រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចាប់ផ្ដើមការប្រជុំនៅថ្ងៃអង្គារនេះនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរនិងលទ្ធភាពបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
ភាគីទាំងពីរមានក្ដីរំពឹងផ្អែកលើស្ថានភាពជាក់ស្ដែង ដោយបញ្ជាក់ថាការពិភាក្សានេះគឺជាជំហានដំបូងដែលអាចត្រួសត្រាយផ្លូវសម្រាប់ការចរចាដោយផ្ទាល់រវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
ថ្នាក់ដឹកនាំអ៊ុយក្រែនបាននិយាយថាពួកគេមិនត្រូវបានអញ្ជើញឲ្យចូលរួមនោះទេ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy គ្រោងនឹងទទួលជួបពិភាក្សាជាមួយនឹងបេសកជនអាមេរិកទទួលបន្ទុកកិច្ចការអ៊ុយក្រែនលោក Keith Kellogg នៅថ្ងៃពុធស្អែក។
ការប្រាស្រ័យទាក់ទងគ្នារវាងអាមេរិកនិងរុស្ស៊ីនេះបានធ្វើឲ្យបណ្ដាមេដឹកនាំនៅអឺរ៉ុបមានការព្រួយបារម្ភ។ ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ បណ្ដាមេដឹកនាំនៅអឺរ៉ុបបានលើកឡើងអំពីភាពចាំបាច់ដែលអ៊ុយក្រែនត្រូវចូលរួមនៅក្នុងការពិភាក្សាអំពីអនាគតរបស់ខ្លួន និងភាពចាំបាច់ដែលបណ្ដាប្រទេសនៅអឺរ៉ុបដើរតួនៅក្នុងអ្វីដែលពួកគេមើលឃើញថាជាការវិវឌ្ឍដ៏សំខាន់នៅក្នុងផ្នែកសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេ៕