កំណត់និពន្ធ៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានចុះហត្ថលេខាកាលពី២៥ឆ្នាំមុន បាននាំមកនូវការរីកចម្រើន និងការទទួលស្គាល់ជាអន្តរជាតិដល់ប្រទេសកម្ពុជា ដែលធ្លាប់តែហែកហួរដោយសារសង្គ្រាម។ ប៉ុន្តែ ការអភិវឌ្ឍក្នុងរយៈពេលនេះក៏បានមកដោយសារការបណ្តេញពលរដ្ឋក្រីក្រចេញពីលំនៅដ្ឋានផងដែរ។ នៅមានកិច្ចការជាច្រើនទៀត ដូចជាសិទ្ធិសេរីភាព នៅតែជាបញ្ហាប្រឈម។ រីឯបញ្ហាព្រំដែនត្រូវបានអ្នកជំនាញមើលឃើញថា មិនត្រូវបានអនុវត្តតាមកិច្ចព្រមព្រៀងនោះនៅឡើយទេ។ លោក ម៉ែន គឹមសេង នៃវីអូអេ បានផលិតវីដេអូឯកសារដែលមានចំណងជើងថា«បញ្ហាសេសសល់»។ ខាងក្រោមនេះជាអត្ថបទភាគទីបីនៃសេចក្តីរាយការណ៍ ដែលមានបីភាគដកស្រង់ពីឯកសារវីដេអូនេះ។
... កង្វះខាតនៃការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កំពុងនាំឱ្យសហគមន៍ខ្មែរនៅក្រៅប្រទេសកំពុងខិតខំឱ្យមានការយកចិត្តទុកដាក់លើការអនុវត្តកិច្ចព្រមព្រៀង និងស្នើសុំឱ្យប្រទេសហត្ថលេខីជួបប្រជុំគ្នា ដើម្បីពិនិត្យមើលលើការអនុវត្ត។
លោកស្រី ចក់ សាខុន ប្រធាននៃចលនាខ្មែរម្ចាស់ស្រុក ដែលមានមូលដ្ឋាននៅប្រទេសបារាំង បានបញ្ជាក់ក្នុងបទសម្ភាសពិសេសជាមួយនឹងវីអូអេថា៖
«ខ្ញុំថា បើសិនជារដ្ឋាភិបាលហ្នឹងនៅតែជារដ្ឋាភិបាលគណបក្សប្រជាជននៅក្រោមអំណាចយួនទេ ខ្ញុំថាគេអត់មានប្រយោជន៍អ្វីនឹងឱ្យខ្មែរមានសិទ្ធិទេ។ ទាល់តែរករដ្ឋាភិបាលមួយ ដែលបម្រើប្រយោជន៍ខ្មែរបានធ្វើការកែលម្អទៅបាន។ ចឹងបានខ្ញុំថាឆ្នាំ២០១៧ ២០១៨ហ្នឹង ខ្ញុំគ្មានសង្ឃឹមថា នឹងមានការកែលម្អរាស្ត្រខ្មែរមានសុខតទៅទៀតទេ។ ខ្ញុំអត់មានជំនឿទេ។ ដូច្នេះហើយមានតែប្រជាពលរដ្ឋគិតខ្លួនឯងទៅថាធ្វើអ្វីផ្សេងពីហ្នឹងទៀត»។
យុទ្ធនាការនានាបានកើតមានឡើងនៅសហរដ្ឋអាមេរិក បារាំង និងកាណាដាជាដើម។
លោក ទូច វិបុល ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងបានបញ្ជាក់ថា៖
«ដូចបងប្អូនយើងបានឃើញហើយថា គឺមានការរួបរួមគ្នាធ្វើជាបាតុកម្មនៅមុខសភាសហរដ្ឋអាមេរិកក្តី នៅមុខសភាអឺរ៉ុបក្តី ហើយនៅតាមបណ្តាប្រទេសនៅតាមសហគមន៍អឺរ៉ុបនានាក្តី ដើម្បីលើកបញ្ហានេះឱ្យបានដឹងបានឮទៅដល់ប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣តុលាហ្នឹង ដើម្បីឱ្យគេពិនិត្យឡើងវិញ ឬក៏យើងជំរុញឱ្យគេគិតគូរពិចារណាឡើងវិញ តាមឃ្លាំមើលការវិវត្តន៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងការរំលោភសិទ្ធិមនុស្ស»។
គណបក្សប្រឆាំងក៏បានស្នើសុំឱ្យអង្គការសហប្រជាជាតិដឹកនាំការសើរើពិនិត្យលើការអនុវត្តកិច្ចព្រមព្រៀងនេះវិញដែរ។
លោក សម រង្ស៊ី បានបញ្ជាក់ក្នុងបទសម្ភាស មុនពេលលោកលាលែងចេញពីតំណែងប្រធានគណបក្សសង្គ្រោះជាតិថា៖
«អង្គការសហប្រជាជាតិក៏មានតួនាទីប្រមែប្រមូលរំលឹកធ្វើម៉េចទំនាក់ទំនងសម្របសម្រួលឱ្យប្រទេសជាហត្ថលេខីទាំងអស់នោះ គឺធ្វើការជាមួយគ្នាផ្តួចផ្តើមគំនិតណាមួយអ្វីមួយ ដើម្បីឱ្យយើងវិលត្រឡប់ទៅរកស្មារតីទីក្រុងប៉ារីស។ ពេលនោះគឺប្រទេសយើងបានសុខសន្តិភាពពិតប្រាកដ ហើយបាននូវអ្វីដែលយើងហៅថាលទ្ធិប្រជាធិបតេយ្យពិតប្រាកដផងដែរ»។
លោក អ៊ីវ ឌុយម៉ុង អតីតប្អូនថ្លៃរបស់ព្រះបាទនរោត្តមសីហនុ បានយល់ស្របថា គួរតែមានការរៀបចំសន្និសីទមួយរបស់បណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងប៉ារីស ដើម្បីពិនិត្យមើលការអនុវត្តកិច្ចព្រមព្រៀងនោះ។
«ខ្ញុំជាអ្នកជំនួញ ហើយនៅក្នុងរបរជំនួញនៅពេលណា ដែលអ្នកធ្វើសេចក្តីព្រមព្រៀងអ្វីមួយ គឺអ្នកធ្វើការប្រជុំដើម្បីពិនិត្យមើលកិច្ចព្រមព្រៀងនោះថា តើត្រូវបានគេអនុវត្តតាមឬទេ? អ្វីដែលនៅបាត់បង់? ហើយតើយើងភ្លេចអ្វីខ្លះ? តើយើងគួរតែធ្វើឱ្យប្រសើរឡើងទេ? កិច្ចព្រមព្រៀងស្ថិតនៅជានិច្ច នៅពេលដែលអ្នកចុះហត្ថលេខាហើយក្នុងករណីនេះ វាហាក់ដូចជាកិច្ចព្រមព្រៀងបានស្លាប់ហើយ។ វាមិនទាន់ស្លាប់ទេ។ គេមិនគួរធ្វើអីចឹងទេ»។
លោក ឌុយម៉ុង យល់ថា បើក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ព្រះបាទនរោត្តមសីហនុ ត្រូវបានថ្វាយតំណែងជាអ្នកកាន់អំណាចនៅអង្គនីតិប្រតិបត្តិ គឺស្ថានការណ៍អាចនឹងប្រសើរជាងពេលបច្ចុប្បន្ននេះ៖
«ខ្ញុំគិតថា ព្រះអង្គគឺជាមនុស្សដ៏អស្ចារ្យ។ គ្មានអ្នកណាការពារមាតុភូមិរបស់ព្រះអង្គបានល្អជាងព្រះអង្គទេ។ ប្រហែលជាមានតែលោកឧត្តមសេនីយ៍ ដឺហ្កោល ឬលោកឆឺចឈីល ទេដែលអាចប្រៀបធៀបជាមួយនឹងព្រះអង្គបាន។ បើព្រះអង្គកាន់អំណាចកិច្ចព្រមព្រៀងប៉ារីស នឹងមានមុខមាត់ថ្មី ហើយខ្ញុំជឿជាក់ថា អ្វីៗនឹងបានល្អជាងពេលបច្ចុប្បន្ននេះសម្រាប់ប្រទេសកម្ពុជា ប្រសិនបើព្រះបាទសីហនុមានអំណាចមកអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស»។
ប៉ុន្តែ សម្រាប់លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតខ្មែរយល់ថា មូលដ្ឋានដែលកិច្ចព្រមព្រៀងបានដាក់ចេញកំពុងតែដំណើរការល្អហើយ។
