កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបាននាំឱ្យមានការខកចិត្ត និងព្រួយបារម្ភសម្រាប់មេដឹកនាំសហគមន៍ខ្មែរនៅក្រៅប្រទេសមួយចំនួន ដែលបានមកជួបជុំគ្នានៅតំបន់រដ្ឋធានីវ៉ាស៊ីនតោននាចុងសប្តាហ៍នេះ។
រយៈពេល២៥ឆ្នាំក្រោយពីការអនុវត្តនៅក្នុងប្រទេសកម្ពុជា ពួកគេយល់ថាស្មារតីនៃកិច្ចព្រមព្រៀងនេះដែលធានាឱ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅមិនទាន់សម្រេចបានត្រឹមត្រូវនៅឡើយទេ។
លោកយ៉ែម រិទ្ធិពល ប្រធានអង្គការសង្គហប្រយោជន៍ជាតិយើង បានលើកឡើងថាពលរដ្ឋកម្ពុជាបានទទួលយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសដោយដៃទាំងពីរនៅពេលដែលវាត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ប៉ុន្តែ ពេលនេះលទ្ធផលបែរជាខុសពីមុន។
លោកបានបន្ថែមថា៖
«ផ្ទុយទៅវិញ ការសង្ឃឹម និងក្តីស្រម៉ៃរបស់មហាជនខ្មែរដែលថាអ៊ុនតាក់ និងកិច្ចព្រមព្រៀងក្រុងប៉ារីសហ្នឹងជួយឱ្យខ្មែរយើងមានឯករាជ្យ មានអធិបតេយ្យភាព មានបូរណភាពទឹកដី មានសិទ្ធិសេរីភាពសព្វបែបយ៉ាងហ្នឹង ក៏មិនបានកើតជារូបរាងពិតប្រាកដទេ»។
អ៊ុនតាក់ ឬអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជាមានភារកិច្ចអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅដំណាក់កាលដំបូង ដែលមានការដកអាវុធពីគ្រប់ភាគីជម្លោះ ធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួន និងរៀបចំការបោះឆ្នោតជាតិមួយនៅឆ្នាំ១៩៩៣ ។
អ្នកដែលសហគមន៍ខ្មែរស្តីបន្ទោសគឺគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចនិងប្រទេសវៀតណាម។ លោកឌី ការ៉េត អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាបានបញ្ជាក់ថា៖
«កិច្ចព្រមព្រៀងនៅទីក្រុងប៉ារីសស្តីពីប្រទេសកម្ពុជាហ្នឹងត្រូវបានរំលោភដោយយួនហើយនឹងរបបហ៊ុន សែន ដែលជារបបរណបយួន។ ខ្ញុំមិនបាច់រំឭកឡើងវិញទេនូវការរំលោភទាំងអម្បាលមាណហ្នឹង។ វាមានការរំលោភទៅក្នុងរឿងបូរណភាពទឹកដី ការរំលោភទៅលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពនៃប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាហ្នឹង គឺយើងបានដឹងជាច្រើនគ្នាណាស់មកហើយ»។
មានភាគីជម្លោះខ្មែរចំនួនបួនដែលក្នុងនោះ មានក្រុមរាជានិយមហ៊្វុនស៊ីនប៉ិច ក្រុមរណសិរ្យជាតិរំដោះប្រជាពលរដ្ឋខ្មែរ ក្រុមខ្មែរក្រហម និងរដ្ឋាភិបាលក្រុងភ្នំពេញដែលលើកបន្តុបដោយវៀតណាមបានចុះហត្ថលេខារួមគ្នា ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធជាច្រើនឆ្នាំ។
ប្រទេសចំនួន១៨ រួមទាំងប្រទេសមហាអំណាចទាំងប្រាំ ដែលមានសហរដ្ឋអាមេរិក អតីតសហភាពសូវៀត ចិន បារាំង និងអង់គ្លេស ក៏បានគាំទ្រផងដែរ និងសន្យាបន្តផ្តល់ជំនួយជួយស្តារប្រទេសកម្ពុជា។
