ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការសម្រេច​របស់​តុលាការ​លក់​ស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះជាតិ រង​ការរិះគន់​ថា ជា​ការសងសឹក​នយោបាយ


រូបឯកសារ៖ ប្រជាពលរដ្ឋ បើក​​ម៉ូតូ​នៅ​តាម​ផ្លូវ​​នៅ​ខាងមុខ​ទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧។
រូបឯកសារ៖ ប្រជាពលរដ្ឋ បើក​​ម៉ូតូ​នៅ​តាម​ផ្លូវ​​នៅ​ខាងមុខ​ទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧។

សាលាដំបូងរាជធានី​ភ្នំពេញ ​បាន​ចេញ​ដីកា​សម្រេចបង្ខំដាក់លក់ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រាះ​ជាតិ​ក្នុង​ទីក្រុង​ភ្នំពេញដើម្បី​យក​ប្រាក់​ទៅ​សង​បំណុល​ដែល​ជាសំណង​ជំងឺចិត្តថ្នាក់​ដឹកនាំ​កំពូលៗ​កម្ពុជា​ ក្នុងនោះ ​គឺ​មាន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​មន្ត្រី​រដ្ឋាភិបាល​ផ្សេង​ទៀត​ ពាក់​ព័ន្ធ​នឹង​ផែន​ការ​រដ្ឋ​ប្រហារ​កាល​ពីឆ្នាំ​២០១៩​ គឺ​អំឡុង​ពេល​លោក​ សម រង្ស៊ី​ ប្រកាស​ផែនការ​វិលត្រឡប់​ចូលមក​ប្រទេស​កំណើត​របស់​លោក​វិញ។ ​

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​មួយ​ចំនួន​មើល​ឃើញ​ជារួម​ថា​ វិធានការ​តុលាការ​នេះ ​មានជាប់​ហេតុ​ផល​នយោបាយ​ តែពួកគេ ​បាន​បង្ហាញ​ជំហរ​ផ្ទុយគ្នា​អំពី​លទ្ធផល​តវ៉ាទាម​ទារ​យក​ទីស្នាក់​កណ្តាល​គណបក្ស​នេះ​មក​វិញ ​នាពេល​អនាគត។ ​ចំណែកអ្នក​វិភាគ​នយោបាយ​ខ្លះ​មើល​មិនឃើញ​តម្រុយនៃ​ការ​ក្រោក​តវ៉ា​របស់​ក្រុម​អ្នកគាំទ្រ​គណបក្ស​ជំទាស់​ដើម្បី​ការពារ​ទីតាំង​នយោបាយ​ស្នូល​របស់​ពួកគេ​នោះ​ទេ។ ​

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​មណ្ឌល​សៀម​រាប​ លោក ​ម៉ែន សុថាវរិន្ទ្រ​ បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ មេដឹកនាំ​កម្ពុជា​ ដែល​បាន​ប្តឹងប្រឆាំង​នឹង​លោក ​សម​ រង្ស៊ី​ ក្នុង​ករណី​ពាក់ព័ន្ធ​នឹង​ផែន​ការមាតុ​ភូមិនិវត្តន៍​របស់​លោក​ សម រង្ស៊ី នេះ ​មាន​ការ​ភ័យខ្លាច​ពី​សម្ពាធ ​និង​ទណ្ឌកម្ម​អន្តរជាតិ ​ហើយ​លោក​បាន​ចាត់​ទុក​ថា ​ការ​ធ្វើ​បែប​នេះ ​ជា​ការ​«សងសឹក​រឿង​នយោបាយ»​ តែ​ប៉ុណ្ណោះ។​

លោក​បាន​ថ្លែង​ថា៖​ «អ៊ីចឹង​រឿង​ហ្នឹង​គាត់​ធ្វើ​ដើម្បី​បញ្ឈឺ គឺ​បញ្ឈឺទៅ​ខាង​សហ​រដ្ឋ​អាមេរិក​ ខាង​សហភាព​អឺរ៉ុប​ទាំង​អស់​ហ្នឹង»។​

