ​ពេល​៣៦៥​ថ្ងៃ។ ​

លោក​ Derek Manzello​ ​អ្នក​សម្របសម្រួល​នៃ​ការ​ឃ្លាំមើលផ្កាថ្ម​នៃ​ទី​ភ្នាក់ងារ NOAA ដែល​តាម​ដាន​ត្រួត​ពិនិត្យពី​កម្តៅ​បាន​បញ្ជាក់​ថា​៖ «​ខណៈដែល​មហាសមុទ្រ​ពិភពលោកបន្ត​ឡើង​កម្តៅ ការ​ប្រែពណ៌​ផ្កាថ្មអាចកើត​ឡើងកាន់​តែ​ញឹកញាប់​និង​មាន​សភាព​ធ្ងន់ធ្ងរ»។​ ​

យោងតាម​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters​ ព្រឹត្តិការណ៍​ផ្កាថ្មប្រែពណ៌​ជា​សាកល​នេះជា​រឿងអាក្រក់​មួយ។​ លោក​ Lorenzo Alvarez-Filip​ អ្នក​សិក្សា​ពី​អេកូឡូស៊ី​សមុទ្រ​នៃ​សាកលវិទ្យាល័យ National Autonomous ក្នុង​ប្រទេស​ម៉ិកស៊ិក​និយាយ​ថា៖​ «អ្វី​ដែល​អ្នក​មុជទឹក​បាន​ឃើញ​នោះ​គឺ​មានពណ៌​ស​នៅកន្លែង​ថ្ម​ប៉ប្រះទឹក​មួយ​ចំនួន»។

លោក​ Alvarez-Filip ថ្លែង​បន្ថែម​ទៀត​ថា​ ប្រសិនបើទឹក​ត្រជាក់​ ​វា​អាច​ទៅ​រួច​ដែល​ផ្កាថ្ម​ដែល​ប្រែពណ៌​ទៅ​ជា​ស​ទាំងនោះ​អាច​ត្រឡប់​មក​សភាព​ដូច​ដើម​វិញ​ ប៉ុន្តែ​ផ្កាថ្ម​ក្នុង​តំបន់​ការ៉ាអ៊ីប​ខ្លះ​ បាន​ឡើង​ដល់ចំណុច​មួយ​ ​ដែល​ផ្កាថ្ម​ទាំង​នោះ​ងាប់​និង​មិន​អាច​ស្តារ​ឡើង​វិញ បើ​ទោះ​ជា​ទឹក​ចុះ​ត្រជាក់ក្នុង​រដូវរងា​ក៏​ដោយ។ ​

ទី​ភ្នាក់ងារ NOAA បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖​ ​«ព្រឹត្តិការណ៍ពិភពលោក​មួយ​នេះតម្រូវ​ឱ្យចាត់​វិធានការ​ជាសាកល​ដូចគ្នា​ដែរ»។ សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​បន្ថែម​ទៀត​ថា​ ទី​ភ្នាក់ងារ NOAA រួម​ជា​មួយ​ភាគី​ពាក់ព័ន្ធ​អន្តរជាតិ​នានា​ កំពុង​ជួយ​អន្តរាគមន៍​សង្គ្រោះ​និង​ស្តារ​ផ្កាថ្ម​ឱ្យប្រសើរ​ឡើង​វិញក្នុង​អំឡុងពេល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​៕

ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ ត្រូវបាន​ស្រង់​ចេញ​ពី​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters ទី​ភ្នាក់ងារ​សារព័ត៌មាន​ The Associated Press និង​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Agence France-Presse ។​



ប្រែសម្រួល​ដោយ​លោក ជ្រា វណ្ណារិទ្ធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG