ការថ្លែងកាលពីពេលថ្មីៗនេះរបស់អភិបាលខេត្តកំពត ដែលជាអតីតអភិបាលខេត្តពោធិ៍សាត់ដ៏ល្បីឈ្មោះមួយរូប បានរងការរិះគន់ពីរដ្ឋមន្រ្តីក្រសួងព័ត៌មាន អ្នកជំនាញក្នុងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន។
នៅក្នុងវីដេអូឃ្លីបមួយដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាក្មួយប្រសាថ្លៃរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យមន្ទីរព័ត៌មានត្រួតពិនិត្យការចូលមកយកព័ត៌មានរបស់អ្នកសារព័ត៌មានក្នុងភូមិសាស្រ្តខេត្តកំពត។ ហើយលោក ក៏បានព្រមានអ្នកសារព័ត៌មានផងដែរ ដែលលោកថា ផ្សព្វផ្សាយព័ត៌មានប៉ះពាល់ដល់កិត្តិយស និងកិច្ចខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ។
លោកថ្លែងថា៖ «បងសុំបញ្ជាត្រង់ទៅមន្ទីរព័ត៌មាន គ្រប់ស្ថាប័ននៅក្នុងស្ថាប័នព័ត៌មានទាំងអស់ចុះធ្វើការនៅក្នុងខេត្ត ត្រូវឆ្លងកាត់ការត្រួតពិនិត្យរបស់មន្ទីរព័ត៌មាន គ្រប់គ្រងឲ្យបាន តើមានស្ថាប័នព័ត៌មានប៉ុន្មាន? ប៉ុន្មានស្ថាប័នដែលចុះមកធ្វើការនៅក្នុងខេត្ត? ទាន់? អត់មានចេះតែសរសេរ...ហើយមកនិយាយ មកបោក។ ស្តាប់ម៉ាយប់ៗក៏ខ្ញុំចង់វិលដែរ»។
លោក ម៉ៅ ធនិន ដែលទើបចូលកាន់តំណែងជាអភិបាលខេត្តកំពត កាលពីខែតុលា ឆ្នាំ២០២១ បានថ្លែងបន្តថា៖ «អ្នកដែលមានសិទ្ធិមកប្រើប្រាស់ ធ្វើការងារយកព័ត៌មាននៅក្នុងខេត្ត ត្រូវឆ្លងកាត់មន្ទីរព័ត៌មាន គ្រប់គ្រងឲ្យបានមុខសញ្ញានេះ។ ទាន់ហេ៎? ចុះទៅណា? កន្លែងណា? ត្រូវតែដឹង។ ទាន់ទេ? ហើយត្រូវមានការទំនាក់ទំនងផ្ទាល់ទៅអាជ្ញាធរដែនដីរបស់យើងថា ថ្ងៃនេះព័ត៌មានមានប៉ុន្មានស្ថាប័នចុះទៅស្រុកនេះ?»
