ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ វិបត្តិអាកាសធាតុបង្កើតឱ្យមានវិបត្តិសុខភាព


រូបឯកសារ៖ បុរស​ម្នាក់​ដង​ទឹក​ពី​អូរ​មួយ នៅ​ភូមិ Matobo ក្នុង​តំបន់ Matabeleland នៃ​ទី្វប​អាហ្រ្វិក កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។
រូបឯកសារ៖ បុរស​ម្នាក់​ដង​ទឹក​ពី​អូរ​មួយ នៅ​ភូមិ Matobo ក្នុង​តំបន់ Matabeleland នៃ​ទី្វប​អាហ្រ្វិក កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

ភស្តុតាង​វិទ្យាសាស្ត្រ​ដែល​ត្រូវបាន​កត់ត្រាទុក​ក្នុង​អត្ថបទ​មួយ​ចំនួន ​ដែល​បង្ហាញ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ពេល​ថ្មីៗ​នេះ បាន​បញ្ជាក់​ឱ្យ​ដឹង​អំពី​ផល​ប៉ះពាល់​ដ៏​គ្រោះថ្នាក់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​លើ​ដំណាក់កាល​សំខាន់ៗ​នៃ​ជីវិត​រស់នៅ​របស់​មនុស្ស។

អ្នកស្រី Anayda Portela អ្នក​វិទ្យាសាស្ត្រ​នៃ​នាយកដ្ឋាន​មាតា ទារក កុមារ មនុស្ស​ជំទង់ និង​មនុស្ស​វ័យ​ចំណាស់​នៃ​អង្គការ​សុខភាព​ពិភពលោក បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី ៧ ខែ​មិថុនា ​ក្នុង​ទីក្រុង​ហ្សឺណែវ​នៃ​ប្រទេស​ស្វីស​ថា៖ «ទាំងនេះ​ជា​ការ​បង្ហាញ​នូវ​ភស្តុតាង​វិទ្យាសាស្ត្រ​ដ៏​សំខាន់​អំពី​ផល​ប៉ះពាល់​ទៅលើ​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ ទារក​ទើប​នឹង​កើត កុមារ មនុស្ស​ជំទង់ និង​មនុស្ស​វ័យ​ចំណាស់ ​ដោយសារ​ការ​បំពុល​ខ្យល់​អាកាស​និង​គ្រោះថ្នាក់​ផ្សេង​ទៀត​ផ្នែក​អាកាសធាតុ​ដូចជា​ភ្លើង​ឆេះព្រៃ ទឹកជំនន់ និង​កម្តៅ​ឡើង​ខ្លាំង​ជាដើម»។

អ្នកស្រី​បន្ថែម​ថា៖ «ភស្តុតាង​ទាំងនេះ​មាន​សារៈសំខាន់​ខ្លាំង ពីព្រោះ​វា​បង្ហាញ​ពី​ហានិភ័យ​ផ្នែក​សុខភាព​ សម្រាប់​ក្រុម​មនុស្ស​ទាំងនេះ​ដោយសារតែ​គ្រោះ​ធម្មជាតិ​ផ្សេងៗ»។

អ្នកស្រី​បាន​កត់សម្គាល់​ថា ការ​ប្រមូល​នូវ​អត្ថបទ​ផ្សេងៗ​ដែល​ត្រូវបាន​បោះពុម្ព​នៅក្នុង​ទស្សនាវដ្ដី​សុខភាព​សាកល (Journal of Global Health) បាន​បង្ហាញ​ថា ហានិភ័យ​ផ្នែក​សុខភាព​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ «មិន​ត្រូវបាន​គេ​យកចិត្តទុកដាក់​ឱ្យ​បាន​គ្រប់គ្រាន់​នោះទេ» សម្រាប់​មនុស្ស​វ័យក្មេង មនុស្ស​វ័យ​ចំណាស់ និង​ស្តី្រ​មាន​ផ្ទៃពោះ «ដោយ​វា​អាច​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​និង​ជា​រឿយៗ​អាច​បង្ក​ការ​គំរាមកំហែង​ដល់​អាយុជីវិត​ផងដែរ»។

