ប្រជាពលរដ្ឋ យល់ឃើញផ្សេងៗគ្នាអំពីច្បាប់«សញ្ជាតិខ្មែរតែមួយ»សម្រាប់អ្នកកាន់តំណែងកំពូល៤ របស់ជាតិ ដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែវិច្ឆិកាកន្លងមក។ ក្នុងនោះមតិមួយចំនួនយល់ថា ច្បាប់នេះ អាចជាការល្អសម្រាប់ប្រទេសជាតិ ប៉ុន្តែមតិមួយចំនួនទៀតចាត់ទុកថា ច្បាប់នេះ គ្រាន់តែជាការបម្រើផលប្រយោជន៍សម្រាប់បុគ្គលដែលជាអ្នកនយោបាយតែប៉ុណ្ណោះ។
ច្បាប់កំណត់សញ្ជាតិខ្មែរតែមួយសម្រាប់តំណែងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីមានការប៉ះទង្គិចពាក្យសម្តីដាក់គ្នាទៅវិញទៅមករវាងមេដឹកនាំគណបក្សប្រឆាំង លោក សម រង្សី និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនពាក់ព័ន្ធសារព័ត៌មាន The Guardian របស់ចក្រភពអង់គ្លេសដែលថា លោក ហ៊ុន សែន មានសញ្ជាតិស៊ីប។
ប៉ុន្តែកាសែតនេះ បានកែតម្រូវអត្ថបទរបស់ខ្លួនឡើងវិញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមានសញ្ជាតិស៊ីបទេ គឺមានតែក្នុង«បណ្ដាជនដែលនៅក្នុងរង្វង់អ្នកស្និទ្ធបំផុត»នឹងលោកនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។
ពលរដ្ឋមួយចំនួនក្នុងទីក្រុងភ្នំពេញយល់ថា ការផ្ចាញ់ផ្ចាលគ្នារបស់អ្នកនយោបាយក្នុងការបង្កើតច្បាប់នេះ អាចជាឧបករណ៍ការពារស្មារតីជាតិនិយម តែក៏អាចត្រូវបានប្រើដើម្បីសម្រេចបំណងនយោបាយរបស់ក្រុមអ្នកនយោបាយណាមួយផងដែរនៅពេលអនាគត។ ទោះយ៉ាងណា ពលរដ្ឋមួយចំនួនមានគំនិតរួមមួយថា ពួកគេ ចង់ឃើញការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាពទៅវិញ ដែលជារឿងមានប្រយោជន៍សម្រាប់ប្រទេសកម្ពុជាទាំងមូល។
លោក ថោង ណាឫទ្ធិ អាយុ៣៧ ឆ្នាំ បានប្រាប់វីអូអេនៅថ្ងៃពុធនេះថា ច្បាប់សញ្ជាតិខ្មែរតែមួយនេះ គួរតែមានចាប់ពីចៅហ្វាយស្រុក ចៅហ្វាយខេត្ត និងអ្នកតាក់តែងច្បាប់ ទើបជាការល្អប្រសើរ។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ លោកថា ការបោះឆ្នោតដែលសេរី ត្រឹមត្រូវ និងយុត្តិធម៌ ទើបជារឿងដែលមានប្រយោជន៍សម្រាប់សង្គមជាតិ។
លោកលើកឡើងថា៖ «តាមគំនិតខ្ញុំច្បាប់សញ្ជាតិ[ខ្មែរតែ]មួយ ដូចជាមិនមានផលប៉ះពាល់អ្វីដល់គណបក្សប្រឆាំងទេ ពីព្រោះគណបក្សប្រឆាំងគេលាលែងសញ្ជាតិថ្មើរណាក៏បានដែរ ឲ្យតែការបោះឆ្នោត សុក្រឹត យុត្តិធម៌ សេរី [និង] មានការសង្កេតចេញពីអង្គការជាតិ និងអន្តរជាតិច្បាស់លាស់អ៊ីចឹង»។
លោក ថោង ណាឫទ្ធិ បង្ហាញពីបំណងប្រាថ្នារបស់លោកឲ្យមានការកំណត់អាណត្តិនាយករដ្ឋមន្ត្រីក្នុងការដឹកនាំប្រទេសផងដែរ។
លោកនិយាយថា៖ «ច្បាប់ដែលសំខាន់ៗដែលគួរតែធ្វើ ដូចជាច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រី អាយុនាយករដ្ឋមន្ត្រី [បើ]អ៊ីចឹង គឺល្អជាង»។