ដំណាល​គ្នា​នេះ​ដែរ ​លោក​ ម៉ែន សុថាវរិន្ទ្រ​ បាន​លើក​ឡើង​ថា ​ចំណាត់ការ​បង្ខំ​ដាក់​លក់ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះជាតិ​ក្នុង​សង្កាត់​ចាក់​អង្រែលើ​ ខណ្ឌមាន​ជ័យ​ ​គឺ​ជា​ផែនការ​របស់​មេដឹកនាំ​គណ​បក្ស​កាន់​អំណាច​ដើម្បីអាច​លក់​បន្ត​ទៅ​ឲ្យ​ភាគី​ដទៃ​ទៀត។ ​លោក​បាន​បន្ត​ថា ​នៅ​ពេល​លោក​ សម រង្ស៊ី​ និង​ក្រុម​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​សង្រ្គោះជាតិមក​ដល់​កម្ពុជា​វិញ​ នឹង​មាន​ការ​ទាមទារ​កម្មសិទ្ធិ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ត្រឡប់​មក​វិញ។ ​

អតីត​មន្រ្តី​គណបក្ស​សង្រ្គោះជាតិ ​និង​ស្ថាបនិក​មួយ​រូប​នៃ​គណបក្ស​«កែទម្រង់​កម្ពុជា»​លោក​ អ៊ូ ច័ន្ទរ័ត្ន​ចាត់​ទុក​ថា​ ​ចំណាត់ការ​តុលាការខាងលើ​ជា​រឿង​នយោបាយ​សំដៅ​ដល់​បុគ្គលលោក​ សម រង្ស៊ី ​ព្រោះ​ចំណាត់​ការ​នេះ​ ហាក់ដូច​ជា​ធ្វើឡើង​ក្រោម​រូប​ភាព​នៃ​ការ​ប្តឹង​ដក​ហូត​ទ្រព្យសម្បត្តិ​ដែល​ជា​កម្មសិទ្ធិ​របស់​លោក ​សម រង្ស៊ី។​

អ្នក​នយោបាយ​របស់​អតីត​គណបក្សសង្គ្រោះ​ជាតិ​រូបនោះ​បង្ហាញ​មន្ទិល​ជុំវិញ​នីតិវិធី​ជំនុំ​ជម្រះរបស់​តុលាការក្រុង​ភ្នំពេញ​ ក្នុងសំណុំ​រឿង​បង្ខំ​ដាក់​លក់​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្រ្គោះជាតិ។ ​

លោក​បាន​ថ្លែង​ថា៖ ​«ខ្ញុំមិន​ដឹង​ថា ​តុលាការ​កាត់​ក្តី​នេះ​មាន​អង្គហេតុ​ មាន​ហេតុផល​អី​ត្រឹមត្រូវ​ ដើម្បី​កាត់​ក្តី​នោះ​ទេ។​ តែ​មតិ​ទូទៅ​ហ្នឹងនៅ​តែ​យល់ថា ​ជា​រឿង​នយោបាយ»។

លោក​ អ៊ូ ច័ន្ទ​រ័ត្ន ​បាន​បន្ថែម​ថា ​មន្រ្តី​ជាន់ខ្ពស់​និង​អ្នក​រួម​ដំណើរ​នយោបាយជា​មួយ​មេដឹកនាំ​គណបក្សប្រឆាំង​ គួរ​តែ​មាន​ចំណែក​ទទួល​ខុសត្រូវ​នៅ​ក្នុងរឿង​នេះ​ផង​ដែរ។ ​

កាលពី​ខែមិនា​ ឆ្នាំ​២០២១ តុលាការ​ក្រុង​ភ្នំពេញបាន​សម្រេច​កាត់ទោស​លោក ​សម រង្ស៊ី​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ​២៥ ​ឆ្នាំ និង​សហការី​របស់​លោក​មួយ​ចំនួន​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ ចាប់ពី​២០​ ដល់ ​២២ឆ្នាំ ​និង​ដកហូត​សិទ្ធិ​បោះឆ្នោត​ និង​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ ​ពាក់ព័ន្ធ​នឹង​គម្រោង​មិន​បាន​សម្រេច​របស់​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​នេះ​ក្នុង​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​កាលពី​ថ្ងៃ​ទី៩​ ខែ​វិច្ឆិកា ឆ្នាំ២០១៩។​