លោកយ៉ែម រិទ្ធិពល នៃអង្គការសង្គហប្រយោជន៍ជាតិយើង បានបន្ថែមថា៖
«សព្វថ្ងៃនេះគ្មានទេកិច្ចព្រមព្រៀងក្រុងប៉ារីសទាំងអម្បាលមាណហ្នឹងអត់មានគោរព អត់មានធ្វើតាមទេ លើកលែងតែម្យ៉ាងគឺទទួលជំនួយ៥០០ ៦០០ ៧០០លានដុល្លារក្នុងមួយឆ្នាំៗ សុំគេទាមទារឱ្យគេផ្តល់នៅក្នុងក្របខណ្ឌការសន្យាកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹង»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅបន្តកាន់អំណាចជាង៣០ឆ្នាំមកហើយ និងបានប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ និងប្រព័ន្ធតុលាការដើម្បីបង្ក្រាបដៃគូប្រកួតប្រជែងរបស់លោក។ បច្ចុប្បន្ននេះ មានអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនគណបក្សប្រឆាំងជាង២០នាក់កំពុងជាប់ពន្ធនាគារ។ មេដឹកនាំបក្សប្រឆាំងគឺលោកសម រង្ស៊ី និងលោកកឹម សុខា ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិក៏កំពុងមានរឿងក្តីក្តាំនៅតុលាការផងដែរ ដោយលោកសម រង្ស៊ី ត្រូវរស់នៅនិរទេសខ្លួនក្រៅប្រទេស ហើយលោកកឹម សុខា សំងំលាក់ខ្លួននៅក្នុងទីស្នាក់ការគណបក្ស។
លោកយ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យបានប្រាប់ដល់ក្រុមអ្នកចូលរួមស្តាប់ថា៖
«ឥឡូវយើងអនុវត្តកិច្ចព្រមព្រៀងមិនបានត្រឹមត្រូវយើងមើលទៅថាមានស្ថិរភាព ប៉ុន្តែ នេះគ្រាន់តែរូបភាពខាងក្រៅនៅសើរៗខាងលើ ប៉ុន្តែខាងក្នុងវាកំពុងតែដូចទឹកពុះអីចឹង។ វាអាចធ្វើឱ្យប្រទេសយើងមានអស្ថិរភាពទៅថ្ងៃមុខ»។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១៧ និងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។ ប៉ុន្តែស្ថានភាពបច្ចុប្បន្ននាំឱ្យមានការព្រួយបារម្ភ។
លោកយ័ប គឹមទឹង បានបន្ថែមថា៖
«ឥឡូវនេះខ្ញុំបារម្ភថា គណបក្សកាន់អំណាចកំពុងតែត្រួតត្រាប្រទេសខ្មែរដូចជាមិនចង់ឱ្យមានការបោះឆ្នោតបានត្រឹមត្រូវទេ។ នេះធ្វើឱ្យខ្ញុំមានក្តីបារម្ភច្រើន ព្រោះវាធ្វើឱ្យប្រទេសខ្មែរមិនមានលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវ»។
លោកព្រំ សៅរ៍ណូរ៉ា ប្រធានកិត្តិយសនៃសម្ព័ន្ធមិត្តខ្មែរអាមេរិកាំងបញ្ជាក់ថា ដោយហេតុនេះ ហើយបានជាក្រុមការងាររបស់លោកខិតខំបញ្ចុះបញ្ចូលខាងសភាតំណាងរាស្រ្ត និងព្រឹទ្ធសភាអាមេរិកាំង ឱ្យផ្តោតលើការបោះឆ្នោតក្នុងពេលខាងមុខ។
«ស្មារតីដើមរបស់យើង គឺថាទីមួយបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហើយនឹងឱ្យមានសិទ្ធិមនុស្ស គោរពសិទ្ធិមនុស្សរហូតមកដល់សព្វថ្ងៃចំណោទពីរហ្នឹងអត់ទាន់បានដោះស្រាយទេ»។