ចំណែកអ្នករត់កង់បីម្នាក់ លោក អ៊ូច ភិរក្សា អាយុ ៣៥ឆ្នាំ យល់ឃើញថា ការបង្កើតច្បាប់នេះ ជាការបម្រើប្រយោជន៍បុគ្គលជាជាងការបម្រើផលប្រយោជន៍សាធារណជនទូទៅ។ ប៉ុន្តែលោកនិយាយសម្រាលមកវិញថា ច្បាប់នេះ ក៏ល្អសម្រាប់ការពារអធិបតេយ្យភាពជាតិផងដែរ។
លោកថ្លែងថា៖ «បើយើងនិយាយពីរូបភាពទូទៅ គឺវាឆ្លុះបញ្ចាំងល្អសម្រាប់ការពារជាតិ សម្រាប់ការពារទឹកដី ហើយការពារប្រទេសពីជនបរទេសដែលចូលមកគ្រប់គ្រង់លើទឹកដីខ្លួនអ៊ីចឹងទៅ។ ប៉ុន្តែបើយើងនិយាយស៊ីជម្រៅ បច្ចុប្បន្ន គឺការពារលក្ខណៈគ្រួសារហើយ»។
លោកបន្តថា៖ «អ៊ីចឹងការបង្កើតច្បាប់សញ្ជាតិមួយហ្នឹង គឺបង្កើតដើម្បីផលប្រយោជន៍របស់គេ ហើយប្រើរូបភាពផលប្រយោជន៍ជាតិ។ បើអនាគត ប្រសិនបើមានក្រុមផ្សេងមកកាន់តំណែង អាហ្នឹងគេអាចកែប្រែច្បាប់ហ្នឹងទៀតអ៊ីចឹងទៅ»។
ដោយឡែក ពលរដ្ឋម្នាក់ទៀត លោក កែវ រ៉ា អាយុ៣១ឆ្នាំ ចង់ឃើញការអនុវត្តច្បាប់ និងការគោរពច្បាប់នេះ ឲ្យបានត្រឹមត្រូវ ដោយមិនមែនត្រឹមតែបង្កើតច្បាប់នេះរួចហើយ គិតថា គ្រប់គ្រាន់ ហើយទទួលយកបានទាំងអស់នោះឡើយក្នុងការពារប្រយោជន៍ប្រទេសជាតិ។
យុវជនម្នាក់ទៀតជានិស្សិតផ្នែករដ្ឋបាលសាធារណៈឆ្នាំទី៣ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច លោក ប៉ៅ ពេជ្រសំណាង អាយុ២០ឆ្នាំ បានប្រាប់វីអូអេថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីបង្កើតច្បាប់សញ្ជាតិខ្មែរតែមួយគត់នេះ អាចជាការរារាំងដល់គណបក្សជំទាស់មិនឲ្យប្រឡូកក្នុងឆាកនយោបាយនៅកម្ពុជា ខណៈសមាជិកខ្លះនៃគណបក្សជំទាស់នោះ មានសញ្ជាតិពីរ។
យ៉ាងណាក៏ដោយ លោកជឿថា ច្បាប់នេះក៏ល្អដែរសម្រាប់ឲ្យថ្នាក់ដឹកនាំអាចបម្រើផលប្រយោជន៍ដល់ពលរដ្ឋខ្មែរ ដោយមិនស្ថិតក្រោមគំនាបបរទេសណាមួយនោះ។
លោកនិយាយថា៖ «បើទោះបីការធ្វើវិសោធនកម្មនេះ ធ្វើក្នុងបរិបទនយោបាយមែន ដើម្បីកម្ទេចបក្សប្រឆាំងដើម្បីកុំឲ្យមានសិទ្ធិមានអី ចូលធ្វើនយោបាយវិញ ប៉ុន្តែក៏វាអាស្រ័យទៅនឹងការអនុវត្តច្បាប់នៅក្នុងផ្ទៃប្រទេសដែរណា៎។ យើងដឹងស្រាប់ហើយថា រដ្ឋាភិបាលគាត់គ្រប់គ្រងបីស្ថាប័នហើយហ្នឹង! សូម្បីតែតុលាការក៏គាត់គ្រប់គ្រងដែរ។ អ៊ីចឹងខ្លាចច្បាប់មានតែនៅលើក្រដាស»។
នៅក្នុងសំណុំរឿងសញ្ជាតិនេះ សេចក្តីរាយការណ៍ស៊ើបអង្កេតកាលពីឆ្នាំ២០១៩របស់ទីភ្នាក់ងារព័ត៌មាន Reuters បានរកឃើញថា រដ្ឋាភិបាលស៊ីប បានផ្ដល់សញ្ជាតិដល់អភិជននយោបាយ និងពាណិជ្ជករជំនិតៗនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមមានគ្រួសារនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាក្មួយប្រសាររបស់លោក ហ៊ុន សែន គ្រួសាររបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគ្រួសាររបស់លោក ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភាជាដើម។