ការ​សិក្សា​នេះ​បង្ហាញ​ថា គ្រោះ​ធម្មជាតិ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​មាន «ផល​ប៉ះពាល់​ធ្ងន់ធ្ងរ» មួយ​ចំនួន​ដល់ «សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត» របស់​ស្ត្រី​មាន​គភ៌ មនុស្ស​វ័យក្មេង​ និង​មនុស្ស​វ័យ​ចំណាស់។

ជា​ឧទាហរណ៍ អ្នកនិពន្ធ​នៃ​អត្ថបទ​ទាំងនេះ​បាន​កត់សម្គាល់​ថា ទារក​កើត​មិន​គ្រប់​ខែ ដែល​ពេល​នេះ​គឺជា​មូលហេតុ​នាំមុខ​នៃ​ការ​ស្លាប់​របស់​កុមារ «បាន​កើនឡើង​ក្នុង​អំឡុង​ពេល​មាន​រលក​កម្តៅ​ខ្ពស់ ខណៈ​ដែល​ក្រុម​មនុស្ស​វ័យ​ចំណាស់​ទំនងជា​អាច​ឈាន​ដល់​ការ​គាំង​បេះដូង​ ឬ​ការ​កើត​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ»។

អ្នកនិពន្ធ​ទាំងនេះ​ក៏​បាន​រាយការណ៍​ផងដែរ​ថា រលកកម្តៅ​ក៏​បាន​ធ្វើ​ឱ្យ «ប៉ះពាល់​ដល់​ការ​យល់ដឹង​និង​ការ​សិក្សា​រៀនសូត្រ​របស់​កុមារ​និង​មនុស្ស​ជំទង់​ផងដែរ»។

របាយការណ៍​របស់​អង្គការ​ឧតុនិយម​ពិភពលោក​ស្ដីពី​ស្ថានភាព​បរិយាកាស​សាកល​បាន​បញ្ជាក់​ថា ឆ្នាំ ២០២៣ ជា​ឆ្នាំ​ដែល​ក្តៅ​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ពេល​កន្លងមក និង​បាន​ព្យាករណ៍​ថា​សីតុណ្ហភាព​សាកលលោក​ក្នុង «រយៈពេល ៥ ឆ្នាំ​ពី​ឆ្នាំ ២០២៤ ដល់​ឆ្នាំ ២០២៨ នឹង​កើន​លើស ១,៥ អង្សាសេ គឺ​លើស​សីតុណ្ហភាព​មុន​សម័យ​ឧស្សាហកម្ម» ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ព្រមាន​ថា​អាច​នឹង​នាំ​ទៅ​ដល់​ការ​ប្រែប្រួល​អាកាសធាតុ​យ៉ាង​ឆាប់រហ័ស​និង​មិន​អាច​កែប្រែ​បាន។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក រវាង​ឆ្នាំ ២០៣០ និង​ឆ្នាំ ២០៥០ ការ​ប្រែប្រួល​អាកាសធាតុ​ ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ធ្វើ​ឱ្យ​មនុស្ស​ប្រមាណ «២៥០.០០០ នាក់​ស្លាប់​ក្នុង​មួយ​ឆ្នាំ​ដោយសារ​កង្វះ​អាហារូបត្ថម្ភ ជំងឺគ្រុនចាញ់ ជំងឺ​រាគរូស និង​ជំងឺ​ថប់អារម្មណ៍​ដោយសារ​កម្តៅ​ខ្លាំង»។

