ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រទេស G-7 នឹង​ពិភាក្សា​អំពី​បញ្ហា​អ៊ុយក្រែន​ក្រោយ​អាមេរិក​ស្នើ​បទ​ឈប់​បាញ់​៣០​ថ្ងៃ


បុរស​ម្នាក់​ដើរ​កាត់​ទង់ជាតិ​នៃ​ប្រទេស​សមាជិក G7 នៅសណ្ឋាគរ Manoir Richelieu មុន​ពេល​ដែល​មាន​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស G7 នៅក្រុង La Malbaie រដ្ឋ Quebec ប្រទេស​ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ២០២៥។
បុរស​ម្នាក់​ដើរ​កាត់​ទង់ជាតិ​នៃ​ប្រទេស​សមាជិក G7 នៅសណ្ឋាគរ Manoir Richelieu មុន​ពេល​ដែល​មាន​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស G7 នៅក្រុង La Malbaie រដ្ឋ Quebec ប្រទេស​ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ២០២៥។

បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​មកពី​ក្រុម​ប្រទេស G-7 គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​ជាច្រើន​ថ្ងៃ​ចាប់ពី​ថ្ងៃ​ពុធ​នេះ​តទៅ​នៅ​ក្នុង​ទីក្រុង Quebec ប្រទេស​កាណាដា ដែល​នៅ​ក្នុង​នោះ​ក៏​មាន​ការ​ប្រជុំ​ផ្ដោត​លើ​ការ​គាំទ្រ​ប្រទេស​អ៊ុយក្រែន​ក្នុង​ការ​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​រយៈពេល ៣ ឆ្នាំ​កន្លង​មក​នេះ​ផងដែរ។

ការ​ពិភាក្សា​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​សម្រេច​បន្ត​ឡើងវិញ​នូវ​ការ​ចែក​រំលែក​ព័ត៌មាន​សម្ងាត់​និង​ការ​ផ្ដល់​ជំនួយ​យោធា​ដល់​អ៊ុយក្រែន បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង Jeddah ប្រទេស​អារ៉ាប៊ីសាអូឌីត​មក។

បន្ទាប់ពី​បាន​ចរចា​គ្នា​អស់​ជិត ៨ ម៉ោង​មក អ៊ុយក្រែន​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ថា​ខ្លួន​ត្រៀម​រួចរាល់​ដើម្បី​ទទួល​យក​សំណើ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់«បទ​ឈប់​បាញ់​បណ្ដោះអាសន្ន​ជា​បន្ទាន់​រយៈពេល ៣០ ថ្ងៃ»នៅ​ក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី។ ឥឡូវ​នេះ បទ​ឈប់​បាញ់​នេះ​នៅ​រង់ចាំ​ការ​យល់ព្រម​ពី​រុស្ស៊ី។

អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz បាន​ស្វាគមន៍​សំណើ​បទ​ឈប់​បាញ់​រយៈពេល ៣០ ថ្ងៃ​នេះ ដោយ​បាន​បញ្ជាក់​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ X នៅ​ថ្ងៃ​ពុធ​នេះ​ថា​វា​ជា«ជំហាន​ដ៏​សំខាន់​និង​ត្រឹមត្រូវ​មួយ​ឆ្ពោះ​ទៅ​រក​សន្តិភាព​ដ៏​យុត្តិធម៌​សម្រាប់​អ៊ុយក្រែន»។

រុស្ស៊ី​មិន​ទាន់​បាន​បញ្ចេញ​មតិ​ភ្លាមៗ​នៅឡើយ​ទេ​អំពី​សំណើ​បទ​ឈប់បាញ់​របស់​សហរដ្ឋ​អាមេរិក​និង​អ៊ុយក្រែន​នេះ។ ក្រសួង​ការបរទេស​រុស្ស៊ី​គ្រាន់តែ​បាន​បញ្ជាក់​ថា​ការ​ចរចា​ជាមួយ​មន្ត្រី​អាមេរិក​អាច​ធ្វើឡើង​នៅ​ក្នុង​សប្ដាហ៍​នេះ។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Marco Rubio បាន​ប្រាប់​អ្នក​កាសែត​កាលពី​យប់​ថ្ងៃ​អង្គារ​ថា អ៊ុយក្រែន​បាន​ចាត់​វិធានការ​ជាក់​ច្បាស់​ដើម្បី​បញ្ចប់​សង្គ្រាម​នេះ។

លោក Rubio ថ្លែង​ថា៖«ឥឡូវ​នេះ យើង​សង្ឃឹម​ថា​នឹង​យក​សំណើ​នេះ​ទៅ​ឱ្យ​រុស្ស៊ី ហើយ​យើង​សង្ឃឹម​ថា​រុស្ស៊ី​នឹង​យល់ព្រម​ចំពោះ​សន្តិភាព។ ឥឡូវ​នេះ​ការ​សម្រេច​គឺ​នៅ​លើ​រុស្ស៊ី»៕

XS
SM
MD
LG