សហគមន៍ខ្មែរអាមេរិកាំងបានស្នើឱ្យបង្កើតនូវ«ក្រុមទាក់ទងកម្ពុជា»ដែលមានប្រទេសចំនួន៦ ក្នុងនោះមានជប៉ុន និងសហរដ្ឋអាមេរិកផងដែរ ដើម្បីជួយសង្កេតមើលការបោះឆ្នោតក្នុងពេលខាងមុខ និងធានាការគោរពសិទ្ធិមនុស្ស។
លោកណេត ថៃយ័រ អ្នកសារព័ត៌មានឯករាជ្យ និងជាអ្នកវិភាគបានប្រាប់ដល់ក្រុមអ្នកចូលរួមថា លទ្ធភាពដែលប្រទេសម្ចាស់ជំនួយមកជួយដូចកាលពីឆ្នាំ១៩៩១ គឺហាក់ដូចជាការគិតមិនប្រាកដប្រជាទេ ហើយអ្នកដែលគួរតែទទួលការស្តីបន្ទោសចំពោះការខុសឆ្គងកន្លងមកនេះ គឺមេដឹកនាំរបស់កម្ពុជាមិនមែនបរទេសទេ។
«អំពើពុករលួយបានរាលដាលក្នុងប្រទេសកម្ពុជា។ អស់លោកនិយាយពីការលក់ប្រទេសកម្ពុជាឬ? និងការចូលឈ្លានពានរបស់វៀតណាម និងចាប់យកផ្នែកខ្លះរបស់កម្ពុជាមែនទេ? នោះមិនមែនវៀតណាមទេ។ នោះគឺកម្ពុជាខ្លួនឯង ដែលតម្រង់ជួរគ្នាដើម្បីរកផលប្រយោជន៍ច្រកហោប៉ៅផ្ទាល់ខ្លួន ដោយសារតែពួកគេមានអំណាចនយោបាយ កាំភ្លើង និងលុយកាក់។ ហើយពួកគេប្រើប្រាស់ដើម្បីលក់ប្រទេសទៅឱ្យផលប្រយោជន៍បរទេស។ នេះគឺជាអ្វីដែលកំពុងកើតមានឡើងនៅប្រទេសចិន ប្រទេសវៀតណាម និងដោយស្មោះត្រង់ទៅ គឺជាអ្វីដែលកើតមានឡើងទៅលើអ្នកណាក៏ដោយ ដែលអាចទទួលបានចំណែកនៃនំមួយដុំនោះ។ នោះមិនមែនជាកំហុសលោកហ៊ុន សែនទេ។ នោះគឺជាកំហុសនៃមេដឹកនាំកម្ពុជារាប់ជំនាន់មកនេះ»។
ប្រតិបត្តិការរបស់អង្គការសហប្រជាជាតិដែលចំណាយថវិកាជិតពីរពាន់លានដុល្លារនិងប្រើប្រាស់កម្លាំងយោធា ប៉ូលិស និងស៊ីវិលជាងពីរម៉ឺននាក់ មិនបានបង្កើតបានសូម្បីតែស្ថាប័នប្រជាធិបតេយ្យមួយផង។ នេះបើតាមការយល់ឃើញរបស់លោក Nate Thayer។
«ខ្ញុំអាចនិយាយថា កិច្ចព្រមព្រៀងនេះគ្មានអ្វីត្រូវអបអរសាទរសោះ។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺជាការបរាជ័យមួយ។ ទឹកប្រាក់បីពាន់លានដុល្លារដែលចំណាយដោយសហគមន៍អន្តរជាតិគឺជាលុយដែលចំណាយចោល»។
ការជួបប្រជុំនេះបានទាក់ទាញឱ្យពលរដ្ឋខ្មែរអាមេរិកាំងជំនាន់ក្រោយបានចូលរួម និងស្វែងយល់ដឹងបន្ថែមពីប្រវត្តិនៃប្រទេសដើមកំណើតរបស់ឱពុកម្តាយរបស់ពួកគេផងដែរ។
កញ្ញាទេវី ស៊ីន ប្រធាននិងជាអ្នកបង្កើតអង្គការ Save Cambodia ដែលបានចូលរួមក្នុងកម្មវិធីនេះជាលើកដំបូងបានបានបញ្ជាក់ថា៖
«ខ្ញុំចូលចិត្តច្រើន ពីព្រោះខ្ញុំចូលចិត្តស្តាប់គំនិតខ្មែរផ្សេងៗគ្នា។ ចង់ដឹងថាសព្វថ្ងៃហ្នឹងខ្មែរកំពុងតែគិតអ្វី ហើយកំពុងមានអារម្មណ៍អ្វី ភ័យឬមានលំបាកអ្វីខ្លះ»។
បើទោះបីជាមានការខកចិត្តក៏ដោយ ក៏សហគមន៍ខ្មែរនៅបន្តទទូចសុំឱ្យសហគមន៍អន្តរជាតិជួយឱ្យមានការអនុវត្តឱ្យបានត្រឹមត្រូវតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រោះពួកគេយល់ថា នេះគឺជាគន្លឹះពិតប្រាកដក្នុងការនាំយកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សមកកម្ពុជា៕