បើតាម​ដីកា ​ដែល​មិនបាន​បង្ហាញកាល​បរិច្ឆេទ​ជាក់លាក់​ ​ចេញ​ដោយ​លោក​ អ៊ឹម វណ្ណៈ​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​និង​ត្រូវគេរាយ​ការណ៍​ថា ​បាន​យក​ទៅបិទ​នៅ​ទីស្នាក់​ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​ ម្ចាស់​បំណុលដែល​ជាសំណង​ជំងឺ​ចិត្ត​នៃ​សំណុំរឿង​ខាង​លើ​នេះ ​រួម​មាន​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ លោក ​ហេង សំរិន​ ប្រធានរដ្ឋសភា ​លោក​ ស ខេង ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​និង​រដ្ឋាភិបាល​កម្ពុជា។ ​រីឯ​កូនបំណុល​សំណង​ជំងឺ​ចិត្ត​ រួមមាន​ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ ​និង​សហ​កូនបំណុល​សំណង​ជំងឺ​ចិត្ត​ម្នាក់​ទៀត ​លោកស្រី ​ជូឡុង សូមូរ៉ា ​ដែល​ជា​ភរិយា​របស់​លោក សម រង្ស៊ី។

លោក ​ហេង សំរិន ​បាន​ទាមទារ​នូវ​ទឹកប្រាក់​ចំនួន​២៥០​លាន​រៀល​ ឬ​ជាង​៦ម៉ឺន ២ពាន់ ​ដុល្លារ​អាមេរិក​ពី​កូន​បំណុល​សំណង​ជំងឺ​ចិត្ត ខណៈលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​ទាមទារ​ចំនួន​៤០០០​លាន​រៀល​ ឬ​ប្រមាណ​១​លាន​ដុល្លារ​អាមេរិក។ ​ចំណែក​ភាគីរដ្ឋាភិបាល​បាន​ទាមទារចំនួន​២៨០០​លាន​រៀល​ ឬ​ប្រមាណ​ ៤៥ម៉ឺន​ដុល្លារ​អាមេរិក ​និង​លោក ​ស ខេង ​ចំនួន២០០០​លាន​រៀល​ ឬ​ប្រមាណ​៥០​ម៉ឺនដុល្លារ​អាមេរិក។​ នេះ​ បើតាមដីកា​ដាច់​ដោយ​ឡែក​ប្រមាណ​ប្រាំសន្លឹក​ ដែលមន្ត្រី​នគរបាល​យុត្តិធម៌​ បាន​យ​កទៅបិទ​នៅស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី​១៥​ ខែវិច្ឆិកា។​

​អ្នក​វិភាគ​នយោបាយ ​លោក​ សេង សារី ​មើល​មិនទាន់​ឃើញ​សញ្ញាណ​ណាមួយ​ដែល​ក្រុម​អ្នកគាំទ្រ​គណបក្ស​ជំទាស់​អាច​ចេញ​តវ៉ា​ប្រឆាំង​ការ​បង្ខំ​លក់ទីស្នាក់ការ​គណបក្ស​ដោយ​តុលាការ​ក្រុង​ភ្នំពេញ​នោះ​ទេ។ ​លោក​ចាត់​ទុក​ថា​ ​ ដីកា​សម្រេច​ការបង្ខំ​ដាក់​លក់ទីស្នាក់ការ​គណបក្ស​សង្រ្គោះជាតិ​នេះ ​ជា​«ការ​បិទ​ទំព័រ​ប្រវត្តិសាស្រ្ត​របស់​គណបក្ស​សង្រ្គោះជាតិ»​ ក៏​ដូចជា​«សញ្ញាណ​មួយ​នៃ​ការ​បិទ​ផ្លូវ​ចរចា»​រវាង​មេដឹកនាំគណបក្ស​កាន់​អំណាច ​និង​មេដឹកនាំគណបក្ស​សង្រ្គោះជាតិ។ ​

