ការវាយប្រហារតាមអាកាសរំលងអាធ្រាត្រ បានសម្លាប់មនុស្សយ៉ាងតិច២នាក់នៅតំបន់ Kherson ប៉ែកខាងត្បូងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមមន្ត្រីដែលបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ។
អភិបាលតំបន់នេះ លោក Oleksandr Prokudin បាននិយាយតាម Telegram ថា តំបន់របស់លោក បានរងការវាយប្រហារដោយដ្រូននិងការផ្លោងគ្រាប់របស់រុស្ស៊ី ហើយថាមនុស្សម្នាក់បានរបួស។
ក្នុងតំបន់ Dnipropetrovsk ដែលនៅក្បែរនោះ អភិបាលតំបន់នេះ លោក Serhiy Lysak និយាយថា មនុស្សយ៉ាងតិច៣នាក់ ត្រូវទទួលការព្យាបាលនៅមន្ទីរពេទ្យ ក្រោយការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Dnipro។
លោក Lysak បាននិយាយតាម Telegram ថា ការវាយប្រហារបានបង្កការខូចខាត អគារ លំនៅដ្ឋានជាច្រើនខ្នង រួមទាំងការបែកកញ្ចក់អគារជាច្រើនផង។
មន្ត្រីក្នុងតំបន់ Sumy បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ដ្រូនរុស្ស៊ីបានធ្លាក់ត្រូវចំការ៉ាស់មួយចំនួន ដោយបង្កការឆេះការ៉ាស់ចំនួន២០។
ក្រសួងការពារជាតិរុស្ស៊ីថា រុស្ស៊ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនចំនួន៧៧គ្រឿង ភាគច្រើននៅតំបន់ដែលស្ថិតនៅតាមបណ្តោយព្រំដែនរុស្ស៊ីនិងអ៊ុយក្រែន៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានផ្តល់ឱ្យដោយទីភ្នាក់ងារសារព័ត៌មាន Agence France-Presse និងទីភ្នាក់ងារសារព័ត៌មាន Reuters។