អ្នកស្រី Portela ក៏​បាន​ព្រមាន​ផងដែរ​ថា ការ​បំពុល​ខ្យល់​អាកាស​អាច​បង្កើន​ឱ្យមាន​ជំងឺ​ឡើង​សម្ពាធ​ឈាម​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ទារក​កើត​មិន​គ្រប់​ទម្ងន់ ទារក​កើត​មិន​គ្រប់ខែ និង​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ការ​វិវត្ត​នៃ​ខួរក្បាល​និង​សួត​របស់​ទារក​ក្នុង​ផ្ទៃ។

ការ​សិក្សា​ទាំងនេះ​បង្ហាញ​ថា ផល​ប៉ះពាល់​ដ៏​គ្រោះថ្នាក់​ជាច្រើន​លើ​សុខុមាលភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត​កើតចេញ​ពី​គ្រោះ​ធម្មជាតិ​នានា​ពាក់ព័ន្ធ​នឹង​អាកាសធាតុ​ដូចជា​ទឹកជំនន់ ភាព​រាំងស្ងួត និង​ភ្លើង​ឆេះព្រៃ​ជាដើម ដែល​គ្រោះធម្មជាតិ​ទាំងនេះ​ត្រូវ​បាន​បង្ហាញ​ថា​បាន​បង្កើន​អត្រា​ស្លាប់​របស់​មនុស្ស​វ័យ​ចំណាស់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម​និង​ជំងឺ​គាំង​បេះដូង។

អ្នកស្រី Portela បាន​បញ្ជាក់​ថា៖ «មាន​ភាព​ចាំបាច់​បន្ទាន់​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​តាមរយៈ​ការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ស្រូប​កម្ដៅ និង​ភាព​ចាំបាច់​បន្ទាន់​ក្នុង​ការ​បង្កើត​ភាពធន់​នឹង​អាកាសធាតុ​និង​ចាត់​វិធានការ​ជាក់លាក់​មួយ​ចំនួន​ដែល​អាច​ការពារ​សុខភាព​នៅ​គ្រប់​ដំណាក់កាល​នៃ​ជីវិត»។

អង្គការ​សុខភាព​ពិភពលោក​បាន​ជំរុញ​រដ្ឋាភិបាល​នានា​ឱ្យ​ចាត់ទុក​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ជា​អាទិភាព​ដូច​បញ្ហា​សុខភាព​មួយ​ដូច្នោះ​ដែរ ដោយ​បាន​លើកឡើង​ពី​វិធានការ​ជាក់លាក់​ជាច្រើន​ ដែល​គេ​អាច​អនុវត្ត​បាន​ដើម្បី​លើកកម្ពស់​និង​ការពារ​សុខភាព​នៅ​ដំណាក់កាល​ខុសៗ​គ្នា​នៃ​ជីវិត។

ជា​ឧទាហរណ៍ វិធានការ​ទាំង​នោះ​អាច​មាន​ដូចជា​ការ​ធ្វើ​ការងារ​ទៅ​តាម​ម៉ោង​ពេល​ដែល​អាច​បត់បែន​បាន ការ​ត្រៀម​រៀបចំ​ប្រព័ន្ធ​មើលថែ​កុមារ​និង​ការ​សិក្សា​សម្រាប់​ករណី​ដែល​មាន​ធាតុអាកាស​គ្រោះថ្នាក់​និង​សីតុណ្ហភាព​កើនឡើង​ខ្លាំង និង​ការ​ជូនដំណឹង​ដល់​ប្រជាជន​និង​សហគមន៍​នានា​អំពី​វិធានការ​ផ្សេងៗ​មួយ​ចំនួន​ដែល​អាច​ការពារ​ក្រុម​មនុស្ស​ងាយ​រងគ្រោះ​ក្នុង​អំឡុង​ពេល​មាន​រលក​កម្តៅ​ខ្លាំង​និង​ការ​បំពុល​ខ្យល់​អាកាស​ដែល​កាន់តែ​អាក្រក់​ឡើង៕

ប្រែ​សម្រួល​ដោយ​លោក ជ្រា វណ្ណារិទ្ធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG