ពួកមន្ត្រីសហរដ្ឋអាមេរិកនិងអ៊ុយក្រែនបានជួបគ្នាកាលពីថ្ងៃអង្គារនៅក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប់ប៊ីសាអូឌីតដើម្បីចរចាពីការខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែន ដោយភាគីទាំង២និយាយថាពួកគេ«បានចាត់វិធានការដ៏សំខាន់ឆ្ពោះទៅកាន់ការធ្វើឱ្យមានសន្តិភាពស្ថិតស្ថេរមួយសម្រាប់អ៊ុយក្រែន។
សេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយបន្ទាប់ពីការចរចាបាននិយាយថា«អ៊ុយក្រែនបានសម្តែងនូវការប្រុងប្រៀបខ្លួនដើម្បីទទួលយកសំណើរបស់សហរដ្ឋអាមេរិកដើម្បីអនុវត្តនូវបទឈប់បាញ់គ្នាជាបន្ទាន់ក្នុងរយៈពេល៣០ថ្ងៃដែលអាចត្រូវបន្តដោយការព្រមព្រៀងទៅវិញទៅមករបស់ភាគីទាំង២ ហើយដែលត្រូវទទួលយកនិងអនុវត្តដោយសហព័ន្ធរុស្ស៊ី។ សហរដ្ឋអាមេរិក នឹងទាក់ទងរុស្ស៊ីដែលការសុខចិត្តទទួលយករបស់រុស្ស៊ីជាគន្លឹះសំខាន់មួយដើម្បីធ្វើឱ្យសម្រេចសន្តិភាពនេះ»។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថាសហរដ្ឋអាមេរិក នឹងលុបចោលភ្លាមៗនូវការផ្អាកលើការចែករំលែកការស៊ើបការណ៍សម្ងាត់ហើយនឹងបន្តជំនួយសន្តិសុខដល់អ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio និងទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz បានដឹកនាំគណៈប្រតិភូសហរដ្ឋអាមេរិកនៅក្នុងទីក្រុង Jeddah នៅពេលដែលលោកប្រធានាធិបតី Trump ជំរុញឱ្យមានការសម្របសម្រួលដើម្បីបញ្ចប់សង្គ្រាមដែលបានចាប់ផ្តើមនៅដើមឆ្នាំ២០២២ដោយការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy មិនបានចូលរួមនៅក្នុងជំនួបកាលពីថ្ងៃអង្គារទេ ដោយអ៊ុយក្រែនត្រូវបានតំណាងដោយនាយកខុទ្ធកាល័យរបស់លោកគឺលោក Andriy Yermak រដ្ឋមន្ត្រីការបរទេសលោក Andrii Sybiha និងរដ្ឋមន្ត្រីការពារជាតិលោក Rustem Umerov និងមេបញ្ជាការកងទ័ពលោក Pavlo Palisa។
លោក Yermak បានប្រាប់ពួកអ្នកយកព័ត៌មានមុនចាប់ផ្តើមជំនួបកាលពីថ្ងៃអង្គារថាអ៊ុយក្រែនប្រុងប្រៀបខ្លួនដើម្បីធ្វើអ្វីៗឱ្យសម្រេចបានសន្តិភាពនេះ។
នៅពេលសួរថាតើអ៊ុយក្រែននឹងស្វះស្វែងរកការធានាខាងសន្តិសុខដែរឬទេ លោក Yermak បាននិយាយថា«ប្រាកដហើយ»ហើយថាអ៊ុយក្រែនចង់ធ្វើឱ្យប្រាកដថារុស្ស៊ីមិនធ្វើការឈ្លានពានរបស់ខ្លួនម្តងទៀតទេ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rubio បាននិយាយកាលពីថ្ងៃចន្ទថាសហរដ្ឋអាមេរិកសង្ឃឹមនឹងដោះស្រាយការផ្អាកជំនួយដល់អ៊ុយក្រែននេះ៕