លោក ឈីម លៀម គ្រវីក្បាល នៅពេលលោកដើរកាត់ចម្ការម្រេចដែលមានស្លឹកស្រពននិងមែកងាប់ៗជាច្រើនជួរ ដោយសារតែអាកាសធាតុក្តៅខ្លាំង និងគ្រោះរាំងស្ងួតដែលបង្កផលប៉ះពាល់ដល់ដំណាំម្រេចកំពតដ៏ពេញនិយមរបស់ប្រទេសកម្ពុជា។
លោកបានរៀបរាប់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖ «ម្រេចខ្ញុំនេះមាន ២៦៤គុម្ព វាដាច់ទឹក ដាច់ទឹកបានវាងាប់។ វាអត់មានទឹកស្រោចវា ដល់អ៊ីចឹងវាដាច់ខ្យល់ទឹក ខូចអស់។ មានអារម្មណ៍ថាស្តាយដែរ តែមិនដឹងធ្វើម៉េច គ្រោះធម្មជាតិ។ បាទវាមិនដឹងធ្វើម៉េចបានវារស់ បើអត់ទឹកស្រោច ខ្វះអណ្តូង»។
ផ្នែកខ្លះនៃប្រទេសកម្ពុជា សីតុណ្ហភាពបានកើនដល់ ៤៣ អង្សារ កាលពីចុងខែមេសា ក្រោយពីគ្រោះរាំងស្ងួតរយៈពេល ៦ ខែ ដែលធ្វើឱ្យកសិករជាច្រើននាក់ខាតបង់។ កាលពីឆ្នាំមុន ខេត្តកំពតផលិតបានម្រេចប្រមាណ ១២០ តោន ប៉ុន្តែកសិករដាំម្រេចថា អាកាសធាតុក្តៅខ្លាំងនិងភ្លៀងច្រើនហួសហេតុបានធ្វើឱ្យផលដំណាំម្រេចនាឆ្នាំ ២០២៤ យ៉ាប់យ៉ឺនជាទីបំផុត។
លោក ងួន ឡាយ ម្ចាស់កសិដ្ឋានចម្ការម្រេចម្នាក់ទៀតនៅខេត្តកំពត បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖ «ខ្ញុំជាអ្នកដាំម្រេចជំនាន់ទី ៤។ តាំងពីយើងចេះដាំមក យើងអត់ដែលជួបឧបសគ្គដូចឆ្នាំនេះទេ។ យើងត្រៀមដែរ យើងដឹងថា អាកាសធាតុ ដឹងថានេះដែរ យើងខំត្រៀមទឹកដែរ យើងខំធ្វើដំបូលដើម្បីទល់នឹងកម្តៅដែរ ប៉ុន្តែនៅតែអត់គ្រប់គ្រាន់»។
ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយសកម្មភាពមនុស្សនឹងបង្កើតឱ្យមានរលកកម្តៅកាន់តែធ្ងន់ធ្ងរ ញឹកញាប់និងមានរយៈពេលកាន់តែយូរ៕
វេទិកាបញ្ចេញមតិ