ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសម្តែងនូវការគាំទ្រសំណើនៃបទឈប់បាញ់គ្នារបស់សហរដ្ឋអាមេរិកដើម្បីបញ្ឈប់សង្គ្រាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែន ក៏ប៉ុន្តែ បានបញ្ជាក់ថានឹងត្រូវរៀបចំឯកសារឱ្យលម្អិតថែមទៀត។
លោក Putin បានប្រាប់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងទីក្រុងមូស្គូថា«យើងយល់ព្រមជាមួយសំណើនោះដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា ក៏ប៉ុន្តែ យើងបានបន្តពីការសន្មត់ថាបទឈប់បាញ់គ្នាគួរតែនាំទៅកាន់សន្តិភាពឋិតថេរមួយនិងដកចេញឫសគល់នៃវិបត្តិនោះ»។
លោក Putin បាននិយាយទៀតថា«ខ្ញុំប្រហែលត្រូវទូរសព្ទលោកប្រធានាធិបតី Trump ហើយមានការពិភាក្សាមួយជាមួយលោក»។
នៅឯសេតវិមានវិញ លោកប្រធានាធិបតី Trump បាននិយាយថាវានឹង«ក្លាយជាការខកចិត្តមួយ»ប្រសិនបើ រុស្ស៊ីច្រានចោលកិច្ចខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីបញ្ចប់ការប្រយុទ្ធគ្នានេះ។
លោកប្រធានាធិបតី Trump បានប្រាប់ពួកអ្នកយកព័ត៌មានថា«យើងចង់ឃើញបទឈប់បាញ់គ្នាមួយមកពីរុស្ស៊ី។ សេចក្តីលម្អិតដ៏ច្រើនរបស់កិច្ចព្រមព្រៀងផ្តាច់ព្រាត់ពិតជាត្រូវបានពិភាក្សាគ្នាហើយ។ ឥឡូវនេះ យើងនឹងឃើញថាតើរុស្ស៊ីទៅដល់ចំណុចនោះឬទេ ប្រសិនបើ អត់ទេ វានឹងក្លាយជាការខកចិត្តខ្លាំងបំផុតមួយនៅពេលនេះសម្រាប់ពិភពលោក»។
កាលពីដំបូង ជំនួយការទីប្រឹក្សាគោលនយោបាយការបរទេសកំពូលម្នាក់របស់លោក Putin បានច្រានចោលសំណើឈប់បាញ់គ្នារយៈពេល៣០ថ្ងៃរបស់សហរដ្ឋអាមេរិក ដោយលោកនិយាយថាសំណើឈប់បាញ់គ្នាគ្រាន់តែផ្តល់នូវការពន្យាពេលខាងយោធារបស់អ៊ុយក្រែនបណ្តោះអាសន្នពីការប្រយុទ្ធតែប៉ុណ្ណោះ។
អត្ថាធិប្បាយរបស់លោកបានកើតមានឡើងបន្ទាប់ពីបេសកជនពិសេសសហរដ្ឋអាមេរិកលោក Steve Witkoff បានទៅដល់រដ្ឋធានីមូស្គូដើម្បីជួបជាមួយពួកមន្ត្រីរុស្ស៊ីស្តីពីសំណើនៃបទឈប់បាញ់គ្នារបស់សហរដ្ឋអាមេរិក។ ក្នុងការអត្ថាធិប្បាយរបស់លោក លោក Yuri Ushakov អ្នកជំនួយការប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថាលោកបានធ្វើការទាក់ទងជាប្រចាំជាមួយលោក Mike Waltz ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកហើយបាននិយាយទៀតថាពួកអស់លោកបានព្រមព្រៀងគ្នាថាការទាក់ទងទាំងនោះ នឹងនៅតែជាការសម្ងាត់។
ពួកមន្ត្រីសហរដ្ឋអាមេរិកបានជួបគ្នានៅដើមសប្តាហ៍នេះជាមួយពួកមន្ត្រីអ៊ុយក្រែននៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីតដើម្បីបង្ហាញផែនការនៃបទឈប់បាញ់គ្នា។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានស្វាគមន៍ការខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដោយនិយាយកាលពីថ្ងៃពុធថាអ៊ុយក្រែន«ប្រុងប្រៀបខ្លួនហើយសម្រាប់បទឈប់បាញ់គ្នារយៈពេល៣០ថ្ងៃដូចដែលត្រូវបានស្នើដោយភាគីអាមេរិក»។
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានផ្តល់ដោយទីភ្នាក់ងារព័ត៌មាន AP, AFP និង Reuters
វេទិកាបញ្ចេញមតិ