ការលើកឡើងរបស់អភិបាលខេត្តកំពតនេះធ្វើឡើងក្រោយមានការឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់មកពីស្ថាប័ន LSN TV ដែលបានផ្សព្វផ្សាយផ្ទាល់នៅខាងមុខសាលាខេត្តទាក់ទងនឹងជម្លោះដីធ្លី និងការឃាត់ខ្លួនពលរដ្ឋ ដែលពួកគេសុំអន្តរាគមន៍ពីអភិបាលខេត្តឲ្យមានការដោះលែង។ អ្នកកាសែត២នាក់នោះ ត្រូវបានចោទពីបទញុះញង់ដោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារបង្កាច់កេរ្តិ៍។
ក្នុងសិក្ខាសាលាស្តីពីការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន ដែលធ្វើឡើងកាលពីថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងអំពីការថ្លែងរបស់អភិបាលខេត្តមួយរូប ប៉ុន្តែលោកមិនបានបញ្ចេញឈ្មោះឡើយ។ លោកបញ្ជាក់ថា ការថ្លែងនេះ ជាការបំពានសេរីភាពរបស់អ្នកសារព័ត៌មាន។ លោកបន្ថែមថា អ្នកសារព័ត៌មាន មិនគួរត្រូវបានឃាត់ខ្លួន នៅពេលចុះទៅផ្សព្វផ្សាយខាងមុខសាលាខេត្តឡើយ។
រដ្ឋមន្រ្តីក្រសួងព័ត៌មានបញ្ជាក់ថា៖ «ថ្ងៃមុនខ្ញុំឃើញគេចាប់អ្នកកាសែត២នាក់ ដែលថត Live [ផ្សាយបន្តផ្ទាល់] នៅមុខសាលាខេត្ត។ ខុសហើយ! អ្នកកាសែតគេអាចថតបាន លើកលែងតែអ្នកឯងសរសេរប្រាប់ថា ហាមថត ហើយហាមថតហ្នឹង ត្រូវមានមូលហេតុស្រួលបួលទៀត។ បើថតមុខសាលាខេត្តម៉េចមិនឲ្យគេថត? ចាប់នោះ គឺខុសគឺការបំពានហើយ។ អ៊ីចឹងរដ្ឋបាលយើងតែងតែមានការបំពានខុសញឹកដែរ។ យើងអត់យល់! ឬដូចអភិបាលខេត្តមួយបាននិយាយថា អ្នកកាសែតទៅណាត្រូវរាយការណ៍ ត្រូវជូនដំណឹងដល់អាជ្ញាធរកន្លែងហ្នឹងដើម្បីឲ្យគេដឹង គេអី។ មិនមែនអ៊ីចឹងទេ!»
លោករដ្ឋមន្រ្តីបានលើកឡើងពីសិទ្ធិសេរីភាពដើរហើររបស់ប្រជាពលរដ្ឋ ដូចមានចែងក្នុងមាត្រា៤០នៃរដ្ឋធម្មនុញ្ញកម្ពុជា ដោយលោកបានគូសបញ្ជាក់ថា អ្នកសារព័ត៌មាន អាចចុះទៅយកព័ត៌មាននៅកន្លែងដែលពួកគេចង់ទៅ ដោយមិនបាច់ជូនដំណឹងទៅអាជ្ញាធរឡើយ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពតបាននៅឡើយទេ។
លោក ម៉ិច ដារ៉ា អ្នកសារព័ត៌មានម្នាក់របស់ស្ថាប័នព័ត៌មានវីអូឌី ប្រាប់វីអូអេនៅថ្ងៃសុក្រថា លោកក៏ធ្លាប់ជួបប្រទះបទពិសោធន៍ដែលអាជ្ញាធរមានសមត្ថកិច្ចទាមទារលិខិតបេសកកម្ម នៅពេលលោកទៅយកព័ត៌មាន ដែលវាបង្កការលំបាកដល់លោកក្នុងការយកព័ត៌មាន។ លោកបន្ថែមថា ការជូនដំណឹងទៅអាជ្ញាធរមុនពេលទៅយកព័ត៌មានអាចបង្ក«ហានិភ័យ»ដល់ប្រភពផ្តល់ព័ត៌មានរបស់លោក ជាពិសេសសម្រាប់ព័ត៌មានបែបស៊ើបអង្កេត។