លោក​បាន​ប្រាប់​វីអូអេ​កាល​ពីថ្ងៃចន្ទថា៖​ «វា​ជា​រឿង​ប្លែក​ពី​គេ​សម្រាប់​រឿង​នៅ​កម្ពុជា។​ ប៉ុន្តែ​ដូច​អ្វី​ដែល​យើង​បាន​សង្កេត​ហើយ​ថា​ ជម្លោះ​នយោបាយ​រវាង​អ្នក​នយោបាយ​ពីរ​រូប​ ដែល​មាន​អ្នក​គាំទ្រ​ស្ទើរ​តែ​ពាក់​កណ្តាល​ប្រទេស​ម្នាក់​ហ្នឹង​ គាត់​បាន​ទម្លាក់​ជម្លោះ​នយោបាយ​កម្រិត​ជាតិ​មក​ជា​ជម្លោះ​នយោបាយ​លក្ខណៈ​បុគ្គល​ ជា​ការ​សងសឹក​តាម​បែប​បុគ្គល។ ​នៅ​ពេល​ដែល​កម្រិត​នយោបាយ​ធ្លាក់​មក​កម្រិត​បុគ្គល​ អាហ្នឹង ​គឺ​ស្អី​ក៏​ពួកគាត់​អាច​ធ្វើ​បាន​ដែរ»។

មេធាវី​មួយ​រូប​តំណាង​ឲ្យ​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន គឺ​លោក​ គី តិច​ មិន​ឆ្លើយ​សំណួរ​របស់​វីអូអេ​ដែល​បាន​ផ្ញើតាម​សារតេឡេក្រាម​នៅថ្ងៃ​អង្គារ​ទេ។ ​

រដ្ឋលេខាធិការ​ និង​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក​ ជិន ម៉ាលីន​ បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ការ​ដាក់​លក់​ទីស្នាក់ការ​គណបក្ស​សង្រ្គោះជាតិ​ គឺ​ជា​ការ​អនុវត្តតាម​សាលក្រម​របស់​តុលាការ ​ស្រប​តាម​នីតិវិធីនៅ​ក្នុង​ប្រទេស។ ​

លោក​បាន​មាន​ប្រសាសន៍​ថា៖ ​«នេះ​ជា​ការ​អនុវត្ត​នីតិវិធី​របស់​តុលាការ​សុទ្ធ​សាធ។ ​យើង​មាន​សាលក្រម​ផ្តន្ទាទោស​ ហើយ​សាលក្រម​បាន​តម្រូវ​ឲ្យ​យើង​សង​ជំងឺ​ចិត្ត​ និង​ការ​ពិន័យ​ជា​ប្រាក់។ ​ហើយ​យើង​នឹង​អនុវត្ត​តាម​អំណាច​សាលក្រម​ និង​សាលដីកា។ ​អាហ្នឹង​ជា​នីតិវីធី​គេ​អាច​លក់​ទ្រព្យ​សម្បត្តិ​របស់​យើង ​ដើម្បី​លក់​ឡៃឡុង​ដើម្បី​យក​មក​សង។​ អា​ហ្នឹង​ជា​នីតិវិធី​ច្បាប់​ធម្មតា​ ដែល​អនុវត្ត​ជា​ទូទៅ ​មិនមែន​តែ​គណបក្ស​សង្រ្គោះ​ជាតិ​ទេ​ ជា​ទូទៅ​គឺ​អនុវត្ត​អ៊ីចឹង»។ ​

គួរ​រំឭក​ផងដែរ ​កាល​ពី​ថ្ងៃទី​១ ​ខែមីនា​ ឆ្នាំ​២០២១ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ប្រកាស​សាលក្រម​កំបាំង​មុខ​ដា​ក់​ទោស​លោក ​សម រង្ស៊ី ​និង​ភរិយា​ និង​សហការី​របស់​លោក ​ដែល​ជា​ថ្នាក់​ដឹកនាំ​កំពូលៗ​ចំនួន​ ៧ ​នាក់​ទៀត​ពី​បទ​«ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្ដួល​រំលំ​រដ្ឋាភិបាល»។​ ពួកគេ​ ក៏ត្រូវ​បាន​តុលាការហាមប្រាម​មិន​ឲ្យ​បោះឆ្នោត ​និង​ឈរឈ្មោះ​បោះឆ្នោត»ផង​ដែរ៕

XS
SM
MD
LG