«វាគ្មានចំណុចណាត្រូវវិលត្រឡប់ទៅរកសេចក្តីព្រាងដើមនោះទេ។ សេចក្តីព្រាងដើមវាជាគោលមួយសម្រាប់ឱ្យយើងធ្វើល្អនៅទីបញ្ចប់។ នៅក្នុងការអនុវត្តជាបន្តបន្ទាប់មកនេះ។ អីចឹងខ្ញុំឃើញថា វាល្អមកហើយនៅក្នុងការអនុវត្តកន្លងមកនេះ គ្មានរឿងអ្វីដែលថាអាក្រក់អាចនឹងធ្វើឱ្យគេមិនពេញចិត្តនោះទេ។ មានតែអ្នកប្រឆាំង អ្នកដែលចង់រកចំណេញពីបញ្ហានោះទេដែលថាមិនល្អ»។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែរ ប្រទេសម្ចាស់ជំនួយបានផ្តល់ជំនួយអភិវឌ្ឍន៍ជាច្រើនរយលានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីផ្តល់ជំនួយស្តារកម្ពុជា។ ការណ៍នេះនាំឱ្យបណ្តាបស្ចិមប្រទេសមានឥទ្ធិពលក្នុងការសម្តែងការព្រួយបារម្ភពីការរំលោភសិទ្ធិមនុស្សនានា ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទំនាក់ទំនងរវាងកម្ពុជានិងចិនកាន់តែកៀកគ្នាកាន់តែខ្លាំង។ ចិនបានផ្តល់ជំនួយសេដ្ឋកិច្ច និងយោធាដោយមិនមានភ្ជាប់លក្ខខណ្ឌឱ្យគោរពសិទ្ធិមនុស្ស ដូចក្រុមបស្ចិមប្រទេសទេ ដែលនាំឱ្យឥទ្ធិពលបស្ចិមប្រទេសកាន់តែថយចុះ។
ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជិនពីង ទៅកម្ពុជានៅពាក់កណ្តាលខែតុលា ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៣១ ដែលមានទឹកប្រាក់ចំនួន២៣៧លានដុល្លារ។ ហើយក៏មានការលុបចោលបំណុលជិត៩០លានដុល្លារ។
បណ្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានរហូតដល់៤,៤ពាន់លានដុល្លារក្នុងឆ្នាំ២០១៥។
ក្នុងឆ្នាំ២០១០ សហរដ្ឋអាមេរិកបានព្យួរជំនួយរថយន្តយោធាចំនួន២០០គ្រឿងទៅប្រទេសកម្ពុជា ដោយសារតែរដ្ឋាភិបាលភ្នំពេញបានបណ្តេញជនជាតិចិនវីហ្ក័រ ដែលមកសុំសិទ្ធិជ្រកកោនទៅចិនវិញ។ ប៉ុន្តែជំនួសវិញចិនបានជួយរថយន្តយោធាចំនួន២៥៦គ្រឿង និងឯកសណ្ឋានយោធាចំនួន៥០.០០០កំប្លេដល់កម្ពុជា។
នេះជាសច្ចភាពនយោបាយមួយ ដែលលោកខ្លូត ម៉ាតាំង អតីតឯកអគ្គរដ្ឋទូតបារាំងយល់ថា ពិបាកនឹងវិលទៅរកស្ថានភាពឆ្នាំ១៩៩១ឡើងវិញ៖
«ប៉ុន្តែជាថ្មីម្តងទៀត ការទូតគឺជាសិល្បៈនៃការប្រើប្រាស់ស្ថានភាពជាក់ស្តែង។ បច្ចុប្បន្ននេះ តើនៅមានប្រទេសណាគាំទ្រគំនិតនេះទៀត។ ប្រទេសចិនយល់ច្បាស់ហើយថា លោក ហ៊ុន សែន នឹងនៅកាន់អំណាចយូរឆ្នាំទៀត ហើយពួកគេបានវិនិយោគច្រើននៅកម្ពុជា ដោយមានផលប្រយោជន៍សេដ្ឋកិច្ចនៅទីក្រុងភ្នំពេញ។ ប្រទេសថៃក៏មានកិច្ចព្រមព្រៀងជាមួយនឹងរដ្ឋាភិបាលក្រុងភ្នំពេញ អំពីធនធានធម្មជាតិ និងព្រំដែន។ ប្រទេសជិតខាងរីករាយនឹងស្ថានភាពដែលកំពុងមាននេះ។ អ្នកដែលមិនសប្បាយចិត្តគឺពលរដ្ឋកម្ពុជា។ ប៉ុន្តែ តើពួកគេមានសម្ព័ន្ធមិត្តមកពីណា? ហើយតើពលរដ្ឋប្រភេទណាដែលពួកគេអាចប្រើប្រាស់បាន ដើម្បីដឹកនាំក្នុងការប្រយុទ្ធដើម្បីស្តារលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា?»