លោកមានប្រសាសន៍ថា៖ «គ្រាន់តែខ្ញុំយល់ថា ការលើកឡើងរបស់គាត់ អភិបាលខេត្តកំពត ប្រហែលជាគាត់អត់ដែលធ្លាប់យល់ដឹងពីវិស័យសារព័ត៌មានអ៊ីចឹងណា៎។ អ៊ីចឹងហើយបានជាគាត់លើកឡើងបែបហ្នឹងដែលថា អ្នកសារព័ត៌មានត្រូវជូនដំណឹងអីអ៊ីចឹង។ ដូចយើងដឹងស្រាប់ហើយ ពេលយើងជាអ្នកសារព័ត៌មានត្រូវយកព័ត៌មានគឺយើងទៅ ពុំអាចជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន នៅពេលដែលយើងចុះទៅយកព័ត៌មានបាននោះទេ»។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)យល់ថា ការទាមទាររបស់អាជ្ញាធរដែលតម្រូវឲ្យអ្នកសារព័ត៌មានជូនដំណឹង និងសុំការអនុញ្ញាតពីអាជ្ញាធរមុនចុះយកព័ត៌មានជាទំនោរនៃការរឹតត្បិតចំពោះការអនុវត្តកិច្ចការងាររបស់អ្នកសារព័ត៌មាន។
លោកប្រាប់វីអូអេថា៖ «ដូចជាអ្នកសារព័ត៌មានគាត់មិនអាចទៅស្នើសុំការអនុញ្ញាត ការជម្រាបជូនពេលដែលគាត់[អ្នកសារព័ត៌មាន]ចុះទៅយកព័ត៌មានទេ។ ប្រសិនបើករណីគាត់សរសេរព័ត៌មានករណីនៅក្នុងរឿងពាក់ព័ន្ធនឹងរឿងសមត្ថកិច្ច ឬពាក់ព័ន្ធអីយើងអាចធ្វើឲ្យវាមានបញ្ហាសម្រាប់កិច្ចការងាររបស់ពួកគាត់ដែរ។ អ៊ីចឹងការលើកឡើងរបស់គាត់ អភិបាលខេត្តកំពត ជារឿងមួយដែលមិនអាចអនុវត្តបានទេសម្រាប់ស្ថានភាពនៅក្នុងសង្គមយើងបច្ចុប្បន្ន ជាពិសេស គឺយើងនៅក្នុងស្ថានភាពនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរី ហើយដែលសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋដែលចាំបាច់ក្នុងការគោរព»។
ចំណែកលោក អ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM ប្រាប់វីអូអេថា ការលើកឡើងរបស់អភិបាលខេត្តកំពតទាក់ទិននឹងការតម្រូវឲ្យមានការជូនដំណឹងមុន និងសុំការអនុញ្ញាតពីអាជ្ញាធរមុននឹងចុះយកព័ត៌មានជាការរំលោភលើសេរីភាពសារព័ត៌មាន និងធ្វើឲ្យប៉ះពាល់ដល់គុណភាពសារព័ត៌មាន។
លោកមានប្រសាសន៍ថា៖ «ធម្មតានៅពេលដែលយើងរាយការណ៍មុន ប្រាប់គេ[អាជ្ញាធរ]ថា ទៅណាទៅណីអ៊ីចឹង វានាំឲ្យមានការរៀបចំ[របស់អាជ្ញាធរ]ដែលធ្វើឲ្យគាត់មិនអាចរាយការណ៍ពីទិដ្ឋភាព ឬក៏ការណ៍ពិតទេ...អ៊ីចឹងឧទាហរណ៍ថា មានចំណុចអវិជ្ជមាន ឬរឿងអសកម្មណាមួយដែលកំពុងប្រព្រឹត្តដោយអាជ្ញាធរ គាត់មានពេលក្នុងការរៀបចំទុកមុន»។
គួរបញ្ជាក់ថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៤៤ក្នុងចំណោមប្រទេសចំនួន១៨០ក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានឆ្នាំ២០២១ ដែលជាចំណាត់ថ្នាក់មិនផ្លាស់ប្តូរចាប់តាំងពីឆ្នាំ២០២០មក។ នេះបើយោងតាមអង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders)។ សេរីភាពសារព័ត៌មានត្រូវបានរិះគន់ថា បន្តធ្លាក់ចុះក្រោយមានការបិទសារព័ត៌មានឯករាជ្យ និងការចាប់ខ្លួនអ្នកសារព័ត៌មានឯករាជ្យ ចាប់តាំងពីឆ្នាំ២០១៧៕