ប្រធានអង្គការការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា កត់សម្គាល់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញគួរតែធ្វើឡើងក្នុងការបម្រើផលប្រយោជន៍ជាតិ ដោយមិនគួរធ្វើឡើងក្រោមជម្លោះនយោបាយក្នុងន័យយកឈ្នះចាញ់គ្នានោះទេ។ ហើយការធ្វើវិសោធនកម្មចុងក្រោយនេះ មិនមានភាពចាំបាច់នោះដែរ ស្របពេលប្រទេសកម្ពុជាកំពុងមានភាពចម្រូងចម្រាសផ្នែកនយោបាយនៅឡើយ។
លោកបានថ្លែងថា៖ «ខ្ញុំគិតថា រយៈពេលនេះ គឺជារយៈពេលដែលខ្លីណាស់ មិនមានការស្រាវជ្រាវណាមួយដែលបញ្ជាក់ថា ទាល់តែអ្នកមានសញ្ជាតិមួយទើបមានភាពកក់ក្តៅក្នុងការកសាងប្រទេសជាតិ ហើយអ្នកមានសញ្ជាតិពីរអត់ [ស្រឡាញ់]ទេ។ វាអត់ទាន់មាន! ហើយបើយើងនិយាយពីកាតព្វកិច្ចសិទ្ធិមនុស្សវិញ យើងគិតថា សិទ្ធិមនុស្សគេអត់មានប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ នយោបាយអីហូរហែទេ។ បើសិនជាយើងមានការបែងចែកអ៊ីចឹង ហាក់បីដូចជាធ្វើហ្នឹងវាប្រាសចាកទៅនឹងគោលការណ៍សិទ្ធិមនុស្សជាសកលហើយ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងការពារវិសោធនកម្មរដ្ឋធម្មនុញ្ញនេះថា ជាការបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា កម្ពុជាកំពុងដើរនៅក្នុងគន្លងប្រជាធិបតេយ្យ ដោយពលរដ្ឋទាំងអស់សុទ្ធតែមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរៀងៗខ្លួនក្នុងរឿងនេះ។
លោកបានប្រាប់វីអូអេនៅថ្ងៃពុធថា៖ «ទីមួយដែលក្មួយលើកឡើងថា មានការយល់ឃើញខុសៗគ្នាហ្នឹង អាហ្នឹងហើយវាបញ្ជាក់ថា កម្ពុជាកំពុងដើរលើផ្លូវប្រជាធិបតេយ្យសេរីហើយ ពីព្រោះថា ប្រជាពលរដ្ឋម្នាក់ៗសុទ្ធតែមានសិទ្ធិបញ្ជេញមតិតាមការយល់ឃើញរបស់ខ្លួន។ ចំណុចទីពីរ គឺការធ្វើវិសោធនកម្មនេះ គឺបានសម្រេចលទ្ធផលជាវិជ្ជមាន ហើយកំពុងដាក់ឲ្យអនុវត្តជាធរមានហើយ»។
លោកបានបន្ថែមថា ការធ្វើច្បាប់នេះឡើង គឺអនុវត្តត្រឹមត្រូវទៅតាមនីតិវិធីនៃការតាក់តែងច្បាប់ ដោយមិនមានការរើសអើងនិន្នាការនយោបាយ និងស្របតាមសេចក្តីត្រូវការរបស់ប្រទេសជាតិដែលចង់បានមេដឹកនាំដែលមានឧត្តមគតិ គោលជំហរច្បាស់លាស់ និងមានមនសិការស្នេហាជាតិពិតប្រាកដ។
លោកមានប្រសាសន៍ថា៖ «យើងធ្វើច្បាប់នេះ គឺការពារទុកជាមុនគឺមិនមានរើសអើងចំពោះមហាជន ប្រជាជនទូទៅទេ ជាពិសេសមន្រ្តីដែលមកពីបរទេសហ្នឹង មករួមចំណែកច្រើនណាស់ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ។ លើកលែងតែតួនាទីក្នុងតំណែងជាប្រធានស្ថាប័នកំពូលទាំងបួនរបស់ជាតិតែប៉ុណ្ណោះទេ។ អាហ្នឹងហើយជាសំណូមពរត្រូវការដើម្បីកុំឲ្យមេដឹកនាំកំពូលអាងមានការអីរត់ចោលស្រុក រត់ចោលប្រជាជន»៕