អ្វីដែលប្រទេសហត្ថលេខីអាចធ្វើបាន គឺការផ្ញើសារជាប្រចាំឆ្នាំដល់រដ្ឋាភិបាលកម្ពុជាថា អ្វីដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា គឺខុសពីស្មារតីនៃកិច្ចព្រមព្រៀងហើយ។ នេះបើតាមការស្នើឡើងរបស់លោក ម៉ាតាំង ប៉ុន្តែសូម្បីតែធ្វើដូចនេះក៏ជាការពិបាក។
លោក ខ្លូត ម៉ាតាំង បានបន្ថែមថា៖
«ប៉ុន្តែ តើពលរដ្ឋ តើប្រទេសនៅជុំវិញកម្ពុជាពិតជាត្រៀមលក្ខណៈក្នុងការដាក់សម្ពាធមកលើលោក ហ៊ុន សែន ហើយឬនៅដើម្បីឱ្យគាត់ប្តូរជំហរ ប្តូរវិធីសាស្រ្ត? គឺខ្ញុំពិតជាមានទុទ្ទិដ្ឋិនិយមខ្លាំងណាស់។ ប៉ុន្តែ ខ្ញុំគិតថា វាអាស្រ័យលើពលរដ្ឋកម្ពុជាក្នុងការតស៊ូទាមទារលទ្ធិប្រជាធិបតេយ្យពីខាងក្នុងមកវិញ។ ប៉ុន្តែ ការណ៍នេះនឹងមិនកើតឡើងនៅថ្ងៃស្អែកខានស្អែកទេ ប៉ុន្តែថ្ងៃនោះនឹងមកដល់»។
រយៈពេល២៥ឆ្នាំក្រោយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខា កូនសោរពិតប្រាកដក្នុងការទាមទារឱ្យបានលទ្ធិប្រជាធិតេយ្យ និងសេរីភាពនៅកម្ពុជាគឺពលរដ្ឋកម្ពុជា។
សកម្មជនអង្គការសង្គមស៊ីវិល ដូចជាលោកស្រី ពុង ឈីវកេក យល់ថា ការចាប់យកអង្គការសង្គមស៊ីវិលធ្វើជាដៃគូពិតប្រាកដរបស់រដ្ឋាភិបាល ក៏នឹងជួយជំរុញដំណើរការអភិវឌ្ឍន៍ប្រទេសផងដែរ។
បើទោះបីជារយៈពេល២៥ឆ្នាំកន្លងមកនេះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានអ្នកវិភាគ និងសកម្មជននានាមើលឃើញថា នៅមិនទាន់បានសម្រេចទាំងស្រុងក៏ដោយ ក៏ប៉ុន្តែពួកគេសង្ឃឹមថា សម្រាប់រយៈពេលខាងមុខតទៅទៀតនេះតាមរយៈការចង់បានការទាមទារ ការតវ៉ារបស់ពលរដ្ឋខ្មែរ និងសហគមន៍នានាព្រមទាំងសកម្មជននានាសហគមន៍អន្តរជាតិ នឹងយកចិត្តទុកដាក់ទៅលើបញ្ហារបស់គេនឹងជួយដោះស្រាយធ្វើយ៉ាងណា ឱ្យស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះសម្រេចបានទាំងស្រុង៕
(រាយការណ៍បន្ថែមដោយលោក សុខ ខេមរា ពីសហរដ្ឋអាមេរិក និងលោក នៅ វណ្ណារិន ពីប្រទេសកម្ពុជា)